ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រុករាប់សិបនាក់រារាំងមិនឲ្យ នាំជនជាប់ចោទទៅឃុំឃាំង


ក្រុមអ្នកស្រុកច្រើនរាប់សិបនាក់នៅថ្ងៃពុធនេះ បានប្រមូលផ្តុំគ្នា នៅពីមុខតុលា
ការខេត្តតាកែវ ដើម្បី ប្រឆាំងជំទាស់ទៅនឹងការនាំខ្លួនជនជាប់ចោទមួយរូបទៅ
កាន់មន្ទីរឃុំឃាំងបណ្តោះអាសន្ននៃពន្ធនាគារខេត្ត តាកែវ ក្រោយពីតុលាការ
បានសម្រេចរួចមក នេះបើតាមការបញ្ជាក់របស់មន្រ្តីសិទ្ធិមនុស្ស ។

លោក ឆេង សុម្ភស មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស Licadho
បានបញ្ជាក់ថា តុលាការបានចេញដីកាកោះហៅប្រជាពលរដ្ឋដែលជាសមាជិក
ខ្មែរឥស្លាមចំនួន២រូប គឺលោកសិប សេត និង លោកនី សាន់ដែលជាតំណាង
សហគមន៍ខ្មែរឥស្លាម នៅស្រុកបូរីជលសា ខេត្តតាកែវ ឲ្យមកចូលខ្លួនបំភ្លឺពីបទ
ធ្វើឲ្យខូចខាត និងផ្សាយព័ត៌មានមិនពិត ។

លោកឆេង សុម្ភស បានបញ្ជាក់ទៀតថា លោកទិត សុទ្ធី ចៅក្រមជំនុំជម្រះនៃ
តុលាការខេត្តតាកែវ បានចេញ ដីកាឃុំខ្លួនបណ្តោះអាសន្នជនជាប់ចោទមួយ
រូប គឺលោក នី សាន់ នៅក្នុងចំណោមជនជាប់ចោទទាំងពីររូប ពីបទធ្វើឲ្យខូច
ខាត និងផ្សព្វផ្សាយព័ត៌មានមិនពិត តាមមាត្រាទី៥២ និង៦២ ក្រោមច្បាប់ព្រហ្ម
ទណ្ឌអន្តរកាល ដែលការចោទប្រកាន់នេះ បានបង្កឲ្យមានការជំទាស់ពីប្រជា
ពលរដ្ឋ។ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពុំមានអំពើហិង្សាណាមួយកើតឡើង
រវាងប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចទេ ។

"តុលាការគួរពិចារណលើអ្វី ដែលប្រជាពលរដ្ឋធានាអះអាង។ បើគិតលើផ្លូវច្បាប់
ក៏គេគិតដែរ បើមានទីលំនៅពិតប្រាកដ។ ហើយមានអ្នកធានា ហើយគាត់
សន្យាថា មិនរត់ចោល ពេលតុលាការកោះហៅ គិតថា គួរតែពិចារណាលើហ្នឹង
ពីព្រោះបទល្មើសហ្នឹងមិនមែនបទល្មើសធ្ងន់ធ្ងរ បទឧក្រិដ្ឋសម្លាប់មនុស្សឃាត
ទេ។ បទល្មើសនេះ វាគ្រាន់តែជាបទល្មើសមជ្ឈិម"។

លោកលី ហាំ ប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ដែលមកតវ៉ានៅថ្ងៃនេះ បាននិយាយ
ថា ពួកគេយល់ថា លោកនី សាន់ ពុំបានប្រព្រឹត្តខុសដូចមានការចោទប្រកាន់
ទេ។ លោកបានបញ្ជាក់ថា តុលាការធ្វើនេះគឺអយុត្តិធម៌ចំពោះជនជាប់ចោទ។

"នាំគ្នាមកហ្នឹង ដោយសាររឿងអយុត្តិធម៌ បាននាំគ្នាមកហ្នឹង ។ អយុត្តិធម៌ហ្នឹង
នៅត្រង់ចំណុចដែលគេកាត់ក្តី ។ គេអត់មាន ដោយសារនេះ មានការចាប់ចង
អត់មានការជំនុំជម្រះសិន"។

លោកទិត សុទ្ធី ចៅក្រមតុលាការខេត្តតាកែវ បានបញ្ជាក់ថា លោកសម្រេចនេះ
គឺធ្វើទៅតាមច្បាប់តែប៉ុណ្ណោះ។

"អ្នកដែលជាប់គុកថា គេមិនដែលថា ខ្លួនគេខុសទេ។ គេមិនដែលឲ្យអ្នកណា
ខុសទេ។ យើងធ្វើទៅគេថា យើងខុសហ្នឹង ធម្មតាធ្វើជ្រូកកុំខ្លាចទឹកក្តៅ" ។

កាលពីអំឡុងឆ្នាំ២០០៧ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន២០៦នាក់ បានផ្តិតមេដៃ
លើញ្ញត្តិមួយច្បាប់ ដើម្បីតវ៉ាទាមទាឲ្យដកលោករី ម៉ាត់ ចេញពីប្រធានសមាគម
ខ្មែរឥស្លាម នៅស្រុកបូរីជលសា ខេត្តតាកែវ ដោយចោទប្រកាន់ថា បានប្រព្រឹត្ត
អំពើពុករលួយ ។ ហើយក្រោយមកលោកនី សាន់ ជាអ្នកដាក់ពាក្យបណ្តឹងទៅ
ស្ថាប័នមានសមត្ថកិច្ចផ្សេងៗ នេះបើតាមការបញ្ជាក់របស់លោក ឆេង សុម្ភស
មន្រ្តីផ្នែកសិទ្ធិមនុស្សរបស់អង្គការ Licadho។

លោកឆេង សុម្ភស បានបញ្ជាក់ទៀតថា ក្រោយមកលោករី ម៉ាត់ ដែលជាអតីត
ប្រធានសមាគមខ្មែរឥស្លាម បានប្តឹងទៅតុលាការ ដោយចោទប្រកាន់លោក នី
សាន់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ក្រោយពីវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា
បានធ្វើការផ្សព្វផ្សាយ ដោយបានដកស្រង់សម្តីលោក នី សាន់ និង មន្រ្តីសិទ្ធិ
មនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចំនួន២រូបផ្សេងទៀត ។

តុលាការខេត្តតាកែវ ថ្ងៃព្រហស្បតិ៍ស្អែកនេះ នឹងកោះអញ្ជើញលោកសុខ សេរី
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ដែលបានផ្សព្វផ្សាយអត្ថបទនេះ និង មន្រ្តីសិទ្ធិ
មនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចំនួន២រូប គឺលោកឃឹម សារុំ និង
លោក ជឹម ជៀវ ឲ្យចូលទៅបំភ្លឺពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងទាំងនេះ៕

XS
SM
MD
LG