ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋជប៉ុននៅកម្ពុជាស្វាគមន៍ រដ្ឋាភិបាលជប៉ុនថ្មី


បន្ទាប់ពីគណបក្សប្រឆាំងរបស់ជប៉ុនផ្តួលរំលំរបបគណបក្សគ្រប់គ្រងអំណាច
អស់ពេលជាង៥០ឆ្នាំកន្លងមក ប្រជាជនជប៉ុនរស់នៅប្រទេសកម្ពុជាបានបង្ហាញ
ភាពសប្បាយរីករាយចំពោះការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះ។ ប៉ុន្តែពួកគេហាក់
ដូចជាមិនទាន់មានទំនុកចិត្តលើការដឹកនាំរបស់បក្សថ្មីនៅឡើយ។

អ្នកការទូត ពាណិជ្ជករ បុគ្គលិកក្រុមហ៊ុនជប៉ុនបានអបអរសាទរចំពោះជ័យជំនះ
គណបក្សប្រឆាំងរបស់ជប៉ុនគឺគណបក្សប្រជាធិបតេយ្យDPJដែលបានឈ្នះឆ្នោត
ជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីដោយបានផ្តួលរំលំគណ
បក្សប្រជាធិបតេយ្យសេរីLDPដ៏រឹងមាំជាលើកដំបូងបំផុតកាលពីថ្ងៃទី៣០សីហា
ឆ្នាំ២០០៩។

គណបក្សប្រជាធិបតេយ្យសេរី LDP បានកាន់កាប់អំណាចដែលមិនអាចផ្ដួល
រំលំបាននៅក្នុងប្រទេសជប៉ុនអស់រយៈពេលជាង៥០ឆ្នាំមកហើយ។ បរាជ័យ
របស់គណបក្សកាន់អំណាចចាស់វស្សានេះ គឺជាជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដី
ជាប្រវត្តិសាស្ដ្រដ៏កម្រមួយ សម្រាប់គណបក្សប្រឆាំង DPJ ដែលដណ្តើមបាន
៣០៨កៅអីក្នុងចំណោមកៅអីសរុប៤៨០ក្នុងសភា។

លោក Yano Tusi នាយកភោជនីយដ្ឋានជប៉ុន KOKORO បានសើចកក្អឹកនៅ
ពេលដែលសាកសួរពីការឡើងកាន់អំណាចរបស់បក្សប្រឆាំង ។ លោកនិយាយ
ថា លោករំភើបចិត្ត ព្រោះលោកមានជំនឿថា គណបក្សថ្មីនេះអាចនាំមកនូវការ
ផ្លាស់ប្តូរមួយ គឺការជួយសង្គ្រោះប្រជាជនក្រីក្រ។

“កាលពីមុនពួកគេធ្វើការបំរើឲ្យប្រជាជនអ្នកមាន ។ ប្រជាជនដែលជាអ្នកមាន
កាន់តែមានទៅ រីឯអ្នកក្រកាន់តែក្រទៅ។ ប៉ុន្ដែឥឡូវនេះប្រហែលជាពួកគេធ្វើការ
ដើម្បីអ្នកក្រម្ដង។

នៅពេលនេះគណបក្សប្រជាធិបតេយ្យDPJកំពុងរៀបចំរដ្ឋាភិបាលថ្មីមួយដែល
នឹងត្រូវកាន់កាប់អំណាចជាផ្លូវការចាប់ពីថ្ងៃទី ១៦ ខែកញ្ញានេះតទៅ។ អនាគត
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន គឺ លោក Yukio Hatoyamaដែលជាមេដឹក
នាំគណបក្ស DPJ ។ លោក Hatoyama មានឱកាសផ្តួលគូប្រជែងដ៏ខ្លាំងក្លាគឺ
អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកTaro Asoមកពីគណបក្សប្រជាធិបតេយ្យសេរី
LDP នោះគឺដោយសារការឃោសនាគោលនយោបាយដ៏ទាក់ទាញជាច្រើនក្នុង
នោះរួមមាន ការស្រោចស្រង់ចំណាយមិនចាំបាច់ជិត៩៨ពាន់លានដុល្លារក្នុង
រយៈពេល៤ឆ្នាំនៃការកាន់អំណាចតាមរយៈការបន្ថយចំណាយលើបុគ្គលិករាជ
ការនិង ការិយាល័យរដ្ឋាភិបាល។ ការសិក្សាថ្នាក់វិទ្យាល័យដោយឥតគិតថ្លៃមិន
យកប្រាក់សម្រាប់ការធ្វើដំណើរលើផ្លូវហាយវេ ការដកពន្ធលើការទិញទំនិញ
គ្រប់ប្រភេទ និងសន្យាពង្រីកទីផ្សារការងារក្នុងវិស័យឯកជន និងកសិកម្មជា
ដើម។

