ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកប្រដាល់ខ្មែរជើងចាស់នាំ ក្បាច់គុនខ្មែរមកស.រ.អា.


ដើម្បីស្តាប់ព័ត៌មាននេះ

លោកបាន អ៊ុំរី អ្នកប្រដាល់សេរីមានឈ្មោះល្បីក្នុងចំណោមអ្នកប្រដាល់សេរីខ្មែរ
ដទៃទៀតនៅសម័យពាក់កណ្តាលទសវត្សរ៍ ១៩៦០ និង ១៩៧០ បាននាំយក
ក្បាច់គុនខ្មែរមកផ្សព្វផ្សាយនៅស.រ.អា.ចំនួន២២ឆ្នាំមកហើយ ហើយឥឡូវ
នេះកីឡាប្រភេទនេះកំពុងត្រូវបានគេស្គាល់ច្រើន ។

ក្លឹបប្រដាល់ក្បាច់គុនខ្មែរឋិតនៅតាមដងវិថីនៃទីក្រុងខ្មែរហៅ Cambodia Town
នៅក្នុងទីក្រុង Long Beach។ ក្លឹបនេះបានបើកដំបូងនៅឆ្នាំ១៩៨៧ មានសិស្ស
ខ្មែរនិងសិស្សអន្តរជាតិហ្វឹកហាត់ជាច្រើននាក់។លោកបាន អ៊ុំរី អាយុ៦៥ឆ្នាំ ធ្លាប់
ជាអ្នកប្រដាល់ជើងឯកជាតិផ្នែកទម្ងន់ស្រាលពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។លោក
បានចូលហាត់ប្រដាល់ពេលមានអាយុ១៤ឆ្នាំ។ លុះដល់អាយុ១៦ឆ្នាំ លោក អ៊ុំរី
បានឈ្នះការប្រកួតលើកទីមួយដោយបានវាយគូប្រជែងដល់សន្លប់។លោក អ៊ុំរី
បានទទួលងារលើកដំបូងជាជើងឯករបស់ជាតិខាងប្រដាល់ទម្ងន់៦០គីឡូក្រាម
នៅអាយុ២០ឆ្នាំ ។

“ខ្ញុំមានទម្ងន់តែ ៥៤ គីឡូក្រាមទេ ប៉ុន្តែខ្ញុំប្រកួតជាមួយអ្នកប្រដាល់ដែលមាន
ទម្ងន់៦០គីឡូក្រាម។ ជួនកាលមានដល់ទៅ៧០គីឡូក្រាមផងដែរ ដូចជាអ្នក
ប្រដាល់ល្បីឈ្មោះ លោក ជា សារ៉ាក់ ជ័យគួង ជឿនជំនិត ជ័យ ប៊ុនឈឿ ជា
ដើម ក៏ខ្ញុំហ៊ានប្រដាល់ដែរ ។ ហើយអ្នកទៅមើល គេចង់ឃើញការប្រកួត ពី
ព្រោះគេឃើញខ្ញុំមាឌតូចទៅប្រកួតជាមួយមាឌធំ” ។

ជាមួយនិងការវាយឲ្យគូបដិបក្ខសន្លប់ ២០០ដង ដែលជាព្រឹត្តិការណ៍សំខាន់
នៃជីវិតអ្នកប្រដាល់នោះ លោក អ៊ុំរី បានងាកទៅរកការចាប់អារម្មណ៍លើការ
បង្ហាត់និងចែករំលែកទេពកោសល្យនៃក្បាច់គុនខ្មែររបស់លោកទៅឱ្យកីឡាករ
ណាដែលចូលចិត្តការប្រដាល់របស់ខ្មែរ ។

លោក Antony McDavid ជនជាតិអាមេរិកាំងដើមកំណើត Irish ជាអ្នកហាត់
រៀនប្រដាល់នៅក្នុងក្លឹបរបស់លោកអ៊ុំរី និយាយថា៖

“អ៊ុំរី បានបង្ហាត់សិស្សជាច្រើននាក់ ។ ក្បាច់គុនខ្មែរប្រើកែងដៃ និងជង្គង់។ បែប
នេះពិតជាមានគ្រោះថ្នាក់ ។ កីឡាប្រដាល់ទូទៅមានសុវត្ថិភាព ពីព្រោះអ្នកប្រ-
ដាល់មានពាក់ស្រោមដៃប្រដាល់ និងគ្រឿងប្រដាប់ការពារខ្លួនខ្លះ។ ក៏ប៉ុន្តែប្រ-
ដាល់ខ្មែរគ្មានពាក់គ្រឿងការពារទេ គឺ ឆ្អឹងទល់ឆ្អឹងតែម្តង ខ្ញុំចូលចិត្តក្លឹបនេះ
ព្រោះជាកន្លែងមួយដែលខ្ញុំអាចរៀនអំពីវប្បធម៌ និងជនជាតិខ្មែរ ហើយខ្ញុំចូល
ចិត្តប្រដាល់ខ្មែរ” ។

