ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប្រ.ផ្តល់ជំនួយជាង៤០ម៉ឺន ដុល្លារស្តារសិប្បកម្មសូត្រ


អង្គការសហប្រជាជាតិបានផ្តល់ជំនួយជាង៤០ម៉ឺនដុល្លារអាមេរិកដល់កម្ពុជា
ដើម្បីជួយស្តារឡើងវិញនូវសិប្បកម្មតម្បាញសូត្រនៅក្នុងប្រទេសកម្ពុជានេះ។

អង្គការស្បៀងអាហារ និង កសិកម្ម ឬ FAO របស់អង្គការសហប្រជាជាតិបាន
សម្រេចផ្តល់ដល់កម្ពុជានូវទឹកប្រាក់ចំនួន៤៧ម៉ឺនដុល្លារអាមេរិកនៅក្នុងគម្រោង
មួយដែលមានរយៈពេលពីរឆ្នាំដើម្បីជួយស្តារឡើងវិញនូវសិប្បកម្មផលិតសរសៃ
សូត្រខ្មែរនៅក្នុងប្រទេសកម្ពុជានេះ។

ការសម្រេចរបស់អង្គការ FAOនេះ បានធ្វើឡើងក្នុងខណៈពេលដែលប្រទេស
កម្ពុជាមិនអាចផលិតសរសៃសូត្រឱ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារ
បច្ចុប្បន្នបាន។

លោក Ajay Markanday តំណាងអង្គការ FAO ប្រចាំប្រទេសកម្ពុជាបានមាន
ប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តារឡើងវិញនូវសិប្បកម្មតម្បាញ
សូត្រនៅកម្ពុជាដែលបានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បន៍
នេះថា ជំនួយរបស់ FAO នេះគឺដោយសារប្រទេស កម្ពុជាមានសក្តានុពលក្នុង
ការផលិតសូត្រដោយខ្លួនឯងបាន។

“ការសិក្សាមួយចំនួនបានបង្ហាញថា ប្រទេសកម្ពុជាមានគុណសម្បតិ្តនិងសក្តានុ
ពលដែលអាចប្រកួតប្រជែងក្នុងការផលិតសូត្រនិងការចូលក្នុងចំណែកទីផ្សារ
បាន”។

ប្រទេសកម្ពុជាត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើសូត្រនាំចូលពីបរទេសជា
ពិសេសគឺ ប្រទេសចិននិងប្រទេសវៀតណាម ដោយសារកម្ពុជាផលិតសរសៃ
សូត្របានមិនដល់៥តោនផងឬស្មើនឹងជាង១%ប៉ុណ្ណោះ ក្នុងពេលដែលតម្រូវ
ការសរសៃសូត្រនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានរហូតដល់ប្រមាណ៤០០
តោនឯណោះក្នុងមួយឆ្នាំ ។

ការពឹងផ្អែកទៅលើសូត្រនាំចូលពីប្រទេសក្រៅនេះបានធ្វើឱ្យកម្ពុជាខាតបង់ទឹក
ប្រាក់ប្រមាណ១០លានដុល្លារអាមេរិកក្នុងឆ្នាំៗ នេះបើយោងតាមអង្គការ FAO។

ផលិតកម្មសរសៃសូត្រខ្មែរបានធ្លាក់ចុះជាបណ្តើរៗតាំងពីជាង ១៥០ តោនក្នុង
មួយឆ្នាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០មកត្រឹម៥តោនក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន
នេះ។

លោក សុខ អាន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋ
មន្រ្តីបានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើគម្រោងរបស់អង្គការ FAO
ដែលមានតម្លៃជាទឹកប្រាក់ ៤៧ ម៉ឺនដុល្លារអាមេរិកនោះថា ការដែលកម្ពុជាមិន
អាចផលិតសូត្រឱ្យបានច្រើនដើម្បីឆ្លើយតបទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ននេះ
បានគឺដោយសារតែកម្ពុជាខ្វះសម្ភារៈសិប្បកម្មសម្រាប់ផលិតសរសៃសូត្រ។

