ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតកុមារទាហានខ្មែរក្រហមត្អូញ ថាប្រវត្តិនេះធ្វើឱ្យគាត់សុបិនអាក្រក់


អតីតទាហានខ្មែរក្រហមម្នាក់ នៅថ្ងៃច័ន្ទនេះ បានរៀបរាប់អំពីប្រវត្តិជូរចត់របស់
ខ្លួនដែលត្រូវក្រុមខ្មែរ ក្រហមបង្ខំឱ្យចូលក្នុងសមរភូមិដើម្បីប្រយុទ្ធតតាំងជាមួយ
សត្រូវពេលដែលខ្លួននៅជាកុមារភាពម៉្លេះ ហើយបានត្អូញត្អែរថា ខ្លួននៅតែមាន
សុបិនអាក្រក់ជាប់រហូត ដោយសារតែអតីតកាលបែបនោះ។

លោកចន ផនអាន ដែលចូលរួមក្នុងសន្និសីទកាសែតរួមជាមួយលោកនីកូឡាស
ដាវីស អតីតទាហានកុមារជនជាតិលីបេរីយ៉ា ជាសន្និសីទកាសែតដែលរៀបចំ
ឡើងដោយអង្គការសេវាកម្មអភិវឌ្ឍន៍អាល្លឺម៉ង់ ក្នុងទីក្រុងភ្នំពេញ បានមានប្រ-
សាសន៍ថា លោកត្រូវខ្មែរក្រហមបង្ខំឱ្យធ្វើកងទ័ពខ្មែរក្រហមនៅក្នុងស្រុកសង្កែ
ខេត្តបាត់ដំបង ពីរបីថ្ងៃក្រោយពីថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដើម្បីប្រយុទ្ធជាមួយកង
ទ័ពវៀតណាម។

"តែ៧៩ ចូលមកនេះ ៧៩ ខ្ញុំនៅជាប់ជាមួយខ្មែរក្រហម ដូចកុមាររាប់ម៉ឺន រាប់
សែនទៀត។ កុមារក្មេងៗអាយុ១២ ឬ១៣ ឆ្នាំ គេដាក់អាវុធឱ្យយើងម៉ង ។ បើ
យើងមិនកាន់អាវុធ គេបាញ់ម៉ង " ។

លោកចន ផនអានបានបន្តថា ក្នុងអំឡុងពេលធ្វើជាកងទ័ពខ្មែរក្រហម លោក
ធ្លាប់ត្រូវរងរបួសបន្តិចបន្តួច ហើយលោកបានបង្ហាញសម្លាកនៅចំកែងដៃដែល
លោកអះអាងថា ជាស្នាមរបួសដោយសារគ្រាប់កាំភ្លើង ពេលដែលលោកនៅ
ក្នុងសមរភូមិប្រយុទ្ធ។

លោក ចន ផនអាន ក៏បានរំឭកអំពីប្រវត្តិ អតីតកាលរបស់លោកក្នុងរបបខ្មែរ
ក្រហមថា ក្នុងចន្លោះឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៨ លោករួមជាមួយកុមារជាច្រើន
នាក់ទៀត ដែលមានអាយុពី៩ទៅ១០ឆ្នាំត្រូវក្រុមខ្មែរក្រហមប្រើឱ្យអូសសាកសព
ដែលពួកគេសម្លាប់រួចហើយ ដើម្បីទម្លាក់ចូលក្នុងរណ្តៅនៅក្នុងខេត្តបាត់ដំបង។

លោក ចន ផនអាន ដែលប៉ាន់ស្មានថា ពេលនេះលោកមានអាយុប្រហែលជា
៤២ឆ្នាំនោះ បានមានប្រសាសន៍ថា តាំងពីតូចមក លោកមានអារម្មណ៍មិនសូវ
ល្អ គឺមានអារម្មណ៍ដូចជាឯកោនិងមានអារម្មណ៍ថា លោកជាមនុស្សអាក្រក់។

លោក ឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា មជ្ឈ
មណ្ឌលរបស់លោកបានស្រាវជ្រាវឃើញកុមារចំនួន២០០នាក់ ដែលមានអាយុ
ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ត្រូវបានគេបង្ខំឱ្យធ្វើជាកងទ័ពក្នុងរបបខ្មែរក្រហមដើម្បី
ប្រយុទ្ធជាមួយនឹងកងទ័ពវៀតណាម ហើយក្នុងនោះ មានប្រហែល២០នាក់ជា
កុមារី ដែលគេប្រើឱ្យជញ្ជូនស្បៀង។

"ជាទូទៅកុមារនៅក្នុងកងទ័ព ទោះបីចង់ ឬមិនចង់ ត្រូវតែសម្លាប់សត្រូវម្ខាង
ទៀតហើយទាហានខ្មែរក្រហមមួយចំនួន សុទ្ធសឹងតែជាកុមារវ័យក្មេង" ។

របបខ្មែរក្រហមត្រូវគេថ្កោលទោសអំពីការសម្លាប់យ៉ាងរង្គាល ការបង្អត់អាហារ
និងការបង្ខំឱ្យធ្វើពល កម្មហួសកម្លាំងនៅក្នុងប្រទេសកម្ពុជាពីចន្លោះឆ្នាំ១៩៧៥
ដល់ឆ្នាំ១៩៧៩។

តុលាការពិសេសខ្មែរក្រហមបានចោទប្រកាន់ និងឃុំខ្លួនអតីតមេដឹកនាំ និងមន្ត្រី
ជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមចំនួន៥នាក់ ។

លោកចន ផនអាន មានប្រសាសន៍ថា លោកមិនសូវចាប់អារម្មណ៍រឿងកាត់
ទោសមេដឹកនាំខ្មែរ ក្រហមនោះទេដោយលោកបញ្ជាក់ថា លោកអត់សូវដឹងរឿង
នយោបាយស្រុកទេស៕

XS
SM
MD
LG