ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការភ្នំពេញបើកសវនាការកាត់ទោស តំណាងរាស្ត្រ និងអ្នកកាសែត


តុលាការក្រុងភ្នំពេញបានបើកសវនាការកាត់ទោសអ្នកតំណាងរាស្ត្រមួយរូប និង
អ្នកកាសែតចំនួនពីររូប នៅថ្ងៃពុធនេះ ក៏ប៉ុន្តែចៅក្រមជំនុំជម្រះថ្លែងថា សាល
ក្រមនឹងត្រូវប្រកាសនៅថ្ងៃទី ២២ ខាងមុខនេះ។

តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធនេះ បានបើកសវនាការ
កាត់ទោសតំណាងរាស្រ្តគណបក្សប្រឆាំងមួយរូប និងអ្នកសារព័ត៌មានកាសែត
បរទេសចំនួនពីររូបក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងពីបទផ្សាយព័ត៌
មានបរិហារកេរ្តិ៍បន្ត ក្រោយពីមានពាក្យបណ្តឹងដែលប្តឹងដោយមន្ត្រីយោធាជាន់
ខ្ពស់ចំនួន ២២ រូប។

លោក ហូ វ៉ាន់ តំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ដែលត្រូវសភាព្យួរអភ័យ
ឯកសិទ្ធិនិងលោកនៅ វណ្ណារិន អ្នកយកព័ត៌មានរបស់កាសែតឌឹឃែមបូឌាដេលី
អវត្តមាននៅក្នុងសវនាការ ចំណែកលោក ខេវីន ដូល (Kevin Doyle) និពន្ធនា
យករបស់កាសែតឌឹ ឃែមបូឌា ដេលីមានវត្តមានក្នុងសវនាការនោះ រួមជាមួយ
និងមេធាវីរបស់លោក នៅ វណ្ណារិន ចំនួនមួយរូប និង មេធាវីចំនួន ២ រូប ដែល
តំណាងឱ្យក្រុមមន្ត្រីយោធា។

លោកហូ វ៉ាន់ ត្រូវបានមន្ត្រីយោធាចំនួន២២រូបប្តឹងកាលពីចុងខែមេសាកន្លងទៅ
ពីបទបរិហារកេរ្តិ៍ដោយសារមន្ត្រីទាំងនេះមិនសប្បាយចិត្តនឹងអត្ថាធិប្បាយរបស់
លោកនៅលើទំព័រកាសែតឌឹ ឃែមបូឌា ដេលីចុះផ្សាយកាលពីថ្ងៃទី២១ខែមេសា
ឆ្នាំ២០០៩ ពាក់ព័ន្ធនឹងគុណភាពនៃសញ្ញាប័ត្ររបស់ពួកគេ។ ពាក់ព័ន្ធនឹងពាក្យ
បណ្តឹងដដែលនេះ ក្រោយមកទៀត តំណាងអយ្យការក៏បានធ្វើការចោទប្រកាន់
លោកនៅ វណ្ណារិន ដែលជាអ្នកយកព័ត៌មាននេះ និង លោកខេវីន ដូល ពីបទ
ផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត។

មន្ត្រីយោធាកម្ពុជាជាង ២០ រូប កាលពីខែមេសា ឆ្នាំ ២០០៩ នេះ បានទទួល
សញ្ញាប័ត្របញ្ចប់ការសិក្សាពីប្រទេសវៀតណាម ហើយក៏ទទួលបានការសរសើរ
ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ថ្លែងនៅក្នុងសវនាការនៅថ្ងៃពុធនេះ លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញារងអម
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានអានខ្លឹមសារអត្ថាធិប្បាយរបស់លោក
ហូ វ៉ាន់ក្នុងកាសែត ឌឹ ឃែមបូឌា ដេលីដែលសរសេរថា "សញ្ញាប័ត្រដែលត្រូវ
បានផ្តល់ឱ្យនេះ គ្រាន់តែដើម្បីពង្រឹងអំណាចរបស់អ្នកទទួល ទៅលើកូនចៅ
របស់ពួកគេប៉ុណ្ណោះ ប៉ុន្តែគុណភាពរបស់សញ្ញាប័ត្រគឺគ្មានតម្លៃ"។

