ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធីបុណ្យ រ៉ាម៉ាឌ៉ន របស់ខ្មែរអ៊ីស្លាម


អ្នកកាន់សាសនាអ៊ីស្លាមទាំងប្រុស ទាំងស្រី ទាំងចាស់ ទាំងក្មេង នាំគ្នាបួសជា
ច្រើនថ្ងៃ ហើយក្នុងអំឡុង ពេលនេះ សាសនាអ៊ីស្លាមតម្រូវឱ្យសាសនិករបស់
ខ្លួនកាន់នូវតំណមយ៉ាងតឹងរ៉ឹង។

សាសនិកខ្មែរអ៊ីស្លាមក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលនេះ បាននាំគ្នាប្រារឰ
ពិធីបុណ្យ រ៉ាម៉ាឌ៉ន ដែលពួក គេនិយមហៅថា ខែបួស ជាពេលដែលពួកគេត្រូវ
អត់ធ្មត់មិនទទួលទានអាហារនិងទឹកអស់រយៈកាលជាង១០ម៉ោងក្នុងមួយថ្ងៃៗ
ចាប់ពីពេលជិតភ្លឺរហូតទល់គ្នានឹងពេលល្ងាច។

ពិធីបុណ្យ "រ៉ាម៉ាឌន" ត្រូវសាសនាអ៊ីស្លាមនៅលើពិភពលោកប្រារឰធ្វើជារៀង
រាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ ២០០៩នេះ ប្រជាពលរដ្ឋខ្មែរអ៊ីស្លាមរៀបចំធ្វើពីថ្ងៃទី
២១ ខែសីហា ដល់ថ្ងៃទី ១៩ ខែកញ្ញា។

បើយោងតាមសម្តីរបស់លោក លី ម៉ាត់ណូ អាយុ ៦០ ឆ្នាំ ប្រធានគណៈកម្មការ
គ្រប់គ្រងវិហារអ៊ីស្លាមមួយ កន្លែងឈ្មោះថា វិហារមុខដាច់ ក្នុងអំឡុងខែរ៉ាម៉ាឌន
សាសនិកអ៊ីស្លាមក្នុងភូមិរបស់លោក តែងតែអត់ធ្មត់គ្រប់បញ្ហានិងធ្វើការផ្សះផ្សារ
គ្នា ដោយការសុំទោសគ្នាទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហាទាស់ទែងរបស់ពួកគេ
ដែលមានពីមុនមក ហើយពួកគេជាច្រើនមានចិត្តជ្រះថ្លា ដោយធ្វើការដាក់ទាន
ដល់អ្នកក្រីក្រ ចាស់ជរា ជនពិការ ឬកុមារកំព្រា។

លើសពីនេះទៅទៀតលោក លី ម៉ាត់ណូ បានបញ្ជាក់ថា សាសនិកខ្មែរអ៊ីស្លាម
ដែលមានអាយុចាប់ពី១៤ ឬ១៥ឆ្នាំឡើងទៅ នាំគ្នាតមអត់អាហារនិងទឹកចាប់
ពីម៉ោង ៤:៣០ ជិតភ្លឺរហូតដល់ម៉ោង ៦:១៥ នាទីល្ងាច ជារៀងរាល់ថ្ងៃក្នុង
អំឡុងខែរ៉ាម៉ាឌននេះ គឺលើកលែងតែអ្នកដែលមានជម្ងឺ ឬមនុស្សចាស់ជរា។

"រាល់ឆ្នាំ គេតែងតែបួស ១ ខែ ព្រោះជាកាតព្វកិច្ចរបស់អ្នកអ៊ីស្លាម ។ ឱ្យតែ
មនុស្សពេញវ័យ ទាំងស្រ្តី បុរស ត្រូវតែបួសជារៀងរាល់ឆ្នាំ"។

