ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហាជាច្រើននៃការអភិវឌ្ឍធនធានធម្មជាតិ


ដើម្បីអានព័ត៌មាននេះ

ដូចដែលបានផ្សាយនៅក្នុងភាគទីមួយ បញ្ហាទូទៅនៃការគ្រប់គ្រងធនធានធម្ម
ជាតិគឺ ការផ្តល់ផលប្រយោជន៍មិនស្មើគ្នា ។

ធនធានធម្មជាតិភាគច្រើនផ្តល់ផលទៅឱ្យតែឥស្សរជននយោបាយុនិងសេដ្ឋកិច្ច
មួយក្តាប់តូចប៉ុណ្ណោះ ប៉ុន្តែមិនផ្តល់ឱ្យប្រជាពលរដ្ឋទូទៅ ទោះបីជាពួកគាត់ក៏ជា
ម្ចាស់ធនធានធម្មជាតិទាំងនេះដែរក៏ដោយ ។ អ្នកជំនាញឱ្យដឹងថា បញ្ហានេះគឺ
បណ្តាលមកពីការខ្វះឆន្ទៈនយោបាយ ការគ្រប់គ្រងគ្មានតម្លាភាព គ្មានច្បាប់មាន
អំពើពុករលួយ ប្រព័ន្ធបរិបាលកិច្ច ដែលជាប្រព័ន្ធប្រើប្រាស់ទ្រព្យសម្បត្តិសាធា-
រណៈដើម្បីជាផលប្រយោជន៍បក្ខពួកខ្លួន នយោបាយការិយាធិបតេយ្យដែលមន្រ្តី
រាជការមានជម្លោះដើម្បីផលប្រយោជន៍ និងរំលោភអំណាច។ល។

កង្វះការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយតម្លាភាពនៅក្នុងប្រទេសកំពុង
អភិវឌ្ឍ មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ។ នេះបើតាមសំដីរបស់បណ្ឌិតហ្គ្លែន
ម៉ាតលែក (Glen Matlack)ដែលជាសាស្ត្រាចារ្យនៅសិក្ខាល័យបរិស្ថាន និងជីវៈ
ព្រៃឈើ នៃសាកលវិទ្យាល័យអូហៃយ៉ូ សហរដ្ឋអាមេរិក ។ សាស្ត្រាចារ្យម៉ាលែក
បានប្រាប់វីអូអេក្នុងសម្ភាសន៍តាមទូរស័ព្ទថា វាជារឿងធម្មតាដែលរដ្ឋាភិបាលនៃ
ប្រទេសកំពុងអភិវឌ្ឍលក់សម្បទានទៅឱ្យឧស្សាហកម្មនិស្សារណកម្ម ហើយ
ប្រាក់ ដែលបានមកមិនបានបម្រើឱ្យផលប្រយោជន៍សាធារណៈទេ ។ គោល
នយោបាយគ្រប់គ្រងត្រូវបានធ្វើឡើងកំបាំងភ្នែកពិនិត្យពិច្ច័យរបស់សាធារណ
ជន គឺគ្មានគណនីភាព និងការតទល់មតិជាសាធារណៈទាល់តែសោះ។

សាស្ត្រាចារ្យម៉ាតលែកមានប្រសាសាន៍ថា៖ “វាជារឿងធម្មតានៃរដ្ឋាភិបាលនៅ
អាមេរិកខាងត្បូង និងអាស៊ីអគ្នេយ៍ ដែលសម្បទានត្រូវរដ្ឋាភិបាលលក់ទៅឱ្យ
ក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការ ឬក្រុមហ៊ុននិស្សារណកម្ម ហើយប្រាក់ឈ្នួល
បានទៅរដ្ឋាភិបាល ។ ជារឿយៗវាជាបញ្ហាមួយ ពីព្រោះវិក័យប័ត្រប្រាក់ឈ្នួល
ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល ។ ទោះបីជាតំបន់មានធនធានធម្មជាតិណា
ក៏ដោយ ប្រាក់ដែលបានមកពីធនធានធម្មជាតិនោះ កម្រនឹងត្រឡប់ទៅបម្រើ
ប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋានណាស់ ហើយវាងាយនឹងទទួលរងអំពើពុក
រលួយណាស់” ។

