ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារធំដឹងក្តីក្នុងបរិយាកាស  អំពើហិង្សា


យោងតាមការសិក្សាជាច្រើនឲ្យដឹងថា កុមារនៃគ្រួសារដែលនៅរស់ពីសង្គ្រាម
ត្រូវបានរាយការណ៍មកថា មានភាពឯកឯង ច្របូកច្របល់ និងរងបន្ទុកពីការ
របួសគ្រាំគ្រាផ្លូវចិត្តរបស់ឪពុកម្តាយដែលខ្វះការទាក់ទង,គឺទំនាក់ទំនងដែល
ជាញឹកញយពួកគេបានជៀសវាង ជាជាងរំឮកនឹកដល់ព្រឹត្តិការណ៍ដ៏រន្ធត់ទាំង
ឡាយដែលកើតមានក្នុងជីវិតរបស់គេ។ ការសិក្សាក៏បានបង្ហាញថា កុមារនៃ
ក្រុមគ្រួសារដែលនៅរស់ពីសង្គ្រាមទំនងជាមានកើត ការក្រៀមក្រំចិត្ត ការធុញ
ថប់ក្នុងចិត្ត និងការខ្វះទឹកចិត្ត។

អ្នកស្រីនុច សារីតា បានជួបសន្ទនាជាមួយស្ត្រីខ្មែរមួយចំនួននៅរដ្ឋCalifornia
ដែលបានធ្វើការជាមួយកុមារ និងក្រុមគ្រួសារខ្មែរ ដែលមានបញ្ហា ហើយធ្វើ
សេចក្តីរាយការណ៍ដូចតទៅនេះ ៖

នាង អ៊ុយ ការា អ្នកជួយការពារអំពើហិង្សាក្នុងគ្រួសារនៅឯជម្រកស្ត្រីរងគ្រោះ
អាស៊ី ដែលជាកម្មវិធីមួយរបស់ស្ត្រីអាមេរិកាំងកំណើតអាស៊ីសំរាប់ការចូលរួម
ក្នុងសហគមន៍នៅក្នុងស្រុក Santa Clara រដ្ឋ Californiaនិយាយថា ច្រើនជាង
ពាក់កណ្តាលនៃកុមារក្នុងវ័យសិក្សាដែលរស់នៅ នៅក្នុងជម្រកកុមាររងគ្រោះ
ដោយអំពើហិង្សាក្នុងគ្រួសារ មានកំរិតឈឺចាប់នៃការធុញថប់ក្នុងចិត្តនិងជម្ងឺ
បាក់ស្បាត ។

នាង អ៊ុយ ការា បាននិយាយប្រាប់វីអូអេខ្មែរនៅក្នុងបទសម្ភាសន៍មួយនៅក្នុង
ការិយាល័យរបស់នាងនៅទីក្រុងSan Joseថា បើគ្មានការព្យាបាលទេ កុមារ
ទាំងនោះនឹងរងគ្រោះថ្នាក់ខ្លាំងក្នុងការប្រព្រឹត្តបទល្មើស ការប្រើគ្រឿងញៀន
ការគេចវេះមិនចូលសាលា ហើយមានការពិបាកក្នុងការទាក់ទងមិត្តភាព ។

ដោយនាងជាអ្នកឲ្យឱវាទគ្រួសារនៅមន្ទីរជម្រកនៃអ្នកមានវិបត្តិដោយអំពើហិង្សា
ក្នុងគ្រួសារ និងជាអ្នកស្ម័គ្រចិត្តដ៏សកម្មម្នាក់នៅក្នុងសហគមន៍នៃស្រុក Santa
Clara ផងនោះ នាង អ៊ុយ ការា បានធ្វើការជាមួយគ្រួសារជាច្រើនពីគ្រប់មជ្ឈ
ដ្ឋាន និងនៅក្នុងហេតុការណ៍ជាច្រើន ។

“លំនាំដែលខ្ញុំយើញច្បាស់បំផុតនៅក្នុងចំណោមគ្រួសារទាំងនេះគឺថា ការកើត
មានឡើងច្រំដែលៗនៃអំពើហិង្សាក្នុងគ្រួសារ ដែលបែកមែកបែកធាងពីកត្តានៃ
ចិត្តវិជ្ជានិងបរិយាកាស ។ ខ្មុំគិតថា ស្ទើរតែគ្រប់មនុស្សនៅរស់ពីសង្គ្រាម ដែល
ខ្ញុំធ្លាប់បានធ្វើការជាមួយនោះ បានបង្ហាញថា ម្តាយ ឬអ្នកអាណាព្យាបាលបាន
ចិញ្ចឹមបីបាច់ពួកគេនៅក្នុងបរិយាកាសមួយដែលការរំលោភធ្វើបាបត្រូវបានអត់
អោនឬគ្មានការប្រឆាំង ។ ហើយអ្នករងគ្រោះជាច្រើននាក់ក៏បានបញ្ជូនបន្តពូជ
នូវផលប៉ះពាល់យ៉ាងជ្រៅនៃការមិនឲ្យតម្លៃដល់ខ្លួនឯង ការតានតឹងក្នុងចិត្តនិង
ដំណើរធ្លាក់ទឹកចិត្ត។ ជាមួយនិងជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ដែល
ខ្ញុំបានធ្វើការជាមួយនោះ ជាច្រើននាក់បានរៀបរាប់ថា ពួកគេបានកត់សម្គាល់
នូវលំនាំមិនល្អនៃអាកប្បកិរិយារបស់កូនៗនៃពួកគេ” ។

