ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និពន្ធនាយកជាប់ពន្ធនាគារ សុំទោសលោកសុខ អាន


និពន្ធនាយកកាសែតប្រឆាំងបានសម្តែងនូវការសោកស្តាយចំពោះកំហុសនៃការ
ផ្សាយព័ត៌មានមិនពិត និង សុំការលើកលែងទោស ពីលោកឧបនាយករដ្ឋមន្ត្រី
សុខ អាន។

លោកហង្ស ចក្រា និពន្ធនាយកកាសែតគាំទ្រគណបក្សប្រឆាំង ដែលកំពុងជាប់
ពន្ធនាគារ បានសរសេរលិខិតសុំទោស ដល់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន
នៅថ្ងៃសុក្រនេះ ដើម្បីឱ្យបានរួចផុតពីទោសជាប់ពន្ធនាគារ។

តុលាការក្រុងភ្នំពេញបានកាត់ទោសលោក ហង្ស ចក្រា និពន្ធនាយកកាសែតខែ្មរ
ម្ចាស់ស្រុក ដែលលំអៀងទៅរកគណបក្សប្រឆាំង ឱ្យជាប់ពន្ធនាគារចំនួន ១ ឆ្នាំ
និងពិន័យជាប្រាក់ចំនួន៩លានរៀល ស្មើនិង ២២៥០ដុល្លារអាមេរិក កាលពីចុង
ខែកក្កដា ចំពោះការចោទក្រាន់ក្រុមមន្ត្រីនៅជុំវិញលោក សុខ អាន រដ្ឋមន្ត្រីប្រចាំ
ទីស្តីការគណៈរដ្ឋមន្ត្រី អំពីការប្រព្រឹត្តអំពើពុករលួយ ។ ការសុំទោសរបស់លោក
ហង្ស ចក្រានេះ បានធ្វើឡើងបន្ទាប់ពីលោកបានជាប់ពន្ធនាគារចំនួនជិត២ខែនិង
ស្របពេលដែលក្រុមសមាជិកសភាគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស បានធ្វើសក្ខីកម្មអំពីស្ថានភាពសិទ្ធិមនុស្សមិនល្អ និងអំពើពុករលួយនៅកម្ពុជានៅ
ចំពោះមុខគណៈកម្មការសិទ្ធិមនុស្សរបស់លោកTom Lantosនៃសភាអាមេរិក។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី
បានថ្លែងប្រាប់VOAថា លោកបានទទួលលិខិតសុំទោសរបស់លោកហង្ស ចក្រា ដើម្បីសុំការអនុគ្រោះពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ហើយយើងនឹងដាក់
ជូនលោកឧបនាយករដ្ឋមន្ត្រីនៅថ្ងៃចន្ទ។

“នៅក្នុងលិខិតសុំទោសនេះ លោកហង្ស ចក្រា បានមានប្រសាសន៍ថា លោក
ទទួលកំហុសនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយមានការសោកស្តាយអំពី
ការនិយាយនៅក្នុងអត្ថបទខ្លះដែលប៉ះពាល់ដល់កិត្តិយសរបស់លោកឧបនាយក
រដ្ឋមន្ត្រី។ លោកសុំទទួលខុសហើយ និងសុំលើកលែងទោស”។

លិខិតសុំទោសរបស់គ្រួសារលោកហង្ស ចក្រា ដែលបានភ្ជាប់ជាមួយលិខិតរបស់
លោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជូនមកលោកសុខ អាន រដ្ឋ
មន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ផៃ ស៊ីផាន បានថ្លែងថា ការសុំទោសនេះគួរតែកើតមានមុនពេលតុលា
ការសម្រេចក្តីដើម្បីងាយស្រួលដោះស្រាយ ពីព្រោះរដ្ឋាភិបាលចង់ឃើញការ
ផ្សាយព័ត៌មានគោរពតាមវិជ្ជាជីវៈ និងក្រមសីលធម៌នៃអ្នកសារព័ត៌មាន។ ប៉ុន្តែ
សំណុំរឿងរបស់លោក ហង្ស ចក្រា កំពុងស្ថិតនៅក្នុងអំណាចរបស់តុលាការ។

លោកផៃ ស៊ីផានបានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានសិទ្ធិយក
សំណើរបស់លោក ហង្ស ចក្រា នេះស្នើទូលថ្វាយព្រះមហាក្សត្រដើម្បីសុំការ
លើកលែងទោស។

“លោក ហង្ស ចក្រា រហូតមកដល់ពេលនេះ លោកបានបម្រើពេញអ្វីដែលយើង
យល់ឃើញថា លោកអាចមានឱកាសសុំលើកលែងទោស តាមរយៈរាជរដ្ឋាភិ
បាលស្នើដោយសម្តេចនាយករដ្ឋមន្ត្រី ឡើងទៅព្រះមហាក្សត្រ ទៅតាមរយៈនៃ
ឱកាសបុណ្យទាន ដូចជាបុណ្យភ្ជុំបិណ្ឌ បុណ្យអកអំបុក និងពិធីបុណ្យជាតិធំៗ
ដែលបង្ហាញពីសីលធម៌ គេអាចលើកលែងទោសបាន”។

ក្រុមសមាគមការពារសិទ្ធិអ្នកកាសែតនៅកម្ពុជា បានស្នើសុំការលើកលែងទោស
ពីព្រះមហាក្សត្រចំពោះលោកហង្ស ចក្រា ហើយព្រះមហាក្សត្រស្តេចបានបញ្ជូន
សំណើនេះទៅក្រសួងយុត្តិធម៌ កាលពីខែសីហា ក៏ប៉ុន្តែមកដល់ពេលនេះ នៅ
មិនទាន់មានលទ្ធផលនៅឡើយទេ៕ ចប់

XS
SM
MD
LG