ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លាភីជាយុវជនឆ្នើមទស្សនកិច្ច នៅអាមេរិក


សិស្សពូកែពីរនាក់ដែលដណ្តើមជ័យលាភីជាយុវជនឆ្នើមក្នុងកម្មវិធីប្រកួតប្រជែង
ភាពជាអ្នកដឹកនាំរបស់យុវជនតាមរយៈបណ្តាញទូរទស្សន៍កម្ពុជា CTN ប្រចាំឆ្នាំ
២០០៨ និង ២០០៩កំពុងបំពេញទស្សនកិច្ចក្នុងសហរដ្ឋអាមេរិកជួបជាមួយក្រុម
មន្រ្តីរដ្ឋាភិបាលនិងតំណាងរាស្រ្តរបស់អាមេរិក និងការដើរកំសាន្តផ្សេងៗមួយ
ចំនួន។

សិស្សពូកែចំនួនពីរនាក់ ដែលឈ្នះដាច់គេក្នុងការដណ្តើមជ័យលាភីជាយុវជន
ឆ្នើមក្នុងកម្មវិធីប្រកួតប្រជែងភាពជាអ្នកដឹកនាំរបស់យុវជន តាមរយៈបណ្តាញ
ទូរទស្សន៍កម្ពុជា CTN ប្រចាំឆ្នាំ២០០៨ និង២០០៩ កំពុងបំពេញទស្សនកិច្ចក្នុង
សហរដ្ឋអាមេរិក ។ ទស្សនកិច្ចនេះគឺជារង្វាន់ធំបង្អស់សម្រាប់អ្នកឈ្នះដាច់គេ
ហើយជាទស្សនកិច្ចលើកទីបីរបស់ជ័យលាភី ចាប់តាំងពីកម្មវិធីនេះបានចាប់
ផ្តើមឡើងនៅឆ្នាំ២០០៦។

កម្មវិធីប្រកួតជ្រើសរើសយុវជនឆ្នើមប្រចាំឆ្នាំរបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរ
ជាតិ IRI តាមរយៈក្រុមប្រឹក្សាយុវជនកម្ពុជា YCC នេះ បានទទួលការឧបត្ថម្ភ
ពីសំណាក់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរៈជាតិសហរដ្ឋអាមេរិក USAID និងទូរទស្សន៍
CTN ។ កម្មវិធីយុវជនឆ្នើមជាកម្មវិធីថ្មីមួយដែលឱ្យយុវជនបង្ហាញសមត្ថភាពជា
អ្នកដឹកនាំតាមការប្រកួតពិតៗ តាមកញ្ចក់ទូរទស្សន៍ លាយឡំនឹងការកំសាន្ត
ផ្សេងៗ និងជាឱកាសនៃការរៀនសូត្រដ៏មានតម្លៃសម្រាប់យុវជនខ្មែរ។

បេក្ខជនដែលត្រូវបានចម្រាញ់សម្រាប់ការប្រកួតមានចំនួន ១៦នាក់ ក្នុងនោះ
មាននារី៨នាក់បុរស៨នាក់។ អ្នកមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៣០ឆ្នាំអាច
ដាក់ពាក្យជាបេក្ខជនដែលអាចមានសិទ្ធិដាក់ពាក្យចូលរួមក្នុងការប្រកួតនោះ។

កញ្ញា យន់ សុផល អាយុ ២១ ឆ្នាំជានិស្សិតឆ្នាំទី ៣ នៅសកលវិទ្យាល័យនីតិ-
សាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចក្នុងក្រុងភ្នំពេញ បានឈ្នះក្នុងការប្រកួតជ្រើស
រើសយុវជនឆ្នើមរបស់វិទ្យាស្ថាន IRI ក្នុងឆ្នាំ២០០៨ ។

