គណៈប្រតិភូយោធាជាន់ខ្ពស់របស់កម្ពុជាគ្រោងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋមួយ
មកកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយក្នុងរដ្ឋធានី Washington។ នៅក្នុង
ទស្សនកិច្ចនេះ
មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា
គ្រោងនឹងជួបជាមួយមន្ត្រីយោធា
ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក
នេះបើយោងទៅតាមព័ត៌មានពីស្ថានទូតកម្ពុជា
ប្រចាំស.រ.អា.។
រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោក
ទៀ បាញ់នឹងជួបជាមួយរដ្ឋមន្ត្រីការពារ
ប្រទេសរបស់សហរដ្ឋអាមេរិកលោក Robert Gates នៅថ្ងៃទី២១ខែកញ្ញាខាង
មុខនេះ
ខណៈពេលដែលលោកបំពេញទស្សនកិច្ចជាផ្លូវការក្នុងសហរដ្ឋអាមេរិក
នេះបើតាមការបញ្ជាក់ប្រាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសអាមេរិក។
ជំនួបនេះជាជំនួបលើកទីមួយរវាងមន្រ្តីយោធាជាន់ខ្ពស់របស់ប្រទេសទាំងពីរចាប់
តាំងពីទសវត្សរ៍១៩៧០នោះមក។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ VOA តាមទូរស័ព្ទ
លោករដ្ឋមន្ត្រីការពារជាតិនៃ
ប្រទេសកម្ពុជាទៀ បាញ់ មានប្រសាសន៍ថា
ជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការពារ
ជាតិសហរដ្ឋអាមេរិកនោះគឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធា
រវាងកម្ពុជានិងអាមេរិក
និងពិភាក្សាអំពីការគ្រោងធ្វើលំហាត់ប្រតិបត្តិការរក្សា
សន្តិភាពពហុសាសន៍ក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ។
“សំខាន់គឺរឿងដែលត្រូវមកនេះគឺដើម្បីនិយាយគ្នាឱ្យយល់គ្នាលើបញ្ហាខ្លះៗអំពី
កិច្ចការដែលត្រូវបំពេញជាមួយគ្នា
ពីព្រោះអ្នកប្រហែលជាដឹងហើយថា
កម្ពុជា
ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលំហាត់ប្រតិបត្តិការរក្សាសន្តិភាពពហុសាសន៍
នៅកម្ពុជានៅឆ្នាំក្រោយនេះ។
ដូច្នេះវាមានកិច្ចការខ្លះដែលត្រូវនិយាយគ្នាផង
ដែរ”។
ផ្អែកតាមបញ្ជីឈ្មោះនៃគណៈប្រតិភូយោធាខ្មែរមកកាន់សហរដ្ឋអាមេរិក ដែល
ស្ថានទូតខ្មែរប្រចាំក្នុងរដ្ឋធានីWashingtonបានបញ្ជូនអោយ VOA តាមសារ
Email បានឱ្យដឹងថា
ដំណើរបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៃគណៈប្រតិភូយោធា
ខែ្មរក្រុមទីមួយមកកាន់សហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក ទៀ បាញ់
ពីថែ្ងទី១៨ដល់ថ្ងៃទី២៣
ខែកញ្ញានេះ មានចំនួនប្រាំបីនាក់
រួមមានលោកឧត្តម
សេនីយ៍ វៀត
ថា មេបញ្ជាការរងកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ តាត
ចន្ថា
អនុប្រធាននាយកដ្ឋានប្រតិបត្តិការសន្តិភាពរួម និងមន្ត្រីយោធាជាន់ខ្ពស់
មួយចំនួនទៀត។
ចំណែកគណៈប្រតិភូយោធាខ្មែរក្រុមទី២មានចំនួន៧នាក់ជាក្រុមបច្ចេកទេស
ដែលដឹកនាំដោយលោកឧត្តមសេនីយ៍
សួន សំណាង
ជាអគ្គនាយករងខាងផ្នែក
គោលនយោបាយ និងកិច្ចការបរទេស។
ក្រុមគណៈប្រតិភូទី២នេះមានវត្តមាន
ក្នុងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ២៤ ខែកញ្ញា។
ក្រុមនេះរួមមាន
លោកឧត្តមសេនីយ៍ម៉ម សម ជានាយកខុទ្ទកាល័យនៃបញ្ជាការដ្ឋានរួម ហើយ
និងលោកហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន
ដែលជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មរបស់កងរាជអាវុធហត្ថផ្ទៃប្រទេស
ព្រមទាំងក្រុមមន្រ្តីយោធាជាន់ខ្ពស់មួយចំនួនទៀត។
គណៈប្រតិភូយោធាខែ្មរក្រុមទីពីរនេះកំពុងធ្វើការប្រជុំត្រួតពិនិត្យលើយុទ្ធសាស្រ្ត
ការពារជាតិជាមួយក្រុមមន្រ្តីយោធាសំខាន់ៗនៃក្រសួងការពារជាតិសហរដ្ឋអា-
មេរិកនៅមន្ទីរ Pentagon ក្នុងរដ្ឋ Virginia ។
គេសង្កេតឃើញទំនាក់ទំនងផ្នែកយោធារវាងសហរដ្ឋអាមេរិក និងកម្ពុជាកំពុង
មានសភាពវិវឌ្ឍន៍ទៅមុខ។
កាលពីដើមឆ្នាំ២០០៩សហរដ្ឋអាមេរិកនិងប្រទេស
កម្ពុជាបានព្រមព្រៀងក្នុងការបង្កើតឱ្យមានអនុព័ន្ធយោធាជាថ្មីតាមការស្នើសុំ
របស់រដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងពង្រឹងសមត្ថភាពកងទ័ពកម្ពុជាដើម្បី
ប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ ដូចជាការជួញដូរគ្រឿងញៀន
ការជួញដូរមនុស្ស
និងអំពើភេរវកម្មជាដើម។
ចាប់តាំងពីឆ្នាំ២០០៦មក សហរដ្ឋអាមេរិកបានផ្តល់សំភារៈយោធានិងផ្តល់ការ
ហ្វឹកហ្វឺនមួយចំនួនដល់កងទ័ពកម្ពុជា។កាលពីឆ្នាំ២០០៨កន្លងទៅនេះសហរដ្ឋ
អាមេរិកបានផ្តល់ឡានកាំម្ញុងម៉ាក GMC ចំនួន ៣ គ្រឿងដល់ស្ថាប័នការពារ
ប្រទេសរបស់កម្ពុជា។
ហើយកាលពីដើមខែកញ្ញានេះ សហរដ្ឋអាមេរិកក៏បាន
ផ្តល់ជំនួយសំភារៈយោធាដែលមានទឹកប្រាក់ជាងប្រាំមួយលានដុល្លារសហរដ្ឋ
អាមេរិកដល់កម្ពុជាផងដែរ៕