នៅជាមួយនឹងពេលដែលកូនប្រុសជាច្រើនធ្វើតម្រាប់តាមអាកប្បកិរិយាឃោរ
ឃៅរបស់ឪពុក កូនស្រីបានចាប់ផ្តើមការងាយនឹងតក់ស្លុតនិងឆាប់ភ័យរន្ធត់។ នាងការាក៏បានរំឭកអំពីការសិក្សាខ្លះដែលបានបង្ហាញតួលេខថា ៥០ភាគរយ
នៃក្មេងប្រុសធំដឹងក្តីក្នុងផ្ទះដែលមានការធ្វើទុក្ខទោសនិងរំលោភបំពានលើសិទ្ធិ
អ្នករស់នៅជាមួយ បានក្លាយជាជនរំលោភបំពាន ឲ្យទុក្ខទោសដល់គេឯង រីឯ
ក្មេងស្រីវិញ ៦០ភាគរយបានក្លាយជាជនរងគ្រោះ ។

អ្នកស្រីវីនីតា គីលីន អ្នកទំនាក់ទំនងកូនសិស្សសម្រាប់សហគមន៍ខ្មែរនៅសង្កាត់
សាលារៀន Franklin McKinley នៅស្រុក Santa Clara នៃរដ្ឋCalifornia ថ្លែង
ថា ក្មេងដែលធ្លាប់ឃើញឪពុកម្តាយឈ្លោះប្រកែកគ្នា វាយតប់គ្នាជាញឹកញយ
នោះពេល វាទៅដល់សាលារៀន វាតែងតែបង្ហាញនូវការមួរម៉ៅ ការឈ្លោះប្រកែក
គ្នាជាមួយមិត្តភក្តិនៅក្នុងសាលារៀន ។

“ក្មេងទាំងនោះច្រើនមិនយកចិត្តទុកដាក់ក្នុងការរៀនសូត្រ មិនស្តាប់គ្រូបង្រៀន
ទេ ប្រើពាក្យសម្តីគំរាមកំហែងមិត្តភក្តិក្នុងថ្នាក់ បង្ករជម្លោះជាមួយសិស្សដទៃ
ទៀតនៅក្នុងទីធ្លាសាលា និងគេចវេះមិនចូលសាលារៀន” ។

អារម្មណ៍បន្ទោសខ្លួនឯងអាចធ្វើឲ្យឆាប់កើតចិត្តថា ខ្លួនបានធ្វើខុស កើតទុក្ខ
ព្រួយនិងកើតការធុញថប់ក្នុងចិត្ត។ កុមារ ជាពិសេសកុមារនៅវ័យក្មេងខ្ចី មិន
មានលទ្ធភាពបង្ហាញពីអារម្មណ៍របស់ខ្លួនតាមពាក្យសំដីទេ។ ក្មេងទាំងនោះ
បញ្ចេញអារម្មណ៍មួម៉ៅរបស់ខ្លួនតាមកាយវិការ ដូចជាប្រកាន់ខ្ជាប់នឹងអ្វីមួយ
និងការយំរហែបៗ ។ អ្នកស្រី អោម រស្មី អ្នកចាត់ចែងសំណុំរឿងនិងជាអ្នកអប់
រំអំពើហិង្សាក្នុងគ្រួសារ និយាយថា ការពិបាកញ៉ាំនិងដេក ការបង្កើតបញ្ហាការ
ធុញថប់គ្រប់ពេល និងការត្អូញត្អែរថា ឈឺក្បាល ទាំងអស់នេះជាហេតុការណ៍
ទូទៅរបស់ក្មេងក្នុងគ្រួសារមានអំពើហិង្សា ។

