ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាសុំឱ្យអាមេរិក លុបបំណុលចោល


ដើម្បីស្តាប់ព័ត៌មាននេះ

នៅថ្ងៃច័ន្ទនេះប្រទេសកម្ពុជានឹងស្នើសុំសហរដ្ឋអាមេរិកឱ្យលុបចោលនូវបំណុល
ដែលកម្ពុជាបានជំពាក់តាំងពីសម័យសង្រ្គាម។

លោក ម៉ែន គឹមសេង បានជួបសម្ភាសន៍ពិសេសជាមួយលោក ហោ ណាំហុង
នៅក្រុង New York មុនជំនួបរបស់លោកជាមួយលោកស្រី Hillary Clinton
ហើយធ្វើសេចក្តីរាយការណ៍លម្អិត អំពីសំណើរបស់លោករដ្ឋមន្រ្តីការបរទេស
កម្ពុជា ដូចតទៅៈ

ប្រទេសកម្ពុជានឹងស្នើសុំឱ្យសហរដ្ឋអាមេរិកលុបចោលនូវបំណុលរាប់រយលាន
ដុល្លារ ដែលបានជំពាក់ក្នុងសម័យសង្រ្គាម។នេះបើតាមការអះអាងរបស់មន្រ្តី
ជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។

នៅក្នុងបទសម្ភាសន៍ពិសេសមួយជាមួយ វីអូអេ សម្លេងសហរដ្ឋអាមេរិក កាល
ពីថ្ងៃអាទិត្យនេះ លោកហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជាបានបញ្ជាក់ថា
លោកគ្រោងលើកសំណើនេះឡើងក្នុងជំនួបជាមួយលោកស្រីហ៊ីលឡារី គ្លីនតុន
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះ នាទីក្រុង New York ដោយ
សុំឱ្យអាមេរិកមានការយោគយល់ និង លុបចោលបំណុល ដែលកម្ពុជាជំពាក់
ជាង ៣០០លានដុល្លារ។

"ខ្ញុំនឹងស្នើលោកស្រីសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិនិត្យអំពីការលុបចោល
បំណុលរបស់កម្ពុជា ពីព្រោះបំណុលនេះជាបំណុលជំនាន់របបលោកលន់ នល់
នៅកម្ពុជា ។ បំណុលនេះជាបំណុលទិញគ្រឿងសាស្រ្តាវុធទៅធ្វើសង្រ្គាមនៅ
កម្ពុជា ហើយខ្ញុំនឹងប្រាប់លោកស្រីថា កម្ពុជាយើងមិនបានទាមទារការសង
ជំងឺចិត្តអំពីការទម្លាក់គ្រាប់បែកនៅកម្ពុជាពេលសង្រ្គាមនៅវៀតណាមទេ ដែល
បណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ជាច្រើននាក់ និង ខូចខាតសម្ភារៈ គឺថា កម្ពុជា
យើងមិនបានទាមទារឱ្យអាមេរិកាំងសងជំងឺចិត្តទេ។ យើងសំណូមពរឱ្យអាមេ-
រិកាំងយោគយល់អំពីបញ្ហានេះដើម្បីគិតពីបំណុលរបស់កម្ពុជាចំពោះសហរដ្ឋ
អាមេរិកនេះ"។

នេះគឺជាលើកទីមួយហើយដែលកម្ពុជានឹងយកបញ្ហានេះមកពិភាក្សាជាមួយមន្រ្តី
ជាន់ខ្ពស់សហរដ្ឋអាមេរិកជាផ្លូវការ បន្ទាប់ពីមានការលើកឡើងជាច្រើនលើកពី
ប្រមុខរដ្ឋាភិបាលកម្ពុជា ស្ថាប័ននីតិបញ្ញត្តិ និង អង្គការអភិវឌ្ឍន៍មួយចំនួនជា
មួយស្ថាប័នផ្សេងៗរបស់ប្រទេសអាមេរិក។

