ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជារាស្ត្រថៃបិទច្រកព្រំដែន រារាំងកសិផលខ្មែរ


ប្រជារាស្ត្រថៃបានបិទច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់មួយ សម្រាប់ការនាំចេញ
កសិផលទៅប្រទេសថៃ ដើម្បីធ្វើឱ្យកកស្ទះដល់ការនាំចេញដំឡូងរបស់កសិករ
ខ្មែរ។

ប្រជារាស្ត្រថៃប្រមាណ ៣០០ នាក់ បាននាំគ្នាធ្វើបាតុកម្មរាំងខ្ទប់ច្រកព្រំដែន
បឹងត្រកួនរវាងប្រទេសកម្ពុជា និងប្រទេសថៃនៅថ្ងៃអង្គារនេះ ដើម្បីកុំឱ្យមានការ
នាំចេញដំឡូងមីពីប្រទេសកម្ពុជា។

ការបិទច្រកបឹងត្រកួននេះបានធ្វើឡើងដើម្បីទាមទារឱ្យអាជ្ញាធរកម្ពុជាអនុញ្ញាត
ឱ្យគោយន្តរបស់ជនជាតិថៃបានចូលមកដឹកដំឡូងនៅក្នុងប្រទេសកម្ពុជា បន្ទាប់
ពីរថយន្តធំៗរបស់ក្រុមហ៊ុនថៃជាច្រើនគ្រឿងបានដឹកដំឡូងរាប់ពាន់តោនក្នុង
១ថ្ងៃៗ ចេញពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកចូវ តាវ អាយុ ៥៦ ឆ្នាំ សមាជិកក្រុមប្រឹក្សាស្រុកថ្មពួក និង ជាអ្នកជំនួញ
ផ្នែកការនាំចេញដំឡូងមីទៅប្រទេសថៃបានប្រាប់ VOA ថា "ការបិទច្រកឆ្លង
កាត់ព្រំដែននេះ បានធ្វើឱ្យខូចខាតដល់ការនាំចេញដំឡូងរបស់ប្រជារាស្ត្រខ្មែរ
ដោយសារការធ្វើបាតុកម្មនេះ។ ឥឡូវនេះ ប្រជាពលរដ្ឋថៃបានលើកគ្នាមកធ្វើ
បាតុកម្មបិទច្រកចេញ-ចូលរបស់យើង មិនឱ្យយើងដឹកនាំកសិផលរបស់យើង
ចេញទៅស្រុករបស់ពួកគេ។ អ្នកភូមិថៃបានយកគោយន្តមកដាក់ពង្រាយនៅលើ
ថ្នល់ត្រង់ច្រកចេញ-ចូល មិនឱ្យរថយន្តថៃចូលមកដឹកដំឡូងនៅក្នុងប្រទេស
កម្ពុជា ពីព្រោះកាលណាបិទច្រកមិនឱ្យរថយន្តថៃចូល ហើយធ្វើម៉េចទើបបាន
ដំឡូងមីចេញពីកម្ពុជាបាន?"

លោកចូវ តាវ បានបញ្ជាក់ថា ដំឡូងមីប្រមាណ ៣.០០០ តោនក្នុង១ថ្ងៃ ត្រូវបាន
ដឹកចេញពីកម្ពុជា ហើយតម្លៃដំឡូងមីស្រស់ ១ គីឡូក្រាម មានថ្លៃជាង១បាត
ស្មើនឹងជាង ១០០ រៀល។

លោកបានបន្តថា អ្នកភូមិរបស់យើងមានដីសម្រាប់ដាំដំឡូងជាង ១ ហិចតា
ក្នុង១គ្រួសារ ហើយក្នុង ១ ឆ្នាំ បានទទួលប្រាក់កម្រៃ ៥០.០០០ បាត ពីការដាំ
ដំឡូងនេះ ហើយគ្រួសាររបស់អ្នកភូមិ ១ ចំនួន មានដីដាំដំឡូងរហូតដល់៥០
ហិចតា។