អ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញកំពូលៗក្នុងពិភពលោកផ្នែកការគ្រប់គ្រង
ធនធានធម្មជាតិ គឺបណ្ឌិត ផល ខូលីអ៊័រសាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យា
ល័យអក់ស្វ៊ត (Oxford)និងជាអ្នកនិពន្ធសៀវភៅ “The Bottom Billion” ឬ
“អ្នកក្ររាប់កោដិ៍” បានបា្រប់វីអូអេក្នុងសម្ភាសន៍តាមទូរស័ព្ទថា ចំណូលដែល
បានមកពីធនធានធម្មជាតិត្រូវតែចូលទៅក្នុងហឹបប្រាក់របស់រដ្ឋាភិបាលមិនមែន
ទៅក្រុមពាណិជ្ជករឯកជនទេ ។ លោកបន្ថែមថា ប្រជាពលរដ្ឋដែលជាម្ចាស់
ប្រទេសគឺជាម្ចាស់ធនធានធម្មជាតិ។ រដ្ឋាភិបាលជាច្រើនមិនបានចំណាយប្រាក់
ប្រកបដោយប្រសិទ្ធិភាពលើការវិនិយោគទេ ហើយចំណូលពីធនធានធម្មជាតិ
មិនស្ថិតស្ថេរជារៀងរហូតនោះទេ ។

សាស្រ្តាចារ្យ ខូលីអ៊័រ មានប្រសាសាន៍ថា៖“ប្រាក់ចំណូលត្រូវបានចំណាយយ៉ាង
ខ្ជះខ្ជាយ។ ដូច្នេះជំនួសឱ្យការចំណាយបានល្អទៅលើវិនិយោគ ពួកគេប្រើប្រាស់
ចំណូលសម្រាប់ការចំណាយសាធារណៈ ហើយវាក្លាយទៅជាចំណុចជម្លោះរវាង
អ្នកនយោបាយ ។ ខ្ញុំយល់ថា រឿងនេះបានកើតឡើងនៅប្រទេសបូលីវា។ វាជា
ចំណុចជម្លោះ ហើយលុយត្រូវបានចំណាយលើការចំណាយសាធារណៈជំនួស
ឱ្យការវិនិយោគ” ។

យោងតាមលោកសាស្ត្រចារ្យ វីលាម អាស្ស៊រ (William Ascher) អ្នកនិពន្ធ សៀវ
ភៅជាច្រើនក្បាល ដែលរួមមានសៀវភៅមួយក្បាលមានចំណងជើងថា "Why
Governments Waste Natural Resources" ឬ "ហេតុអ្វីបានជារដ្ឋាភិបាល
ខ្ជះខ្ជាយធនធានធម្មជាតិ” ឱ្យដឹងថា បុព្វហេតុធម្មតានៃបញ្ហានោះគឺថា វាមិន
ច្បាស់ទេថា អ្នកណាមានការទទួលខុសត្រូវ ឬ មានយុត្តាធិការ ដែលរឿងនេះ
បង្កើតឱ្យមានការប្រកួតប្រជែងក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល ដែលនាំឱ្យមាន
ការកេងប្រវ័ញ្ចថែមទៀតទៅលើធនធានធម្មជាតិ ។

ការដាក់ការទទួលខុសត្រូវមិនច្បាស់លាស់ក្នុងចំណោមភ្នាក់ងាររដ្ឋាភិបាល គឺជា
ឫសគល់មួយទៀតនៃបញ្ហា ។ រដ្ឋាភិបាលមួយចំនួនបង្កើតក្រុមអន្តរក្រសួង ប៉ុន្តែ
សមាជិកនៅក្នុងក្រុមប្រយុទ្ធដើម្បីអំណាចនិងផលប្រយោជន៍។ លោកសាស្ត្រា-
ចារ្យ អាស្ស៊របានពិពណ៌នាថា នេះគឺជានយោបាយការិយាធិបតេយ្យ ។

សាស្ត្រាចារ្យ អាស្ស៊រ មានប្រសាសន៍ថា៖ “ដើម្បីធ្វើកិច្ចការ ក្រសួងនិមួយៗចង់
បានអំណាចបន្ថែម យុត្តាធិការបន្ថែម និងធនធានបន្ថែម ។ ដូច្នេះ វាបានធ្វើឱ្យ
មានការប្រកួតប្រជែងគ្នាក្នុងចំណោមក្រសួងនានាក្នុងរដ្ឋាភិបាល សូម្បីតែពួក
គេមកពីគណៈបក្សតែមួយក៏ដោយ។ បញ្ហានេះត្រូវបានហៅថា នយោបាយកា-
រិយាធិបតេយ្យ ដែលជានយោបាយប្រជែងក្នុងចំណោមភ្នាក់ងារផ្សេងៗនៃរដ្ឋា
ភិបាល ។ ជួនកាលបញ្ហានេះនាំឱ្យមានគោលនយោបាយមិនល្អ ប្រសិនបើវា
មិនច្បាស់ ថាតើអ្នកណាមានយុត្តាធិការលើទិដ្ឋភាពណា” ។

