ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខេត្ត‏ស្ទឹងត្រែងផុលផុសដាំកៅស៊ូ


ប្រជាពលរដ្ឋខេត្ត‏ស្ទឹងត្រែង នៅក្នុងរដូវវស្សាឆ្នាំនេះបានផុលផុសដាំដំណាំកៅស៊ូ
ជាប្រភេទដំណាំថ្មីមួយ ដែលពួកគេគិតថា អាចនឹងជួយឱ្យពួកគេមានជីវភាព
ប្រសើរឡើងនៅថ្ងៃអនាគត។

បន្ទាប់ពីបង្ហើយការងារមើលថែទាំដំណាំរបស់ខ្លួន អ្នកស្រីហ៊ុន ម៉ាលី អាយុ៤៣
ឆ្នាំ បានមកអង្គុយនិយាយគ្នាលេងជាមួយមនុស្សពីរបីនាក់នៅលើគ្រែឈើមួយ
ក្នុងផ្ទះរបស់អ្នកស្រីដែលព័ទ្ធជុំវិញទៅដោយដំណាំជាច្រើនប្រភេទ។

ថ្វីត្បិតតែអ្នកស្រី ហ៊ុន ម៉ាលី កំពុងដាំដំណាំជាច្រើនប្រភេទ រួមមានដំឡូងមី
ចេក ស្វាយ ក្រូច និងស្វាយចន្ទីក៏ដោយ ក៏អ្នកស្រីប្រាប់ថា អ្នកស្រីមានបំណង
ចង់ដាំដំណាំកៅស៊ូមួយមុខទៀត ដូចប្រជារាស្រ្តជាច្រើន ដែលរស់នៅក្នុង
ស្រុកស្ទឹងត្រែង ខេត្ត‏ស្ទឹងត្រែងដែរ ក៏ប៉ុនែ្តពេលនេះ អ្នកស្រីពុំមានដើមទុន
គ្រប់គ្រាន់ដើម្បីធ្វើដូច្នោះទេ។

" គេគិតឃើញថា កៅស៊ូវាបានថ្លៃ ហើយក៏ម៉្យាង វាប្រើសម្រាប់អ្នកមាន។ វា
ស្រួល។ គេដាំចាប់ពី៣ឆ្នាំឡើង៤ឆ្នាំឡើង។ គេធ្វើ គេជៀរជ័ររហូត។ គេមាន
ដើមទុន"។

នៅក្នុងខេត្ត‏ស្ទឹងត្រែងដដែល បើយើងធ្វើដំណើរទៅកាន់ស្រុកសៀមបូកវិញ
នៅតាមផ្លូវគេក៏ឃើញមាន ដើមកៅស៊ូដែលទើបតែនឹងដាំថ្មីៗ ជាច្រើនកន្លែង
ដូចគ្នានឹងស្រុកស្ទឹងត្រែងដែរ។

លោក ត្រិត សារិទ្ធ អាយុ ៤៧ ឆ្នាំរស់នៅក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក
មានប្រសាសន៍ថា លោកចាប់ផ្តើមដាំដំណាំកៅស៊ូក្នុងឆ្នាំ២០០៨ ដោយពេល
នោះ លោកដាំតែ១០ហិកតាប៉ុណ្ណោះ ប៉ុនែ្តនៅឆ្នាំនេះលោកដាំបន្ថែមចំនួន៣០
ហិកតាទៀត។

"ដាំដើមកៅស៊ូ មើលទៅវាស្រួលប្រមូលផលផង ហើយទិន្នផល ដូចថា វាបាន
មកគួរតែយើងផ្លាស់ប្តូរបាន"។
"ហើយយ៉ាងម៉េចទៀត?”
"យើងមើលទៅ ទៅមុខ ទៅមុខទៅ វាសង្ឃឹមថា ដាំកើតទៅ" ។

បើយោងតាមសម្តីរបស់អ្នកដាំដំណាំកៅស៊ូនៅក្នុងខេត្តស្ទឹងត្រែង បានឱ្យដឹង
ថា កសិករចាប់ផ្តើមដាំកៅស៊ូ នៅក្នុងឆ្នាំ២០០៧ ពីព្រោះពួកគេយល់ឃើញថា
ដំណាំនេះអាចជួយឱ្យពួកគេ ទទួលបានផលចំណេញច្រើនជាងដំណាំដទៃទៀត
ដូចជាស្វាយចន្ទី និងដំឡូងមី។

