ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលបដិសេធការអះអាង របស់លោកស្រីមួរសុខហួរ


ក្រសួងការបរទេសកម្ពុជា នៅថ្ងៃពុធនេះ ​បាន​បដិសេធការអះអាង​របស់តំណាង
រាស្ត្រ​គណបក្សប្រឆាំងលោកស្រី មួរ សុខហួរ​ ដែល​ថា​ លោកស្រីរដ្ឋមន្ត្រីការបរ
ទេសសហរដ្ឋអាមេរិក Hillary Clinton បានយល់​ព្រម​បញ្ចូនគណៈប្រតិភូជាន់
ខ្ពស់មកកាន់ប្រទេសកម្ពុជា ដើម្បីត្រួត​ពិនិត្យ​មើលស្ថានភាពសិទ្ធិមនុស្សនៅ
កម្ពុជាតាមសំណើរបស់​លោកស្រី។

ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួងការ
បរទេសបានជួបពិភាក្សាការងារជាមួយលោកស្រីCarol Rodley ឯកអគ្គរដ្ឋទូត
អាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃអង្គារ ដែល​បាន​បញ្ជាក់​ថា វាជាការមិនពិតទេ។

ប្រព័ន្ធផ្សព្វផ្សាយ KI Media បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា​ លោកស្រី​រដ្ឋ
មន្ត្រីការបរទេសសហរដ្ឋអាមេរិក Hillary Clinton បាន​ណែនាំ​នាយកទទួល
បន្ទុកកិច្ចការអាស៊ី - ប៉ាស៊ីហ្វិក រកមធ្យោបាយ​ធ្វើទស្សនកិច្ចនៅកម្ពុជារបស់
លោកស្រី Melanne Verveer ឯកអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការកុមារ និងស្ត្រី
របស់លោក​ប្រធានាធិបតី Obama បន្ទាប់ពីសំណើរបស់​លោកស្រី​ មួ សុខហួរ
បានធ្វើឡើងនៅក្នុងអំឡុងពេលជំនួបនោះ ។ គោលបំណងនៃដំណើរទស្សន
កិច្ចនេះ ត្រូវវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកស្រីមួរ សុខហួរ
បានស្នើថា ជំនួយសហរដ្ឋអាមេរិកត្រូវចងភ្ជាប់​ទៅ​នឹង​ការ​គោរព​សិទ្ធិមនុស្ស
ហើយនិងលទ្ធិប្រជាធិបតេយ្យ។

លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានថ្លែង​ប្រាប់សន្និ
សីទកាសែតថា នេះមិនឆ្លុះបញ្ចាំងការពិត និងជាការ​និយាយ​បំផ្លើស​ការពិត។

“គណបក្សប្រឆាំង​តែងតែនិយាយអ្វីមួយ​ហួស​ពី​ការពិត ដើម្បី​ផលប្រយោជន៏​
នយោបាយរបស់ខ្លួន។ កុំនិយាយវាយប្រហារ និងកុំ​និយាយ​ភូតភរកុហក ដូច
ដែលលោកស្រី​បាន​និយាយតាមរយៈ KI Internetដែលថា លោកស្រី Hillary
Clinton រដ្ឋមន្ត្រីការបរទេស​អាមេរិក​ បានយល់ព្រមបញ្ជូនគណៈប្រតិភូមក
កម្ពុជាដើម្បីមើលការរំលោភ​សិទ្ធិ​មនុស្សកម្ពុជា។នេះជាការភូតភរកុហកមួយ
ដែលមិនមែនភូតភរ​កុហកត្រឹមតែប្រជាជនកម្ពុជាទេ ថែមទាំងភូតភរកុហក
ទូទាំង​ពិភពលោក ហើយបំភ្លៃការពិតនូវអ្វីដែលលោកស្រី Hillary Clintonអត់
បាននិយាយសោះ”។

លោកស្រីCarol Rodley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បាន​បញ្ជាក់​ប្រាប់
លោកអ៊ុច បូរិទ្ធថា លោកស្រី មួរ សុខហួរ ពិតជាបាន​ស្នើ​សុំលោកស្រីរដ្ឋមន្ត្រី
ការបរទេសHillary Clinton ឱ្យបញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់មកកម្ពុជា ដើម្បី
ពិនិត្យស្ថានភាពរំលោភ​សិទ្ធិ​មនុស្ស​នៅកម្ពុជា ប៉ុន្តែលោកស្រីរដ្ឋមន្ត្រីមិនបាន
ឆ្លើយតបអ្វីទាំងអស់​ចំពោះ​សំណើនេះទេ។

លោកស្រីមួរ សុខហួរ មិនអាចធ្វើទំនាក់ទំនងបាន ដោយលោកស្រី​កំពុង​ស្ថិត
នៅក្រៅប្រទេស។

លោកស្រីមួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំងដែលត្រូវបាន​ដក​អភ័យ
ឯកសិទ្ធិជាមួយលោកតំណាងរាស្ត្រហូ វ៉ាន់ កាលពីខែ​ឧសភា បានសម្បែងការ
ព្រួយបារម្ភអំពីសុវត្ថិភាពនិងស្នើសុំឱ្យមាន​ការ​ធានាសុវត្ថិភាពរបស់លោកស្រី​។
លោក អ៊ុច បូរិទ្ធបានបញ្ជាក់ថា​ លោកស្រីមូរ សុខហួរមិនចាំបាច់ភ័យព្រួយអំពី
សុវត្ថិភាពទេ។ ប្រទេស​កម្ពុជាតែងតែអនុវត្តន៍ច្បាប់ និងប្រជាធិបតេយ្យយ៉ាង​
ម៉ឹងម៉ាត់។ លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង និង ក្រុម​
សកម្មជន​សិទ្ធិមនុស្សកម្ពុជា បានធ្វើសក្ខីកម្មនៅចំពោះមុខ​គណៈកម្មការ​សិទ្ធិ​
មនុស្ស Tom Lantos ទាក់ទងនឹងអំពើពុករលួយ ការគាបសង្កត់សេរីភាពនៃ
ការបញ្ចេញមតិ ការដកអភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំងកង្វះ
ឯករាជ្យនៅក្នុង​ប្រព័ន្ធ​តុលាការ ការរំលោភដីធ្លី និងការជិះជាន់សិទ្ធិការងារជា
ដើម៕ ចប់

XS
SM
MD
LG