“ខ្ញុំបានជួបប្រាំគ្រួសារ ហើយនៅពេលកូនចូលដល់អាយុយុវវ័យ កូននោះមាន
កើតជម្ងឺ Schizophrenia ។ ឧទាហរណ៍ ដូចជាកូនខ្មែរម្នាក់នោះចេះតែឮសូរ
សម្លេងប្រាប់វាក្នុងត្រចៀកថា ឲ្យវាដើរឆ្លងថ្នល់នៅពេលឡានកំពុងបើកកាត់។
ប៉ូលីសបានចាប់ខ្លួនក្មេងនោះទៅដាក់ក្នុងមន្ទីរពេទ្យរោគខួរក្បាល ឥឡូវនៅ
បាន៤ឆ្នាំហើយ ហើយនៅមិនទាន់ចេញទេ ។

ក្មេងខ្មែរម្នាក់ទៀតមានជម្ងឺ Bipolar disorderគឺថា ពេលណាវាខឹងខ្លាំង វាវាយ
គេឯងគ្រប់គ្នា មិនថា ឡើយជាម្តាយវា ឬជាអ្នកណាទេ ។ នៅពេលណាជម្ងឺនោះ
អស់កំសួល ក្មេងនោះក៏ជាដូចជាក្មេងធម្មតា” ។

ជាទូទៅក្មេងដែលមានបញ្ហាទាំងនោះមានអាការៈឆាប់ខឹង ក្តៅក្រហាយ វាយ
តប់ជាញឹកញាប់ជាមួយបងប្អូនវា ឬជាមួយសិស្សនៅក្នុងសាលារៀន ហើយចេះ
តែបង្ករឲ្យមានការវាយទាត់ធាក់គ្នាដើម្បីឲ្យមានការចាប់អារម្មណ៍ ។

អ្នកស្រី វីនីតាថ្លែងថា ក្មេងដែលបានឃើញឪពុកម្តាយឈ្លោះគ្នារាល់ថ្ងៃ ជួន
កាលទៅជាក្មេងខ្លាចគេ មិននិយាយស្តី តូចចិត្តដោយគិតថា ខ្លួនគ្មានអ្នក
ស្រឡាញ់ ។

អ្នកស្រីព្រៀម សូនី អ្នកសម្របសម្រួលកម្មវិធីយល់ដឹងអំពីអំពើហិង្សាក្នុងគ្រួ-
សារនិយាយថា ក្មេងពេញវ័យជំទង់ចេញពីគ្រួសារឈ្លោះគ្នារាល់ថ្ងៃ ច្រើនជួប
ប្រទះបរាជ័យក្នុងការសិក្សា ការប្រព្រឹត្តបទល្មើស ការប្រើគ្រឿងញៀន ហើយ
កូនប្រុសច្រើនទៅជាអ្នកវាយប្រពន្ធដូចឪពុក។ រីឯក្មេងស្រីទំនងដូចជាបង្ហាញ
នូវការភ័យខ្លាចនិងការរត់ទៅរកគ្រោះថ្នាក់ដោយការបាត់បង់ភាពរឹងប៉ឹង ដូច
ជាក្មេងម្នាក់ដែលត្រូវការការគាំទ្រ ។

អ្នកស្រី វីនីតាបានបន្ថែមថា មានក្មេងខ្លះ ពេលគ្រូនិងអ្នកគ្រប់គ្រងសាលារៀន
សួរអំពីការរស់នៅនៅក្នុងផ្ទះ ឬអំពីថា តើមានអំពើហិង្សាក្នុងគ្រួសារឬទេ ពួក
វាតែងមានការរួញរានឹងឆ្លើយប្រាប់ត្រង់អំពីស្ថានភាពក្នុងផ្ទះរបស់ពួកគេ ព្រោះ
ពួកវាត្រូវបានហាមមិនឲ្យនិយាយ ឬទទួលការគំរាមពីឪពុកម្តាយ ។

កុមារ ដែលបានឃើញអំពើហិង្សាក្នុងគ្រួសាររាល់ថ្ងៃ ជាញឹកញយបានទទួល
ការឈឺចាប់ខាងផ្លូវចិត្តនិងមានចរិយាមិនល្អ ។ នាង អ៊ុយ ការានិយាយថា បើ
គ្មានការព្យាបាលទេ ក្មេងទាំងនោះអាចទទួលផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវិត
របស់វា ហើយអាចបន្តការកើតអំពើហិង្សាទៅច្រើនជំនាន់ទៀតផង។ បើមាន
ជំនួយ ក្មេងអាចរួចពីច្រវាក់នៃការបន្តវេននេះ។ ក្រុមអ្នកដឹកនាំសហគមន៍ ក្រុម
ភ្នាក់ងារប៉ូលីសនិងក្រុមនាយកកិច្ចការសុខភាពផ្លូវចិត្តត្រូវជួយក្នុងរឿងនេះ៕
ចប់

XS
SM
MD
LG