ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេញ្ជាការកងទ័ពថៃសន្យាថា មិន ឱ្យក្រុមបាតុករថៃចូលដីកម្ពុជាទេ


មេញ្ជាការកងទ័ពថៃបានសន្យាជាមួយមេបញ្ជាការកងទ័ពកម្ពុជាថា កងទ័ពថៃ
នឹងមិនអនុញ្ញាតឱ្យក្រុមបាតុករអាវលឿងថៃឆ្លងចូលទឹកដីកម្ពុជានៅក្បែរប្រា-
សាទព្រះវិហារដោយខុសច្បាប់នោះទេ។

មេបញ្ជាការកងទ័ពការពារព្រំដែនប្រទេសកម្ពុជា និងថៃនៅក្នុងតំបន់ក្បែរប្រា-
សាទព្រះវិហារ នៅថ្ងៃសៅរ៍នេះ បានធ្វើទំនាក់ទំនងគ្នាគ្រប់នាទីដើម្បីប្តូរព័ត៌មាន
គ្នាអំពីចលនាបាតុកម្មរបស់ក្រុមអាវលឿងថៃដែលចោទថា រដ្ឋាភិបាលកម្ពុជា
គ្រប់គ្រងទឹកដីថៃនៅក្បែរប្រាសាទព្រះវិហារនោះ។

បាតុករចំនួន ៥.០០០នាក់នៃសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ
ដែលជាក្រុមចលនាអាវលឿងរបស់ប្រទេសថៃ បានធ្វើដំណើរសំដៅមកកាន់
ឧទ្យានជាតិក្នុងស្រុកKanthararak ខេត្តស៊ីសាកេតនៅក្បែរព្រំដែនប្រាសាទ
ព្រះវិហាររបស់ប្រទេសកម្ពុជាចំណាស់ជាង៩០០ឆ្នាំដើម្បីទាមទារឱ្យកងទ័ព
និង អ្នកភូមិកម្ពុជាចាកចេញពីដីទំហំ ៤,៦គីឡូម៉ែត្រការ៉េនៅតំបន់ព្រះវិហារ
ដោយអះអាងថា តំបន់នេះជាទឹកដីរបស់ប្រទេសថៃ។

លោកឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិបាន
ថ្លែងប្រាប់ VOA តាមទូរស័ព្ទពីតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារមកថា មេ
បញ្ជាការកងទ័ពកម្ពុជា និងថៃប្រចាំនៅតំបន់ព្រំដែន បានធ្វើទំនាក់ទងនិងកិច្ច
សហការគ្នាយ៉ាងជិតស្និទ្ធ និងជាប់ជានិច្ច ដើម្បីទប់ស្កាត់ក្រុមបាតុករថៃមិនឱ្យ
ចូលមកក្នុងទឹកដីកម្ពុជា។

“ឥឡូវ យើងកំពុងទាក់ទងជាមួយនឹងមេញ្ជាការយោធភូមិភាគទី២និងមេបញ្ជា
ការកងពលលេខ ២៣ ឈុតខ្មៅរបស់ប្រទេសថៃបានទាក់ទងជាមួយយើងតាម
ទូរស័ព្ទនិងវិទ្យុទាក់ទងគ្នារហូត។ គេ(កងទ័ពថៃ)បានសន្យាជាមួយកងទ័ពជួរ
មុខកម្ពុជាថា កងទ័ពថៃមិនអនុញ្ញាតឱ្យក្រុមបាតុករថៃចូលមកក្នុងទឹកដីកម្ពុជា
ទេ”។

ក្នុងទំនាក់ទំនងតាមទូរស័ព្ទ និង វិទ្យុរវាងកងទ័ពនៃប្រទេសជាតិទាំងពីរនេះ មេ
បញ្ជាការកងទ័ពថៃបានសន្យាជាមួយកងទ័ពកម្ពុជាថា កងទ័ពថៃនឹងការពារមិន
អនុញ្ញាតឱ្យក្រុមបាតុករថៃចូលមកក្នុងទឹកដីកម្ពុជាទេ។

ទីភ្នាក់ងារព័ត៌មាន AFP ប្រចាំខេត្តស៊ីសាកេត បានរាយការណ៍មកថា កងទ័ព
ប៉ូលិសនិង អ្នកភូមិថៃនៅក្នុងតំបន់ បានបង្កើតកន្លែងឆែកឆេរជាច្រើនចំណុច
ដើម្បីបញ្ឈប់ក្រុមបាតុករអាវលឿងមិនឱ្យធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់
ប្រាសាទព្រះវិហារដោយភ័យខ្លាចថា សកម្មភាពរបស់ពួកគេអាចបង្កឱ្យមាន
ជម្លោះជាមួយប្រទេសកម្ពុជា។

ប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពង្រាយកងកម្លាំងប៉ូលិសបង្ក្រាប
បាតុកម្មចំនួន ៥០នាក់ ប្រដាប់ដោយខែលនិងដំបង ព្រមទាំងសុនក ចំនួន១០
ក្បាល ដើម្បីទប់ទល់នឹងការចូលទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់ក្រុម
បាតុករថៃ ។ ហើយកងទ័ពការពារព្រំដែនកម្ពុជាបានត្រៀមខ្លួន ដើម្បីអនុវត្ត
សិទ្ធិការពារខ្លួនដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ប្រទេស
កម្ពុជា បើមានការចាំបាច់នោះ។

លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា យើងកំពុង
ត្រៀមលក្ខណៈទប់ទល់នឹងការឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់ដោយក្រុម
បាតុករអាវលឿងថៃ។ យើងដាច់ខាតមិនឱ្យក្រុមអាវលឿងថៃឆ្លងចូលមកក្នុងទឹក
ដីរបស់យើងបាន ដូចកាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០០៨ នោះទៀតទេ។

“យើងមានលក្ខណៈត្រៀមធម្មតាទេ។ បើសិនណាក្រុមបាតុករថៃចូលមកក្នុង
ទឹកដីកម្ពុជាមែន យើងនឹងខិតខំឱ្យអស់លទ្ធភាព ដោយមិនអនុញ្ញាតឱ្យមាន
ការផ្ទុះអាវុធច្រើនទេ។ យើងគ្រាន់តែទប់ទល់(នឹងការឆ្លងចូលដោយខុសច្បាប់
របស់បាតុករថៃ)វិញ”។

តំបន់ជម្លោះព្រំដែននៅក្បែរប្រាសាទព្រះវិហារ គឺជាកន្លែងវាយប្រយុទ្ធគ្នាយ៉ាង
ប្រល័យជាច្រើនលើករវាងកងទ័ពកម្ពុជា និងថៃ ចាប់តាំងពីប្រាសាទបុរាណខ្មែរ
នេះត្រូវបានផ្តល់ឋានៈជាបេតិកភណ្ឌពិភពលោក ដោយអង្គការ UNESCO នៅ
ក្នុងខែកក្កដាឆ្នាំ ២០០៨។

លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ប្រាប់សាធារណជនថៃថ្មីៗនេះថា ប្រទេស
ថៃមិនបានបាត់បង់ទឹកដី សូម្បីតែមួយចំអាមនៅក្នុងតំបន់ជម្លោះប្រាសាទព្រះ
វិហារនោះទេ៕ ចប់

XS
SM
MD
LG