បើសិនគោលបំណងក្នុងការសុំឱ្យលុបចោលបំណុលទាំងស្រុងមិនបានសម្រេច កម្ពុជានឹងស្នើឱ្យបង្វែរការជំពាក់នេះឱ្យទៅជាជំនួយអភិវឌ្ឍន៍ ផ្តោតលើវិស័យ
ផ្សេងៗ។ ប៉ុន្តែនៅមិនទាន់កំណត់ច្បាស់លាស់ថា អាចនឹងត្រូវផ្តោតលើបញ្ហាអ្វី
នៅឡើយទេ។

"យើងខ្ញុំ ទីមួយគឺសុំឱ្យអាមេរិកលុបចោលបំណុលនេះទាំងស្រុងតែម្តង បើលុប
ចោលមិនបាន គឺ យើងខ្ញុំស្នើសុំឱ្យយកមួយភាគធំ ទៅជាជំនួយអភិវឌ្ឍន៍នៅ
កម្ពុជាវិញ ហើយមួយផ្នែកតូចណាមួយនោះ កម្ពុជានឹងសងអាមេរិកាំង"។

ឯកសារផ្សេងៗបានបង្ហាញថា នៅប្រទេសខ្លះដែលសហរដ្ឋអាមេរិកបានលុប
ចោល បំណុលបានបង្វែរទៅជាជំនួយការអភិវឌ្ឍន៍វិស័យអប់រំវិញ។ នៅកម្ពុជា
មានអង្គការអន្តរជាតិមួយចំនួនក៏បានស្នើនូវជម្រើសនេះផងដែរ។

គណបក្សប្រឆាំងកម្ពុជាបានបង្ហាញជំហរស្របជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការ
ស្នើឱ្យលុបចោលបំណុលនេះដោយសារក្នុងកាលៈទេសៈបច្ចុប្បន្នស្ថានភាពសេដ្ឋ
កិច្ចកម្ពុជានៅពុំទាន់ល្អនៅឡើយ។ លោក យឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នក
នាំពាក្យគណបក្សសម រង្ស៊ីបានក្រើនរំឭកថា ក្នុងពេលអនាគតមុននឹងខ្ចីជំនួយ
បរទេស កម្ពុជាត្រូវមានការប្រយ័ត្នប្រយែងនិងចំណាយឱ្យមានតម្លាភាព ជៀស
វាងការត្រូវឱ្យមនុស្សជំនាន់ក្រោយជាអ្នកត្រូវសង ដោយទាំងមិនទទួលបានផល
ពីបំណុលនោះ។

"យើងគាំទ្រជំហររបស់រដ្ឋាភិបាលនៅក្នុងការស្នើសុំឱ្យបណ្តាប្រទេសមួយចំនួន
លើកលែងនូវបំណុលដែលកម្ពុជាជំពាក់ពីមុន ហើយចាប់ពីថ្ងៃនេះតទៅ រាល់ការ
ខ្ចីបំណុលទាំងអស់ពីបណ្តាប្រទេសនៅលើសកលលោក ត្រូវតែមានការប្រយ័ត្ន
ប្រយែង ប្រើប្រាស់ឱ្យមានគុណភាព ជាពិសេសទប់ស្កាត់នូវការប្រើប្រាស់ដោយ
ខ្ជះខ្ជាយ ហើយនឹងការបាត់បង់ដោយសារតែអំពើពុករលួយ"។

លោក យឹម សុវណ្ណ ក៏បានស្នើថា បើសិនជាមានការបង្វែរទៅជាជំនួយអភិវឌ្ឍន៍
កម្ពុជាគួរតែយកមកវិនិយោគលើវិស័យអប់រំ និង សុខាភិបាល ព្រោះធនធាន
មនុស្សនៅកម្ពុជាមានការខ្វះខាតនៅឡើយ។ លោកក៏ស្នើថា គេមិនត្រូវភ្លេចពី
ការយកចិត្តទុកដាក់លើសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ។

យោងតាមឯកសារនានាបានឱ្យដឹងថា មួយភាគបីនៃបំណុលបរទេស ដែល
ប្រទេសកម្ពុជាជំពាក់ គឺប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ៕ ចប់

XS
SM
MD
LG