លោកSathol Miuraប្រធានភ្នាក់ងារទេសចរណ៍ជប៉ុនAPEXជឿជាក់ថា គោល
នយោបាយទាំងនេះនឹងជួយឲ្យសេដ្ឋកិច្ចរបស់ជប៉ុនស្ទុះងើបឡើងវិញដែលធ្វើ
ឲ្យលោកសង្ឃឹមថា ប្រជាជនជប៉ុននឹងចាប់ផ្តើមមកទស្សនកិច្ចស្រុកខ្មែរកាន់តែ
ច្រើនឡើង ដែលជាកត្តាមួយជួយជំរុញកំណើនភ្ញៀវទេសចរណ៍នៅកម្ពុជា។

"ខ្ញុំសង្ឃឹមថា វាល្អ វាអាចផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ហើយអាចមានការងារធ្វើឡើង
វិញ ។ ដូចខ្ញុំខាងទេសចរណ៍អីចឹង បើគេចាប់ផ្តើមមានលុយគេមកហើយ"។

គួរកត់សម្គាល់ថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្នុងរយៈកាលមួយទសវត្សរ៍ចុង
ក្រោយនេះបានចាប់ផ្តើមដាំក្បាលចុះជាលំដាប់ ដែលនាំឲ្យមានការព្រួយបារម្ភ
ទាំងនៅក្នុង និងក្រៅប្រទេសថា ក្រុងតូក្យូអាចនឹងរបូតតំណែងជាប្រទេសមហា
អំណាចសេដ្ឋកិច្ចលេខ២របស់ពិភពលោក ដែលជាតំណែងបន្ទាប់ពីសហរដ្ឋ
អាមរិក។ ជាមួយគ្នានេះប្រជាជនជប៉ុន បានចាប់ផ្តើមអស់ជំនឿទៅលើអតីត
គណបក្សកាន់អំណាចLDPបន្ទាប់ពីបក្ស នេះញាំញីដោយរឿងអាស្រូវផ្ទៃក្នុង
និងបរាជ័យក្នុងការពង្រីកទីផ្សារការងារ និងស្រោចស្រង់សេដ្ឋកិច្ចឲ្យខ្លាំងក្លា
ឡើងវិញ។

ទោះយ៉ាងណា ប្រជាជនជប៉ុនជាច្រើនកំពុងដិតដាមដោយភាពស្រពិចស្រពិល
មន្ទិលសង្ស័យ ទៅលើថា តើគណបក្សកាន់អំណាចថ្មីនឹងអាចកែប្រែស្ថានភាព
នយោបាយនិងសេដ្ឋកិច្ចដ៏ល្អក់កកររបស់ជប៉ុនដែរ ឬយ៉ាងនោះ។

លោក Hiroobu Kurata ប្រធានក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ម្រេចមួយនៅកម្ពុជា
ហាក់ដូចជាមានសង្ឃឹមតិចតួចចំពោះសមត្ថភាពដឹកនាំរបស់អតីតគណបក្ស
ប្រឆាំង DPJ។

"នេះជាបទពិសោធន៍មួយយ៉ាងពិបាកសម្រាប់ការផ្លាស់ប្ដូរគណបក្សថ្មី។ ខ្ញុំមិន
អាចនិយាយថាគោល នយោបាយនោះល្អទេ។ ខ្ញុំគ្រាន់តែអាចសង្ឃឹមថា វានឹង
មានការផ្លាស់ប្តូរ ប៉ុន្តែប្រសិនបើពួកគេផ្លាស់ប្តូរគ្រប់គោលនយោបាយទាំងនោះ
គម្រោងការមួយចំនួនអាចនឹងត្រូវដួលរលំ"។

