ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នារីរងគ្រោះការជួញដូរផ្លូវភេទ ទទួលរង្វាន់នៅស.រ.អា.


នារីរងគ្រោះដោយសារអំពើជួញដូរផ្លូវភេទម្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួល
រង្វាន់ចំនួន២ម៉ឺនដុល្លារពីអង្គការក្រៅរដ្ឋាភិបាលមួយរបស់សហរដ្ឋអាមេរិកចំពោះ
កិច្ចខិតខំប្រឹងប្រែងរបស់នាងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើទាសភាពផ្លូវភេទនៅ
កម្ពុជា។

កុំថាឡើយទៅដល់ទទួលបានរង្វាន់រាប់ម៉ឺនដុល្លារនោះ សូម្បីពន្លឺថ្ងៃក៏វ៉ាន់ស៊ីណា
គិតថា នាងនឹងលែងបានមើលឃើញទៅហើយ ក្រោយពីនាងត្រូវគេចាប់ឃុំទុក
នៅក្នុងបន្ទប់ក្រោមដីនៃផ្ទះបនមួយក្នុងក្រុងភ្នំពេញកាលពីជាង១០ឆ្នាំមុននោះ។

វ៉ាន់ ស៊ីណា ត្រូវគេជួញដូរពីប្រទេសវៀតណាមឱ្យមកធ្វើជាទាសករបំរើផ្លូវភេទ
នៅក្នុងប្រទេសកម្ពុជា តាំងពីនាងមានអាយុទើបបាន១៣ឆ្នាំម្ល៉េះ ។ បច្ចុប្បន្ន
អាយុ២៦ឆ្នាំ វ៉ាន់ ស៊ីណាធ្លាប់ត្រូវមេបនបង្ខំឱ្យទទួលភ្លៀវពី ២០ទៅ ៣០នាក់ជា
រៀងរាល់ថ្ងៃ។

ដើម្បីគេចពីការវាយដំនិងការឆក់ខ្សែភ្លើងពីសំណាក់មេបន ស៊ីណា ត្រូវបង្ខំចិត្ត
ញញឹមដាក់ភ្លៀវគ្រប់រូប ដែលមកស្វែងរកការសប្បាយជាមួយទឹកភ្នែកបង្កប់ដ៏
សែនឈឺចាប់របស់នាង។

សំណាងល្អ នាងស៊ីណាត្រូវអង្គការAfesipសង្រ្គោះឱ្យចេញពីទាសភាពផ្លូវភេទ
នេះនៅឆ្នាំ១៩៩៩ពេលនាងអាយុបាន១៦ឆ្នាំ។

សេរីភាពថ្មីនេះបានធ្វើឱ្យស៊ីណាក្រោកឈរឡើងវាយប្រយុទ្ធវិញប្រឆាំងនឹងអំពើ
ទាសភាពផ្លូវភេទទៅលើកុមារី និងស្រ្តីវ័យក្មេងនៅក្នុងប្រទេសកម្ពុជានេះ រហូត
ធ្វើឱ្យអង្គការប្រយុទ្ធប្រឆាំងទាសភាព របស់សហរដ្ឋអាមេរិកមួយឈ្មោះថា ដោះ
លែងទាសករ ឬ Free The Slaves ជ្រើសរើសនាងជាជ័យលាភី សេរីភាពប្រចាំ
ឆ្នាំ២០០៩ និង ប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន២ម៉ឺនដុល្លារអាមេរិកដល់រូបនាង
ទៀតផង។

វ៉ាន់ ស៊ីណា និយាយថា រង្វាន់ដែលនាងទទួលបាននេះគឺបានដោយសារតែជន
រងគ្រោះនៃការជួញដូរផ្លូវភេទដែលនាងបានជួយសង្រ្គោះនឹងគ្រាំទ្រ។

“ខ្ញុំគិតថា ២ម៉ឺនដុល្លារ វាច្រើនសម្រាប់គ្រួសារខ្ញុំ សម្រាប់ខ្ញុំមែន។ ក៏ប៉ុន្តែបើយើង
ក្រឡេកមើលជនរងគ្រោះ បើសិនជាគ្មានគាត់ ខ្ញុំក៏គ្មាន២ម៉ឺនដុល្លារហ្នឹងមកដែរ
ហើយក៏គ្មាន រង្វាន់ហ្នឹងសម្រាប់ខ្ញុំដូចគ្នា"។

រង្វាន់សេរីភាពឬ Freedom Award របស់អង្គការដោះលែងទាសករ Free The
Slavesនេះត្រូវប្រគល់ទៅដល់តែបុគ្គលណាដែលរស់រានមានជីវិតពីអំពើទាស
ភាព ហើយកំពុងប្រើប្រាស់ជីវិតរបស់ខ្លួនដើម្បីជួយដល់ជនរងគ្រោះដទៃទៀត
វិញតែប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័ររបស់អង្គកា រFree The Slaves
នេះដែលបានប្រកាសជ័យលាភីរង្វាន់សេរីភាពឆ្នាំ ២០០៩ នេះដល់សកម្មជន
ប្រឆាំងអំពើទាសភាពចំនួន៣រូប នៅក្នុងប្រទេសឥណ្ឌា ប៉ាគីស្ថាននិងកម្ពុជា។

