ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងអាមេរិកជួបគ្នា


លោករដ្ឋមន្រ្តីក្រសួងការពារប្រទេសកម្ពុជា ទៀ បាញ់ បានជួបជាមួយលោករដ្ឋ
មន្ត្រីការពារប្រទេសស.រ.អា. Robert Gates កាលពីរសៀលថ្ងៃច័ន្ទនេះ នៅឯ
ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ
យោធារវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកRobert Gatesបានកោតសរសើរ
ដល់កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និង សហរដ្ឋអាមេរិកក្នុងរយៈពេល
កន្លងមក នេះបើតាមប្រសាសន៍របស់លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារ
ជាតិនៃប្រទេសកម្ពុជា។

នៅក្នុងបទសម្ភាសន៍ជាមួយVOA និងវិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃច័ន្ទ បន្ទាប់ពី
ជំនួបនោះមក លោកទៀ បាញ់បានថ្លែងថា លោករដ្ឋមន្ត្រីការពារប្រទេសGates
បានសរសើរកម្ពុជាថា បានយកចិត្តទុកដាក់ និងបំពេញកិច្ចការរបស់ខ្លួនប្រកប
ទៅដោយសុឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន
និងការជួញដូរមនុស្សរួម និងការជជែកពិភាក្សាច្រើនទាក់ទិននឹងការធ្វើលំហាត់
ប្រតិបត្តិការរក្សាសន្តិភាពពហុសាសន៍នៅកម្ពុជាឆ្នាំក្រោយ។

ការធ្វើលំហាត់យោធានោះគឺដើម្បីពង្រឹងដល់សមត្ថភាពកងទ័ពរបស់កម្ពុជាដើម្បី
បំពេញកិច្ចការរបស់ខ្លួននៅពេលអនាគត ។ លោកទៀ បាញ់ មានប្រសាសន៍ថា
សហរដ្ឋអាមេរិកក៏កំពុងយកចិត្តទុកដាក់ផងដែរ ក្នុងការពង្រឹងឱ្យមានសន្តិសុខ
លំហសមុទ្រ។ លោកបានឆ្លើយតបទៅសមភាគីសហរដ្ឋអាមេរិករបស់លោកវិញ
ថា កម្ពុជានឹងជំរុញឱ្យមានការបង្កើតអាជ្ញាធរជាតិសម្រាប់សន្តិសុខលំហសមុទ្រ
នៅពេលខាងមុខនេះ។

លោក ទៀ បាញ់ មានប្រសាសន៍ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាន
សន្យាថា នឹងជួយដល់វិស័យការពារប្រទេសរបស់កម្ពុជាតទៅមុខទៀត។

“ក្នុងការជួបនេះគឺបានសរុបថា អ្វីដែលត្រូវបានបំពេញជាមួយគា្នបានទទួលជោគ
ជ័យយ៉ាងល្អប្រសើរ។ ទាំងនោះគឺនឹងជំរុញថែមទៀត ហើយគឺនឹងពិនិត្យកាន់តែ
ឱ្យបានដិតដល់ថែមទៀតនូវអ្វី ដែលជាការចាំបាច់ ដែលត្រូវតែបំពេញបន្ថែមជា
មួយគឺលោកបានសន្យាថា នឹងបន្តបំពេញបន្ថែម”។

លោក ទៀ បាញ់ បានថ្លែងថា ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់វិស័យ
យោធាកម្ពុជាក្នុងរយៈពេលកន្លងមកមានចំនួនតិចតួច បើប្រៀបធៀបជាមួយ
ប្រទេសចិន។ តែទោះជាយ៉ាងណាក៏ដោយ ក៏លោកនិយាយថា ជំនួយសហរដ្ឋ
អាមេរិកនោះបានជួយសម្រាលកិច្ចការកងយោធពលខេមរៈភូមិន្ទមួយចំនួន។

“សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ គឺ បានផ្តល់នូវអាហារូបករណ៍ និង ចាត់
បញ្ជូនទៅសិក្សា ទៅរៀននូវមេរៀនផ្សេងៗ ដែលត្រូវការយកចិត្តទុកដាក់ពីប្រ-
ទេសផ្សេងៗ ក្រៅពីមជ្ឈមណ្ឌល ដែលយើងមានហ្នឹង គឺនាំយកទៅសិក្សានៅ
ប្រទេសមួយចំនួនផ្សេងទៀត ដែលយើងសុទ្ធសឹងបញ្ជូនទៅតាមកម្មវិធីនេះ។
ទាំងនេះហើយជាថវិកាដែលសហរដ្ឋអាមេរិកបានជួយតាមជំហានដែលបណ្តុះ
បណ្តាលមកនេះ បាទ”។

ក្រៅពីជំនួបជាមួយលោករដ្ឋមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក លោក
ទៀ បាញ់ ក៏បានជួបជាមួយលោក James B. Steinberg អនុរដ្ឋមន្រ្តីក្រសួង
ការបរទេសសហរដ្ឋអាមេរិកផងដែរ។

លោក ទៀ បាញ់ មានប្រសាសន៍ថា នៅក្នុងជំនួបនោះ លោកអនុរដ្ឋមន្រ្តីក្រសួង
ការបរទេស បានសម្តែងការព្រួយបារម្ភអំពីស្ថានការណ៍សិទ្ធិមនុស្ស និងប្រជា-
ធិបតេយ្យក្នុងប្រទេសកម្ពុជា ។ តែលោក ទៀ បាញ់ បានឆ្លើយតបទៅនឹងការ
លើកឡើងនោះយ៉ាងដូច្នេះថា

“ពិតហើយ កង្វល់របស់លោកហ្នឹង វាក៏ជាបញ្ហាមួយដែរ ដែលនាំឱ្យយើងខ្ញុំហ្នឹង
ក៏មានការគិតគូរឬក៏ហៅថា ត្រួតពិនិត្យនូវប្រតិបត្តិការទាំងឡាយ ទាំងពួងរបស់
យើង ។ រយៈពេលកន្លងមកនេះនៅមានចំណុច វាមានអីដែលហៅថា លើស
លួសនាំទៅដល់ការប៉ះពាល់យ៉ាងខ្លាំងក្លាទៅលើសិទ្ធិមនុស្ស នេះក៏បានបញ្ជាក់
ជូនគាត់ថា យ៉ាងណាក៏ដោយ រឿងហ្នឹងគឺយើងក៏មានការទទួលយកបញ្ហាខ្លះ
ដែលគាត់បានលើកឡើងហ្នឹង ។ ទន្ទឹមនឹងហ្នឹង ខ្ញុំក៏បានលើកជូនគាត់វិញថា
ស្រុកមួយ ប្រទេសមួយក៏សុទ្ធសឹងតែវាមានច្បាប់របស់ខ្លួន។ ពិតប្រាកដមែន
ទែនគឺថា កម្ពុជាយើងអាចនិយាយថា បើមើលឱ្យត្រង់ទៅគឺមានការរីកចម្រើន
ខ្លាំងណាស់ខាងវិស័យសិទ្ធិមនុស្ស”។

កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅនេះ តំណាងរាស្រ្តគណបក្សជំទាស់នៃប្រ-
ទេសកម្ពុជានិងមន្រ្តីអង្គការសង្គមស៊ីវិលពីរទៀត បានឆ្លើយបំភ្លឺនៅមុខគណៈ
កម្មការសិទ្ធិមនុស្ស Tom Lantosនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អំពី
ស្ថានការណ៍រំលោភសិទ្ធិមនុស្សនិងការយកប្រព័ន្ធតុលាការដើម្បីគំរាមកំហែង
និងបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ប៉ុន្តែក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជា
បានច្រានចោលចំពោះការអះអាងនោះ ដោយថ្លែងថា កម្ពុជាមានសេរីភាព
ពេញលេញខាងវិស័យសារព័ត៌មាន និងការបញ្ចេញមតិតាំងពីឆ្នាំ១៩៩៣មក
ម្ល៉េះ។

នេះជាជំនួបលើកទីមួយហើយរវាងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក និង
ប្រទេសកម្ពុជា ចាប់តាំងពីអំឡុងទសវត្សរ៍ ១៩៧០ នោះមក៕ ចប់

XS
SM
MD
LG