ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិស័យសំណង់ងើបឡើងវិញ  លើកលែងនៅកម្ពុជា


មួយឆ្នាំបន្ទាប់ពីការផ្ទុះឡើងនូវសេដ្ឋកិច្ចសកលលោក វិស័យសំណង់នៅបណ្តា
ប្រទេសមួយចំនួននៅក្នុង និងក្រៅតំបន់ បានងើបឡើងវិញជាបន្តបន្ទាប់។ ក៏
ប៉ុន្តែវិស័យសំណង់នៅប្រទេសកម្ពុជានៅតែស្ងប់ស្ងាត់គ្មានទីផ្សារ។

រយៈពេលមួយឆ្នាំក្រោយពីផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចនេះបានអូសបន្លាយ
អ្នកជំនាញការខាងអចលនទ្រព្យ និយាយថា ទីផ្សារសំណង់ក្នុងប្រទេសកម្ពុជា
នៅមិនទាន់មានឱកាសងើបឡើងវិញនៅឡើយ។

ជាក់ស្តែង គម្រោងសាងសង់ក្រុងរណប និង សំណង់អគារខ្ពស់ៗចំនួន៣ធំៗ
ត្រូវពន្យារពេល និងលុបចោលទាំងស្រុង រួមមានសំណង់សណ្ឋាគារ និងខុនដូ
នៅលើផ្ទៃដី៥ហិចតា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ដែលវិនិយោគក្នុងទឹកប្រាក់
៤០០ លានដុល្លារ ដោយក្រុមហ៊ុនBKរបស់កូរ៉េ ត្រូវលុបចោល។ ក្រុមហ៊ុនកូរ៉េ
GS បានប្រកាសពន្យារពេលសាងសង់អគារកំពស់៥៣ជាន់ នៅទល់មុខស្ថាន
ទូតរុស្ស៊ី ដោយគ្មានកាលកំណត់។ ចំណែក គម្រោងសាងសង់លំនៅដ្ឋាន និង
ខុនដូ នៅបឹងស្នោដែលវិនិយោគលើផ្ទៃដី ២០០ ហិចតាដោយក្រុមហ៊ុនមកពី
ប្រទេស កូរ៉េដែរនោះក៏ត្រូវពន្យារពេល។

ទន្ទឹមនឹងនោះ សកម្មភាពសាងសង់លំនៅដ្ឋាន និងការទិញដូរក្នុងចំណោមប្រ-
ជាជនខ្មែរ ដែលធ្លាប់តែពុះកញ្ជ្រោលនិងរីកដុះដាលដូចផ្សិតនៅទូទាំងប្រទេស
នោះ ក៏ប្រែជាស្ងប់ស្ងាត់សូន្យឈឹង។សំណង់គេហដ្ឋាននៅតាមបុរីធំៗមួយចំនួន
បានបន្ថយល្បឿនសាងសង់ ហើយសំណង់ខ្លះទៀតផ្អាកការសាងសង់តែម្តង។
ទន្ទឹមនឹងនោះ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យនានា បាន
ឲ្យដឹងថា តម្លៃដី ធ្លី និងលំនៅដ្ឋាន នៅទូទាំងប្រទេសនៅតែធ្លាក់ចុះពី៣០ ទៅ
៥០ភាគរយដដែល។

លោក សឹង ប៊ុណ្ណា ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជា មានប្រ-
សាសន៍ថា ការទិញលក់គ្រប់ប្រភេទសំណង់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា
នៅតែគ្មានទីផ្សារ ហើយសកម្មភាពសាងសង់តូចធំថ្មីៗសម្រាប់ធ្វើអាជីវកម្មមិន
មានទាល់តែសោះ។

ចលនាផ្ទះសម្បែងដីធ្លីឃើញថា អត់ទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់នៅ
ឡើយទេ។គឺមកដល់ថ្ងៃនេះគឺនៅទ្រឹងនៅឡើយ ដោយអត់ទាន់មានសក្តានុពល
វិនិយោគណា ឬក៏អ្វីដែលធ្វើឲ្យវាមានចលនា ធ្វើឲ្យវាមានភាពកក់ក្តៅ។ វាអត់
ទាន់ចេញរូបរាងនៅឡើយទេ។

លោក សឹង ប៊ុណ្ណា បានបន្ថែមថា នៅពេលនេះមានតែការសាងសង់ឬកែលម្អ
លំនៅដ្ឋានផ្ទាល់ខ្លួនប៉ុណ្ណោះដែលនៅ មានសកម្មភាព។

លោកសេង សុភ័ក្រ ប្រធានក្រុមវាយតម្លៃនៃក្រុមហ៊ុនអចនទ្រព្យCPLនិយាយថា
ចាប់តាំងពីវិបត្តិផ្ទុះឡើងរហូតមកដល់ពេលនេះ ចំនួនអ្នកទិញនៅតែធ្លាក់ចុះប្រ-
មាណ៧០ភាគរយ។ ហើយមានតែវិនិយោគគិនតិចតួចដែលមានបំណងបង្កើត
ជំនួញប៉ុណ្ណោះដែលមានសកម្មភាពស្វែងរកទិញដីធ្លី នៅតំបន់កណ្តាលក្រុង។

អ្នកទិញនៅពេលនេះគឺគាត់ទិញសម្រាប់ធ្វើអ្វីមួយ ឧទាហរណ៍ថា គាត់ទិញមួយ
ដុំគឺទាល់តែគាត់មានបំណងចង់ វិនិយោគធ្វើអ្វីមួយបានគាត់ទិញ។ បើកាលពី
រយៈពេលមុន គឺ អ្នកទិញមិនខ្វល់ពីការទិញយកមកធ្វើអ្វីទេសំខាន់គឺគាត់ទិញ
ទុកដើម្បីលក់វិញយកចំណេញ។