លោក សូមិត វ៉ាម៉ា (Somit Varma) ប្រធាននាយកដ្ឋានគីមី រ៉ែ ឧស្ម័ន និង
ឥន្ធនៈ នៃធនាគារពិភពលោកបានប្រាប់វីអូអេផ្នែកខេមរភាសាក្នុងសម្ភាសន៍
មួយនៅក្នុងការិយាល័យរបស់លោកនៅរដ្ឋធានីវ៉ាស៊ីងតោនថា ក្រៅពីបញ្ហា(ការ
ប្រឈមមុខ)ជាច្រើនដែលប្រទេសកំពុងអភិវឌ្ឍជួបប្រទះ ការខ្វះសមត្ថភាព
ធនធានមនុស្សគឺជាបុព្វហេតុមួយដែលត្រូវយកមកពិចារណា។ ប្រទេសកំពុង
អភិវឌ្ឍជាច្រើនខ្វះអ្នកគ្រប់គ្រងមានវិជ្ជាជីវៈ និងជំនាញ ដើម្បីធ្វើកិច្ចការឱ្យមាន
ប្រសិទ្ធិភាព ។

លោក វ៉ាម៉ា មានប្រសាសាន៍ថា៖ “វិស័យមួយដែលជាការប្រឈមមុខនោះ គឺ
សមត្ថភាពធនធានមនុស្សនៅក្នុងប្រទេសដែលអនុវត្តការគ្រប់គ្រងធនធាន
ធម្មជាតិ ។ ពីព្រោះតែយើងទាំងអស់គ្នា បានធ្វើកិច្ចការអភិវឌ្ឍ យើងដឹងថា
ការកសាងសមត្ថភាពគឺជាការលំបាក។ គឺត្រូវការពេលវេលាច្រើនឆ្នាំក្នុងការ
កសាងសមត្ថភាព ។ វាមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែអ្នកត្រូវការរដ្ឋា
ភិបាលដែលមានការប្តេជ្ញាចិត្ត” ។

អ្នកជំនាញឱ្យដឹងទៀតថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើន ប្រព័ន្ធនយោ
បាយបរិបាលកិច្ចត្រូវបានអនុវត្តន៍ ដែលក្នុងនោះធនធានរបស់ជាតិដែលរួម
មានធនធានធម្មជាតិ ត្រូវបានប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់បុគ្គលក្រុម
គ្រួសារនិងក្រុមជនជាតិផ្សេងៗសម្រាប់ការគាំទ្ររបស់ពួកគេក្នុងការបោះឆ្នោត
តាមរយៈអំណោយខុសច្បាប់ ការប្រគល់តួនាទីក្នុងរដ្ឋាភិបាល ឬកិច្ចសន្យារដ្ឋា
ភិបាល ។ នេះក៏ជាបុព្វហេតុនៃកំហុសក្នុងការគ្រប់គ្រងធនធានធម្មជាតិដែរ។ រដ្ឋាភិបាលមួយចំនួនក្នុងប្រទេសកំពុងអភិវឌ្ឍបានដឹងនិងទទួលស្គាល់បុព្វហេតុ
នៃបញ្ហា ប៉ុន្តែរដ្ឋាភិបាលខ្លះមិនដឹង ឬដឹងដែរតែធ្វើព្រងើយកន្តើយ ។ ទោះបីជា
រដ្ឋាភិបាលដឹង ឬ មិនដឹងរដ្ឋាភិបាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើនធ្វើ
ព្រងើយកន្តើយ ឬមិនមានឆន្ទៈនយោបាយក្នុងការធ្វើឱ្យប្រសើរឡើង ពីព្រោះ
ប្រព័ន្ធសម្រាប់វិសមភាពក្នុងការបែងចែកប្រយោជន៍នេះ ផ្តល់ផលប្រយោជន៍
ភាគច្រើនទៅដល់ឥរស្សជនមួយក្តាប់តូច គ្រួសាររបស់ពួកគេនឹងបក្សពួកជំនួញ
របស់ពួគគេ៕ចប់

អត្ថបទ​ទាក់ទង

XS
SM
MD
LG