ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណទានមិនដំណើរការរបស់ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុកើនឡើង


ឥណទានមិនដំណើរការរបស់គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុនៅប្រទេសកម្ពុជាបាន
កើនឡើងរហូតដល់ជាង ៣ភាគរយនៅពាក់កណ្តាលឆ្នាំ២០០៩នេះ។ ប៉ុន្ដែអ្នក
ជំនាញការសេដ្ឋកិច្ចនិយាយថា ទោះបីជាមានកំណើនខ្ពស់មិនធ្លាប់មានបែប
នេះក៏ដោយ ក៏ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជាមិនទាន់ឈានដល់ចំនុចគ្រោះថ្នាក់
នៅឡើយទេ។

កំសួលនៃវិបត្តិសេដ្ឋកិច្ចសកលលោកបានធ្វើឲ្យឥណទានមិនដំណើរការរបស់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន១៩នៅប្រទេសកម្ពុជា កើនឡើងរហូតដល់ 3.4
ភាគរយនៅពាក់កណ្តាលឆ្នាំ ២០០៩នេះ។ គឺជាការកើនឡើងដែលមិនធ្លាប់
មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅ។

ឥណទានមិនដំណើរការគឺជាប្រភេទប្រាក់កម្ចីដែលអតិថិជនមិនអាចសងបាន
តាមកាលកំណត់ ឬខកខានមិនបានសងត្រឡប់ទៅស្ថាប័នផ្តល់កម្ចីវិញ។ ការ
កើនឡើងខ្លាំងនូវឥណទានមិនដំណើរការគឺជាចំនុចគ្រោះ ថ្នាក់មួយដែលអាច
នាំឲ្យគ្រឹះស្ថានផ្តល់កម្ចីជួបវិបត្តិហិរញ្ញវត្ថុឬអាចឈានដល់ក្ស័យធនតែម្តង។

នៅកម្ពុជាមុនពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកមិនមានឥណទានមិនដំណើរ
ការទេក្នុងចំណោមស្ថាប័នមីក្រូហិរញ្ញវត្ថុ ប៉ុន្តែឥណទាននេះបានកើនឡើង0.7
ភាគរយនៅដំណាច់ឆ្នាំ២០០៨ ហើយបានបន្តកើនឡើងរហូតដល់ 3.4 ភាគ
រយនៃចំនួនប្រាក់កម្ចីសរុប ៤២៦លានដុល្លាអាមេរិកនៅពាក់កណ្តាលឆ្នាំនេះ។
គឺជាការកើនឡើងយ៉ាងគំហុកមួយ។

លោកស្រី តាល់ ណៃអ៊ីម អគ្គនាយកធនាគារជាតិនៃកម្ពុជា មានប្រសាសន៍
នៅក្នុងសន្និសីតសារព័ត៌មានស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅទីក្រុងភ្នំពេញថា គ្រឹះ
ស្ថានមីក្រូហិរញ្ញវត្ថុទើបតែបានជួបប្រទះនូវការកើនឡើងឥណទានមិនដំណើរ
ការខ្ពស់បែបនេះជាលើកដំបូង។

លោកស្រី តាល់ ណៃអ៊ីម និយាយថា ការកើនឡើងនេះបណ្តាលមកពីវិបត្តិសេដ្ឋ
កិច្ចដែលធ្វើឲ្យប្រជាជនជួបការលំបាកក្នុងការសងប្រាក់ត្រឡប់ទៅម្ចាស់បំណុល
វិញ។

"យើងឃើញថា ការប៉ះពាល់នេះគឺវាប៉ះពាល់ទៅលើសេដ្ឋកិច្ចរូបវ័ន្ត ដូចជាការប៉ះ
ពាល់ទៅលើវិស័យកាត់ ដេរ សំណង់ ទេសចរណ៌ កសិកម្មជាដើម វាធ្វើឲ្យប៉ះ
ពាល់ទៅដល់ចំណូលអាជីវកម្មរបស់អ្នកក្រីក្រដែលខ្ចី លុយពីមីក្រូហរិញ្ញវត្ថុ។ អី
ចឹងហើយវានាំឲ្យគាត់មានការលំបាកក្នុងការសង"។