លោក នូ រតនា អ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុនយ៉ូនវ៉ូសាងសង់អគារភ្លោះ៤២
ជាន់ បាននិយាយថា ក្នុងរយៈពេល១ឆ្នាំនេះ អតិថិជននៅតែធ្លាក់ចុះ ហើយនៅ
ពេលនេះក្នុងមួយខែលក់មិនបាន១ អាផាតធឺមេន ផង។

សូមរំឭកថា វិស័យសំណង់នៅប្រទេសកម្ពុជាមានសន្ទុះរីកចម្រើនខ្លាំងបំផុតនៅ
អំឡុងឆ្នាំ២០០៧ រហូតដល់ពាក់កណ្តាលឆ្នាំ២០០៨ ដោយបានស្រូបយកកម្លាំង
ពលកម្មប្រមាណ ២០ ម៉ឺននាក់នៅទូទាំងប្រទេស។ ដំណើរធ្លាក់ចុះនៃវិស័យ​នេះ
យ៉ាងគំហុកចាប់ពីជិតដំណាច់ឆ្នាំ២០០៨នោះបានធ្វើឲ្យកម្មករយ៉ាងហោចណាស់
៤ម៉ឺននាក់ទៀតខ្ទាត ចេញពីការងារ។ នេះបើយោងតាម លោក សុខសុវណ្ណដែត
ប្រធានសហព័ន្ធកម្ពុជាដើម្បីកម្មករសំណង់។

យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ក្រុមហ៊ុនធំៗមួយចំនួននៅតែបន្តសកម្ម
ភាពសាងសង់របស់ពួកគេដដែល។ក្នុងនោះមានសំណង់ទីក្រុងរណបរបស់ក្រុម
ហ៊ុនខ្មែរOversea Cambodia Investment Cooperation ដែលវិនិយោគលើ
ផ្ទៃដីកោះពេជ្រទំហំ ១០០ ហិចតា ក្នុងតម្លៃជិត ១០០០ លានដុល្លារ។ សំណង់
ទីក្រុងរណបGrand Phnom Penhរបស់ក្រុមហ៊ុនខ្មែរនិងឥណ្ឌូនេស៊ីCIPUTRA
ដែលវិនិយោគក្នុងទឹកប្រាក់៦០០លានដុល្លារ។ សំណង់ទីក្រុងរណប Camko
Cityរបស់ក្រុមហ៊ុនកូរ៉េWorld Cityនិងសំណង់អគារភ្លោះ៤២ជាន់Gold Tower
របស់ក្រុមហ៊ុនកូរ៉េយ៉ុនវ៉ូ ដែលវិនិយោគក្នុងទឹកប្រាក់ជាង៣០០លានដុល្លារ។ ក៏
ប៉ុន្តែដំណើរការលក់របស់ក្រុមហ៊ុនទាំងនេះមិនមានសន្ទុះដូច មុនទេ។

បើទោះជាទីផ្សារអចលនទ្រព្យទន់ខ្សោយជាងមុន ក៏ប៉ុន្តែយោងតាមរបាយ
ការណ៍របស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិ-
យោគក្នុងវិស័យសំណង់នៅពាក់កណ្តាលឆ្នាំ២០០៩នេះមានចំនួនជាង១០០០
គម្រោង ដែលមានទឹកប្រាក់វិនិយោគជាង១១០០លានដុល្លារគឺបានកើនលើស
ជាង៣០ ភាគរយធៀបនឹងពាក់ កណ្តាលឆ្នាំមុន។

ក៏ប៉ុន្តែលោក អ៊ីម ចំរុង ជាអគ្គនាយកសំណង់ បានបញ្ជាក់ថា គម្រោងថ្មីទាំង
នោះមានសំណង់អគារខ្ពស់ចំនួន៦ ប៉ុណ្ណោះ ហើយការវិនិយោគសាងសង់ទី
ក្រុងធំៗមិនមានទេ។

នៅពេលដែលទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅបន្តរក្សាភាពស្ងប់ស្ងាត់
នោះ ទីផ្សារអចលនទ្រព្យនៅបណ្តា ប្រទេសក្នុង និងក្រៅតំបន់បានចាប់ផ្តើម
ងើបឡើងវិញជាបណ្តើរៗ។ សារព័ត៌មានបរទេសបានផ្សាយថា នៅប្រទេសចិន
ការវិនិយោគលើអចលនទ្រព្យបានកើនឡើងជិត១០ភាគរយ ការទិញដូរលំនៅ
ដ្ឋានបានកើនឡើង ៦៥ ភាគរយ រីឯតម្លៃផ្ទះនៅទីក្រុងចំនួន៧០បានកើនឡើង
ជិត១ភាគរយវិញ។ នៅសហរដ្ឋអាមេរិកឯណោះវិញ តម្លៃផ្ទះនៅតាមទីក្រុងធំៗ
ចំនួន ២០ មានកំណើន០.៥ ភាគរយ ខណៈដែលនៅចក្រភពអង់គ្លេសមាន
កំណើនជាង១ភាគរយ។

លោកឡន ស៊ីណារ៉ា ប្រធានក្រុមហ៊ុនអចលនទ្រព្យLand Propertyបានចាត់
ទុកថា នេះជាសញ្ញាវិជ្ជមានមួយ។ ក៏ប៉ុន្តែភាពរើបឡើងវិញនៃវិស័យអចលន
ទ្រព្យនៅបរទេសនោះទំនងជាមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើវិស័យអចលន
ទ្រព្យនៅកម្ពុជា៕

XS
SM
MD
LG