ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ពកម្ពុជា និងថៃ: បញ្ចប់ប្រទូស្តរាយដោយអាវុធ


មេបញ្ជាការកងទ័ពជាន់ខ្ពស់របស់ប្រទេសកម្ពុជានិងប្រទេសថៃបានជួបពិភាក្សា
គ្នានៅថ្ងៃច័ន្ទនេះ ដើម្បីបញ្ចប់ការយល់ច្រឡំគ្នា អំពីការហោះហើររបស់យន្តហោះ
ចម្បាំងថៃរំលោភចូលមកមកក្នុងប្រទេសកម្ពុជាជម្រៅប្រមាណ ៣០ គីឡូម៉ែត្រ ខណៈដែលកងទ័ពនៃប្រទេសទាំងពីរបានប្រឈមមុខគ្នាដោយអាវុធនៅតំបន់
ព្រំដែនគោក និងសមុទ្រកាលពីខែមុន។

លោកអគ្គមេបញ្ជាកងទ័ពអាកាសថៃItthaporn Subhawongបានជួបពិភាក្សា
ការងារជាមួយលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេសកម្ពុជា លោកនាយ
ឧត្តមសេនីយ៍ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនិងលោក
ឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពអាកាសកម្ពុជា។

លោកឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារប្រទេស
កម្ពុជា បានថ្លែងប្រាប់ VOAថា នៅក្នុងអំឡុងពេលជួបពិភាក្សាគ្នា លោកអគ្គ
មេបញ្ជាការកងទ័ពអាកាសថៃ Itthaporn Subhawong បានស្នើសុំដល់ភាគី
កម្ពុជាឱ្យមានការយោគយល់និងអធ្យាស្រ័យចំពោះការហោះហើរចូលក្នុងដែន
អាកាសកម្ពុជាក្នុងពេលកន្លងមក។

លោក Itthaporn Subhawong បានបញ្ជាក់ប្រាប់ភាគីកម្ពុជាថា យើងរួមគ្នា
ពិនិត្យនិងដោះស្រាយបញ្ហានេះដើម្បីកុំឱ្យជះឥទ្ធិពលដល់ទំនាក់ទំនងល្អប្រសើរ
រវាងកងទ័ពនៃប្រទេសទាំង២ ពីព្រោះអាកាសធាតុមិនល្អ ឬការវង្វេងផែនទីនៅ
ក្នុងពេលហោះហើរហ្វឹកហាត់ ហើយបើមានការប៉ះពាល់ដល់អធិបតេយ្យភាព
របស់ប្រទេសកម្ពុជាយើងកុំយករឿងនេះជារឿងទំនាស់ព្រំដែននិងទំនាស់រវាង
ប្រទេសទាំងពីរ។

"កុំយករឿងហ្នឹងទៅជាបញ្ហានយោបាយ និងបញ្ហារំលោភឈ្លានពានគ្នាអី។ ជា
ធម្មតាលោកអគ្គមេបញ្ជាការកងទ័ពអាកាសថៃគោរពអធិបតេយ្យភាពនិងបូរណ
ភាពទឹកដីរបស់យើងណាស់។គាត់បានចាត់ទុកថា នេះជាបញ្ហាសំខាន់ណាស់។
គាត់គ្មានបំណងចង់រំលោភឬគ្មានបំណងចង់បំពានលើដែនអាកាសរបស់យើង
ទេ។ប៉ុន្តែដោយសារបញ្ហាអាកាសធាតុឬបញ្ហាអ្នកបើកបរថ្មីដែលមានហ្វឹកហាត់
និងមានការជ្រុលជ្រោះអី សូមឱ្យ(ភាគីកម្ពុជា)ពិចារណា និងអធ្យាស្រ័យ"។

លោកឈុំ សុជាតិបានថ្លែងថា ភាគីកម្ពុជាបានឯកភាពចំពោះឧប្បតិ្តហេតុបែប
នេះ ហើយប្រទេសកម្ពុជានឹងមិនធ្វើសង្គ្រាមជាមួយប្រទេសថៃតទៅទៀតទេ
ពីព្រោះកងទ័ពកម្ពុជាជាង៥០% បានដកចេញពីតំបន់ប្រាសាទព្រះវិហារ។

នៅក្នុងខែសីហា យន្តហោះចម្បាំងថៃបានហោះរំលោភចូលក្នុងប្រទេសកម្ពុជា
ចំនួន៣លើក លើខេត្តប៉ៃលិន និងយន្តហោះស៊ើបការណ៍ថៃ បានហោះចំនួន
ជាង១០លើករំលោភចូលតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារដែលមានការ
ប្រឈមមុខគ្នាដោយកម្លាំងយោធារវាងប្រទេសជិតខាងទាំងពីរ។ លោកនាយក
រដ្ឋមន្ត្រីហ៊ុន សែនបានព្រមានថា លោក បញ្ជាឱ្យបាញ់ទម្លាក់យន្តហោះថៃណា
ដែលបានរំលោភចូលដែនអាកាសកម្ពុជា។

លោកឈុំ សុជាតិបានបញ្ជាក់ថា ទស្សនកិច្ចនេះមានសារៈសំខាន់ខ្លាំងណាស់
ដើម្បីបន្ធូរបន្ថយភាពតានតឹង ផ្នែកយោធានៅតាមតំបន់ព្រំដែនរវាងប្រទេស
កម្ពុជា និងថៃ ក្នុងការឈានទៅរកសន្តិភាព និងការអភិវឌ្ឍន៍ ។ ទស្សនកិច្ច
របស់មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសថៃនៅកម្ពុជានេះ គឺជំរុញឱ្យកិច្ច
សហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងថៃជាពិសេសការស្វែងរកសន្តិភាព
តាមរយៈការចរចាទ្វេភាគីកាន់តែមានសន្ទុះលឿនឡើងទៅមុខទៀត និងមាន
លទ្ធផលល្អប្រសើរជំរុញដល់ការបោះបង្គោលព្រំដែន និងការទំនាក់ទំនងល្អ
ប្រសើរឈានទៅការអភិវឌ្ឍន៍ប្រទេស និងបន្ថយភាពតានតឹងដោយអាវុធ។

ភាគីកម្ពុជា បានស្នើសុំភាគីថៃឱ្យជួយហ្វឹកហាត់នាយទាហានកម្ពុជាផ្នែកទ័ព
អាកាស និងបច្ចេកទេសនៅក្នុងប្រទេសថៃ ហើយលោកអគ្គមេបញ្ជាការកង
ទ័ពអាកាសថៃ បានស្វាគមន៍សំណើនេះ។

ទស្សនកិច្ចរបស់មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពអាកាសថៃនៅកម្ពុជានេះបាន
ធ្វើឡើង បន្ទាប់ពីលោករដ្ឋមន្ត្រីការបរទេសថៃ បានចូលមកទស្សនានៅតំបន់
ប្រាសាទព្រះវិហារកាលពីថ្ងៃអាទិត្យ៕ ចប់

XS
SM
MD
LG