កញ្ញាបាននិយាយនៅឯកិច្ចសម្ភាសន៍ ពិសេសមួយក្នុងទីស្នាក់ការរបស់ VOA
ក្នុងរដ្ឋធានី Washington កាលពីសបា្តហ៍មុនថា កញ្ញាបានទទួលព័ត៌មាន
អំពីការប្រកួតនេះតាមរយៈការចេញផ្សាយខិតប័ណ្ណរបស់អង្គការ IRI និងក្រុម
ប្រឹក្សាយុវជន YCC ។

កញ្ញានិយាយថា វិញ្ញាសារដែលលំបាកជាងគេក្នុងការប្រកួតនោះ គឺ វិញ្ញាសារ
អភិវឌ្ឍន៍សហគមន៍ ពីព្រោះវិញ្ញាសារនេះខុសពីអ្វីដែលកញ្ញាបានរៀននៅក្នុង
សាលា។ កញ្ញានិយាយថា ឈុតដែលលំបាកជាងគេក្នុងការប្រកួតនោះគឺការ
រៀបចំផែនការក្នុងការបញ្ចុះបញ្ចូលអ្នកភូមិដើម្បីជួសជុលផ្លូវលំមួយក្នុងខេត្ត
កណ្តាល។

“ព្រោះថា ប្រជាពលរដ្ឋធម្មតា នៅពេលចូលរួមសកម្មភាពជាមួយយើងហ្នឹង
គាត់តែងតែសួរហើយថា តើកម្មវិធីហ្នឹងមានប្រយោជន៍អ្វីសម្រាប់គាត់ ដែល
គាត់ត្រូវចូលរួម។ អញ្ចឹងមានន័យថា លុះត្រាតែមានផលប្រយោជន៍ណាមួយ
ដែលពន្យល់គាត់ថា នេះគឺជាផលប្រយោជន៍ដែលគាត់អាចទទួលបានដែល
គាត់ពេញចិត្តនឹងចូលរួម ទើបគាត់ចូលរួម។ នេះហើយជាចំណុចលំបាក”។

នៅក្នុងការប្រកួតយកជ័យលាភីយុវជនឆ្នើមនេះ បេក្ខជននីមួយៗតម្រូវឱ្យចូល
រួមក្នុងសកម្មភាពនៃភាពជាអ្នកដឹកនាំដូចជាការប្រមូលហត្ថលេខា ការនិយាយ
ជាសារធារណៈ ការបង្ហាញពីភាពខុសគ្នានៃសង្គមមនុស្ស ការធ្វើជាសកម្មជន
សហគមន៍ ការបញ្ចុះបញ្ចូល និង ការសម្តែងជាមេធាវីក្នុងការការពារក្តីទៅលើ
ករណីពិសេសណាមួយ ។

គោលបំណងក្នុងការប្រកួតប្រជែងយុវជនឆ្នើមតាមកញ្ចក់ទូរទស្សន៍ CTN គឺ
បណ្តុះបណ្តាលអំពីភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវរបស់យុវជនក្នុង
សង្គមប្រជាធិបតេយ្យ។

កញ្ញា យន់ សុផលនិយាយថា តាមការសង្កេតរបស់កញ្ញាទៅលើការអនុវត្តន៍
លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាកំពុងដើរទៅមុខយឺតៗ ហើយនៅមិន
ទាន់មានរូបរាងពិតប្រាកដនៅឡើយនោះទេ។