មួយវិញទៀត លោកសុខ អានបានបន្ថែមថា បញ្ហាដំណាំមននិងការចិញ្ចឹមដង្កូវ
នាងក៏ជាបញ្ហាប្រឈមសម្រាប់ផលិតកម្មសរសៃសូត្រនៅកម្ពុជាផងដែរ។

“ការចិញ្ចឹមនាងមានការលំបាកច្រើនដូចម្តេចខ្លះដែលយើងចាត់ទុកថា ពិបាក
ត្រូវឆ្លងកាត់គឺទី១ជំងឺ ក្នុងពងដង្កូវនាង អញ្ចឹងដង្កូវនាងដែលយើងខំភ្ញាស់បាន
ចេញទៅជាពង ជាពូជដង្កូវនាងហ្នឹងវាមាន ជំងឹនៅក្នុងហ្នឹង។ វាឆ្លងតគ្នាមក
ច្រើនដងហើយ អញ្ចឹងជំងឺហ្នឹងវាធ្វើឱ្យគុណភាពសូត្រហ្នឹងវាអត់ល្អ ហើយតិច
ទៀត”។

ទោះជាយ៉ាងនេះក្តី លោក សុខ អានបានបញ្ជាក់ថា កម្ពុជាក៏បាននាំចេញហូល
ផាមួងនិងសម្ភារៈធ្វើពីក្រណាត់សូត្របានជាង២០០តោនដែរក្នុងមួយឆ្នាំ។

បើយោងតាមបណ្តាញអង្គការលើកកម្ពស់សូត្រខ្មែរ Cambodia Silk Forum
បានឱ្យដឹងថា ផលិតផលសូត្រខ្មែរត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន
ជុំវិញពិភពលោក រួមមានបារាំង អាល្លឺម៉ង់ ស្វីស អូស្រ្តាលី ថៃឡង់ សាំងហ្គាពួរ
សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

សរសៃសូត្រខ្មែរបច្ចុប្បន្នកំពុងត្រូវបានផលិតក្នុងខេត្តសៀមរាបនិងជាពិសេសគឺ
នៅក្នុងតំបន់ភ្នំស្រុកនៃខេត្តបន្ទាយមានជ័យ ចំណែកនៅក្នុងខេត្តមួយចំនួនទៀត
ដូចជាខេត្តកណ្តាល តាកែវ កំពង់ចាម និងព្រៃវែង គេឃើញមានតែការត្បាញ
សំពត់ ឬ ផាមួងនិងផលិតផលសូត្រមួយចំនួនទៀតដោយប្រើសរសៃសូត្រនាំ
ចូលពីបរទេសប៉ុណ្ណោះ នេះបើផ្អែកសមាគមភូមិសូត្រខ្មែរ។

លោកកែ មុនី អគ្គលេខាធិការរងនៃសមាគមភូមិសូត្រខ្មែរបានមានប្រសាសន៍ថា
រហូតមកពេលនេះ មានប្រជាពលរដ្ឋសរុបប្រមាណជា ២.០០០ នាក់ ដែលដាំ
ដំណាំមនសំរាប់ដង្កូវនាងស៊ី ដើម្បីផលិតជាសរសៃសូត្រនេះ ប៉ុន្តែលោកថា ពួក
គេមិនអាចដាំច្រើនបានទេ ដោយសារដីចំការរបស់ពួកគេមានទំហំតូច។

“២.០០០នាក់ហ្នឹងវាមានបញ្ហាដោយសារគ្រួសារនីមួយៗ អាផ្ទៃដីសំរាប់ដាំមន
ហ្នឹងគឺមានទំហំតូចទេ ជាមធ្យមមួយគ្រួសារប្រមាណ៨០០ម៉ែត្រការ៉េសម្រាប់
ដាំមនហ្នឹង "។

លោក កែ មុនី បន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជាពុំបារម្ភអំពីកង្វះទីផ្សារសម្រាប់
លក់សរសៃសូត្រខ្មែរនោះទេ ដោយសារតែកម្ពុជាផលិតសរសៃសូត្រពុំបានគ្រប់
គ្រាន់សម្រាប់តម្រូវការទីផ្សារផង៕

XS
SM
MD
LG