ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាស្វាគមន៍ជំហរនាយក រដ្ឋមន្ត្រីថៃអំពីព្រំដែន


រដ្ឋមន្រ្តីការបរទេសកម្ពុជាបានហៅគោលជំហររបស់នាយករដ្ឋមន្រ្តីថៃក្នុងការ
ចរចាទ្វេភាគី ថាជាសញ្ញាវិជ្ជមានមួយដើម្បីឈានទៅដល់ការដោះស្រាយជម្លោះ
ព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសកម្ពុជាបាន
ស្វាគមន៍ចំពោះការថ្លែងរបស់នាយករដ្ឋមន្រ្តីថៃទៅកាន់ពលរដ្ឋរបស់ខ្លួនដែល
ថា ដំណោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជានឹងមិនធ្វើឱ្យប្រទេសថៃបាត់បង់
ចំណែកដីណាមួយនោះឡើយ។

ថ្លែងក្នុងទីក្រុងភ្នំពេញក្រោយពេលចុះហត្ថលេខាទទួលជំនួយថវិកាពីសហរដ្ឋ
អាមេរិកចំនួនជាង៤លានដុល្លារសម្រាប់គម្រោងផ្នែកសុខភាពនិងអប់រំនៅក្នុង
ប្រទេសកម្ពុជានៅថ្ងៃអង្គារនេះលោកហោ ណាំហុងបានមានប្រសាសន៍ថា ការ
ប្រកាសរបស់នាយករដ្ឋមន្រ្តីថៃលោក អាបីស៊ិត វីចាជីវានោះ គឺជាសញ្ញាវិជ្ជមាន
មួយ ដែលអាចឈានទៅដល់ការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំង
ពីរកម្ពុជា-ថៃ។

“ការនិយាយនោះមានលក្ខណៈវិជ្ជមាន ព្រោះកន្លងមកមានមតិខ្លះ មានក្រុម
ប្រឆាំងខ្លះតែងតែនិយាយថា ថៃចរចាជាមួយកម្ពុជាហ្នឹងបានធ្វើឱ្យបាត់ទឹក
ដីថៃ ប៉ុន្តែការពិតអត់មានបាត់ទឹកដីទេ។ អ្វីដែលកម្ពុជាកំពុងតែធ្វើថ្នល់ កំពុង
ស្ថិតនៅគឺនៅក្នុងទឹកដីកម្ពុជាទាំងស្រុង”។

លោក អាបីស៊ីត វីចាជីវាបានថ្លែងអះអាងប្រាប់ពលរដ្ឋថៃនៅក្នុងកាសែតថៃ
Bangkok Post កាលពីថ្ងៃច័ន្ទថា ប្រទេសថៃពុំបានបាត់បង់បំណែកដែនដី
ណាមួយនៅក្នុងតំបន់ព្រំដែន ដែលមានជម្លោះនៅក្បែរប្រាសាទព្រះវិហារនោះ
ទេ។

ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីថៃនោះបានធ្វើឡើងបន្ទាប់ពីពលរដ្ឋទីក្រុង
បាងកកបានសម្តែងការព្រួយបារម្ភថា ការចរចាទ្វេភាគីជាមួយក្រុងភ្នំពេញនឹង
ធ្វើឱ្យប្រទេសថៃខាតបង់។ ការភ័យខ្លាចនោះបានកើតឡើងក្រោយពីសភាថៃ
កាលពីសប្តាហ៍មុនបានអនុម័តលើក្របខ័ណ្ឌសម្រាប់ការចរចាជាមួយកម្ពុជា។

ប៉ុន្តែលោករដ្ឋមន្រ្តីការបរទេសខ្មែរហោ ណាំហុងបានបញ្ជាក់ថា ក្របខ័ណ្ឌចរចា
ទ្វេភាគីនោះនឹងមិនធ្វើឱ្យបាត់បង់ទឹកដីថៃ សូម្បីតែបន្តិចណាឡើយ។

“ជាការពិត ការចរចាជាមួយយើងអត់មានបាត់ទឹកដីថៃទេ គឺថា ជាក់ស្តែងកន្លែង
យើងនៅសព្វថ្ងៃជាទឹកដីរបស់យើង អត់មានបាត់ទឹកដីថៃទេ”។

ប្រទេសកម្ពុជានិងប្រទេសថៃបានឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដែន បន្ទាប់ពី
ប្រទេសថៃមិនសុខចិត្តចំពោះការសម្រេចរបស់អង្គការយូនេស្កូក្នុងការដាក់ប្រា-
សាទព្រះវិហារចំណាស់ជាង៩រយឆ្នាំរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌ
ពិភពលោកកាល ពីខែកក្កដាឆ្នាំ២០០៨។

ជម្លោះព្រំដែនកម្ពុជា-ថៃនេះបានបង្កឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធជាច្រើន
លើកនៅតាមចំណុចផ្សេងៗតាមបណ្តោយព្រំដែនរួមជាង៨រយគីឡូម៉ែត្រហើយ
បានបណ្តាលឱ្យកងទ័ពមួយចំនួននៃភាគីទាំងពីរស្លាប់និងរងរបួស។

ការចរចាកន្លងមកពុំបានផ្តល់លទ្ធផលជាដុំកំភួនដែលអាចឈានទៅដល់ការ
ដោះស្រាយបញ្ហាព្រំដែនដែលអូសបន្លាយពេលអស់ជាង១ឆ្នាំមកនេះ ឱ្យបានដាច់
ស្រឡះនៅឡើយទេ៕

XS
SM
MD
LG