“យើងឃើញថា ការជ្រើសរើសអ្នកដឹកនាំគឺធ្វើឡើងតាមរយៈអ្នកបោះឆ្នោត
ដែលបើកសិទ្ធិឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ ប៉ុន្តែសំណួរដែលចោទសួរត្រង់
ថា តើការបោះឆ្នោតគឺជាការបោះឆ្នោត ដែលពិតជាកើតចេញពីឆន្ទៈដ៏ពិត
ប្រាកដរបស់ប្រជាពលរដ្ឋហើយឬនៅ?
មួយទៀតគឺទាក់ទងទៅនឹងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ។ យើងឃើញ
ថា នៅមិនទាន់មានការបើកទូលំទូលាយនៅឡើយទេចំពោះការបញេ្ចញមតិ
របស់ប្រជាពលរដ្ឋហ្នឹង។ ហើយចំពោះការចូលរួមរបស់យុវជននិងប្រជាពល
រដ្ឋក្នុងវិស័យនយោបាយនៅមានកម្រិតនៅឡើយ។ ដូច្នេះទាមទារឱ្យមានការ
អភិវឌ្ឍន៍ ការជំរុញនិងការលើកទឹកចិត្តរបស់រដ្ឋាភិបាលនិងអង្គការដែលពាក់
ព័ន្ធនានាឱ្យកាន់តែរីកចម្រើនថែមទៀត”។

ចំណែកយុវជន ឆែម ពេ អាយុ២០ឆ្នាំ ជាសិស្សទើបបញ្ចប់ការសិក្សានៅវិទ្យា-
ល័យក្នុងខេត្តសៀមរាប បានឈ្នះក្នុងការប្រកួតយកជ័យលាភីយុវជនឆ្នើមក្នុង
ឆ្នាំ២០០៩។ លោកថ្លែងថា លោកបានដឹងអំពីការប្រកួតប្រជែងនេះតាមរយៈ
ការផ្សព្វផ្សាយតាមទូរទស្សន៍CTN ។ លោកនិយាយថា វិញ្ញាសារដែលលំបាក
ជាងគេក្នុងការប្រជែងនោះ គឺ វិញ្ញាសាររៃអង្គាសឈាមក្នុងរាជធានីភ្នំពេញ។

“ ចំណុចលំបាក ដែលខ្ញុំបានប្រកួតប្រជែងនោះ គឺ ទាក់ទងទៅនឹងការបញ្ចុះ
បញ្ចូលយុវជននិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដើម្បីឱ្យគាត់ធ្វើការបរិច្ចាគ
ឈាម ដើម្បីផ្តល់ទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។នេះជាការពិបាកមួយដែល
យើងធ្វើការទៅមានការមិនពេញចិត្តពីប្រជាពលរដ្ឋ ។ គាត់ថា ការរៃអង្គាស
ឈាមនេះ គឺ យកឈាមទៅលក់ ប៉ុន្តែយើងព្យាយាមធ្វើវា រហូតដល់បាន
សម្រេចបាទ”។

ចំណែកឯវិញ្ញាសារនៃការចុះអភិវឌ្ឍន៍សហគមន៍វិញ លោកឆែម ពេ ក៏បាន
អំពាវនាវដល់សប្បុរសជន និងចុះបញ្ចុះបញ្ចូលពលរដ្ឋក្នុងស្រុកសា្វយអន្ទរ
ខេត្តព្រៃវែងដើម្បីរៃអង្គាសប្រាក់ក្នុងការជួសជុលផ្លូវលំមួយខ្សែដែលអ្នកភូមិ
នៅទីនោះតែងជួបប្រទះផលលំបាកពេលទឹកលិច ។ លោកក៏បានសង្កេត
ឃើញអំពីការលំបាកដែលពលរដ្ឋនៅទីនោះកំពុងជួបប្រទះផងដែរ ដូចជា
គ្រោះរាំងស្ងួតនិងភាពខ្វះខាតខាងប្រព័ន្ធសុខាភិបាល។

“គាត់នៅស្រុកស្រែអញ្ចឹង គាត់មានបញ្ហាទាក់ទងទៅនឹងសេវ៉ាកម្មសុខភាព។
អញ្ចឹងគាត់មានផលលំបាកច្រើន។ធម្មតាទេ សេវ៉ាកម្មនៅតាមជនបទ វាអត់
ដូចជានៅទីក្រុង។ វានៅមានកម្រិតនៅឡើយ។ ការប្រើប្រាស់ និងផ្តល់សេវ៉ា
នៅទីនោះ វាអត់សមស្របដែលធ្វើឱ្យគាត់មានបញ្ហាខ្លាំង”។