ពួកគេបានបន្តថា ពួកគេបង្កើនការដាំដំណាំនេះយ៉ាងផុលផុសក្នុងឆ្នាំ២០០៩នេះ
គឺពីចន្លោះពាក់ កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែ សីហាដោយ អ្នកខ្លះដាំ
ថែមចំនួន៣ ហិកតា ឯអ្នកខ្លះទៀត ដាំថែមរហូតដល់ទៅ៤០ហិកតា ។ រីឯមូល
ហេតុ ដែលពួកគេពង្រីកការដាំកៅស៊ូថែមទៀត គឺក្រោយពីពួកគេ សង្កេតឃើញ
ថា ដើមកៅស៊ូដែលពួកគេដាំតាមបច្ចេកទេសដែលមន្រ្តីរដ្ឋាភិបាលបានណែនាំ
ក្នុងឆ្នាំកន្លងទៅ នោះ មានការលូតលាស់បានល្អ។

ដើម្បីទាញយកផលពីការដាំកៅស៊ូ អ្នកដាំត្រូវចំណាយពេលច្រើនឆ្នាំក្នុងការថែ
ទាំ ព្រោះដើមកៅស៊ូខ្លះមាន អាយុដល់ទៅ៦ ឬ ៧ឆ្នាំ ទើបអាចទាញយកផលពី
វាបាន ។

អ្នកដាំដំណាំកៅស៊ូម្នាក់ទៀតនៅក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូកដែរគឺលោក
កោះ មួន អាយុ ៥៧ ឆ្នាំ មានប្រសាសន៍ថា លោកបានឮពីអ្នកដាំកៅស៊ូនៅខេត្ត
កំពង់ចាមថា លុះពេលដើមកៅស៊ូធំ គេអាចចាក់ជ័រ ឬ ទាញយកផលពីដើមកៅ
ស៊ូបានស្ទើរតែរៀងរាល់ថ្ងៃ ។

"ដើមកៅស៊ូ វាក្នុងរយៈពេលមួយឆ្នាំគឺ៣៦៥ ថ្ងៃនេះ ដកតែ២០ថ្ងៃចេញទេ ផល
បានរាល់ថ្ងៃ " ។

លោក កោះ មួន ដែលបង្កើនការដាំកៅស៊ូពីចំនួន ៤ ហិកតាកាលពីឆ្នាំទៅមិញ
ដល់១៤ ហិកតានៅឆ្នាំនេះ បានឱ្យដឹងថា លោកចំណាយអស់ទុន ៥០០ ដុល្លារ
ក្នុងការដាំកៅស៊ូចំនួន១ហិកតា ដោយទិញពូជយកមកពីខេត្តកំពង់ចាម ។

លោក លី ផល្លា អគ្គនាយកអគ្គនាយក នៃនាយកដ្ឋាន ចម្ការកៅស៊ូនៃក្រសួង
កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មានប្រសាសន៍ថា កាលពីមុន ដំណាំកៅ
ស៊ូមានដាំតែនៅក្នុងខេត‏ក្តំពង់ចាមភាគច្រើន និង ដាំបន្តបន្តិចបន្តូចទៀតនៅ
ក្នុងខេត្តក្រចេះ និងរតនគីរី។ ប៉ុនែ្តបច្ចុប្បន្ននេះ ដំណាំនេះ ក៏ត្រូវគេដាំនៅក្នុង
ខេត្តមួយចំនួនទៀត ដូ ចជាខេត្តស្ទឹងត្រែង មណ្ឌលគីរី កំពង់ធំជាដើម។

សម្រាប់ខេត្ត‏ស្ទឹងត្រែងវិញ លោក លី ផល្លា អះអាងថា ដីនៅទីនោះជាដី ដែល
អាចអំណោយផល ឱ្យកសិករ ដាំដំណាំកៅស៊ូបាន។ ក៏ប៉ុនែ្តបើប្រៀបធៀបអំពី
គុណភាពដីសម្រាប់ដាំកៅស៊ូ នៅក្នុងខេត្តស្ទឹងត្រែង ជាមួយនឹងដីនៅខេត្តដទៃ
វិញ លោកមានប្រសាសន៍យ៉ាងដូច្នេះ៖

"ដីហ្នឹង ជាដីធម្មតា។ វាមិនដូចនៅកំពង់ចាម មណ្ឌលគីរី ឬរតនគីរី ឬកំពង់ធំ
ឬ ព្រះវិហារទេ។ ប៉ុនែ្តវាគ្រាន់តែមានការអភិវឌ្ឍន៍" ។