មុននឹងប្រដាល់ គូប្រកួតគោរពគ្រូ ឬថ្វាយបង្គំគ្រូ ជាមួយភ្លេងប្រដាល់សេរី។

“អ្នកប្រដាល់ត្រូវតែថ្វាយបង្គំគ្រូ។ការរំឭកគុណគ្រូមានសភាពខុសៗគ្នា ហើយ
មានឈ្មោះផ្សេងគ្នា ដូចជា ក្បាច់កិន្នរកាច់ផ្កា ក្រមុំតែងខ្លួន ហនុមានលាព្រះ
រាម ហនុមានចងស្ពានទៅតាមព្រះនាងសិតា ព្រះរាមផ្លែងសរ នាគពាំកែវ
កសិករស្ទូងស្រូវ និងមានឈ្មោះជាច្រើនទៀត” ។

លោក Ron Smith ជាគ្រូជំនួយប្រដាល់សេរីរបស់លោក អ៊ុំរី នៅមជ្ឈមណ្ឌល
កីឡាក្បាច់គុនខ្មែរនៅទីក្រុង Long Beach អស់រយៈពេលជាង១៥ឆ្នាំហើយ។
លោកSmith ជាអ្នកជំនាញខាងរកធនធាន និងទាក់ទងរកការប្រកួតជាតិ និង
អន្តរជាតិផងដែរ។

“ខ្ញុំបានធ្វើការនៅក្នុងក្លឹបនេះចាប់តាំងពីឆ្នាំ១៩៩២មកទល់ពេលនេះ ហើយខ្ញុំ
នៅតែមានកិច្ចការច្រើនធ្វើដដែលសព្វថ្ងៃនេះ។ ខ្ញុំបានជួយលោកអ៊ុំរី ជាសំខាន់
គឺបង្រៀនសិស្ស ហើយសម្រាប់ការប្រកួត ខ្ញុំស្វែងរកការប្រកួតឲ្យអ្នកប្រកួត។
ខ្ញុំចេញទៅជាមួយអ្នកប្រកួតទៅសង្វៀនប្រកួត ។ ខ្ញុំជាអ្នកឲ្យទឹកអ្នកប្រកួត។
ខ្ញុំនៅជាមួយពួកគេរហូតដល់ចប់ ហើយយើងត្រឡប់ទៅផ្ទះវិញអបអរនឹងជ័យ
ជំនះ” ។

លោកអ៊ុំរី កើតពីគ្រួសារអ្នកក្រីក្រ។ គាត់ប្រកួតប្រដាល់គឺដើម្បីយកប្រាក់ទៅ
ចិញ្ចឹមខ្លួននិងគ្រួសារ ។ នៅឆ្នាំ១៩៧០ លោក អ៊ុំរី បានចូលបំរើកងទ័ពខ្មែរ។
ក្រោយមកមេបញ្ជាការកងទ័ពបានដឹងអំពីឈ្មោះល្បីល្បាញរបស់លោកជាអ្នក
ប្រដាល់ជម្រើសជាតិ ក៏បានបញ្ជូនលោកទៅភ្នំពេញវិញដើម្បីបន្តអាជីពជាអ្នក
ប្រដាល់តទៅទៀត ។

នៅឆ្នាំ១៩៧៥ ពេលពួកខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា លោកអ៊ុំរីត្រូវ
បានពួកកុម្មុយនិស្តបង្ខំឲ្យធ្វើស្រែដូចជាពលរដ្ឋខ្មែរដទៃទៀតដែរ។លោកប្រាប់
វីអូអេថា លោកបានលើកដៃសំពះពួកខ្មែរក្រហម ហើយប្រាប់ពួកគេដោយ
ត្រង់ៗថា លោកជាអ្នកប្រដាល់ពិតមែន ប៉ុន្តែដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ។

