ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់ព្យុះកំបុតត្បូងសម្លាប់មនុស្ស យ៉ាងតិច១១នាក់នៅកម្ពុជា


ខ្យល់ព្យុះកំបុតត្បូងឈ្មោះ កេតសាណា បានសម្លាប់មនុស្សអស់យ៉ាងតិចណាស់
ចំនួន ១១ នាក់នៅក្នុងប្រទេសកម្ពុជា និងរងរបួសជាច្រើននាក់ ព្រមទាំងបំផ្លាញ
ផ្ទះសម្បែងរបស់ ប្រជារាស្ត្រអស់ជាច្រើនខ្នងថែមទៀត នេះបើយោងតាមក្រុម
មន្ត្រីរដ្ឋាភិបាល ដែលថ្លែងឱ្យដឹងនៅថ្ងៃពុធនេះ។

លោក ណាំ ទុំ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ខ្យល់ព្យុះមួយបាន
កើតឡើងកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ អស់រយៈពេលជិត១ម៉ោង ដែល
បណ្តាលឱ្យមនុស្សចំនួន៩នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ស្លាប់បាត់បង់ជីវិត
និងចំនួន២០នាក់ផ្សេងទៀតរងរបួស ក្នុងនោះរបួសធ្ងន់ចំនួន១១នាក់ នៅស្រុក
សណ្តាន់ខេត្តកំពង់ធំ។លោកបន្ថែមថា គ្រួសារខ្លះស្លាប់ទាំងឪពុកម្តាយនិងកូន។

"មួយគ្រួសារហ្នឹង ជួនកាលមួយគ្រួសារហ្នឹង៥នាក់ អស់ទាំងអស់ ទាំងយាយ
ទាំងម៉ែ ទាំងឪ”។

លោក ណាំ ទុំ បានបញ្ជាក់ថា ខ្យល់ព្យុះនោះក៏បានធ្វើឱ្យផ្ទះសម្បែងរបស់ប្រជា-
ពលរដ្ឋចំនួន៣៧ខ្នង ត្រូវរលំទាំងស្រុងនិង២៨៣ខ្នងទៀត ត្រូវខូចខាតអស់ជិត
៥០ភាគរយ។ លោកអភិបាលខេត្តកំពង់ធំក៏បានឱ្យដឹងថា ក្នុងអំឡុងពេលដែល
មានខ្យល់ព្យុះនេះ ទឹកភ្លៀងក៏ធ្លាក់មកដែរ រហូតមកដល់ថ្ងៃពុធនេះ ដែលធ្វើឱ្យ
មានទឹកជំនន់ហើយប៉ះពាល់ដល់ដំណាំស្រូវចំនួន៤.០១៧ ហិកតា ក្នុងនោះខូច
ខាតទាំងស្រុងចំនួន ១.៦០០ ហិកតា នៅក្នុងស្រុកសណ្តាន់។

លោកស្រី សិទ្ធ វណ្ណារ៉េត ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹក
និងឧតុនិយម មានប្រសាសន៍ថា ខ្យល់ព្យុះដែលកើតនៅក្នុងខេត្តកំពង់ធំនេះ គឺ
ជាខ្យល់ព្យុះកំបុតត្បូង‘កេតសាណា’ ដែលចាប់ផ្តើមមានឥទ្ធិពលនៅក្នុងប្រទេស
កម្ពុជាតាំងពីថ្ងៃទី២៧ ខែកញ្ញានេះមកម៉្លេះ។

"មកដល់ពេលនេះ ថ្ងៃនេះ ឥឡូវនេះ វាស្ថិតនៅលើ ឥឡូវហ្នឹងស្ថិត វាឈៀង
ចូលមកលើ ប្រទេសខ្មែរ ហើយវាក្លាយទៅជាវិសម្ពាធទាប " ។

លោកប៉ាវ ហមផាន អភិបាលខេត្តរតនៈគីរី មានប្រសាសន៍ថា ក្នុងអំឡុងពេល
ដែលខេត្តរតនៈគីរីទទួលឥទ្ធិពលខ្យល់ព្យុះកំបុតត្បូង កេតសាណា ប្រជារាស្ត្រ
ក្នុងខេត្តរបស់លោកចំនួន២នាក់ ស្លាប់បាត់បង់ជីវិត។

"ក្នុងឱកាសដែលទទួលឥទ្ធិពលព្យុះហ្នឹង វាមាន២នាក់ហ្នឹង" ។

លោកប៉ាវ ហមផានក៏បានឱ្យដឹងថា ក្នុងស្រុកអណ្តូងមាស ខេត្តរតនៈគីរី មាន
ទឹកជំនន់កើនឡើងដោយសារភ្លៀងដែលធ្លាក់មកកាលពីថ្ងៃទី ២៨ និង២៩ ខែ
កញ្ញា ហើយទឹកជំនន់នេះ ធ្វើឱ្យលិចផ្ទះចំនួន ១៧០ខ្នង និងដំណាំស្រូវចំនួន
១.១៦៥ ហិកតា។

លោក ពៅ សាមី អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
មានប្រសាសន៍ថា លោកមិនទាន់បានដឹងនៅឡើយអំពីរបាយការណ៍ថា តើទឹក
ជំនន់ លិចលង់ប៉ុន្មានខេត្ត ចាប់តាំងពីមានខ្យល់ព្យុះ កំបុតត្បូង ‘កេតសាណា’
មក។

"អត់ទាន់មានបានព័ត៌មានទេ " ។

បន្ទាប់មកលោក ពៅ សាមី បដិសេធសុំមិនធ្វើអត្ថាធិប្បាយតទៅទៀត។

មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដទៃទៀត និងលោក ខៀវ
កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល មិនអាចទំនាក់ទំនងសុំអត្ថាធិប្បាយបានទេ
រហូតមកដល់ល្ងាចថ្ងៃនេះ។

កាលពីថ្ងៃទី២៨ខែកញ្ញានេះ រដ្ឋាភិបាលកម្ពុជាបានព្រមានប្រជារាស្ត្ររបស់ខ្លួន
ឱ្យមាន ការប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះកំបុតត្បូង‘កេតសាណា’ ដោយប្រកាស
ឱ្យដឹងជាមុនថា នៅថ្ងៃទី២៩ខែកញ្ញា ព្យុះកំបុតត្បូងនេះនឹងបោកបក់លើតំបន់
ឦសាននៃប្រទេសកម្ពុជា រួមមានខេត្តរតនៈគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ
កំពង់ចាម និងកំពង់ធំ ។

មុនមកដល់ប្រទេសកម្ពុជា ខ្យល់ព្យុះកំបុតត្បូងមួយនេះ បានសម្លាប់មនុស្ស
ជាង៣០ នាក់នៅក្នុងប្រទេសវៀតណាម និងជាង២៤០នាក់ នៅក្នុងប្រទេស
ហ្វីលីពីន៕ ចប់

XS
SM
MD
LG