ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រអប់សំបុត្រនគរបាល ស្តារមុខមាត់នគរបាលជាតិ


ក្រោយពីត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍
នេត្រ សាវឿនបានរៀបចំឱ្យមានប្រអប់សំបុត្រនគរបាលនិងខ្សែទូរស័ព្ទពិសេស
ដើម្បីស្វាគមន៍ការរិះគន់ពីពលរដ្ឋចំពោះមន្រ្តីក្រោមឱវាទរបស់លោក ក៏ប៉ុន្តែ
មន្ត្រីសិទ្ធិមនុស្សនិយាយថា យន្តការនេះអាចមានប្រសិទ្ធិភាព លុះត្រាតែស្ថា
ប័នឯករាជ្យ ផ្សេងពីប៉ូលិស ជាអ្នកពិនិត្យលិខិតបណ្តឹងអាណាមឹកទាំងនេះ។

ក្រោយពីលោកត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិនោះ លោក
នាយឧត្តមសេនីយ៍នេត្រ សាវឿនបានប្រកាសថា លោកស្វាគមន៍ឱ្យសាធារណ
ជនរិះគន់ប៉ូលិសជាតិ ។ លោកបានបញ្ជាឱ្យបង្កើតបណ្តាញទូរស័ព្ទពិសេស
១១៧ និង១១៨ និងប្រអប់សំបុត្រនគរបាល ដែលពលរដ្ឋអាចសរសេរលិខិត
អាណាមឹក ប្តឹងអំពីមន្ត្រីនគរបាលធ្វើខុស និងរាយការណ៍អំពីជនល្មើស និង
សកម្មភាពអសន្តិសុខផ្សេងៗ។

ទោះបីជាសេចក្តីថ្លែងការណ៍របស់គណៈកម្មការសិទ្ធិមនុស្សអាស៊ីនិងអង្គការ
សិទ្ធិមនុស្សនៅកម្ពុជាទទួលស្គាល់ថា​ នេះជាផែនការវិជ្ជមានក្តី ក៏ការស្ទង់មតិ
បង្ហាញថា សាធារណជនមានទំនុកចិត្តតិចតួច ពីព្រោះពលរដ្ឋខ្លាចមន្ត្រីប៉ូលិស
ឃើញនិងដឹងថា ខ្លួនជាអ្នកប្តឹងអំពីប៉ូលិស។ នៅពេលមានបញ្ហា ពលរដ្ឋច្រើន
ទៅរកជំនួយពីអង្គការក្រៅរដ្ឋាភិបាលវិញ។

លោកឡាវ ម៉ុងហៃ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី
បានមានប្រសាសន៍ថា “ការបង្កើតហ្នឹង បើតាមខ្ញុំដឹងគឺការប្រកាសពីមាត់ទទេ
ពីសំណាក់ឯកឧត្តមនេត្រ សាវឿន។ ជាគំនិតល្អហើយ ប៉ុន្តែត្រូវមានមូលដ្ឋាន
ច្បាប់ មាននីតិវិធី ។ វាត្រូវមានអង្គការមួយឯករាជ្យនៅក្រៅ ហើយធ្វើការស៊ើប
អង្កេតជួសប្រជាពលរដ្ឋ អត់ឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចអីទេ បាទ”។

លោកនាយឧត្តមសេនីយ៍ នេត្រ សាវឿន មិនអាចបំភ្លឺបានទេ។ លោកនិយាយ
ថា “អាឡូបាទ សុំទោសណា៎ ខ្ញុំកំពុងជាប់រវល់ បាទ”។

ទោះជាយ៉ាងណាក្តី លោកឧត្តមសេនីយ៍ឯកសុខ ផល អគ្គស្នងការរងនគរបាល
ជាតិបានឆ្លើយយ៉ាងខ្លីថា ពលរដ្ឋមិនញញើតនឹងយកលិខិតរិះគន់នគរបាលទៅ
ដាក់ក្នុងប្រអប់សំបុត្រនគរបាលនោះទេ។

“លោកឡាវ ម៉ុងហៃ គាត់អត់ដឹងតួលេខទេគឺថា ប្រជាជនដាក់ប៉ុន្មាន ខ្លឹមសារ
អីខ្លះទេ។ យើងមិនបានផ្សាយ។ ហេតុអីបានគាត់ថា ប្រជាជនខ្លាច? យល់
ច្រឡំហើយ!”

