ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភាបដិសេធសំណើសុំធ្វើ វិសោធនកម្មក្រមព្រហ្មទណ្ឌ


សមាជិកសភាភាគច្រើននៃប្រទេសកម្ពុជាបានបដិសេធសំណើរបស់តំណាង
រាស្ត្រគណបក្សប្រឆាំងសុំធ្វើវិសោធនកម្មមាត្រាចំនួន៤៣នៅក្នុងសេចក្តីព្រាង
ច្បាប់ក្រមព្រហ្មទណ្ឌថ្មីនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលរដ្ឋសភាបានចាប់ផ្តើម
ពិភាក្សានីតិកម្មដ៏មានសារៈសំខាន់នេះ។

សមាជិកសភាគណបក្សសម រង្ស៊ី ចំនួន៤រូប គឺ លោក យឹម សុវណ្ណ លោកស្រី
មួរ សុខហួរ លោកម៉ៅ មុន្នីវណ្ណ និងលោកគឹម សួរភារិទ្ធិ ពីចំនួនសរុប២៦រូប
បានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មលើមាត្រាចំនួន៤៣នៃមាត្រាសរុប៦៧២នៅ
ក្នុងសេចក្តីព្រាងច្បាប់ស្តីពីក្រមព្រហ្មទណ្ឌថ្មីនេះ ក្នុងគោលបំណងបើកសិទ្ធិសេរី
ភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងជំរុញដំណើរការយុត្តិធម៌ និងប្រ-
ជាធិបតេយ្យនៅកម្ពុជា។

សមាជិកសភាចំនួន៨៣រូបនៃចំនួនវត្តមានសរុប ១០១ រូប បានលើកដៃប្រឆាំង
នឹងសំណើសុំធ្វើវិសោធនកម្មរបស់អ្នកតំណាងគណបក្សសម រង្ស៊ី។

លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្ស សម រង្ស៊ីបានថ្លែងប្រាប់សម័យប្រជុំ
សភាថា ការធ្វើវិសោធនកម្មនេះ មានគោលដៅបើកលទ្ធភាពដកចេញនូវមាត្រា
មួយចំនួន ដែលមានការប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជា
ពលរដ្ឋនិងផ្តល់និយមន័យឱ្យបានច្បាស់លាស់លើបទល្មើសនិមួយៗ ព្រោះអស់
លោកមានការព្រួយបារម្ភចំពោះចំណុចអវិជ្ជមានមួយចំនួន នៅក្នុងសេចក្តីព្រាង
ច្បាប់នេះ ។

“ខ្ញុំមានការសោកស្តាយដោយអង្គសភាយើងមិនបានអនុម័តតាមការស្នើសុំរបស់
តំណាងរាស្ត្រនៃគណបក្ស សម រង្ស៊ីស្តីពីការធ្វើវិសោធនកម្មនេះ។ ក៏ប៉ុន្តែទោះជា
យ៉ាងណាក៏ដោយ យើងខ្ញុំសង្ឃឹមថា សម្តេចប្រធាននឹងអនុញ្ញាតឱ្យអង្គសភា
ទាំងមូលពិភាក្សាគ្នាឱ្យបានល្អិតល្អន់”។

គណបក្ស សម រង្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា មាត្រាមួយចំនួន
នៃសេចក្តីព្រាងច្បាប់ក្រមព្រហ្ម ទណ្ឌនេះបានរឹតបន្តឹងយ៉ាងខ្លាំងនូវសេរីភាពនៃ
ការបញ្ចេញមតិ និង ការជួបប្រជុំជាសាធារណៈសម្រាប់ការស្វែងរកដំណោះ
ស្រាយលើបញ្ហាជាតិសំខាន់ៗ ដូចជាភាពក្រីក្រ ភាពគ្មានការងារធ្វើ ទំនាស់ដីធ្លី
និងអំពើពុករលួយជាដើម ព្រមទាំងទាមទារឱ្យដកចេញនូវមាត្រាមួយចំនួន ដែល
ទាក់ទងនឹងការបរិហារកេរ្តិ៍ ការជេរប្រមាថ និងការប្តឹងបរិហារបង្កាច់កេរ្តិ៍ ចេញពី
ក្រមព្រហ្មទណ្ឌនេះ។

