ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកផ្ដល់ថវិកាជាង៧លានដុល្លារ សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា


រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានសម្រេចផ្តល់ថវិកាប្រមាណ៧,៧៩
លានដុលា្លរសហរដ្ឋអាមេរិកសម្រាប់កំណើនសេដ្ឋកិច្ចនៅកម្ពុជាសម្រាប់ឆ្នាំ២០០៩
តាមរយៈទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ដែលហៅកាត់
ថា USAID។

លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋប្រចាំប្រទេសកម្ពុជាCarol A. Rodleyនិងលោក
ឧបនាយករដ្ឋមន្រ្តីសុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងលោក
Flynn Fullerនាយកបេសកកម្មនៃទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍
អន្តរជាតិ បានចុះហត្ថលេខាលើវិសោធនកម្មកិច្ចព្រមព្រៀងទ្វេរភាគីនៅឯអគារ
ទីស្តីការគណៈរដ្ឋមន្រ្តី។

លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Carol A. Rodley បានបញ្ជាក់នៅក្នុង
ពិធីចុះហត្ថលេខានេះថា សហរដ្ឋអាមេរិកកំពុងតែសម្លឹងមើលនៅកិច្ចខិតខំប្រឹង
ប្រែងនៃទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់ថា
យើងនឹងគាំទ្រផងដែរដល់រដ្ឋាភិបាលកម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរបស់
ខ្លួនចំពោះបរិយាកាសជំនួយនេះ ។

"ខ្ញុំមានសេចក្តីសោមនស្ស រីករាយអំពីលទ្ធផលនៃកម្មវិធីនេះ ដែលបានជួយ
ស្រោចស្រង់ជីវិតរបស់ប្រជាជនរាប់ពាន់នាក់ ។ ហើយយើងក៏រីករាយនឹងបន្ត
សហការជាមួយប្រទេសកម្ពុជាដែលជាប្រទេសដៃគូនិងទន្ទឹងរង់ចាំមើលលទ្ធផល
រួមគ្នាកាន់តែច្រើនឡើងថែមទៀតនៅពេលអនាគត"។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជានេះ
បានបញ្ជាក់ថា ជំនួយថវិកាទាំងនេះនឹងត្រូវប្រើសម្រាប់ពង្រីកកម្មវិធីភ្នាក់ងារ
USAID នៅក្នុងគម្រោងអភិវឌ្ឍន៍សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាត
មធ្យម។ ហើយគម្រោងទី២នៅក្នុងកម្មវិធីនេះ នឹងធ្វើឲ្យប្រសើរឡើងនូវបរិយា
កាសមុខរបរដែលបាននិងកំពុងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា
នៅតាមតំបន់ជនបទតាមរយៈការបង្កើនផលិតភាពនៃមុខរបរលក្ខណៈគ្រួសារ។

លោកឧបនាយករដ្ឋមន្រ្តីសុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានបញ្ជាក់
ផងដែរថា កម្មវិធីនេះ កន្លងមកបានជួយនៅក្នុងកម្មវិធីចិញ្ចឹមជ្រូក កម្មវិធីចិញ្ចឹម
ត្រីសិប្បកម្មផលិតឥដ្ឋ ក្បឿងនៅក្នុងខេត្តចំនួន១២។ លោកបានបញ្ជាក់ថា ការ
ដែលយើងចុះហត្ថលេខា នៅថ្ងៃនេះ គឺជាវិសោធនកម្មលើកិច្ចព្រមព្រៀងដែល
យើងបានចុះហត្ថលេខា កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០០៨ កន្លងទៅនេះ ។

"តាមគម្រោង ២០០៩ -២០១០ នេះ គឺយើងត្រូវចាយលុយតែប្រហាក់ប្រហែល
ជាង៦លានដុល្លារទេ ប៉ុន្តែដោយUSAIDជាអ្នកអនុវត្តន៍គម្រោង យើងយល់ថា
ត្រូវតែដាក់ការយកចិត្តទុកដាក់ច្រើនថែមទៀតទៅលើវិស័យកសិកម្ម "។

រហូតមកដល់គម្រោងកម្មវិធី USAID បានជួយដល់កសិករចំនួន៣.០០០នាក់
នៅក្នុងការបង្កើនផលិតផលលក់របស់ពួកគេពី១០០% រហូតដល់៣៤០% ដែល
ធ្វើឲ្យពួកគេមានលទ្ធភាពទទួលបានសេវាសុខភាពការសិក្សាអប់រំសម្រាប់កូនៗ
របស់ពួកគេ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក តាមរយៈ USAID រំពឹងថា នឹងផ្តល់ថវិកាសរុបប្រមាណ ៦១,៨
លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ជួយឧបត្ថម្ភដល់កម្ពុជា នៅឆ្នាំ២០០៩ នេះ៕

XS
SM
MD
LG