លោក លី ផល្លា មានប្រសាសន៍ថា កសិករដែលដាំដើមកៅស៊ូនៅក្នុងប្រទេស
កម្ពុជា ប្រើពូជនៅក្នុងស្រុក ចំណែកក្រុមហ៊ុនចម្ការកៅស៊ូខ្លះប្រើពូជយកមកពី
បរទេស ដូចជាមកពីប្រទេសវៀតណាម និង ប្រទេសម៉ាឡេស៊ី។

លោក លី ផល្លា បានឱ្យដឹងថា ក្រុមហ៊ុនទាំងនោះ បានប្រមូលទិញជ័រកៅស៊ូពី
កសិករ ហើយនាំកៅស៊ូចេញ ទៅលក់នៅបរទេស ដែលភាគច្រើននាំចេញទៅ
ប្រទេសវៀតណាម។ បន្ទាប់មកគឺប្រទេសម៉ាឡេស៊ីនិងប្រទេសសឹង្ហបុរី ព្រមទាំង
ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។

ប្រទេសកម្ពុជាមានក្រុមហ៊ុនដែលកំពុងវិនិយោគដាំដំណាំកៅស៊ូចំនួន១៣ ក្នុង
នោះ មានក្រុមហ៊ុនបរទេសចំនួន៧ ហើយកាលពីឆ្នាំ ២០០៨ កន្លងទៅ ពួកគេ
បាននាំកៅស៊ូចេញទៅលក់នៅបរទេសបានចំនួន៥ ម៉ឺនតោន។

លោក លី ផល្លា បានឱ្យដឹងថា ក្នុងឆ្នាំ២០០៩ គិតមកដល់ខែសីហានេះ កៅស៊ូ
ប្រហែល៣ម៉ឺនតោន ត្រូវបាន នាំចេញទៅបរទេស។

លោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទមានប្រ-
សាសន៍ថា បច្ចុប្បន្នជ័រកៅស៊ូ ដែលនាំចេញពីកម្ពុជាយកទៅលក់នៅបរទេស
មានតម្លៃពី១.៥០០ ទៅ១.៧០០ដុល្លារសហរដ្ឋអាមេរិកក្នុង១តោន។

លោក ចាន់ សារុន បានប៉ាន់ប្រមាណថា គិតត្រឹមខែសីហា ឆ្នាំ ២០០៩ នេះ
នៅក្នុងប្រទេសកម្ពុជា ទាំងមូល មានដំណាំកៅស៊ូប្រហែលជា១៣ម៉ឺនហិកតា
ដោយក្នុង១ហិកតា ទទួលបានទិន្នផលជាមធ្យម ១,៨ តោន។

លោក ចាន់ សារុន បានកត់សំគាល់ថា ការដាំកៅស៊ូចាប់ផ្តើមកើនឡើងតាំង
ពីចុងអាណត្តិទី៣របស់រដ្ឋាភិ បាល។

"រដ្ឋាភិបាលលើកទឹកចិត្តដល់អ្នកដាំកៅស៊ូទាំងអស់ ហើយជាពិសេសកៅស៊ូ
គ្រួសារ ដែលកំពុងតែ កើនឡើងលើសលុបតែម្តង មិនមែនតែខេត្តស្ទឹងត្រែង
មួយទេ មានទាំងខេត្តរតនគីរី និង មណ្ឌលគីរី ផងដែរ និង ក្រចេះផងដែរ "។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះក៏បានឱ្យដឹងផងដែរថា ជាគោលការណ៍
រដ្ឋាភិបាលនឹងខិតខំប្រឹងប្រែង ដើម្បីបង្កើនការដាំដុះដំណាំកៅស៊ូឱ្យបានដល់
ចំនួន២០ម៉ឺនហិកតានៅឆ្នាំ២០១៥ នៅទូទាំងប្រទេស។

ក្រោយមកទៀត លោកសុំមិនធ្វើអត្ថាធិប្បាយតទៅទៀត ដោយលោកមាន
ប្រសាសន៍ថា លោកជាប់រវល់ ជួបភ្ញៀវ។

គេនៅចាំបានថា ដំណាំកៅស៊ូចាប់ផ្តើមកើតមាននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ
១៩១០។នៅពេលនោះជនជាតិ បារាំងបានសាកល្បងដាំកៅស៊ូ នៅក្រុងកំពង់
សោម ចំនួន១៥០ ហិកតា ដោយយកពូជមកពីប្រទេសវៀតណាម៕ចប់

XS
SM
MD
LG