ដោយសារលោកជាប់រវល់ ​ លោកសុខ ផលសុំឱ្យសួរអ្នកនាំពាក្យអគ្គស្នងការ
ដ្ឋានប៉ូលិសជាតិ។

លោកឧត្តមសេនីយ៍ឯកគៀត ចន្ថារិទ្ធ អ្នកនាំពាក្យប៉ូលិសជាតិមានប្រសាសន៍
ថា ពលរដ្ឋបានដាក់លិខិតអាណាមឹកជាច្រើន ។ ពលរដ្ឋមិនញញើត និងមិន
ខ្លាចនគរបាលឃើញគាត់ដាក់លិខិតក្នុងប្រអប់នគរបាលនេះទេ ពីព្រោះប្រអប់
នេះមិនមែនសម្រាប់តែលិខិតអាណាមឹករិះគន់នគរបាលទេ។ប្រអប់នេះសម្រាប់
ពលរដ្ឋរាយការណ៍អំពីសកម្មភាពសន្តិសុខទាំងអស់ មានទាំងរាយការណ៍អំពី
មុខសញ្ញាជនពាល ចោរ សកម្មភាពថ្នាំញៀន និងអំពីប៉ូលិសអសកម្ម។

លោកគៀត ចន្ថារិទ្ធ មានប្រសាសន៍ថា“បាទ យើងស្វាគមន៍ទាំងអស់ គ្រប់មជ្ឈ
ដ្ឋាន។ ប្រអប់សំបុត្រហ្នឹងមិនសំដៅតែការប្រព្រឹត្តខុសរបស់នគរបាលទេ។ បាទ សំដៅលើកិច្ចការទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់ ជារួម។ គាត់មានដំណឹង
អីចង់ឱ្យប៉ូលិសជួយដោះស្រាយ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក៏គាត់អាចដាក់
បានដែរ”។

លោកបន្តថា លិខិតក្នុងប្រអប់ទាំងនោះច្រើនជាលិខិតរាយការណ៍អំពីសកម្ម
ភាពជនខិលខូចនិងចោរកម្ម។លិខិតរិះគន់មន្ត្រីនគរបាលមានមិនច្រើនទេ។

លោកឧត្តមសេនីយ៍ឯកបន្ថែមថា “ប៉ុន្តែបញ្ហាអសកម្ម ការខ្វះខាតរបស់ប៉ូលិស
ជាចំណុចមួយ។គាត់អាចលើកយកមកជម្រាបនគរបាលយើងបានដែរ ណា៎។
មានដែរ ប៉ុន្តែដូចជាមិនច្រើនប៉ុន្មានទេ ។ ប៉ុន្តែការប្រព្រឹត្តខុសឆ្គងរបស់នគរ
បាល ដូចជាមិនច្រើនប៉ុន្មានទេ”។

ទាំងអង្គការសិទ្ធិមនុស្ស និង ប៉ូលិសបានបញ្ជាក់ថា ពលរដ្ឋប្រើទូរស័ព្ទខ្សែ
ពិសេស១១៧ និង១១៨ច្រើនជាង។ ទូរស័ព្ទងាយស្រួស ហើយពលរដ្ឋចង់បាន
ការអន្តរាគមន៍ពីប៉ូលិសភ្លាមៗ រីឯប្រអប់សំបុត្រនគរបាលនេះវិញ ត្រូវប៉ូលិស
បើកមើលមួយអាទិត្យម្តង គឺមានពេលកំណត់។

លោក គៀត ចន្ថារិទ្ធ មានប្រសាសន៍ថា “ទូរស័ព្ទច្រើនជាង។ មានរឿងហេតុ
ភ្លាមៗ គាត់ត្រូវការហៅមក hotline ហ្នឹង។ វាលឿនជាងប្រអប់សំបុត្រ”។

កាលពីជាង៦ខែមុន ក្រោយពីលោកឡើងកាន់តំណែងបានពីរខែ លោកនាយ
អគ្គស្នងការនគរបាលជាតិ នេត្រ សាវឿន បានព្យាយាមស្រោចស្រង់កិត្តិយស
ប៉ូលិស ដែលអាប់ឱនដោយសារអ្នកកាន់តំណែងមុនលោក ដែលបន្សល់ទុក
ប្រពៃណីនិទណ្ឌភាពសម្រាប់អ្នកមានអំណាច អ្នកមានលុយ អំពើអយុត្តិធម៌
ចំពោះអ្នកទន់ខ្សោយ ការចាប់ខ្លួនតាមទំនើងចិត្តជាដើម។ ក្នុងការប្រឹងប្រែង
នេះ លោកបានបង្ក្រាបកន្លែងចោរបញ្ចាំរបស់ ដូចជាម៉ូតូចោរប្លន់ ទូរស័ព្ទចោរ
ឆក់ និងបិទទូហ្គេមល្បែងស៊ីសង កន្លែងភ្នាល់ល្បែងខុសច្បាប់ ដូចជាភ្នាល់
បាល់ ជល់មាន់ជាដើម។ ដើម្បីពង្រឹងផែនការនេះ លោកត្រូវការកិច្ចសហការ
ពីពលរដ្ឋតាមរយៈលេខទូរស័ព្ទពិសេស និងប្រអប់សំបុត្រនគរបាលនេះឯង។