លោកឆម ឆឿប អាយុ ២៩ ឆ្នាំ ដែលមានដីដាំដំឡូងចំនួន ២ ហិចតា សម្រាប់
លក់នៅក្នុងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានថ្លែងថា ការបិទច្រក
មិនឱ្យនាំដំឡូងចេញនេះបានធ្វើលោកបាត់បង់ប្រាក់ចំណូល១៥.០០០បាតក្នុង
១ហិចតា និងធ្វើឱ្យដំឡូងរបស់លោកស្អុយចោល ដែលធ្វើឱ្យប៉ះពាល់ដល់ជីវ-
ភាព។

លោកបានបញ្ជាក់ថា ដំណាំដំឡូងមីបានផ្តល់ចំនួន ៣០ តោន ក្នុង១ហិចតា
ដែលមានតម្លៃ ៣០.០០០ បាត។ "ខ្ញុំព្រួយបារម្ភក្នុងជីវភាពរបស់គ្រួសារ។ ការ
បិទមិនឱ្យដំឡូងចេញ និងដំឡូងត្រូវទុកស្អុយចោល ដែលធ្វើឱ្យប៉ះពាល់ដល់
ជីវភាពរស់នៅ។ បើថៃមិនទៀងទាត់ វាស្រេចតែមាត់ថា ចង់បិទ ក៏បិទ ចង់បើក
ក៏បើក"។

លោកចូវ តាវ បាននិយាយថា "បើជនជាតិថៃបិទច្រកមិននាំចូលដំឡូងពីកម្ពុជា យើងនឹងប្រឈមមុខនឹងការខាតបង់លើបញ្ហាកសិផល។ដំឡូងនេះគឺជាតួសំខាន់
សម្រាប់ចិញ្ចឹមជីវិត។ ប្រជាពលរដ្ឋខ្មែរយើងត្រូវការលក់ដំឡូង ដើម្បីផ្គត់ផ្គង់ជីវ
ភាព និងដាំដុះឡើងវិញឱ្យទាន់រដូវ"។

លោកនូ យ៉ត ប្រធានច្រកព្រំដែនបឹងត្រកួនបានបញ្ជាក់ថា ការចរចារវាងលោក
អភិបាលស្រុកតាប្រាយ៉ា ខេត្តស្រះកែវរបស់ប្រទេសថៃនិងលោកអភិបាលស្រុក
ថ្មពួក ខេត្តបន្ទាយមានជ័យ បានដោះស្រាយបញ្ហារាំងខ្ទប់ច្រកព្រំដែននេះ ។
"យើងបានស្រុះស្រួលគ្នានៅក្នុងជំនួបនេះ។ យើងអនុញ្ញាតឱ្យប្រជារាស្ត្រទាំង២
ស្រុកនៃប្រទេសទាំង២ធ្វើចរាចរ និង ប្រកបមុខរបរទៅវិញទៅមកបាន ហើយ
និងដឹកកសិផលពីប្រទេសកម្ពុជាទៅបានដោយគ្មានបញ្ហាទេ។ ប៉ុន្តែយើងត្រូវ
ទាមទារលក្ខខណ្ឌឱ្យមានអ្នកគ្រប់គ្រងខាងថៃច្បាស់លាស់ និង អ្នកគ្រប់គ្រង
ខាងខ្មែរច្បាស់លាស់ ដើម្បីងាយស្រួលធ្វើការត្រួតពិនិត្យការងារនាំចេញសម្រាប់
ការកត់ត្រាចំនួនកសិផលដែលបាននាំចេញ"។

លោក នូ យ៉ត បានបញ្ជាក់ថា ច្រកព្រំដែនបឹងត្រកួននេះ គឺ ជាច្រកដ៏សំខាន់
សម្រាប់ដឹកដំឡូងទៅកាន់ប្រទេសថៃ ចេញពីស្រុកថ្មពួក ស្រុកស្វាយចេក
ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះនិងខេត្តឧត្តរមានជ័យទាំងមូលតែម្តង ហើយ
រថយន្តថៃប្រមាណ២០០ គ្រឿងក្នុង១ថ្ងៃ បានដឹកដំឡូវចេញពីកម្ពុជា៕

XS
SM
MD
LG