ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការពារជាតិអាមេរិកសន្យា លើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា


លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិកបានថ្លែងសង្កត់ទៅលើការប្តេជ្ញាចិត្តរបស់
ប្រទេសអាមេរិកក្នុងការលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការថែ
រក្សាសន្តិភាព សន្តិសុខដែនសមុទ្រ និងការប្រឆាំងអំពើភេរវកម្ម អំឡុងជួបជា
មួយលោកទៀ បាញ់ រដ្ឋមន្ត្រីការពារប្រទេសកម្ពុជានៅទីក្រុង Washington។

លោកRobert Gates រដ្ឋមន្ត្រីការពារប្រទេសអាមេរិក បានប្តេជ្ញាថា សហរដ្ឋ
អាមេរិកនឹងជួយបង្កើនសមត្ថភាពផ្នែកយោធារបស់ប្រទេសកម្ពុជាដើម្បីថែរក្សា
សន្តិភាពសន្តិសុខដែនសមុទ្រ និងការប្រយុទ្ធ ប្រឆាំងអំពើភេរវកម្ម។

ការកត់សម្គាល់នេះបានធ្វើឡើងនៅក្នុងជំនួបរវាងលោកទៀ បាញ់ រដ្ឋមន្ត្រីការ
ពារប្រទេសកម្ពុជា និង លោកRobert Gates រដ្ឋមន្ត្រីការពារប្រទេសអាមេរិក
និងលោក James Steinberg អនុរដ្ឋមន្ត្រីការបរទេសអាមេរិក។

លោក Robert Gates បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូត
អាមេរិកប្រចាំនៅទីក្រុងភ្នំពេញ នៅពុធនេះថា លោកបានលើកឡើងពីការ
បង្កើតឱ្យមានការិយាល័យអនុព័ន្ធយោធាកម្ពុជានៅក្នុងទីក្រុង Washington និងកម្មវិធីរដ្ឋសម្ព័ន្ធមេត្រីជាមួយកងកម្លាំងឆ្មាំជាតិរបស់រដ្ឋ Idaho ដែលទើប
តែត្រូវបានបង្កើតឱ្យមានឡើងថ្មីៗនេះថា ជាការវិវត្តវិជ្ជមានក្នុងទំនាក់ទំនងទ្វេ
ភាគី។

លោករដ្ឋមន្ត្រីការពារប្រទេសអាមេរិក Robert Gates បានបន្ថែមថា លោក
បានផ្តល់ឱកាសឱ្យលោក ទៀ បាញ់ ចូលរួមក្នុងការពិភាក្សាស្តីពីគោលនយោ
បាយការពារប្រទេសនៅពេលអនាគតដ៏ខ្លីខាងមុខនេះទៀតផង។

លោកឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារប្រទេស
កម្ពុជា បានថ្លែងប្រាប់ VOA ថា នេះជាសញ្ញាខិតជិតគ្នា និងរីកចម្រើននៃកិច្ច
សហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក។

"បញ្ហាដែលលើកឡើងនេះ យើងឃើញថា ជាសញ្ញាល្អនៃបញ្ហាទំនាក់ទំនងរវាង
ប្រទេសកម្ពុជា និង សហរដ្ឋអាមេរិក ជាពិសេសក្រសួងការពារជាតិនៃប្រទេស
ទាំងពីរ ហើយខ្ញុំសង្ឃឹមថា ក្រោយការផ្លាស់ប្តូរទស្សនកិច្ចរបស់ឯកឧត្តមឧបនា
យក នៃឧត្តមសេនីយ៍ ទៀ បាញ់ ទៅកាន់សហរដ្ឋអាមេរិក តាមរយៈជួបលោក
Robert Gates រដ្ឋមន្ត្រីការពារប្រទេសអាមេរិក។ ខ្ញុំជឿថា ខាងមុខនេះ ទំនាក់
ទំនងកាន់តែមានការជិតស្និទ្ធ និងល្អប្រសើរថែមទៀត"។

ក្នុងជំនួបដាច់ដោយឡែកមួយទៀត លោក James Steinberg អនុរដ្ឋមន្ត្រីការ
បរទេសអាមេរិក និងលោកទៀ បាញ់ រដ្ឋមន្ត្រីការពារប្រទេសកម្ពុជា បានពិភាក្សា
គ្នាពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងសហរដ្ឋអាមេរិក និងកម្ពុជាដោយ
ផ្តោតជាសំខាន់លើការគាំទ្រជាបន្តរបស់ប្រទេសកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិ
ការថែរក្សាសន្តិភាពអន្តរជាតិ និង ការតាំងចិត្តរបស់ប្រទេសកម្ពុជាក្នុងការធ្វើជា
ម្ចាស់ផ្ទះដើម្បីរៀបចំការហ្វឹកហ្វឺននិងសមយុទ្ធកម្រិតខ្ពស់ថ្នាក់តំបន់ក្នុងឆ្នាំ២០១០
ស្តីពីគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការសន្តិភាពសាកលលោក។

