ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដីខ្មែរក្រហមនៅមិនទាន់មាន សហព្រះរាជអាជ្ញាបរទេស


[កំណត់សម្គាល់បណ្ណាធិការៈ មន្ត្រីតុលាការខ្មែរក្រហមបំភ្លឺថា សហព្រះរាជ
អាជ្ញាជំនួសលោកRobert Petit នឹងចាប់ផ្តើមថ្ងៃ ១ ខែកញ្ញា។ ព្រះរាជអាជ្ញា
ត្រូវបានតែងតាំងសម្រាប់តំណាក់កាលអន្តរកាលនេះ។]

សាលាក្ដីខ្មែរក្រហមនៅមិនទាន់ជ្រើសរើសសហព្រះរាជអាជ្ញាបរទេសបាននៅ
ឡើយទេ ខណៈ ដែលសហព្រះរាជអាជ្ញាជនជាតិកាណាដា លោក Robert
Petit បានលាឈប់ពីការងារកាលពី ២ ខែមុននេះ។

សហព្រះរាជអន្ដរជាតិនឹងមិនត្រូវបានតែងតាំងទាន់ពេលវេលានោះទេ ដើម្បី
ជំនួសលោកRobert Petit ប្រធានសហព្រះរាជអាជ្ញាជនជាតិកាណាដាដែល
ត្រូវលាឈប់ការងារជាស្ថាពរ ចាប់ពី ថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះតទៅ។

លោកLars Olsen មន្រ្តីទទួលបន្ទុកផ្នែកទំនាក់ទំនងផ្នែកផ្លូវច្បាប់របស់សាលា
ក្ដីខ្មែរក្រហមបាន ប្រកាសនៅក្នុងសន្និសីទកាសែតប្រចាំសប្ដាហ៍ថា សហព្រះ
រាជអាជ្ញាថ្មីនៅមិនទាន់អាចជ្រើសរើសបានទេ។

“Clear that the new candidate would not be available to take off the
appointment as international co-prosecutor already effective from
First of September 2009”

“វាច្បាស់ហើយថា បេក្ខជនថ្មីមិនអាចទទួលការតែងតាំងជាសហព្រះរាជអាជ្ញា
បរទេស ដែលត្រូវមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៩ នោះបាន
ទេ”។

យោងតាមមន្ដ្រីនានារបស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា លោក Robert
Petit បានចាកចេញពី ប្រទេសកម្ពុជាកាលពីសប្ដាហ៍មុន ហើយលោកទំនងជា
មិនវិលត្រឡប់មកវិញសម្រាប់ការផ្ទេរការងារ ដល់សហព្រះរាជអាជ្ញាថ្មីនោះទេ។

លោក Robert Petit បានសុំលាលែងពីការងារកាលពីខែ មិថុនាកន្លងទៅនេះ
បន្ទាប់ពីលោកបានស្នើ ឲ្យមានការស៊ើបអង្កេតនិងចាប់ខ្លួនជនសង្ស័យដែលជា
អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមចំនួន ៦ នាក់បន្ថែមទៀត។ សំណើរនេះ
ដែលបង្កឲ្យមានការចម្រូងចម្រាស់ជាមួយសហព្រះរាជអាជ្ញាខ្មែរ និង ការខ្វែង
ទស្សនជាមួយលោកហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។ទោះជាយ៉ាងណាលោក
Robert Petit ខ្លួនឯងបានអះអាងថា ការលាលែងពីការងាររបស់លោកគឺដោយ
សារមូលហេតុផ្ទាល់ខ្លួន។

លោក Lars Olsenបានបញ្ជាក់ថា ដោយសារតែការតែងតាំងសហព្រះរាជអាជ្ញា
ថ្មីជំនួសលោក Robert Petitមានការយឺតយ៉ាវនោះ អង្គការសហប្រជាជាតិក្នុង
ក្រុង New York បានបញ្ជូនការតែងតាំងសហព្រះរាជអាជ្ញាអន្ដរជាតិស្ដីទីម្នាក់
ដែលសហព្រះរាជអាជ្ញាស្ដីទី នេះនឹងទទួលការងាររហូតដល់ពេលមានសហព្រះ
រាជអាជ្ញាអចិន្ដ្រៃយ៍ត្រូវបានតែងតាំង និងមក កាន់ការងារ។

បើយោងតាមប្រភពពីមន្ដ្រីសាលាក្ដីខ្មែរក្រហមឲ្យដឹងថា លោកWilliam Smith
សហព្រះរាជ អាជ្ញារងអន្ដរជាតិទំនងជានឹងត្រូវតែងតាំងជាសហព្រះរាជអាជ្ញា
អន្ដរជាតិស្តីទី។ ហើយការតែងតាំងនោះនឹងត្រូវទម្លាយឲ្យដឹងនៅសប្ដាហ៍ក្រោយ
នេះ។

ប្រភពដដែលបានឲ្យដឹងថា អង្គការសហប្រជាជាតិបានជ្រើសរើសសហព្រះរាជ
អាជ្ញាថ្មីរួចហើយ ក៏ប៉ុន្ដែគេមិនដឹងថា តើបេក្ខជនថ្មីនោះត្រូវបានបញ្ជូនមកកាន់
រាជរដ្ឋាភិបាកកម្ពុជាហើយឬយ៉ាងណា។

យោងតាមនិតិវិធី អង្គការសហប្រជាជាតិត្រូវបញ្ជូនឈ្មោះសហព្រះរាជអាជ្ញាថ្មី
ដែលជ្រើសរើស បាននោះមកកាន់លោកសុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី
ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធាន ក្រុមការងាររបស់រដ្ឋាភិបាលកម្ពុជាទទួល
បន្ទុកកិច្ចការសាលាក្ដីខ្មែរក្រហម មុននឹងត្រូវបញ្ជូនបេក្ខជនរូបនោះទៅកាន់ឧត្ដម
ក្រុមប្រឹក្សាអង្គចៅក្រមអនុម័តគាំទ្រ។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យគណៈរដ្ឋមន្ដ្រីអះអាងថា
លោកមិនទាន់ដឹងនៅ ឡើយថា តើបេក្ខជនសហព្រះរាជអាជ្ញាថ្មីនោះត្រូវបាន
បញ្ជូនដល់ដៃលោក សុខ អាន ហើយឬនៅនោះទេ៕

XS
SM
MD
LG