លោកជៀម យាប ប្រធានគណៈកម្មការហិរញ្ញវត្ថុនៃរដ្ឋសភាខាងគណបក្សប្រជា
ជនកម្ពុជាបានបញ្ចាក់ថា ការធ្វើវិសោធនកម្មលើ ៤៣មាត្រានៃមាត្រាសរុប៦៧២
នេះមិនត្រឹមត្រូវតាមផ្លូវច្បាប់ទេ។

“ខ្ញុំបានលើកដៃមិនទទួលសំណើសុំធ្វើវិសោធនកម្មរបស់តំណាងរាស្ត្រមួយចំនួន។ មូលហេតុនៃការលើកដៃរបស់សមាជិកសភា៨៣ រូបនេះ មានមូលហេតុផ្លូវច្បាប់
ត្រឹមត្រូវ។ វិសោធនកម្មនេះមិនសមស្របនឹងបទបញ្ជាផ្ទៃក្នុងដែលមានចែងទេ”។

ក្រមព្រហ្មទណ្ឌថ្មីនេះ បានតាក់តែងឡើងក្រោមការគាំទ្ររបស់រដ្ឋាភិបាលបារាំង
តាំងពីឆ្នាំ១៩៩៥ ដោយផ្អែក ទៅលើប្រពៃណីរដ្ឋធម្មនុញ្ញច្បាប់ព្រហ្មទណ្ឌនានា
របស់ប្រទេសកម្ពុជា និងគោលការណ៍នៃច្បាប់អន្តរជាតិ ដែលប្រទេសកម្ពុជាបាន
ផ្តល់សច្ចាប័ន ហើយឱ្យសមស្របនឹងបរិបទថ្មីៗដែលប្រទេសកម្ពុជាកំពុងប្រឈម
និងបទល្មើសកំពុងតែកើតមាន។

លោកប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្មនៃរដ្ឋសភាខាងគណបក្សប្រជាជន
កម្ពុជា បានបញ្ជាក់ថា ក្រមព្រហ្មទណ្ឌនេះផ្តល់នូវការយល់ដឹងអំពីសិទ្ធិ និងកាតព្វ
កិច្ចជូនប្រជាពលរដ្ឋ ជាពិសេសពីអំពើដែលត្រូវហាមឃាត់ និងការទទួលខុសត្រូវ
ព្រហ្មទណ្ឌ។

“ក្រមព្រហ្មទណ្ឌនេះមានគោលដៅចម្បង ធានារក្សាការពារសណ្តាប់ធ្នាប់សាធា-
រណៈសន្តិសុខសង្គម សិទ្ធិសេរីភាពបុគ្គល សេចក្តីថ្លៃថ្នូរ និង ភាពសុខសាន្តជូន
ប្រជាពលរដ្ឋ សម្រាប់ពង្រឹងនីតិរដ្ឋ បង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងរដ្ឋ និង
ឆ្លើយទៅកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌”។

លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាអ្នកការពារសេចក្តីព្រាង
ច្បាប់ស្តីពីក្រមព្រហ្មទណ្ឌនេះ បានបញ្ជាក់ថា យើងបានដាក់បញ្ចូលនូវគោល
ការណ៍បម្រើសិទ្ធិមនុស្សច្រើននៅក្នុងក្រមព្រហ្មទណ្ឌនេះ ។ ដូច្នេះអ្វីៗដែលយើង
ធ្វើនេះ មិនមែនជាការគាបសង្កត់ ឬការបំបិទសិទ្ធិមនុស្សទេ។

ក្រុមអង្គការមិនមែនរដ្ឋាភិបាលបាននិយាយថា ក្រមព្រហ្មទណ្ឌនេះមានចំណុច
អវិជ្ជមានខ្លះដែលរដ្ឋសភាគួរកែតម្រូវនៅក្នុងការពិភាក្សាគ្នានេះ៕ ចប់

XS
SM
MD
LG