នៅក្នុងទស្សនកិច្ចចំនួន ២សប្តាហ៍ក្នុងស.រ.អា.នេះ កញ្ញាយន់ សុផល និង
យុវជន ឆែម ពេ មានកម្មវិធីជួបជាមួយមន្ត្រីរដ្ឋាភិបាល និងតំណាងរាស្រ្តសហ
រដ្ឋអាមេរិកមួយចំនួននៅរដ្ឋធានីWashington។ ក្រៅពីកិច្ចប្រជុំទាំងនោះ អ្នក
ទាំងពីរក៏និងមានឱកាសដើរទស្សនាអគារវិមានរដ្ឋសភាCapitol Hill សារមន្ទីរ
និងទៅមើលការប្រកួតកីឡា Baseball ។ ហើយនៅចុងសបា្តហ៍ពួកគេទៅ
កំសាន្តក្នុងទីក្រុង New York ព្រមទាំងទៅការិយាល័យធំរបស់អង្គការសហ
ប្រជាជាតិ និងការធ្វើទស្សនកិច្ចនៅអង្គការ Asia Society ផងដែរ។

គោលបំណងរបស់អង្គការ IRI ក្នុងការប្រកួតរង្វាន់យុវជនឆ្នើមនេះគឺដើម្បីផ្តល់
ការហ្វឹកហ្វឺនអំពីភាពជាអ្នកដឹកនាំ និង ភាពជោគជ័យនៃការងាររបស់សង្គម
ប្រជាធិបតេយ្យដល់ក្រុមយុវជនខ្មែរ ដែលនឹងជាអ្នកសម្រេចនូវជោគវាសនា
របស់ប្រទេសកម្ពុជាទៅអនាគត។

លោក John Willis ប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI ប្រចាំតំបន់
អាស៊ី មានប្រសាសន៍ថា បន្ទាប់ពីយុវជនឆ្នើមទាំងនោះត្រឡប់ពីសហរដ្ឋអា-
មេរិកវិញ ពួកគេអាចយកមេរៀននិងបទពិសោធន៍ទៅជួយកសាងប្រទេសជាតិ
របស់ពួកគេ។

“នៅពេលអ្នកដែលទទួលជ័យលាភីទាំងនោះត្រឡប់មកកម្ពុជាវិញ ពួកគេបាន
សែ្វងយល់ដឹងច្រើននូវអ្វីដែលជាសមិទ្ធិផលនៃកិច្ចការរបស់សង្គមកាន់លទ្ធិប្រ-
ជាធិបតេយ្យ។ ហើយយល់ដឹងនូវអី្វដែលជាកត្តារួមផ្សំទាំងអស់ អាចស៊ីគ្នាទៅ
បាន។ ពួកគេបានបង្ហាញអំពីទស្សនៈវិស័យសម្រាប់ប្រទេសរបស់គេ។ពួកគេក៏
បានជួបនូវគំរូដ៏ពិតប្រាកដមួយ ហើយស្វែងយល់ដើម្បីអភិវឌ្ឍន៍ដល់ប្រទេស
របស់គេនៅពេលអនាគតដោយខ្លួនគេផ្ទាល់”។

ទាំងកញ្ញាយន់ សុផល និងឆែម ពេសន្យាថា គេនឹងខិតខំបញ្ចេញឱ្យអស់ពី
សមត្ថភាពដើម្បីចូលរួមស្តារនិងលើកស្ទួយប្រទេសជាតិនិងចែករំលែកចំណេះ
ដឹងឬបទពិសោធន៍នានាដល់ក្មេងជំនាន់ក្រោយ ដើម្បីកសាងសង្គមឱ្យកាន់តែ
សម្បូរធនធានមនុស្សនិងការរីកចម្រើនថែមទៀត៕

XS
SM
MD
LG