លោកឡាវ ម៉ុងហៃបានលើកឡើងថា ដើម្បីបង្កើនទំនុកចិត្តពីសាធារណជន គេ
គួរឱ្យស្ថាប័នឯករាជ្យ ឬ អង្គការសិទ្ធិមនុស្សពិនិត្យលិខិតអាណាមឹកអំពីសកម្ម
ភាពអសកម្មរបស់ប៉ូលិស ជាជាងឱ្យស្ថាប័នប៉ូលិសខ្លួនឯងជាអ្នកពិនិត្យ។លោក
សង្កត់ធ្ងន់ថា ចំណុចនេះហើយដែលធ្វើឱ្យមិនសូវមានពលរដ្ឋដាក់លិខិតរិះគន់
មន្ត្រីនគរបាល។ យន្តការបច្ចុប្បន្នមិនមានប្រសិទ្ធិភាព មិនមានតម្លាភាព ព្រោះ
គ្រាន់តែជាយន្តការផ្ទៃក្នុងប៉ុណ្ណោះ។

លោកឡាវ ម៉ុងហៃបន្តថា “គេហៅថា កិច្ចការផ្ទៃក្នុងណា៎។ យកព័ត៌មាន យកអី
ទៅ វាអត់មានអ្នកណាត្រួតត្រាពីខាងក្រៅ ណា៎។ យើងត្រូវមានមូលដ្ឋានច្បាប់
មាននីតិវិធីដើម្បីឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានច្រើន។ ត្រូវមានស្ថាប័នមួយឯក
រាជ្យពីនគរបាលដើម្បីតាមដានមើល។ អាហ្នឹងមានប្រសិទ្ធិភាពជាង។ ក៏ប៉ុន្តែ
សហការជាមួយនគរបាល ព្រោះថា ត្រូវការស៊ើបអង្កេត ត្រូវការសុំឱ្យចៅហ្វាយ
នាយសហការជាមួយ”។

បច្ចុប្បន្នស្នងការដ្ឋាននគរបាលជាតិកំពុងរៀបចំសេចក្តីព្រាងច្បាប់សម្រាប់នគរ
បាលជាតិ ហើយលោកឡាវ ម៉ុងហៃ សុំឱ្យស្នងការដ្ឋាននគរបាលជាតិបញ្ចូល
តួនាទីស្ថាប័នឯករាជ្យជាអ្នកពិនិត្យប្រអប់សំបុត្រគរបាល ជាពិសេសពិនិត្យ
លិខិតពលរដ្ឋរិះគន់មន្ត្រីនគរបាល។

លោកឧត្តមសេនីយ៍គាត ចន្ថារិទ្ធមានប្រសាសន៍ថា ក្នុងតំណាក់កាលបច្ចុប្បន្ន
នេះ សាធារណជន ទាំងពលរដ្ឋ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល អាចចូលរួម
ដាក់លិខិតរាយការណ៍អំពីមន្ត្រីនគរបាលអសកម្ម។ ក៏ប៉ុន្តែការបង្កើតស្ថាប័នឯក
រាជ្យពិនិត្យការងារនគរបាលជាតិនេះ ចាំបាច់ត្រូវពិនិត្យថា តើស្របតាមនីតិវិធី
ឬ តាមបញ្ញតិ្តច្បាប់ ឬយ៉ាងណា។

លោកឧត្តមសេនីយ៍ឯកពន្យល់ថា “ជាគំនិត យើងស្វាគមន៍ ប៉ុន្តែការដាក់ចូល
ក្នុងច្បាប់ យើងនឹងពិនិត្យមើល តើទម្រង់ហ្នឹងវាត្រឹមត្រូវតាមវិធីតាក់តែងច្បាប់
ឬអត់ ណា៎”។

ទោះជាយ៉ាងណាក្តី លោកបន្ថែមថា សភាជាតិមានគណៈកម្មការសន្តិសុខ មហា
ផ្ទៃការពារជាតិ ប្រឆាំងអំពើពុករលួយ និងមុខងារសាធារណៈ ជាអ្នកត្រួតពិនិត្យ
ការងារនគរបាលជាតិជាស្រេចទៅហើយ។

លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស អាដហុក បាន
បកស្រាយថា ដោយគ្រាន់តែធ្វើផែនការល្អ ក៏ប៉ុន្តែខ្វះឆន្ទៈអនុវត្ត នោះផែនការ
នេះមិនមានលទ្ធផលល្អ គឺ ពលរដ្ឋមិនមានជំនឿក្នុងការចូលរួមទេ ជាពិសេស
ការបោសសម្អាតសកម្មភាពអសកម្មរបស់ប៉ូលិស។

“សព្វថ្ងៃនេះ យើងមិនចាំបាច់ឱ្យប្រជាជនប្រាប់ ក៏យើងអាចមើលឃើញដែរ ការ
ខុសឆ្គងដែលមន្ត្រីនគរបាលបានប្រព្រឹត្ត។ប្រជាជនគាត់មិនទាន់មានជំនឿថា ការ
ប្តឹងទៅគាត់អាចទទួលបាននូវយុត្តិធម៌អីនោះ ណា៎ ។ យើងមិនបាច់ធ្វើប្រអប់
សំបុត្រក៏ប្រជាជនគាត់ប្តឹងដែរ ឱ្យតែយើងមានប្រព័ន្ធយុត្តិធម៌មួយ ដែលអាចការ
ពារសុវត្ថិភាពគេបាន”៕

XS
SM
MD
LG