ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍អឺរ៉ុបលើកលែង ពន្ធនាំអង្ករពីកម្ពុជា


សហគមន៍អឺរ៉ុបទើបតែបានលើកលែងពន្ធនាំអង្ករពីប្រទេសកម្ពុជាចូលទៅកាន់
ទីផ្សារសហភាពអឺរ៉ុប។ អ្នកជំនាញការនិយាយថា ប្រទេសកម្ពុជាមិនទាន់មាន
លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទាញប្រយោជន៍ពីការអនុគ្រោះនេះដើម្បីក្លាយ
ខ្លួនជាប្រទេសនាំអង្ករចេញដ៏ធំមួយនោះនៅឡើយទេ។

ចាប់ពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០០៩នេះតទៅ ប្រទេសកម្ពុជានឹងអាចនាំអង្ករចេញ
ទៅកាន់សហភាពអឺរ៉ុបដោយមិនចាំបាច់ធ្វើការបង់ពន្ធឡើយ។មន្ត្រីសហគមន៍
អឺរ៉ុបប្រចាំប្រទេសកម្ពុជា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប
បានសម្រេចលើកលែងពន្ធទាំងស្រុងចំពោះអង្ករដែលនាំចូលពីប្រទេសកម្ពុជា។

មុនការសម្រេចនេះកម្ពុជាត្រូវបង់ពន្ធ១៥%នៃតម្លៃអង្ករ ពោលគឺត្រូវបង់ពន្ធស្មើ
នឹងប្រទេសថៃ និងវៀតណាម ដែលជាប្រទេសនាំអង្ករចេញលំដាប់លេខ១និង
លេខ ២ សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។

ការអនុគ្រោះនេះ ដែលនឹងធ្វើឲ្យប្រទេសកម្ពុជាមានលទ្ធភាពបង្កើនការនាំចេញ
ផលិតផលអង្កររបស់ខ្លួនកាន់តែច្រើនថែមទៀតសម្រាប់ទីផ្សារអឺរ៉ុបមួយដែល
មាន២៧ប្រទេស និងមានសក្ដានុពលនៃតម្រូវការអង្ករក្នុងចំណោមប្រជាជន
សរុប ៥០០ លាន នាក់។

លោកRafael Dochao Morenoភារៈធារីនៃសហគមន៍អឺរ៉ុបប្រចាំប្រទេសកម្ពុជា
បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការលើកលែងពន្ធលើការនាំចេញអង្ករពីកម្ពុជា
នេះ គឺ ជាជំហានដ៏មានសារៈសំខាន់ ដែលអាចរួមចំណែកអភិវឌ្ឍន៍ប្រទេស
កម្ពុជា។

"វានឹងផ្តល់នូវការលើកទឹកចិត្តផ្នែកតម្លៃទៅដល់អ្នកនាំចេញជាជនជាតិអឺរ៉ុបដើម្បី
ធ្វើការនាំចេញផលិតផលពីកម្ពុជា ព្រោះថា វានឹងមានតម្លៃថោកជាង។ ដូច្នេះ
តាមរយៈការលើកលែងពន្ធទាំងស្រុងសម្រាប់អង្ករកម្ពុជានេះ គឺយើងជម្រុញការ
អភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យផលិតកម្មអង្ករ "។

សូមបញ្ជាក់ថា ការលើកលែងពន្ធនៃការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់សហ
ភាពអឺរ៉ុបនេះ គឺ ជាផ្នែកមួយនៃគម្រោង Everything but Arms របស់ទ្វីប
អឺរ៉ុប។ គម្រោងនេះបានផ្តល់ឱកាសឲ្យប្រទេសមានការអភិវឌ្ឍន៍តិចបំផុតចំនួន
៥០ នៅលើ ពិភពលោកធ្វើការនាំទំនិញជាច្រើន លើកលែងតែអាវុធយុទ្ធភ័ណ្ឌ
ទៅកាន់ទ្វីបអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ ដែលធ្វើឲ្យប្រទេសទាំងនោះទទួល
ផលចំណេញប្រហែល៥០០លានអឺរ៉ូ ក្នុងមួយឆ្នាំ។ ក្នុងនោះ ប្រទេសកម្ពុជា
ធ្លាប់បានទទួលការលើកលែងពន្ធចំពោះផលិតផលកសិកម្ម និងកាត់ដេរមួយ
ចំនួន រួចមកហើយដែរ។

លោក Rafael Dochao Moreno បញ្ជាក់ថា បន្ទាប់ពីពន្ធនាំចេញអង្ករត្រូវបាន
លុបចោល សហភាពអឺរ៉ុបក៏នឹងលើកលែង ពន្ធស្ករសពីប្រទេសកម្ពុជានាំចូល
ទៅកាន់សហគមន៍របស់ខ្លួនដែរ ចាប់តាំងពីថ្ងៃទី១ខែតុលាឆ្នាំ២០០៩តទៅ។
និយាយរួមគឺចាប់ពីខែតុលាឆ្នាំ២០០៩នេះតទៅ ទំនិញគ្រប់ប្រភេទរបស់កម្ពុជា
ដែលនាំចេញទៅអឺរ៉ុបនឹងត្រូវ លើកលែងពន្ធដូចគ្នា គឺ ខុសពីប្រទេសថៃ និង
វៀតណាម ដែលមិនទទួលបានការលើកលែងពន្ធសម្រាប់នាំអង្ករចេញ ចូល
ទីផ្សារសហភាពអឺរ៉ុបទេ។

