ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការចម្រុះបង្កើតដើម្បីអង្កេត ការសម្រេចក្តីរបស់តុលាការ


គណៈកម្មការថ្មីមួយរបស់រដ្ឋាភិបាលត្រូវបានបង្កើតឡើងដើម្បីពិនិត្យឡើងវិញនូវ
ភាពមិនប្រក្រតីនៅក្នុងរឿងក្តីព្រហ្មទ័ណ្ឌក្នុងប្រទេសកម្ពុជា។

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចម្រុះថ្មីមួយ ដើម្បីត្រួតពិនិត្យ
ចំណាត់ការរឿងក្តីព្រហ្មទណ្ឌ នៅតាមអង្គភាពអនុវត្តច្បាប់នានាតាមសំណើរបស់
ក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងនេះមិនសប្បាយចិត្តនិងមន្ត្រីតុលាការដែលបាន
ដោះលែងជនសង្ស័យជាច្រើននាក់ ដែលមន្រ្តីក្រសួងមហាផ្ទៃចាប់បាន ។

បើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៤ខែ កញ្ញា ឆ្នាំ ២០០៩ ស្តីពីការបង្កើតក្រុមការងារចម្រុះពិនិត្យចំណាត់ការរឿងក្តីព្រហ្មទណ្ឌនៅតាមអង្គ
ភាពអនុវត្តច្បាប់នានា បានឱ្យដឹងថា ក្រុមការងារចម្រុះនេះមានសមាសភាព
ចំនួន២៦រូប ដែលជាមន្ត្រីមកពីក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃនិងកងរាជអាវុធ
ហត្ថ។

ក្រុមការងារចម្រុះនេះ មានភារកិច្ចមួយចំនួន រាប់ទាំងការចុះពិនិត្យសំណុំរឿងក្តី
ព្រហ្មទណ្ឌ និងរឿងក្តីជួញដូរមនុស្ស និង ការធ្វើអាជីវកម្មផ្លូវភេទពាក់ព័ន្ធនឹង
ចំណាត់ការដោះស្រាយរឿងក្តីនៅតាមអង្គភាពនគរបាល និង កងរាជអាវុធហត្ថ
ផ្នែកយុត្តិធម៌ ស្ថាប័នអយ្យការ ស្ថាប័នតុលាការ និង ពន្ធនាគារផងដែរ។

បើផ្អែកតាមសេចក្តីសម្រេចដដែលនេះ ក្រុមការងារនេះត្រូវធ្វើរបាយការណ៍ជូន
ប្រមុខរដ្ឋាភិបាលពិនិត្យ និងផ្តល់អនុសាសន៍ ក្នុងករណីសំណុំរឿងក្តីណា ដែល
ពាក់ព័ន្ធនឹងស្ថានភាពធ្ងន់ធ្ងរ ឬ មានភាពស្មុគ្រស្មាញ។

លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍
ឱ្យដឹងអំពីមូលហេតុចម្បងដែលក្រសួងមហាផ្ទៃស្នើសុំឱ្យបង្កើតគណៈកម្មការនេះ
យ៉ាងដូច្នេះ៖

"(នេះជា)មូលហេតុចម្បងទីមួយ បានសេចក្តីថា កន្លងមក សមត្ថកិច្ចរបស់យើង
ចាប់ខ្លួនជនល្មើសសង្ស័យហ្នឹងបានច្រើន ក៏ប៉ុន្តែបើប្រៀបធៀបតួលេខនៃការ
ផ្តន្ទាទោសរបស់តុលាការ គឺមានចំនួនតិច បើប្រៀបធៀបនឹងការចាប់ខ្លួន។ អ្នក
ខ្លះក៏ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ អ្នកខ្លះក៏ឱ្យរួចផុតពីការចោទប្រកាន់
អញ្ចឹងជាដើមទៅ"។

លោក កែ សាខន អនុប្រធានតុលាការក្រុងភ្នំពេញ និង ជាចៅក្រមជំនុំជម្រះមួយ
រូប បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់រដ្ឋាភិបាលដែល
បង្កើតឱ្យមានជាក្រុមការងារចម្រុះពិនិត្យចំណាត់ការរឿងក្តីព្រហ្មទណ្ឌនៅតាមអង្គ
ភាពអនុវត្តច្បាប់នានានេះទេ ដោយលោកមានប្រសាសន៍ថា ព្រោះលោកមិន
ទាន់បានឃើញលិខិតនៃសេចក្តីសម្រេចចិត្តនៅឡើយ។

ជាមួយគ្នានេះ លោក កែ សាខន បានអះអាងថា លោកអនុវត្តការងារទៅតាម
នីតិវិធី(ច្បាប់)។

"យើងធ្វើតែតាមនីតិវិធីទេ។ យើងមិនហ៊ានធ្វើរំលងនីតិវិធីទេ"។

លោកអ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌របស់ព្រឹទ្ធសភា
បានវាយតម្លៃថា ការអនុវត្តច្បាប់របស់នគរបាល និងមន្ត្រីតុលាការមានការមិន
ស៊ីសង្វាក់គ្នាស្ទើរតែនៅគ្រប់ខេត្ត។

"បានន័យថា ការអនុវត្តវាមិនទាន់ជាស្របគ្នានៅឡើយដែរ ពិសេសរវាងចៅ
ក្រមជាមួយនឹងនគរបាលយុត្តិធម៌"។

ត្រង់ចំណុចនេះ លោក អ៊ុក ប៊ុនឈឿន បានលើកយកឧទាហរណ៍មួយមក
បង្ហាញថា មានករណីខ្លះ ប៉ូលិសចាប់បានជនសង្ស័យ ក៏ប៉ុន្តែជនសង្ស័យទាំង
នោះ ត្រូវបានតុលាការលើកលែងការចោទប្រកាន់ទៅវិញ។

គួររំឭកថា កាលពីខែសីហាកន្លងទៅថ្មីៗនេះ តុលាការក្រុងភ្នំពេញបានលើក
លែងការចោទប្រកាន់កំបាំងមុខចំពោះលោកស្រី ជា រដ្ឋា អតីតនាយរងសេនា-
ធិការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលើកលែងការចោទប្រកាន់មនុស្ស
៦ នាក់ផ្សេងទៀត ដែលគេសង្ស័យអំពីការពាក់ព័ន្ធក្នុងការវាយប្រហារដោយទឹក
អាស៊ីតកាលពីខែ ឧសភា ឆ្នាំមុនទៅលើអ្នកស្រី យ៉ា សុខនីមដែលត្រូវជាម្តាយ
មីងរបស់បវរកញ្ញាទេសចរណ៍មួយរូបគឺកញ្ញាអ៊ិន សូលីដាដែលអះអាងថា នាង
ត្រូវបានបង្ខិតបង្ខំឱ្យរក្សាទំនាក់ទំនងជាមួយលោកស្រីជា រដ្ឋា៕ ចប់

XS
SM
MD
LG