ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិសរារាំងការតវ៉ាដើរតវ៉ារបស់ និស្សិតពេទ្យ


ប៉ូលិសរារាំងការតវ៉ារបស់ក្រុមនិស្សិតដោយសន្តិវិធី។ ការរារាំងនេះធ្វើឡើងចំថ្ងៃ
ខួបទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ។

កម្លាំងរបស់សមត្ថកិច្ចប៉ូលិសច្រើនរាប់រយនាក់ប្រដាប់ដោយខែល ដំបងឆក់
កាំភ្លើងស្វ័យប្រវត្តិ និងរថយន្តបាញ់ទឹក បានរារាំងក្បួនដង្ហែរបស់ក្រុមនិស្សិត
ពេទ្យដោយសន្តិវិធី ។ ការរារាំងនេះ បានធ្វើឡើងចំពេលដែលប្រទេសកម្ពុជា
បានរៀបចំខួបទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ។

"និយាយហេតុផលច្បាប់ៗ មិនមែនសុំច្បាប់ទេគឺជូនដំណឹង។ ជូនដំណឹងមិនចាំ
បាច់ថា អ្ហូ! អនុញ្ញាតទេ គ្រាន់តែប្រាប់ឲ្យអាជ្ញាធរសហការក្នុងច្បាប់ ។
គ្រាន់ថា ខ្ញុំមិនបន្ទោសប្អូនៗអាជ្ញាធរទេ"។

ក្រុមនិស្សិតដែលមានគ្នាប្រមាណជិត១០០នាក់នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត
សុខាភិបាលក្រោមការដឹកនាំរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀន
ឯករាជ្យកម្ពុជា បានកាន់បដាជាច្រើនផ្ទាំង រូបថតរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន និង ឧគ្ឃោសនស័ព្ទបំពងសម្លេង ចេញដំណើរពីសកលវិទ្យាល័យ
របស់ខ្លួនបានតែប៉ុន្មានម៉ែត្រប៉ុណ្ណោះក៏ត្រូវប៉ូលិសរារាំង ។

- "ឥឡូវបងនាំនិស្សិតឡើងទៅលើនោះវិញអត់មានឲ្យកកស្ទះ ។ ស្ទះផ្លូវគេហើយ
បងនាំកម្លាំងឡើងទៅលើសិន។ ចង់តវ៉ាអី កុំឲ្យស្ទះផ្លូវគេ”។

- “នេះមកពីកម្លាំងបងមកដាក់"។

ក្រុមនិស្សិតមានបំណងដង្ហែរញត្តិមួយទៅកាន់ក្រសួងសុខាភិបាល ក្រសួងអប់រំ
និងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ។

លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការប៉ូលិសក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់
VOA សម្លេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថា លោកនឹងមិនអនុញ្ញាតឲ្យមានការ
ធ្វើបាតុកម្មនេះកើតឡើងទេ ពីព្រោះបានធ្វើឡើងដោយអត់ច្បាប់។

"មិនមែនយើងបិទសិទ្ធិរបស់គាត់ទេ ក៏ប៉ុន្តែយើងដាច់ខាតត្រូវតែរារាំង មិនឲ្យ
បាតុកម្មគ្មានច្បាប់អញ្ចឹង បានទេ។ វាប៉ះពាល់។ ស្រុកយើងមានច្បាប់ ដំណោះ
ស្រាយផ្សេងៗ"។

កញ្ញាម៉ូ លីនិត អាយុ១៩ឆ្នាំ ជានិស្សិតសិក្សាឆ្នាំមូលដ្ឋាននៃសាកលវិទ្យាល័យ
វិទ្យាសាស្រ្តសុខាភិបាលផ្នែកវេជ្ជសាស្រ្ត បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះ
ការរារាំងរបស់ប៉ូលិស។ កញ្ញាបាននិយាយទៀតថា ក្រុមនិស្សិតបានធ្វើការតវ៉ា
នេះអស់រយៈពេលជាច្រើនសបា្តហ៍មកហើយ ក៏ប៉ុន្តែនៅពុំទាន់មានដំណោះ
ស្រាយ ដូច្នេះអាជ្ញាធរគួរបើកផ្លូវឲ្យពួកគេធ្វើដំណើរដល់គោលដៅ។

"ពួកខ្ញុំគិតថា វាមិនយុត្តិធម៌សម្រាប់ពួកខ្ញុំទេ ពីព្រោះពួកខ្ញុំធ្វើការកូដកម្មដោយ
អហិង្សា ដោយគ្មានការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ ដូច្នេះខ្ញុំគិតថា ពួក
គាត់គួរតែជួយសម្រួលចរាចរណ៍ដើម្បីឲ្យពួកខ្ញុំធ្វើដំណើរទៅដល់កន្លែង ក្រសួង
សុខាភិបាលដោយមានសុវត្ថិភាព"។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រួបង្រៀនឯករាជ្យកម្ពុជា បានបញ្ជាក់ប្រាប់
ក្រុមអ្នកកាសែតថា កម្ពុជាកំពុងតែរឹតបន្តឹងសេរីភាពបញ្ចេញមតិ។ លោកបាន
មានប្រសាសន៍ថា លោកនឹងដឹកនាំធ្វើការតវ៉ារបស់ក្រុមនិស្សិតរហូតដល់មាន
ដំណោះស្រាយ ។

"នេះជាការឆ្លុះបញ្ជាំងឲ្យឃើញថា នៅកម្ពុជាយើងត្រូវបានបាត់បង់អស់ហើយ
នូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការដង្ហែរក្បួន ដោយសារតែយើង
មើលឃើញនូវរាល់តែការដង្ហែរក្បួនត្រូវបានកម្លាំងអាជ្ញាធរពង្រាយបង្រ្កាបជា
បន្តបន្ទាប់"។

នៅក្នុងញត្តិមួយច្បាប់របស់ក្រុមនិស្សិតដែលមានស្នាមផ្តិតមេដៃមួយចំនួន បាន
ស្នើសុំឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយអន្តរាគមន៍ដល់និស្សិត ដែល
បានប្រឡងធ្លាក់ ឲ្យបានជ្រើសរើសបន្ថែម រហូតដល់ ៧០% សម្រាប់ការចូល
រៀនឆ្នាំទី ២ នៅតាមមហាវិទ្យាល័យនីមួយៗ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត
សុខាភិបាល៕

XS
SM
MD
LG