ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋថៃធ្វើប្រាសាទអង្គរវត្ត ដាក់មុខបង្គន់ជាប់គុក៣ខែពីបទ ចូលកម្ពុជាខុសច្បាប់


តុលាការខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍នេះ បានកាត់ទោសជនជាតិ
ថៃម្នាក់ ដែលបានឆ្លាក់រូបប្រាសាទអង្គរវត្តនៅមុខបង្គន់ក្នុងទីក្រុងប៉ោយប៉ែត
កាលពីដើមខែសីហានេះ ឱ្យជាប់ពន្ធនាគារចំនួន៣ខែអំពីការស់នៅខុសច្បាប់
ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១០ ឆ្នាំ ប៉ុន្តែបានលើកលែងការចោទ
ប្រកាន់អំពីការប្រមាថម៉ាក់ងាយដល់ប្រាសាទអង្គរវត្ត។

សឡា វុធខាំសន អាយុ៣៩ឆ្នាំ បានឆ្លងដែនចូលមករស់នៅក្នុងប្រទេសកម្ពុជា
ដោយខុសច្បាប់តាំងពីឆ្នាំ១៩៩៨។ ជនជាតិថៃរូបនេះត្រូវបានចាប់ខ្លួនកាលពី
ថ្ងៃទី១០ ខែសីហា បន្ទាប់ពីបានឆ្លាក់រូបប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា
នៅលើស៊ីម៉ង់នៅក្នុងមុខបង្គន់់ សម្រាប់ឱ្យមនុស្សចេញចូលបន្ទោរបង់ជាន់នៅ
លើរូបសំណាកនេះនៅក្នុងភូមិក្បាលស្ពានក្រុងប៉ោយប៉ែតជាប់ព្រំដែនជាមួយ
ប្រទេសថៃ។

លោកទោះ សំអាត ចៅក្រមជំនុំជម្រះតុលាការខេត្តបន្ទាយមានជ័យ បានថ្លែង
ប្រាប់ VOA ថា លោកបានកាត់ទោសជនជាតិថៃម្នាក់ឈ្មោះ សឡា វុធខាំសន
អាយុ ៣៩ ឆ្នាំ ឱ្យជាប់ពន្ធនាគារចំនួន៣ខែអំពីបទចូលប្រទេសកម្ពុជា ដោយ
ខុសច្បាប់។

លោកចៅក្រមរូបនេះ បានបញ្ជាក់ថា

"លោកទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងជនជាតិថៃរូបនេះអំពីការឆ្លាក់
រូបប្រាសាទអង្គរវត្ត ពីព្រោះវាគ្មានធាតុផ្សំនឹងបទល្មើស ដែលយើងអាចរក
បញ្ញត្តិច្បាប់ យកមកចោទប្រកាន់ និង ដាក់ទោសជនជាតិថៃរូបនេះ។ យើងរក
មិនឃើញកំហុសរបស់ជនជាតិថៃ ដើម្បីចោទប្រកាន់អំពីការប្រមាថមាក់ងាយ
ដល់ប្រាសាទអង្គរវត្ត ដោយការឆ្លាក់រូបប្រាសាទអង្គរវត្តនៅមុខបង្គន់នោះទេ ។
ចម្លើយដោះសាររបស់ជនជាតិថៃនេះបានបញ្ជាក់ថា ការឆ្លាក់រូបប្រាសាទអង្គរ
វត្តនេះមិនមែនធ្វើដាក់នៅមុខបង្គន់ ដើម្បីឱ្យគេជាន់ទេ។គាត់បានឆ្លាក់និងបាន
រង់ចាំឱ្យរូបចម្លាក់ប្រាសាទអង្គរវត្តស្ងួត ប៉ុន្តែចៃដន្យ ប្រជារាស្ត្រខែ្មរបានឃើញ
និងបានប្តឹងប៉ូលីសឱ្យចាប់ជនជាតិថៃនេះ។ យើងរកអត់ឃើញមានធាតុផ្សំនឹង
បទល្មើសណាដែលយើងអាចចោទប្រកាន់ជនជាតិថៃនេះបានទេ"។

លោកស៊ុំ ចាន់គា អ្នកសម្របសម្រួលនៃសមាគមសិទ្ធិមនុស្ស ADHOC ប្រចាំ
ខេត្តបន្ទាយមានជ័យ បានថ្លែងថា ការកាត់ទោសជនជាតិថៃឱ្យជាប់គុក ៣ ខែ
អំពីការឆ្លងដែនខុសច្បាប់នេះ គឺជាការកាត់ទោសព្រមានដ៏ត្រឹមត្រូវ ប៉ុន្តែលោក
បានសម្តែងការសោកស្តាយចំពោះការលើកលែងការចោទប្រកាន់អំពីការប្រមាថ
មាក់ងាយដល់ប្រាសាទអង្គរវត្ត។

លោកស៊ុំ ចាន់គា បានបញ្ជាក់ថា តុលាការគួរតែផ្តន្ទាទោសជនជាតិថៃអំពីការ
ប្រមាថ និងការញ៉ុះញ៉ង់ បន្ថែមលើទោសចូលប្រទេសកម្ពុជាដោយខុសច្បាប់
នេះ។ ប៉ុន្តែការសម្រេចនេះ គឺជាឆន្ទានុសិទ្ធិរបស់លោកចៅក្រម។

"យើងមានការសោកស្តាយបំផុត ព្រោះថា ទាក់ទងនឹងការរកធាតុផ្សំនឹងបទ
ល្មើសដើម្បីចោទប្រកាន់លើជនជាតិថៃដែលធ្វើចម្លាក់រូបប្រាសាទអង្គរវត្តរបស់
ខែ្មរយើងដាក់នៅក្នុងបង្គន់បែបនេះ និងជាជនអន្តោប្រវេសន៍ខុសច្បាប់ទៀត។ ការកសាងនិមិត្តសញ្ញានៃប្រាសាទអង្គរវត្តដាក់ក្នុងបង្គន់ គឺជាការចាប់ផ្តើមនៃ
ការញ៉ុះញ៉ង់ និង ការរើសអើងជាតិសាសន៍ ហើយអាចធ្វើឱ្យខែ្មរនិងថៃមាន
បញ្ហាជម្លោះ ។ ជនជាតិនេះគួរតែបន្ថែមអំពីបទញ៉ុះញ៉ង់លើការឆ្លាក់រូបប្រាសាទ
អង្គរវត្តនៅមុខបង្គន់នេះ ប៉ុន្តែនេះគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម"។

មន្ត្រីស្ថានទូតថៃនៅក្នុងទីក្រុងភ្នំពេញ មិនអាចទំនាក់ទំនងបាន ដើម្បីសុំសេច-
ក្តីអត្ថាធិប្បាយបានទេនៅថ្ងៃនេះ៕ ចប់

XS
SM
MD
LG