ទោះបីយ៉ាងនេះក្តី លោកស្រី តាល់ ណៃអ៊ីម អះអាងថា ការកើនឡើងនេះស្ថិត
ក្នុងកម្រិតទាបនៅឡើយ ដែលមិនទាន់ជាការព្រួយបារម្ភសម្រាប់គ្រឹះស្ថានមីក្រូ
ហិរញ្ញវត្ថុនោះទេ។ ហើយការប្រែប្រួលនៃឥណទានមិនដំណើរទៅថ្ងៃអនាគត
អាស្រ័យទៅលើបរិបទសេដ្ឋកិច្ច។

លោក ឈាង ម៉េងហៀក សាស្ត្រចារផ្នែសេដ្ឋកិច្ចធនាគារនិងហិរញ្ញវត្ថុនៃសាកល
វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមានថា ប្រសិន បើអត្រា
ឥណទានមិនដំណើរការបន្តកើនឡើងខ្លាំងនោះ វានឹងក្លាយជាហានិភ័យ ឬបញ្ហា
ប្រឈមដ៏ធ្ងន់ធ្ងរមួយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

"ឥណទានហ្នឹងកាលណាអត្រាRatioហ្នឹងកើនខ្ពស់គ្រោះថ្នាក់ណាស់ ហានិភ័យ
ខ្វះសាច់ប្រាក់ ព្រោះគេ សងមកវិញអត់មានផង អាចហានិភ័យដល់អ្នកហ្នឹង
បាត់បង់ទាំងស្រុងតែម្តងទៀត"។

ប៉ុន្តែលោកហួត អៀងតុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជានិយាយ
ថា លោករំពឹងថា ឥណទានមិនដំណើរការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងមិន
កើនលើសពី៥%នោះទេ នៅដំណាច់ឆ្នាំ ២០០៩ នេះ។ លោកអៀងតុង អះអាង
ថា ដរាបណាឥណទានមិនដំណើរ ឬហៅកាត់ជាំភាសាអង់គ្លេសថា NPL ស្ថិត
ក្រោម៥%វាបង្ហាញថា ដំណើរការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅល្អប្រសើរ។

"ប្រសិនជាNPLត្រឹម៥%ភាគរយចុះក្រោម គេនៅតែគិតថា គ្រឹះស្ថានមីក្រូហិរញ្ញ
វត្ថុនៅតែល្អប្រសើរធម្មតា អីចឹង។ នេះតាមស្តង់របស់វា។ ទាល់តែលើសពី ៥%
ច្រើនទើបយើងមានការព្រួយបារម្ភ"។

លោក រ៉ាសែល ម័រ អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃសាជីវកម្មហរញ្ញវត្ថុអន្តរជាតិ IFC
ក៏យល់ស្របដែរថា កំណើនឥណទានមិនដំណើរការនាពេលនេះគឺតិចតួចនៅ
ឡើយ។ ក៏ប៉ុន្តែ លោកលើកឡើងថា គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុត្រូវតែពង្រឹងបទ
បញ្ញាតិឲ្យបានច្បាស់លាស់និងល្អប្រសើរជាងនេះ ទៅលើថា តើនរណាគួរតែ
ទទួលបានឥណទាន។

សូមរំលឹកថា គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុនៅប្រទេសកម្ពុជា បានកកើតឡើងដំបូង
បំផុតក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលនៅឆ្នាំ ១៩៩២។ ៦ឆ្នាំក្រោយមក អង្គការ
ក្រៅរដ្ឋាភិបាលជាច្រើនបានវិវត្តខ្លួនទៅជាគ្រឹះស្ថានមីក្រួហិរញ្ញវត្ថុជាបន្តបន្ទាប់
ដែលធ្វើឲ្យចំនួនគ្រឹះស្ថានកើនដល់២០នៅឆ្នាំ២០០៩នេះ។ ហើយចំនួនអ្នកប្រើ
ប្រាស់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនដល់ជាង១លាននាក់។

ប្រទេសកម្ពុជាគ្រោងបង្កើតការិយាល័យព័ត៌មានឥណទានក្នុងរយៈពេល២ឬ៣
ឆ្នាំខាងមុខដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំកម្ចី និងអ្នកផ្តល់កម្ចី
ក្នុងការជ្រើសរើសអតិថិជនដែលល្អបំផុត៕ ចប់

XS
SM
MD
LG