ប្រទេសកម្ពុជាបាននាំអង្ករចេញតិចតួចប៉ុណ្ណោះទៅទីផ្សារអន្តរជាតិ ។ យោង
តាមរបាយការណ៍របស់ក្រសួងកសិកម្មអាមេរិក កាលពីឆ្នាំ២០០៨កម្ពុជាបាន
នាំអង្ករចេញទៅកាន់ទីផ្សារពិភពលោកចំនួន៥សែនតោន ។ ខណៈ ដែលប្រ-
ទេសថៃនាំចេញបានជាង១០លានតោន និង វៀតណាមជាង៤ លានតោន។
ក្នុងចំណោមនោះ អង្ករកម្ពុជានាំចេញទៅកាន់ទ្វីបអឺរ៉ុបមានចំនួន២.៧០០តោន
ដែលស្មើនឹងជាង២លានដុល្លារអាមេរិក។

លោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាជឿជាក់ថា ការលើកលែង
ពន្ធនេះនឹងជួយពង្រីកទីផ្សារនាំអង្កររបស់កម្ពុជាទៅកាន់ទ្វីបអឺរ៉ុប។

“ វានឹងផ្តល់ផលប្រយោជន៍ច្រើនដល់កសិករកម្ពុជាយើង ដែលកំពុងតែផលិត
ស្រូវសរីរាង្គដែលនឹងត្រូវលក់ចេញទៅសហគមន៍អឺរ៉ុប ហើយការនាំចេញកន្លង
មកគឺយើងជាប់ពន្ធ មិនមែនអត់ជាប់ដូចសព្វថ្ងៃដែលសហគមន៍អឺរ៉ុបបានប្រ-
កាសនេះទេ ។ ហើយខ្ញុំសង្ឃឹមថា ក្រោយពីសហគមន៍អឺរ៉ុបប្រកាសនេះមក
ការនាំចេញរឹតតែទូលំទូលាយថែមទៀត"។

អ្នកជំនាញការខាងសេដ្ឋកិច្ចនិងកសិកម្មជាច្រើទៀតក៏យល់ស្របគ្នាដែរដោយ
ចាត់ទុកថា នេះជាឱកាសដែលកម្ពុជាមានប្រៀបជាងប្រទេសថៃនិងវៀតណាម
ក្នុងការពង្រីកទីផ្សារនាំចេញអង្ករ។

ទោះជាយ៉ាងណា លោកRafael Dochao Morenoនិយាយថា ការលើកលែង
ពន្ធគ្រាន់តែជាគុណសម្បត្តិតូចមួយប៉ុណ្ណោះ ។ លោកបន្ដែមថា ឈ្មួញកម្ពុជា
នៅប្រឈមនឹងឧបសគ្គជាច្រើនទៀតក្នុងមុខជំនួញរបស់ពួកគេ រួមមានការធ្វើ
ឲ្យប្រសើរឡើងនូវសង្វាក់ផលិតកម្ម ការធ្វើទំនើបកម្មលើម៉ាស៊ីនកិនស្រូវការ
បង្កើតស្តង់ដាររួមសម្រាប់អង្ករចែកចាយក្នុងទីផ្សារនិងការធ្វើឲ្យគុណភាពអង្ករ
ប្រសើរឡើង និងការពង្រឹងប្រព័ន្ធធារាសាស្ដ្រជាដើម។

លោក ចាន់ សុផល អ្នកសេដ្ឋកិច្ចកសិកម្ម បានលើកឡើងថា ដោយសារឧប
សគ្គទាំងនេះ ជាពិសេសគឺកង្វះខាងរោងចក្រ ទំនងជាធ្វើឲ្យទីផ្សារនាំអង្ករចេញ
រីកលូតលាស់តិចតួច។

"ខ្ញុំរំពឹងថា នឹងមានការកើនទៅ EU កាន់តែច្រើន ក្រោយពីការប្រកាសរឿងពន្ធ
នេះ ។ ប៉ុន្តែប្រហែលជាមិនទាន់បានច្រើនខ្លាំងទេ ដោយសារយើងនៅខ្វះរោង
ចក្រកែច្នៃឲ្យត្រូវតាមស្តង់ដាររបស់គេ "។

ទន្ទឹមនឹងនោះ លោកសុផលបន្ថែមថា តម្លៃខ្ពស់ផ្នែកសេវាដឹកជញ្ជូនតាមផ្លូវ
គោកភាពស្មុគស្មាញនៃការចំណាយក្រៅផ្លូវការទៅលើការរត់ការលិខិតស្នាម
ផ្សេងៗ និងភាពតូចចង្អៀតនៃនាវាដឹកជញ្ជូនផ្លូវទឹក ជាកត្តាធ្វើឲ្យតម្លៃអង្ករនាំ
ចេញពីកម្ពុជាខ្ពស់ជាងប្រទេសជិតខាង។ ហើយកន្លងមកវាបានបង្អាក់ទឹក
ចិត្តឈ្មួញនាំចេញ។

