ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការខ្មែរក្រហម: ថ្ងៃ២៣ វិច្ឆិកា បើកសវនាការបញ្ចប់សំណុំរឿងឌុច


តុលាការពិសេសខ្មែរក្រហម បានកំណត់ជាផ្លូវការយកថ្ងៃទី២៣ខែក្រោយធ្វើជា
ថ្ងៃចាប់ផ្តើមសវនាការបញ្ចប់ការពិភាក្សា ដេញដោលក្នុងការជំនុំជម្រះក្តីអតីត
ប្រធានគុកទួលស្លែង ។

អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានកំណត់ពេលវេលាសវនា
ការបញ្ចប់ការពិភាក្សាដេញដោលក្នុងសំណុំរឿង ០០១ ប្រឆាំងទៅលើលោកកាំង
ហ្កេចអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែង ចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ខែ
ក្រោយនេះ ហើយនឹងបូកសរុបបញ្ចប់នៅថ្ងៃទី២៧ ខែវិច្ឆិកាដដែល នេះបើយោង
តាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម ដែលផ្សាយនៅលើគេហ
ទំព័ររបស់ខ្លួន ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០៩។

បើផ្អែកតាមកាលវិភាគ ដែលសាលាក្តីខ្មែរក្រហមបានកំណត់គឺថា សវនាការនៅ
ថ្ងៃទី ២៣ ខែវិច្ឆិកាគឺជាសវនាការបញ្ចប់ការពិភាក្សាដេញដោលជាមួយភាគីដើម
បណ្តឹងរដ្ឋប្បវេណី តាមរយៈមេធាវីរបស់ពួកគេមានរយៈវេលា៥ ម៉ោង។ នៅថ្ងៃទី
២៤ ខែវិច្ឆិកា គឺជាសវនាការបញ្ចប់ការពិភាក្សាដេញដោលជាមួយសហព្រះរាជ
អាជ្ញាមានរយៈពេល ៥ ម៉ោង។

លុះពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែវិច្ឆិកាដដែល គឺជាសវនាបញ្ចប់ការពិភាក្សាដេញ
ដោលជាមួយមេធាវីការពារ និងជនជាប់ចោទ មានរយៈពេល ៧ម៉ោង និង៣០
នាទី។

សាលាក្តីខ្មែរក្រហមក៏បានឱ្យដឹងផងដែរថា ក្រោយពេលសវនាការបញ្ចប់ការ
ពិភាក្សាដេញដោលជាមួយមេធាវីការពារជនជាប់ចោទនិងជនជាប់ចោទ មេធាវី
ភាគីដើមបណ្តឹងរដ្ឋប្បវេណីនិងសហព្រះរាជអាជ្ញា នឹងត្រូវផ្តល់ឱកាសធ្វើសេចក្តី
សន្និដ្ឋានឆ្លើយតបមកវិញ ដែលត្រូវបានកំណត់រយៈពេលច្រើនបំផុតត្រឹម១ម៉ោង
តាមលំដាប់លំដោយរៀងៗខ្លួន។គួររំឭកថា សនាការកាត់ទោសកាំង ហ្កេចអ៊ាវ
ហៅឌុចអតីតប្រធានគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានចាប់ផ្តើមតាំងពីថ្ងៃ
ទី៣០ខែមិនាឆ្នាំ ២០០៩ និង បានបញ្ចប់រួចរាល់ កាលពីថ្ងៃទី១៧ខែកញ្ញា ឆ្នាំ
២០០៩ ដដែល។

តាំងពីថ្ងៃបញ្ចប់នោះមក អង្គជំនុំជម្រះសាលាដំបូង បានទុកពេលឱ្យភាគី
នីមួយៗគឺភាគីសហព្រះរាជអាជ្ញា ភាគីមេធាវីដើមបណ្តឹងរដ្ឋប្បវេណី និងភាគី
មេធាវីការពារក្តីជនជាប់ចោទ សរសេរសារណា ដើម្បីឡើងធ្វើសេចក្តីសន្និដ្ឋាន
នៅក្នុងសវនាការបញ្ចប់ការពិភាក្សាដេញដោលក្នុងការជំនុំជម្រះក្តី “ឌុច” នេះ
បើតាមលោកឌឹម សុវណ្ណរម្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មានផ្នែកកិច្ចការសា-
ធារណៈនៃសាលាក្តីខ្មែរក្រហម។

នៅពេលសួរថា តើដំណើរការរបស់អង្គជំនុំជម្រះសាលាដំបូងនៅតែទៅមុខឬ
បើសិនភាគីណាមួយសរសេរសារណាមិនទាន់ចប់សម្រាប់សវនាការនៅពេល
នោះ?
លោកឌឹម សុវណ្ណារម្យមានប្រសាសន៍ថាៈ

“មិនមានអ្វីជាឧបសគ្គក្នុងការ ដែលអាចនឹងប៉ះពាល់ដល់ការអាក់ខានដល់
កាលវិភាគ ដែលបានគ្រោងទុកដោយអង្គជំនុំជម្រះសាលាដំបូងនោះទេ” ។

លោក ហុង គឹមសួន មេធាវីដើមបណ្តឹងរដ្ឋប្បវេណីមួយរូបបានសម្តែងការព្រួយ
បារម្ភខ្លាចក្រុមរបស់លោកមិនអាចបញ្ចប់សារណាសម្រាប់សវនាការនោះបាន
ទាន់ពេលវេលា។

“ឥឡូវហ្នឹង យើងកំពុងប្រញាប់មែនទែន។ យើងមិនទាន់ចេញជាសារមួយណា
ឱ្យវាចប់សព្វគ្រប់នៅឡើយ។ អញ្ចឹងទៅយើងមានការព្រួយបារម្ភណាស់ ក្រែង
លោវាមិនចប់ ព្រោះសាលាក្តីគេតម្រូវឱ្យសរសេរជាបីភាសាហ្នឹងឱ្យហើយ” ។

សាលាក្តីខ្មែរក្រហមគ្រោងនឹងប្រកាសសេចក្តីសម្រេចអំពីសំណុំរឿងសម្លាប់
មនុស្សនៅក្នុងគុកទួលស្លែងក្នុងរបបខ្មែរក្រហម នៅដើមឆ្នាំ២០១០៕

XS
SM
MD
LG