គំនិតផ្តួចផ្តើមនេះ គឺជាកម្មវិធីរបស់ប្រទេសដែលមានឧស្សាហកម្មលូតលាស់
ខ្លាំងជាងគេទាំង៨ ដែលគាំទ្រថវិកា ដោយសហរដ្ឋអាមេរិក ដើម្បីពង្រឹងសមត្ថ
ភាពរួមជាសាកល ក្នុងការហ្វឹកហ្វឺន និង ធ្វើឱ្យទាហានថែរក្សាសន្តិសុខចំនួន
៧៥.០០០ នាក់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅត្រឹមឆ្នាំ ២០១០។

លោកឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា "ខ្ញុំសង្ឃឹមថា បើមានជំនួយមែន
យើងធ្វើឱ្យសមត្ថភាព របស់កងយោធពលខេមរភូមិន្ទ ដូចជាការប្រឆាំងភេរវ
កម្ម ការត្រួតពិនិត្យសន្តិសុខ ទំនាស់ព្រំដែន និង លំហសមុទ្រ នឹងធ្វើឱ្យមាន
សមត្ថភាពកាន់តែខ្ពស់ថែមទៀត ព្រមទាំងការពង្រឹងសមត្ថភាព ការថែរក្សា
សន្តិភាព ការដោះមីន និងការចូលរួមការសង្គ្រោះគ្រោះមហន្តរាយដែលកើត
មានពីគ្រោះធម្មជាតិ ជាដើម។ ខ្ញុំសង្ឃឹមថា នឹងមានការរីកចម្រើន"។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ ក៏បានបញ្ជាក់ថា
លោកJames Steinberg និងលោកទៀ បាញ់ បានពិភាក្សាគ្នាអំពីបញ្ហាសិទ្ធិ
មនុស្ស និង បញ្ហាមួយចំនួនទៀតទាក់ទងនឹងតួនាទីរបស់ប្រទេសកម្ពុជាក្នុង
នាមជាសមាជិកអាស៊ាន។

ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សកម្ពុជា បានធ្វើ
សក្ខីកម្មនៅមុខគណៈកម្មការសិទ្ធិមនុស្ស Tom Lantos របស់សភាសហរដ្ឋ
អាមេរិកកាលពីសប្តាហ៍មុន ដែលបានចង្អុលបង្ហាញពីស្ថានភាពសិទ្ធិមនុស្ស
មិនល្អនៅកម្ពុជា។ រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាបានថ្កោលទោសការអត្ថាធិ-
ប្បាយនេះ។

ចាប់តាំងពីឆ្នាំ២០០៤ សហរដ្ឋងាមេរិកបានពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី
ផ្នែកយោធាជាមួយប្រទេសកម្ពុជា ។ គោលដៅរបស់យើង ពង្រឹងសមត្ថភាព
របស់កងទ័ពកម្ពុជាលើការថែរក្សាសន្តិភាពអន្តរជាតិ ការប្រឆាំងអំពើភេរវកម្ម
ការប្រឆាំងនឹងការជួញដូរគ្រឿងញៀន សន្តិសុខដែនសមុទ្រ និង សន្តិសុខ
ព្រំដែន ជំនួយមនុស្សធម៌ ប្រតិបត្តិការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ និង
កំណែទម្រង់ក្នុងវិស័យការពារប្រទេស ព្រមទាំងលើកទឹកចិត្តឱ្យប្រទេសកម្ពុជា
ប្រកាន់យកគោលការណ៍នីតិរដ្ឋ តម្លាភាពក្នុងអភិបាលកិច្ច ការពង្រឹងលទ្ធិ
ប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្សជាដើម។

ចាប់តាំងពីឆ្នាំ២០០៦ សហរដ្ឋអាមេរិកបានផ្តល់បរិក្ខានិងជំនួយបច្ចេកទេស
ដែលមានតម្លៃប្រមាណ៤,៥លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា តាមរយៈ
កម្មវិធីហិរញ្ញប្បទានយោធាបរទេស។ ចាប់តាំងពីឆ្នាំ២០០៥ កងទ័ពជើងគោក
កងទ័ពជើងទឹក និង កងទាហានម៉ារីនសហរដ្ឋអាមេរិកបានជួយកសាង និង
ជួសជុសសាលារៀន និងមណ្ឌលសុខភាពនៅទូទាំងប្រទេសកម្ពុជា ព្រមទាំង
បានជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ៕

XS
SM
MD
LG