ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការខ្មែរក្រហមប្រកាសឱ្យដាក់ ពាក្យបណ្តឹងសំណុំរឿង០០២


ដើម្បីស្តាប់ព័ត៌មាននេះ

តុលាការពិសេសខ្មែរក្រហម បានប្រកាសឱ្យជនរងគ្រោះខ្មែរក្រហមដាក់ពាក្យ
បណ្តឹងប្រឆាំងនឹងពួក អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដែលកំពុងជាប់គុក
នៅក្នុងសំណុំរឿង ០០២។

សាលាក្តីពិសេសខ្មែរក្រហម នៅថ្ងៃអង្គារ៍នេះ បានអំពាវនាវដល់ជនរងគ្រោះនៃ
របបវាលពិឃាតខ្មែរក្រហមឱ្យប្រញាប់ប្រញាល់មកដាក់ពាក្យបណ្តឹងសុំតាំងខ្លួន
ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុង សំណុំរឿង០០២ ប្រឆាំងនឹងអតីត មេដឹកនាំខ្មែរ
ក្រហមជាន់ខ្ពស់ចំនួន៤នាក់ នៅអង្គភាពជនរងគ្រោះ ឱ្យបានមុនពាក់កណ្តាល
ខែវិច្ឆិកាខាងមុខនេះ។

ការអំពាវនាវនេះបានធ្វើឡើងខណៈដែលសំណុំរឿង០០១ របស់ ឌុច អតីតប្រ-
ធានគុកទួលស្លែងកំពុងខិតជិតដល់ទីបញ្ចប់ ហើយសហចៅក្រមស៊ើបអង្កេត
បានចាប់ផ្តើមទទួលស្គាល់ដើមបណ្តឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០២បន្ថែម
ទៀតនោះ។

សេចក្តីថ្លែងការណ៍របស់អង្គភាពជនរងគ្រោះនៃសាលាក្តីពិសេសខ្មែរក្រហមបាន
បញ្ជាក់ថា បុគ្គលណាដែលចង់ក្លាយខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង
០០២ គួរដាក់ពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីរបស់ខ្លួននៅអង្គ
ភាពជនរងគ្រោះ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន មុនពាក់កណ្តាល
ខែវិច្ឆិកា ឆ្នាំ ២០០៩។

សេចក្តីថ្លែងការណ៍នេះបានបន្តថា ការធ្វើបែបនេះគឺដើម្បីទទួលបាននូវចំណាប់
អារម្មណ៍កាន់តែច្រើន និងផល ប្រយោជន៍ផ្សេងៗទៀតពីការដាក់ឯកសាររបស់
អង្គភាពជនរងគ្រោះ និងការិយាល័យសហចៅក្រមស៊ើបអង្កេត។

វាក៏ជួយផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ការរុករកព័ត៌មានពិស្តារបន្ថែម ដែល
បានផ្តល់ដោយអ្នកដាក់ពាក្យ ប្រសិនបើមានករណីនេះកើតឡើង។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា សំណុំរឿង ដែលដើមបណ្តឹងរដ្ឋប្បវេណី
អាចចូលរួមនេះ គឺសំណុំរឿង០០២ ពាក់ព័ន្ធនឹងការចោទប្រកាន់ទៅលើ នួន ជា
អតីតប្រធានរដ្ឋសភា ខៀវ សំផន អតីតប្រធានរដ្ឋ អៀង សារី អតីតរដ្ឋមន្ត្រីការ
បរទេស និង អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពីឧក្រិដ្ឋកម្មប្រឆាំង
មនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ដែលជាលទ្ធផលនៃការទទួលខុសត្រូវរបស់
ពួកគេ ចំពោះការបង្កើតគោលនយោបាយ និងសកម្មភាពផ្សេងៗក្នុងរបបខ្មែរ
ក្រហម។

លោកហុង គឹមសួន មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់ថា លោក
បានទទួលពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន១៦ក្នុងសំណុំ
រឿង០០២នេះ ប៉ុន្តែកូនក្តីភាគច្រើនរបស់លោកនៅក្នុងសំណុំរឿង០០១បានចូល
ទៅក្នុងសំណុំរឿង០០២ ដោយស្វ័យប្រវត្តិ។

"ការកំណត់ត្រឹមខែវិច្ឆិការបស់សាលាក្តីខ្មែរក្រហម បញ្ចប់ការទទួលនេះ (ពាក្យ
បណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី) ជនរងគ្រោះអត់មានសិទ្ធិ ឱកាស
ណាដាក់ពាក្យបណ្តឹងនេះទេ ពីព្រោះការផ្សព្វផ្សាយ ឬការណែនាំឱ្យពួកគាត់
ដាក់ពាក្យបណ្តឹងនេះ គឺជនរងគ្រោះភាគច្រើនប្រហែលជាមិនសូវយល់"។

ឡាត់ គី អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមរបស់សមាគមសិទ្ធិមនុស្សADHOC
បានបញ្ជាក់ថា ការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២
នេះ មានសារៈសំខាន់ណាស់។

"សំណុំរឿង០០២នេះមានសារៈសំខាន់ណាស់ ដោយកត្តាទី១ គាត់អាចចូលរួម
នៅក្នុងដំណើរការស្វែងរកយុត្តិធម៌ កត្តាទី២ គាត់ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត
នូវអ្វីដែលគាត់រងទុក្ខវេទនា ឬ មួយការបាត់បង់សមាជិកក្រុមគ្រួសារដែល ជា
ទីស្រឡាញ់របស់ពួកគាត់ នៅក្នុងអំឡុងពេលកម្ពុជាប្រជាធិបតេយ្យនោះ និង
កត្តាទី៣ គឺគាត់អាចមានសិទ្ធិទទួលស្គាល់តាមផ្លូវច្បាប់អំពីបញ្ហាការទាមទារ
សំណង"។

លោក ជុំ ម៉ី អ្នករស់រានមានជីវិតពីមន្ទីរស-២១ បានថ្លែងថា លោកបានដាក់
ពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២។

"ខ្ញុំដាក់ពាក្យបណ្តឹងសុំតាំងខ្លួនជាសាក្សីជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង
០០១ និង០០២។ សំណុំរឿង០០១របស់ឌុច មានការពាក់ព័ន្ធជាមួយសំណុំរឿង
០០២របស់លោកតា នួន ជា និងអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដទៃទៀត។
កាលពីជំនាន់នោះ មានការកាប់សម្លាប់មិនត្រឹមតែគុកទួលស្លែងទេ។ ការកាប់
សម្លាប់មាននៅទូទាំងប្រទេស"។

មន្ត្រីទទួលពាក្យបណ្តឹងបាននិយាយថា អង្គភាពជនរងគ្រោះបានបញ្ជូនពាក្យ
បណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៩៩៣ ទៅកាន់សហចៅក្រម
ស៊ើបអង្កេតសម្រាប់សំណុំរឿង០០២នេះ។

សេចក្តីថ្លែងការណ៍របស់សាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា មានតែពាក្យបណ្តឹង
សុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដែលមានលក្ខណៈពេញលេញ និង ពាក់
ព័ន្ធនឹងការស៊ើបអង្កេតបច្ចុប្បន្នប៉ុណ្ណោះ នឹងត្រូវទទួលយកដោយសហចៅក្រម
ស៊ើបអង្កេត៕

XS
SM
MD
LG