ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា និងអាមេរិកគ្រោងធ្វើសមយុទ្ធយោធា

  • គង់ សុឋានរិទ្ធ
  • VOA

ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកគ្រោងនឹងរៀបចំការធ្វើសមយុទ្ធយោធាទ្រង់
ទ្រាយធំមួយ នៅឆ្នាំក្រោយនេះ ដោយមានប្រទេសជាង២០ចូលរួម។ សមយុទ្ធ
នេះគឺដើម្បីពង្រឹងសមត្ថភាពយោធាក្នុងការថែរក្សាសន្ដិភាព។

ប្រទេសកម្ពុជា និង សហរដ្ឋអាមេរិកនឹងទទួលរៀបចំសមយុទ្ធយោធារួមគ្នាទ្រង់
ទ្រាយធំជាលើកដំបូងបំផុតនៅក្នុងប្រទេសនេះ នៅខែមិថុនា ឆ្នាំ២០១០ខាងមុខ
នេះ។ ប្រយោជន៍គឺដើម្បីពង្រឹងសមត្ថភាពនៃកងទ័ពសម្រាប់ថែរក្សាសន្ដិភាពជា
សកល។ នេះបើយោងតាមមន្ដ្រីសា្ថនទូតសហរដ្ឋអាមេរិក ដែលបានប្រាប់ឲ្យដឹង
នៅថ្ងៃសុក្រនេះ។

គម្រោងការនេះធ្វើឡើងបន្ទាប់ពីមានជំនួបរវាងឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រី
ការពារប្រទេសកម្ពុជាលោក ទៀ បាញ់ ជាមួយលោករដ្ឋមន្ដ្រីការពារប្រទេស
សហរដ្ឋអាមេរិក Robert Gates នៅទីក្រុងWashingtonកាលពីថ្ងៃទី២១ ខែ
កញ្ញាកន្លងទៅនេះ។

សមយុទ្ធនេះមានឈ្មោះថា សមយុទ្ធមួកថ្ម ឬ capstone ហើយនឹងដំណើរការ
រយៈពេលមួយខែ ដោយមានប្រទេសចំនួនជាង២០ចូលរួម។ប្រទេសនិមួយៗនឹង
បញ្ជូនពលទាហានរបស់ខ្លួនពី ៣០ ទៅ៤៥ នាក់ មកកាន់ទីលានប្រតិបត្តិការ។

លោក John Johnson អ្នកនាំពាក្យសា្ថនទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ
បានសេរសេរនៅក្នុងសារអេឡិចត្រូនិចថា សមយុទ្ធយោធានេះ នឹងបង្កើនកិច្ច
សហប្រតិបត្តិការចម្រុះប្រជាជាតិ បង្កើត ភ្ជាប់ និង ចែករំលែកការអនុវត្តដ៏ល្អ
បំផុតតាមគោលការណ៍របស់អង្គការសហប្រជាជាតិដើម្បីឲ្យ មានភារកិច្ចនៃការ
ថែរក្សាសន្ដិភាពប្រកបដោយស្ដង់ដារអន្ដរជាតិ។

ទាំងអ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្ដមសេនីយ៍ឈុំ សុជាតិ ទាំងលោក
រដ្ឋមន្ដ្រីក្រសួងការពារជាតិ ទៀ បាញ់ មិនអាចធ្វើទំនាក់ទំនងបានទេ។ ទោះជា
យ៉ាងណា លោក ទៀ បាញ់ បាននិយាយប្រាប់ក្រុមអ្នកកាសែត កាលពីថ្ងៃពុធ
នៅពេលដែលលោកវិលត្រឡប់ពីដំណើរទស្សនកិច្ចនៅសហរដ្ឋ អាមេរិកវិញថា
ប្រទេសទាំងពីរកំពុងជំរុញការរៀបចំធ្វើសមយុទ្ធយោធានេះ។

ប្រទេសកម្ពុជា គឺជាប្រទេសដែលមានវិស័យយោធានៅទន់ខ្សោយជាខ្លាំង ទាំង
ផ្នែកកងទ័ពអាកាស និងកងទ័ពជើងទឹក។ ថ្វីបើដូច្នេះក្ដី ប្រទេសនេះបានបញ្ជូន
កងទ័ពរបស់ខ្លួនទៅចូលរូមក្នុងប្រតិបត្តិ ការសន្ដិភាពនៅប្រទេស ស៊ូដង់ ផ្នែក
ដោះមីន។

ថ្មីៗនេះសហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាច្រើនដល់ប្រទេសកម្ពុជា។

លោក John Johnson អ្នកនាំពាក្យសា្ថនទូតសហរដ្ឋអាមេរិក មានប្រសាសន៍
ថា កងកម្លាំងប្រដាប់អាវុធកម្ពុជា មានការរីកចម្រើនជាខ្លាំង ទាំងផ្នែកវិជ្ជាជីវនិង
ផ្នែកសមត្ថភាពសម្រាប់ប្រតិបត្តិការថែរក្សាសន្ដិភាព៕

XS
SM
MD
LG