ស្របពេលជាមួយគ្នានោះ អ្នកស្រី Yamsaki Yuki អ្នកបកប្រែភាសាជប៉ុនខ្មែរ
ប្រចាំក្រុងភ្នំពេញបាននិយាយថា អ្នកស្រីមិនមានជំនឿថា គណបក្សថ្មីនេះអាច
ផ្លាស់ប្តូរអ្វីៗបាននោះទេ ដោយអ្នកស្រីសំអាងថា ថ្នាក់ដឹកនាំរបស់គណបក្សកាន់
អំណាចថ្មីក៏ធ្លាប់ជាសមាជិករបស់គណបក្សកាន់អំណាចមុនដែរ ជាពិសេស
គណបក្សថ្មីនៅមានបទពិសោធន៍នយោបាយកេ្មងខ្ចីនៅឡើយ។

" ខ្ញុំសង្ស័យមិនសូវល្អទេដឹង ព្រោះគណបក្សថ្មីហ្នឹងដូចគណបក្សចាស់ហ្នឹង។
គណបក្សធំៗទាំងពីររបស់ជប៉ុនហ្នឹង ខ្ញុំមិនសូវពេញចិត្ត "។

អ្នកស្រី Yuki បញ្ជាក់ថា ការឈ្នះឆ្នោតដ៏លើសលុបនេះដោយសារតែប្រជាជន
ជប៉ុននិយមតាមគ្នាដោយមិនបាន ពិចារណាឲ្យល្អិតល្អន់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា មេដឹកនាំអតីតគណបក្សប្រឆាំងDPJ លោកYukio Hatoyama
អាយុ ៦២ឆ្នាំ មានសញ្ញាប័ត្រថ្នាក់បណ្ឌិតផ្នែកវិស្វករមកពីសហរដ្ឋអាមេរិក។
លោកគឺជាមេដឹកនាំមួយរូបដែលប្រសូតិចេញពីត្រកូលអ្នកនយោបាយ ដែល
មានទ្រព្យស្តុកស្តម្ភបំផុតម្នាក់របស់ជប៉ុន។

លោក Yukio Hatoyama គឺជាចៅប្រុសអតីតនាយករដ្ឋមន្ត្រីជប៉ុនម្នាក់គឺលោក
Ichiro Hatoyama របស់គណបក្ស LDP ដែលធ្លាប់កាន់អំណាចចាក់ឫសគល់
យ៉ាងរឹងមាំ។

អនាគតនាយករដ្ឋមន្ដ្រីថ្មីរបស់ជប៉ុន លោក Yukio Hatoyama បានប្រឡូក
ក្នុងនយោបាយក្នុងនាមជា សមាជិករបស់គណបក្សប្រជាធិបតេយ្យសេរី LDP
ហើយក្រោយមកបានចាកចេញមកបង្កើតគណបក្សប្រជាធិបតេយ្យ ដែលទើប
តែជាប់ឆ្នោតថ្មីៗនេះ។

ប្រទេសជប៉ុនជាប្រទេសអ្នកផ្ដល់អំណោយដ៏ធំជាងគេបំផុតសម្រាប់ប្រទេស
កម្ពុជា។ យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនបានឲ្យដឹងថា ប្រជាជន
ជប៉ុនដែលរស់នៅក្នុងប្រទេសកម្ពុជាមានចំនួន 830នាក់។ ពូកគេបំរើការក្នុង
វិស័យទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ស្ថានទូតអង្កការក្រៅរដ្ឋាភិបាល
ហើយរួមទាំងសិស្សផងដែរ។ លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុនសែនក៏បានសម្ដែង
ការអបអរសាទរចំពោះជ័យជំនះរបស់គណបក្សប្រឆាំងរបស់ជប៉ុនដែរ ហើយ
លោក ហ៊ុន សែន រំពឹងថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរនឹងកាន់តែ
ល្អថែមទៀត៕

XS
SM
MD
LG