ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីទូតខ្មែររិះគន់សវនាការគណៈ កម្មការសិទ្ធិមនុស្សសភាអាមេរិក


កាលពីម្សិលម៉ិញនេះរដ្ឋាភិបាលកម្ពុជាបានចេញប្រតិកម្មរិះគន់សវនាការនៅថ្ងៃ
នេះរបស់គណៈកម្មការសិទ្ធិមនុស្សTom Lantosរបស់សភាតំណាងរាស្រ្តសហ
រដ្ឋអាមេរិកអំពីស្ថានភាពសិទ្ធិមនុស្ស និងប្រព័ន្ធតុលាការនៅកម្ពុជា ដោយអះ
អាងថា សវនាការនេះគ្មានតុល្យភាព ដោយមិនមានការអញ្ជើញភាគីរដ្ឋាភិបាល
ចូលរួម។

ក្នុងបទសម្ភាសន៍ពិសេសជាមួយ VOA សម្លេងស.រ.អា.កាលពីល្ងាចម៉ិញនៅ
ក្នុងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាក្នុងរដ្ឋធានី Washington លោក
ហែម ហេង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកបានរិះគន់ថា សវនាការ
របស់គណៈកម្មការសិទ្ធិមនុស្ស Tom Lantos នេះធ្វើឡើងដោយលំអៀងទៅ
រកគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល នៅកម្ពុជា។

“នៅក្នុងសវនាការនេះ យើងអាចដឹងជាស្រេចហើយថា ដោយសារគេអញ្ជើញតែ
គណបក្សប្រឆាំង តែអង្គការក្រៅរដ្ឋាភិបាល បានសេចក្តីថា គឺគេលំអៀងទៅ
ហើយ ។ គេមានការលំអៀងទៅភាគីម្ខាង ។ ធម្មតាសវនាការត្រូវមានភាគីពីរ
ឡើងទៅ ។ ដូច្នេះគេយកតែភាគីមួយ ស្តាប់តែភាគីមួយ អញ្ចឹងសវនាការនេះ
មានភាពលំអៀងទៅខាងគណបក្សប្រឆាំង”។

ទោះជាយ៉ាងណាក្តី សវនាការនៅថ្ងៃនេះគឺជាសវនាការសាធារណៈដែលស្វា-
គមន៍គ្រប់ភាគីពាក់ព័ន្ធ។ ថ្វីបើលោកហែម ហេង មានប្រតិកម្មខ្លាំងក្លាប្រឆាំង
សវនាការនេះក្តី ក៏លោកអះអាងថា សវនាការនេះមិនផ្លូវការទេ។

សវនាការអំពីសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជានេះគ្រោងធ្វើឡើងនៅរសៀល
ថ្ងៃព្រហស្បតិ៍នេះក្នុងរដ្ឋធានី Washington។ លោកស្រីមួ សុខហួ តំណាង
រាស្រ្តខេត្តកំពតមកពីខាងគណបក្សសម រង្សី ដែលថ្មីៗត្រូវបានតុលាការដក
អភ័យឯកសិទ្ធិ លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ និង លោក
មឿន តុលា នាយកកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ត្រូវ
បានគេអញ្ជើញឱ្យចូលរួមផ្តល់កសិណសាក្សីក្នុងសវនាការនោះ។

កាលពីព្រឹកថ្ងៃពុធ ស្ថានទូតកម្ពុជាប្រចាំក្នុងរដ្ឋធានី Washington បានចេញ
សេចក្តីថែ្លងការណ៍មួយដែលអះអាងថា ស្ថានការណ៍សិទ្ធិមនុស្ស និងសេរីភាព
ក្នុងការបញ្ចេញមតិនៅកម្ពុជាកំពុងវិវឌ្ឃន៍ទៅមុខ ចាប់តាំងពីឆ្នាំ១៩៩៣មក។

លោកហែម ហេងបានអះអាងដូច្នេះថា “នៅកម្ពុជា បច្ចុប្បន្ននេះមានអង្គការ
សង្គមស៊ីវិលរាប់ពាន់ មានសេរីភាពសារព័ត៌ និង មានសហជីពកំពុងដំណើរ
ការនៅកម្ពុជា។ នៅក្នុងចំណោមនេះ មានអង្គការសិទ្ធិមនុស្សអន្តរជាតិយ៉ាង
តិច១១។ ក្រៅពីនេះ មានទីស្នាក់ការនៃឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិ
មនុស្សរបស់អង្គការសហប្រជាជាតិ”។

ក៏ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានិយាយថា ស្ថានភាពសិទ្ធិមនុស្ស
សេរីភាពសារព័ត៌មាន ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកំពុងមានការអន់
ថយដែលនាំអោយមានការព្រួយបារម្ភ។ នៅក្នុងបទសម្ភាសន៍ជាមួយ វីអូអេ
តាមទូរស័ព្ទកាលពីពេលថ្មីៗនេះ លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស
កម្ពុជាបានថ្លែងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងមានភាពធ្ងន់ធ្ងរទៅៗ
បើប្រៀបធៀបនឹង៤ឆ្នាំមុន។

“កាលពីឆ្នាំ២០០៥ មានការចាប់ខ្លួន មានការប្តឹងរង្គាល ហើយក៏មានស្ថានភាព
ធូរស្បើយ ហើយដល់ពេលឆ្នាំ២០០៩នេះ យើងឃើញមានការចាប់ខ្លួន និងការ
គំរាមកំហែងថែមទៀត”។

ចំណែកឯអង្គការការពារសិទ្ធិមនុស្ស Adhoc និយាយថា វប្បធម៌និទណ្ឌភាពក៏
នៅមិនទាន់មានការដោះស្រាយ និងចាត់វិធានការអោយបានសមស្របដោយ
រដ្ឋាភិបាលនោះដែរ។

លោកចាន់ សូវេត អ្នកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់អង្គការ Adhoc មាន
ប្រសាសន៍ថា អំពើហិង្សាផ្នែកនយោបាយនៅកម្ពុជាមិនទទួលបានយុត្តិធម៌ទេ។

“និទណ្ឌភាពនៅក្នុងស្រុកខែ្មរយើងហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃចេះតែគរទៅៗ ច្រើន
ទៅៗ។ ក្រោយពីស្លាប់ហើយស្ងាត់ៗ វាជាការមួយដែលគួរឱ្យភ័យខ្លាចនិងព្រួយ
បារម្ភ។ ថ្មីៗកន្លងមកនេះ ឃើញអ្នកកាសែតមួយចំនួនក៏ជាប់ពន្ធធនាគារ”។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០០៩របស់ខ្លួន អង្គការសិទ្ធិមនុស្ស Freedom
House ដែលឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សជុំវិញពិភពលោក បានវាយតម្លៃ
ថា ប្រទេសកម្ពុជាពុំមានសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិឡើយ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានអះអាងជារឿយៗថា កម្ពុជាកំពុងមានសេរីភាព
ក្នុងការបញ្ចេញមតិយ៉ាងបរិបូរណ៌៕

XS
SM
MD
LG