ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកសរសើរកម្ពុជាប្រឆាំង ការជួញដូរមនុស្ស


សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានថ្លែងកោតសរសើររដ្ឋាភិបាលកម្ពុជា អំពី
កិច្ចខិតខំប្រឹងប្រែងក្នុងការ ប្រឆាំងការជួញដូរមនុស្ស ក្រោយពេលដែលជនជាតិ
អាមេរិកាំងចំនួន៣នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជាពីបទរួមភេទជាមួយ
កុមារ។

ថ្លែងនៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃពុធនេះ លោកឯកអគ្គរដ្ឋទូតល្វីស
ស៊ីដឺបេកា នាយកការិយាល័យតាមដាន និង ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មានប្រសាសន៍ថា "យើងសូមកោត
សរសើរចំពោះរដ្ឋាភិបាលកម្ពុជា ចំពោះការបោះជំហានទៅមុខដោយការពារ
សិទ្ធិជនរងគ្រោះ។ យើងមិនត្រឹមតែធ្វើការដែលមានលទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែ
ថែមទាំងអាចចាប់បានអ្នកជួញដូរមនុស្សទៀតផង"។

លោក ល្វីស ស៊ីដឺបេកា បានបន្តថា ដោយសារមានកិច្ចសហប្រតិបត្តិការស្អិត
រមួតរវាងមន្ត្រីអាមេរិក ហើយនិងកម្ពុជា ជាលទ្ធផលនោះ បានចាប់ខ្លួនជនជាតិ
អាមេរិកាំងទាំង៣នាក់ពីបទរួមភេទជាមួយកុមារ។

លោកបានសង្កត់ធ្ងន់ថា"បញ្ហាចាប់ខ្លួននេះនឹងមិនធ្វើទៅបានទេ បើសិនជាគ្មាន
កិច្ចសហការពីសហរដ្ឋអាមេរិក និងអាជ្ញាធរកម្ពុជា "។

ការថ្លែងយ៉ាងដូច្នេះរបស់លោកល្វីស ស៊ីដឺបេកា បានកើតឡើងក្រោយពីសមត្ថ
កិច្ចកម្ពុជា ក្នុងឆ្នាំ ២០០៩នេះ ចាប់បានជនជាតិអាមេរិកាំងចំនួន៣នាក់ ពីបទ
រួមភេទជាមួយកុមារនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៨ កន្លងទៅ។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ជនជាតិអាមេរិកាំងទាំង៣នាក់នេះកំពុងត្រូវបាន
ឃុំខ្លួននៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានបញ្ជូនពី
ប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ប៊ិត គឹមហុង ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស
នៃក្រសួងមហាផ្ទៃ បានសម្តែងការរីករាយចំពោះការវាយតម្លៃខ្ពស់របស់សហរដ្ឋ
អាមេរិក មកលើរដ្ឋាភិបាលកម្ពុជាបែបនេះ ដោយលោកមានប្រសាសន៍ថា"យើង
នឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំងថែមទៀតក្នុងការទប់ស្កាត់ និង បង្ក្រាបបទល្មើស
ជួញដូរមនុស្ស"។

លោក ប៊ិត គឹមហុង ពុំបានបញ្ជាក់ច្បាស់អំពីតួលេខនៃករណីបង្ក្រាបអំពើជួញ
ដូរមនុស្សទេ ក៏ប៉ុន្តែលោកមានប្រសាសន៍ឱ្យដឹងថា តាំងពីឆ្នាំ ២០០២រហូតមក
ដល់បច្ចុប្បន្ន អ្នកជួញដូរមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន។

ក្នុងរបាយការណ៍របស់ខ្លួនស្តីពីការជួញដូរមនុស្សឆ្នាំ២០០៨ សហរដ្ឋអាមេរិក
បានចាត់ថ្នាក់ប្រទេសកម្ពុជាថា ជាប្រទេសស្ថិតក្នុងលំដាប់ថ្នាក់ទី២ ដោយ
លើកឡើងថា ការទទួលបានលំដាប់ថ្នាក់នេះ ឆ្លុះបញ្ចាំងឱ្យឃើញកំណើននៃ
ការចូលរួមរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាជួញដូរមនុស្ស
ដែលនៅតែជាបញ្ហាធ្ងន់ធ្ងរដដែល៕ ចប់

XS
SM
MD
LG