ជាមួយគ្នានោះលោកហ៊ឹង ប៊ុនជាបានចោទសួរលោក ខេវីន ដូល ថាតើការចុះ
ផ្សាយអត្ថបទបែបនេះដឹងថា ប៉ះពាល់ដល់កិត្តិយសរបស់គេដែរឬទេ? លោក
ខេវីនដូល បានឆ្លើយថា នេះមិនមែនជាកំហុសរបស់លោកទេ តែជាទស្សនៈ
របស់លោកហូ វ៉ាន់។

ចំណែកលោក ហូ វ៉ាន់ ដែលពុំមានមេធាវីការពារក្តីបានផ្ញើរលិខិតមួយច្បាប់ទៅ
អង្គសវនាការដែលអានដោយក្រឡាបញ្ជី ។ លិខិតនេះបានបដិសេធថា លោក
មិនបានបរិហារកេរ្តិ៍មន្ត្រីយោធាទាំងនេះទេ ហើយបាន លើកឡើងថា កាសែត
ឌឹ ឃែមបូឌា ដេលី បានស្រង់សម្តីរបស់លោកខុស។

តាមរយៈលិខិតដដែលនោះ លោក ហូ វ៉ាន់ ក៏បានបញ្ជាក់ថា លោកបានស្នើ
សុំឱ្យកាសែតនេះចុះផ្សាយលិខិតនៅថ្ងៃបន្ទាប់ តែកាសែតនេះ ចុះផ្សាយលិខិត
របស់លោកបានតែភាសាអង់គ្លេស ចំណែកភាសាខ្មែរ គឺមិនបានចុះផ្សាយទេ។

ទោះជាយ៉ាងនេះក៏ដោយ លោកនៅ វណ្ណារិន តាមរយៈលិខិតចម្លើយរបស់លោក
ដែលអានដោយក្រឡាបញ្ជីដែរ បានរក្សាជំហរនៃអត្ថបទរបស់លោកដដែល។

តាមរយៈលិខិតចម្លើយដដែលនោះ លោក នៅ វណ្ណារិន បញ្ជាក់ថា លោកធ្លាប់
បានទទួលលិខិតពីលោកហូ វ៉ាន់ ហើយលោកអះអាងថា ប៉ុន្តែលិខិតនោះពុំមែន
ជាលិខិតកែតម្រូវទេ។

មេធាវីមួយរូបតំណាងឱ្យក្រុមមន្ត្រីយោធា បានទាមទារឱ្យលោក ហូ វ៉ាន់ សង
សំណងជំងឺចិត្តដល់កូនក្តីរបស់លោកទាំង២២រូប ក្នុងម្នាក់ៗចំនួន ១០លាន
រៀល។

ទោះបីជាយ៉ាងនេះក៏ដោយ តុលាការពុំទាន់បានសម្រេចយ៉ាងណាក្នុងរឿងក្តីនេះ
ទេ នៅថ្ងៃពុធនេះ។

លោកស៊ិន វិសាល ចៅក្រមជំនុំជម្រះក្នុងរឿងក្តីនេះ បានថ្លែងប្រាប់អង្គសវនាការ
ថា សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០០៩នេះ។

គួររំឭកថា នៅក្នុងឆ្នាំនេះ លោក ហូ វ៉ាន់ គឺជាតំណាងរាស្ត្រទី២មកពីគណបក្ស
ប្រឆាំងដែលត្រូវជាប់ចោទពីបទបរិហារកេរ្តិ៍ ដែលប្តឹងដោយដោយមន្ត្រីរដ្ឋាភិបាល
បន្ទាប់ពីលោកស្រីមួរ សុខហួ ដែលត្រូវជាប់ចោទពីបទបរិហារកេរ្តិ៍ និងប្តឹងដោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមេសាកន្លងទៅ៕

XS
SM
MD
LG