លោកគឹម សាវុធ ប្រធានក្រុមហ៊ុនKhmer Foodផ្គត់ផ្គង់អង្ករក្នុង និងក្រៅស្រុក
បានលើកឡើងថា មុនពេលមានការអនុគ្រោះពន្ធនេះ ការចរចាជាមួយឈ្មួញនាំ
អង្ករចេញទៅអឺរ៉ុបតែងតែត្រូវបរាជ័យ ដោយសារតម្លៃដឹកជញ្ជូនខ្ពស់ ប៉ុន្តែពេល
នេះឈ្មួញទាំងនោះ មានមកពីហុងគ្រី និងអង់គ្លេសសម្រុកមកទិញអង្ករដោយ
មិនរំឭកពីបញ្ហាដឹកជញ្ជូនទៀតទេ។

" ពីមុនៗមានដែរ តែនិយាយទៅនិយាយមក គឺអត់បានការអីទាំងអស់។ ចប់ចុង
ក្រោយ គេថា ថ្លៃតែម្តង ថ្លៃលើដឹកជញ្ជូន។លើកនេះអត់អី ព្រោះថា ថ្លៃដឹកជញ្ជូន
ថ្លៃមែន ប៉ុន្តែយើងបានពន្ធះហ្នឹងជួយយកមកផ្គួបគ្នាទៅ យើងអាចថោកជាងគេ
បន្តិចវិញ "។

ប៉ុន្តែលោកសាវុធទទួលស្គាល់ថា ឈ្មួញនៅមិនទាន់ទុកចិត្តលើគុណភាពអង្ករ
របស់ខ្មែរ ម្យ៉ាងវិញទៀត សហគមន៍អឺរ៉ុបត្រូវការប្រភេទអង្ករក្រអូប ដូចជា
សុម៉ាលី និងផ្កាម្លិះជាដើម ហើយទាមទារឲ្យមានកម្រិតបាក់តិចជាង៥%។

លោក ភួ ពុយ ប្រធានសម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជា អះអាងថា កត្តាគុណភាពលែងជាឧបសគ្គទៀតហើយ ព្រោះរោងម៉ាស៊ីនមួយដែលមាន
លទ្ធភាពកែច្នៃអង្ករគុណភាពល្អ១០០ភាគរយនោះនឹងដំណើរការនៅចុងឆ្នាំនេះ។ ហើយរោងម៉ាស៊ីនកិនស្រូវទំនើបៗនឹងដុះដាលជាបន្តបន្ទាប់។ តែអ្វីដែលជាឧប
សគ្គសម្រាប់ការនាំចេញនាពេលនេះគឺការខ្វះប្រភពទុន ដើម្បីប្រមូលទិញស្រូវ
ស្តុកទុក។

លោកស៊ុន គន្ធរ ប្រធានធនាគារអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា រដ្ឋាភិបាល
មានកញ្ចប់ថវិកា១៨លានដុល្លារ អាមេរិកសម្រាប់ឆ្នាំ ២០០៩-២០១០ ដើម្បីផ្តល់
ជាឥណទានដល់រោងម៉ាស៊ីនកិនស្រូវប្រមូលទិញអង្ករទុក។ ហើយលោកទទួល
ស្គាល់ថា វាជាចំនួនតិចតួចនៅឡើយដែលអាចប្រមូលទិញស្រូវបានតែ ៩ម៉ឺន
តោនប៉ុណ្ណោះ។

កម្ពុជាមានប្រជាជន៨០ភាគរយពឹងផ្អែកលើរបរកសិកម្ម និងមានផ្ទៃដីបង្កបង្កើន
ផលសរុបជាង ៣ លានហិចតា ។ ប៉ុន្តែផ្ទៃដីនេះមិនត្រូវបានប្រើប្រាស់អស់ទាំង
ស្រុងនោះទេ។ កាលពីឆ្នាំ ២០០៨ កម្ពុជាប្រមូលបានផលស្រូវសរុបជាង៦លាន
តោន។ ក្នុងនោះមានស្រូវជាង២លានតោនត្រូវនាំចេញទៅប្រទេសវៀតណាមជា
រៀងរាល់ឆ្នាំ។ អ្នកជំនាញការវាយតម្លៃថា ប្រសិនបើកម្ពុជាខិតខំធ្វើស្រែឲ្យអស់ដី
ហើយរួមគ្នាពង្រីកទីផ្សារនាំចេញឲ្យបានទូលំទូលាយ នោះកម្ពុជាអាចនឹងក្លាយ
ជាប្រទេសនាំអង្ករចេញលំដាប់ទី៣របស់ពិភពលោក បន្ទាប់ពីថៃ និងវៀតណាម
ក្នុងពេល២ ឬ ៣ឆ្នាំខាងមុខ៕

XS
SM
MD
LG