ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឌុចអះអាងថា  គាត់ចេញពី ឃ្នាបខ្មែរក្រហមមិនរួច


អតីតប្រធានគុកទួលស្លែងនិយាយថា ខ្លួនបានស្ថិតក្នុងឃ្នាបនយោបាយខ្មែរ
ក្រហមអស់ជិត ៣០ ឆ្នាំដោយមិនអាចរើខ្លួនរួច។

កាំង ហ្គិចអ៊ាវ ដែលគេនិយមហៅថាឌុច បានលើកឡើងថា ខ្លួនពុំមានលទ្ធភាព
ណាមួយ ដើម្បីរត់គេចខ្លួនពីរបបនយោបាយរបស់ពួកខ្មែរក្រហមទេ ។ អតីត
ប្រធានមន្ទីរស ២១ ឬគុកទួលស្លែងដែលត្រូវចោទប្រកាន់ចំពោះការទទួលខុស
ត្រូវនៃការបង្កឲ្យអ្នកទោសស្លាប់បាត់បង់ជីវិតយ៉ាងតិចជាង១២.៣៨០នាក់ បាន
ឆ្លើយទៅនឹងសំនួរសហព្រះរាជអាជ្ញាបរទេសក្នុងការកាត់ទោសនៅថ្ងៃពុធនេះថា
ខ្លួនបានចំណាយរយៈពេល២៧ឆ្នាំក្នុងការរស់នៅក្រោមបន្ទាត់នយោបាយរបស់
ពួកខ្មែរក្រហមកុម្មុយនិស្ដបែបម៉ៅនិយម។ នយោបាយនេះបានបណ្ដាលឲ្យប្រ-
ជាពលរដ្ឋខ្មែរជាទូទៅស្លាប់បាត់បង់ជីវិតអស់ជិត២លាននាក់ ក្នុងរយៈពេលជាង
បីឆ្នាំ ៨ ខែ។

“ខ្ញុំស្ថិតនៅក្នុងការឃុំគ្រងនៃរបបខ្មែរក្រហម២៧ឆ្នាំ។ លោកព្រះរាជអាជ្ញាជ្រាប
ហើយ ខ្ញុំល្មើសតែបន្ដិច បោះជំហានខុសបន្ដិច ប្រពន្ធខ្ញុំត្រូវគេសម្លាប់។ ខ្ញុំត្រូវ
របួសប៊ិះតែនឹងស្លាប់ "។

ឌុចជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្ម
នៃការធ្វើទារុណកម្ម និងមនុស្សឃាត។

សហព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហម បានចោទសួរឲ្យឌុចទទួលស្គាល់
ថា បើទោះបីជាគាត់មិនអាចរត់គេចខ្លួនពីរបបនយោបាយខ្មែរក្រហមក៏ដោយ ក៏
គាត់បានបន្ដស្ថិតនៅជាមួយពួកខ្មែរក្រហម រហូតដល់ឆ្នាំ ១៩៩០។

ឌុច មិនបានសារភាពចំៗទេ ក៏ប៉ុន្ដែគ្រាន់តែនិយាយថា ខ្លួនបានស្ថិតនៅជាមួយ
ពួកខ្មែរក្រហមមែន តែខ្លួនឈប់ជឿលើមាគ៌ានៃនយោបាយពួកខ្មែរក្រហមទៀត
ហើយ។

នៅក្នុងសវនាការនាពេលកន្លងមក សាក្សី ដែលជាដើមបណ្ដឹងរដ្ឋប្បវេណីជា
ច្រើនធ្លាប់បានចោទប្រកាន់ថា ឌុចមិនបាននិយាយការពិតនូវអ្វីដែលខ្លួនបាន
ធ្វើនោះទេ។

ទោះជាយ៉ាងណា ឌុចបានសារភាពម្ដងហើយម្ដងទៀត អំពីការទទួលខុសត្រូវ
របស់ខ្លួនក្នុងការកាប់សម្លាប់ និង ធ្វើទារុណកម្មអ្នកទោស នៅក្រោមការគ្រប់
គ្រងរបស់ខ្លួន។

លោក Francoix Roux មេធាវីការពារក្ដីឲ្យឌុចបានស្នើឲ្យតុលាការពិចារណា
ចំពោះការសារភាពរបស់ ឌុច មុននឹងកំណត់ដាក់ទោស ឌុច ត្រឹមកម្រឹតណា
មួយនោះ។

សូមបញ្ជាក់ថា បើយោងតាមច្បាប់ អតីតមេខ្មែរក្រហមទាំងអស់ ដែលត្រូវនាំ
ខ្លួនយកមកកាត់ទោសនឹងប្រឈមមុខនឹងការដាក់ទោសច្រើនបំផុតត្រឹមទោស
ជាប់ពន្ធនាគារអស់មួយជីវិត គឺមិនមានទោសប្រហារជីវិតទេ៕

XS
SM
MD
LG