វ៉ាន់ ស៊ីណា ពេលនេះគឺជាអ្នកដឹកនាំកម្មវិធី "សម្លេងជនរងគ្រោះដើម្បីការផ្លាស់
ប្តូរ” ឬ Voices For Change របស់មូលនិធិម៉ម សុម៉ាលី។ មូលនិធិដែលដាក់
ឈ្មោះតាមសកម្មជនប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរផ្លូវភេទដ៏ល្បីល្បាញគឺអ្នក
ស្រី ម៉ម សុម៉ាលី ជានាយិកានៃអង្គការ Afesip។

មុនពេលត្រូវបានជួយសង្រ្គោះដោយអង្គការ Afesip កាលពី១០ឆ្នាំមុន ស៊ីណា
ត្រូវមេបនយកពីកន្លែងមួយទៅកន្លែងមួយដើម្បីឱ្យបម្រើផ្លូវភេទ បើទោះជានាង
នៅតូច ហើយរាងកាយរបស់នាងពុំទាន់វិវឌ្ឍទៅជាស្រ្តីពេញលេញក៏ដោយ។
“ការឈឺចាប់របស់ខ្ញុំ ធ្វើឱ្យខ្ញុំមានថ្ងៃនេះ ។ មេបនទាំងអស់ហ្នឹងហើយធ្វើឱ្យខ្ញុំ
មានថ្ងៃនេះ ព្រោះហេតុអីគាត់ធ្វើបាបខ្ញុំពីក្មេង។ ខ្ញុំធំឡើងដោយក្តីឈឺចាប់។ ខ្ញុំ
ធំឡើងដោយអំពើហិង្សា ហើយអំពើហិង្សាហ្នឹងហើយដែលខ្ញុំមិនចង់ឱ្យអ្នកណា
ទៅជួបទៀតទេ”។

ដោយធ្លាប់ឆ្លងកាត់ដោយខ្លួនឯង វ៉ាន់ស៊ីណាយល់ច្បាស់ពីអារម្មណ៍ និង ទុក្ខ
វេទនារបស់ស្រ្តី និង ក្មេងស្រីរងគ្រោះដោយសារអំពើទាសភាពផ្លូវភេទនេះ ។
ស៊ីណា បានចុះជាប់ជាប្រចាំទៅតាមផ្ទះបន ហាងខារ៉ាអូខេនិងក្លឹបកំសាន្តមួយ
ចំនួននៅក្នុងរាជធានីភ្នំពេញដើម្បីព្យាយាមដកយកស្រ្តី និងកុមារីដែលរងគ្រោះ
ដោយការកេងប្រវ័ញ្ចផ្លូវភេទចេញពីទាសភាពសម័យទំនើបនេះ។

“យើងឃើញគាត់អង្គុយក្នុងផ្ទះបន យើងឃើញគាត់ញញឹមញញែមទទួលភ្ញៀវ
ប៉ុន្តែយើងមើល ប្រស្រីភ្នែកគាត់ គាត់មានការលាក់បាំងអីខ្លះ ពីព្រោះពេលអស់
លោកយកគាត់ទៅគេងជាមួយ គាត់ញញឹមដាក់អស់លោកខ្លាំងមែនទែន ។
គាត់រីករាយនឹងទទួលអស់លោកណាស់ ប៉ុន្តែនៅក្នុងក្រសែភ្នែកគាត់ គាត់លាក់
អីខ្លះ។ បើសិនគាត់មិនរកឱ្យបានតាមគេកំណត់ទេ គេវាយគាត់ អញ្ចឹងហើយ
គាត់ត្រូវតែញញឹមទទួលនូវអ្វីដែលគាត់មិនចង់ធ្វើ ក៏ត្រូវតែធ្វើដែរ” ។

ក្រៅពីសុខចិត្តបូជាខ្លួនប្រឈរមុខជាមួយមេបនហើយនោះ អតីតជនរងគ្រោះ
ដោយការជួញដូរផ្លូវភេទ វ៉ាន់ ស៊ីណាក៏បានដាក់ជីវិតរបស់នាងនៅក្នុងកិច្ចការ
ជួយគាំទ្រ លើកទឹកចិត្តនិងបង្កើនសេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដល់ជនរងគ្រោះ
ដោយសារការជួញដូរផ្លូវភេទ និង ការកេងប្រវ័ញ្ចផ្លូវភេទរាប់ពាន់នាក់ផ្សេងទៀត
នៅក្នុងប្រទេសកម្ពុជានេះផងដែរ។

ស៊ីណា និយាយថា រង្វាន់ដែលនាងទទួលបាននេះនឹងលើកទឹកចិត្តឱ្យជនរង
គ្រោះដទៃទៀត ក្រោកឈរឡើងប្រឆាំងតទល់វិញនឹងអំពើទាសភាពផ្លូវភេទ
ដែលពួកគេធ្លាប់ឆ្លងកាត់។

គួរបញ្ជាក់ថា វ៉ាន់ ស៊ីណានឹងចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យនេះ
ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ និង វគ្គបណ្តុះបណ្តាលមួយចំនួន មុននឹងទៅ
ទទួលរង្វាន់ជ័យលាភីសេរីភាពឆ្នាំ២០០៩របស់នាងដែលនឹងត្រូវធ្វើឡើងនៅក្នុង
រដ្ឋLos Angeles នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៩ខាងមុខនេះ៕

XS
SM
MD
LG