“ខ្មែរក្រហមបានស្គាល់ខ្ញុំថា ជាអ្នកប្រដាល់ព្រោះខ្ញុំប្រាប់គេត្រង់។ ពេលដែលខ្ញុំ
ធ្វើប្រវត្តិរូប គេបានសួរខ្ញុំ។ខ្ញុំគិតថា ខ្ញុំនឹងលាក់។តែខ្ញុំខ្លាចថា អាចអ្នកជិតខាង
គេប្រាប់ថា ខ្ញុំហ្នឹង អ៊ុំរី គង់តែគេនឹងយកខ្ញុំទៅសម្លាប់។ម្ល៉ោះហើយខ្ញុំបានប្រាប់
ទៅប្រធានកងឈ្លបគេនៅសម័យនោះថា ខ្ញុំបាទជាអ៊ុំរី អ្នកប្រដាល់។តែកន្លែង
ខ្លះ អ្នកប្រដាល់ដូចជា ជា សារាក់ គាត់មានឈ្មោះល្បីនៅស្រុកខ្មែរ ត្រូវខ្មែរ
ក្រហមសម្លាប់” ។

នៅឆ្នាំ១៩៧៨ ក្រោយពីបានដឹងថា មានក្រុមខ្មែរក្រហមថ្មីកាចសាហាវចូលមក
នៅក្នុងភូមិជាច្រើននោះ អ៊ុំរី បានលួចរត់ជាមួយនិងមនុស្សក្នុងភូមិ១១នាក់ទៅ
ពួននៅតាមជួរភ្នំក្រវាញ ។

ដល់ខែឧសភាឆ្នាំ១៩៧៩ លោកអ៊ុំរីបានជួបទាហានវៀតណាមដោយចៃដន្យ។ ទាហាននោះបាននិយាយប្រាប់គាត់ថា វៀតណាមបានកាន់កាប់ប្រទេសកម្ពុជា ហើយអ្នកឯងអាចត្រឡប់ទៅផ្ទះវិញបាន ។

“ខ្ញុំដើរកាត់ពីភ្នំក្រវាញចូលមកដល់ប៉ៃលិនរហូតមកដល់បាត់ដំបង ។ ហើយខ្ញុំ
បានប្រាប់បងប្អូនទាំងអស់គ្នាថា យើងមានសេរីភាព។ ហើយអ្នកណានៅភូមិ
ណាទៅភូមិហ្នឹងទៅ។ខ្ញុំសុំតែរួចខ្លួន។ខ្ញុំមកសុំផ្ទះគេស្នាក់នៅក្នុងខេត្តបាត់ដំបង
កន្លែងពេទ្យពពីរ” ។

លោកអ៊ុំរី បានមកដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨១ ជាជនភៀសខ្លួន។ លោក
បានរស់នៅពីដំបូងនៅទីក្រុង Chicago រដ្ឋ Illinois បាន៥ឆ្នាំ។ ហើយបានផ្លាស់
ទៅនៅទីក្រុង Long Beach នៅឆ្នាំ១៩៨៦ កន្លែងដែលលោកអ៊ុំរីបានជួបលោក
សុទ្ធ ប៉ូលីន អ្នកផ្ចុងផ្តើមថវិកាឲ្យលោកបើកក្លឹបប្រដាល់ ។ លោកបានបង្កើតក្លឹប
ប្រដាល់នៅឆ្នាំ១៩៨៧ ។

ចាប់ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ២០០១ លោកអ៊ុំរីបានបង្ហាត់សិស្សដែលមានចម្រុះជាតិ
សាសន៍ឲ្យបានទៅជាជើងឯកខាងកីឡាប្រដាល់ខ្មែរចំនួន១៥នាក់នៅក្នុងការប្រ-
កួតនានានៅសហរដ្ឋអាមេរិក និងនៅអន្តរជាតិ។ នៅទីក្រុង Long Beach នេះ
លោកអ៊ុំរីត្រូវបានមនុស្សបីនាក់លួចព្យាបាទយ៉ាងដំណំ ដោយវាយមិនដឹងខ្លួន
នៅឆ្នាំ២០០៦។ ជនឧក្រិដ្ឋទាំងនោះត្រូវបានចាប់ខ្លួន និង កាត់ទោសឲ្យជាប់គុក
យ៉ាងតិច១១ឆ្នាំ ។ ចំណែកលោកអ៊ុំរីបានជាសះស្បើយពីរបួស ហើយមានសុខ
ភាពមាំមួនដូចដើម។

ហើយលោកបានអះអាងថា លោកនឹងបន្តកាន់កាប់ក្លឹបនេះតទៅទៀត រហូតដល់
ថ្ងៃណាដែលសិស្សគាត់មានជំហរគ្រប់គ្រាន់ អាចកាន់កាប់ក្លឹបបន្តពីគាត់បាន៕

XS
SM
MD
LG