កាលពីចុងសប្តាហ៍មុន វេលាម៉ោង៦:១៥នាទីល្ងាច ប្រជាពលរដ្ឋខ្មែរអ៊ីស្លាម
ប្រហែលជា២៧០នាក់ ក្នុងសម្លៀកបំពាក់ធម្មតា បានបរិភោគអាហារអស់
រយៈពេលប្រហែលជា២០នាទី ដោយ អង្គុយទល់មុខគ្នា នៅក្នុងបរិវេណនៃ
"វិហារមុខដាច់នេះ" ដែលស្ថិតនៅក្នុងភូមិជ្រោយចង្វារលើមុខដាច់ សង្កាត់
ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកលី ម៉ាត់ណូ មានប្រសាសន៍ថា ការដែលសាសនិកអ៊ីស្លាមទទួលទាន
អាហារ នៅវេលានោះ គឺគេហៅថា "ស្រាយបួស" ក្នុងខែរ៉ាម៉ាឌន ដែលមាន
ន័យថា ពួកគេអាចទទួលទានអាហារឡើងវិញបាន បន្ទាប់ពីពួកគេតម អត់
អាហារ និងទឹកអស់ជាច្រើនម៉ោងមក ។

លោក លី ម៉ាត់ណូ បានឱ្យដឹងថា អាហារ និងភេសជ្ជៈសម្រាប់ស្រាយបួសក្នុង
វិហារ គឺបានមកពីការ ឧបត្ថម្ភដោយសប្បុរសជន និងអង្គការសមាគមអ៊ីស្លាម
មួយួចំនួន ហើយសាសនិកអ៊ីស្លាមមួយចំនួន ក៏បាននាំយកអាហារពីផ្ទះរបស់
ពួកគេ ដើម្បីមកចូលរួមស្រាយបួសក្នុងវិហារនេះដែរ។

លោក លី ម៉ាត់ណូ់ បញ្ជាក់ថា ក្រៅពីការស្រាយបួសនៅក្នុងវិហារ សាសនិក
អ៊ីស្លាមខ្លះ ក៏បានស្រាយបួសនៅគេហដ្ឋានរបស់ពួកគេឬទីកន្លែងដទៃទៀត។

យុវជនស្លេះ រំលី អាយុ ២១ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យ
ន័រតុន ក្រុងភ្នំពេញ ដែលចូលរួមស្រាយបួសក្នុងវិហារមុខដាច់នោះ និយាយថា
ខ្លួនមានអារម្មណ៍ធម្មតា បើទោះបីជាខ្លួន តមអត់អាហារ និងទឹកក្នុងរយៈពេល
បួសនេះក៏ដោយ។

"ពីរថ្ងៃដំបូងមានអារម្មណ៍ថា អស់កម្លាំងដែរ តែពីរថ្ងៃក្រោយមកធម្មតាវិញ"។

លោក សុះ មុះស៊ីន រដ្ឋលេខាធិការក្រសួងធម្មការ និងកិច្ចការសាសនា អាយុ
៣៧ ឆ្នាំ ដែលអះអាង ថា លោកបានចូលរួមតមអត់អាហារ និងទឹកនៅរៀង
រាល់ខែរ៉ាម៉ាឌន តាំងពីលោកអាយុ១៣ឆ្នាំនោះ បានមានប្រសាសន៍ថា តាំង
ពីថ្ងៃដំបូងនៃខែរ៉ាម៉ាឌនរហូតដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរអ៊ីស្លាម ប្រហែល
ជា៥ភាគរយ បួសមិនបានទៀងទាត់ គឺពួកគេអាចតមអត់អាហារ និងទឹកបាន
តែ២ ឬ ៣ ថ្ងៃប៉ុណ្ណោះ។

យោងតាមប្រពៃណីអ៊ីស្លាម ខែរ៉ាម៉ាឌនគឺចំពេលដែលព្រះ អាឡោះ បង្ហាញវគ្គ
ដំបូងនៃព្រះគម្ពីរ គូអាន ទៅឱ្យព្យាការីមហាម៉ាដ។ ដើម្បីជាការគោរពនូវការ
បង្ហាញព្រះគម្ពីរនេះ គេត្រូវអាន១/30នៃព្រះគម្ពីរ គូអានជារៀងរាល់យប់នៃខែ
រ៉ាម៉ាឌន ដែលជាខែទី៩ នៃឆ្នាំរបស់ជនជាតិអ៊ីស្លាម។

នៅក្នុងប្រទេសកម្ពុជា គេប៉ាន់ប្រមាណថា មានសាសនិកខ្មែរអ៊ីស្លាមចំនួនពី
ចន្លោះ៦០ម៉ឺនទៅ ៨០ ម៉ឺននាក់៕ ចប់

XS
SM
MD
LG