ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

“ស្វែងរកមុខពិត” ទទួលការគាំទ្រនៅ ស.រ.អា


ស្នូរទះដៃកោតសរសើរចំពោះស្នាដៃនៃការ
ថតភាពយន្ត រឿង “ស្វែងរកមុខពិត”និងទឹក
ចិត្តរឹងប៉ឹងក្លាហានរបស់នាង តាត ម៉ារីណា
អតីតតារាចម្រៀងខារ៉ាអូខេលាយឡំគ្នាជា
មួយក្តីអាណិតអាសូរ និង ភាពក្រេវក្រោធ

ចំពោះអំពើអយុត្តិធម៌ដែលនាងទទួលរងបាន កើតមានឡើងនៅពេញសាល
មហោស្រពWhitsell Auditorium នាក្នុងទីក្រុងPortland រដ្ឋ Oregon។

ភាពយន្តឯកសាររឿង“ស្វែងរកមុខពិត” ឬ“Finding Face” ដែលរៀបរាប់អំពី
រឿងពិតទាក់ទងនឹងការវាយប្រហារទឹកអាស៊ីតលើនាង តាត ម៉ារីណា ត្រូវបាន
យកមកបញ្ចាំងជាលើកដំបូងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យកន្លងមក។
ទស្សនិកជនដែលបានចូលរួមទស្សនាមាន ពលរដ្ឋខ្មែរអាមេរិកកាំង ជនជាតិ
អាមេរិកាំងនិងក្រុមអង្គការសិទ្ធិមនុស្ស។

ផលិតករភាពយន្ត លោក Skye Fitzgerald បានហៅថានេះគឺជាជោគជ័យដ៏ធំ
មួយទៀត ដោយមានទស្សនិកជនជាច្រើនមកចូលរួម និងប្តេជ្ញាធ្វើសកម្មភាព
មួយចំនួនក្នុងការជួយស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។

“មានមនុស្សជាច្រើនបានសួរថាតើមានសកម្មភាពជាក់លាក់ណាខ្លះ ដែលយើង
អាចធ្វើឡើងដើម្បីជួយដល់ករណីនាង តាត ម៉ារីណា ហើយខ្ញុំគិតថា អ្វីដែល
ទស្សនិកជនជាច្រើនបានសម្រេចចិត្តធ្វើគឺពួកគេនឹងសរសេរសំបុត្រទៅសភា
តំណាងរាស្រ្តនិងសមាជិកព្រឹទ្ធិសភារបស់គេនៅសហរដ្ឋអាមេរិកដើម្បីសុំឱ្យពួក
គេធ្វើសកម្មភាពយ៉ាងពិសេសដល់ករណីរបស់នាង ហើយក៏នឹងស្នើដល់ក្រុមអ្នក
តាក់តែងច្បាប់ឱ្យពិចារណាដោយយកចិត្តទុកដាក់នូវជំនួយអន្តរជាតិនៅពេល
ដែលគេបញ្ជូនទៅប្រទេសកម្ពុជាដើម្បីធ្វើឱ្យប្រាកដថា ជំនួយទាំងនោះភ្ជាប់នឹង
ការកែទម្រង់សិទ្ធិមនុស្សនៅក្នុងប្រទេស”។

នាងតាត ម៉ារីណា បានធ្វើដំណើរមកចូលរួមដោយផ្ទាល់នៅក្នុងការដាក់បញ្ចាំង
លើកនេះ ដោយនាងត្រូវឆ្លើយបកស្រាយបញ្ហាទាក់ទងនឹងសាច់រឿងរបស់នាង។ ស្ថិតក្នុងសម្លៀកបំពាក់រូបក្រណាត់ប៉ាក់ពណ៌ខ្មៅ ទម្លាក់សក់វែងប្រាស់ស្មា នាង
ម៉ារីណា បានបោះជំហានមួយៗក្រោមស្នូរទះដៃមិនដាច់សំដៅមកលើវេទិការនៅ
ពេលដែលភាពយន្តបានបញ្ចប់។ នាងបានឆ្លើយសំណួរផ្សេងៗដោយអារម្មណ៍
នឹងនអំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់នាង ដែលត្រូវរស់នៅជាមួយស្លាក
ស្នាមមុខរបួសនិងក្តីឈឺចាប់ដែលបន្សល់ពីការវាយប្រហារដោយទឹកអាស៊ីត ។

នៅក្នុងបទសម្ភាសន៍ជាមួយ វីអូអេសម្លេងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ នាង
ម៉ារីណា បានសម្តែងនូវការសប្បាយរីករាយចំពោះភាពកក់ក្តៅ ដែលនាងបាន
ទទួលពីក្រុមអ្នកគាំទ្រ។

“ខ្ញុំមានអារម្មណ៍សប្បាយរីករាយនូវការដែលបងប្អូនទាំងអស់ចេះស្រឡាញ់ចេះ
ឈឺឆ្អាល ហើយនឹងគាំទ្រយ៉ាងច្រើន ហើយពីសំណាក់បងប្អូនជនជាតិផ្សេង
ហើយនឹងបងប្អូនសមាគមខ្មែរយើងនៅPortlandនេះ។ខ្ញុំមានការរីករាយរំភើប
ដែលមានមនុស្សរាប់រយនាក់គាំទ្រនិងឱ្យកម្លាំងចិត្តដល់ខ្ញុំ និងមកមើលរឿង
យ៉ាងកុះករ”។

ភាពយន្ត “ស្វែងរកមុខពិត” របស់ផលិតកម្ម SpinFilm ភាពយន្ត ត្រូវបានធ្វើ
អត្ថាធិប្បាយដោយនាង ម៉ារីណា ខ្លួនឯងផ្ទាល់ ហើយមានរយៈពេលជិតមួយ
ម៉ោង និងបានថតនៅប្រទេសកម្ពុជា ថៃនិងសហរដ្ឋអាមេរិក។

នាង តាត ម៉ារីណា ត្រូវបានសង្ស័យថា ទទួលរងការវាយប្រហារដោយទឹក
អាស៊ីតពីសំណាក់ភរិយាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ខណៈពេលកំពុងអង្គុយ
បញ្ចុកបបរក្មួយស្រីនៅផ្សារអូឡាំពិក ទីក្រុងភ្នំពេញកាលពីខែធ្នូ ឆ្នាំ១៩៩៩។
៤០ភាគរយនៃរាងកាយរបស់នាង ក្នុងនោះមានមុខមាត់ ត្រូវបានរលាកដោយ
ទឹកអាស៊ីត។ ខ្សែភាពយន្តបានបង្ហាញឱ្យដឹងថាកាលពីនៅអាយុ១៦ឆ្នាំនាង
មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោកស្វាយ ស៊ីថា ដែលពេលនោះ
មានតួនាទីជាអនុរដ្ឋលេខា ទីស្តីការគណរដ្ឋមន្រ្តី។

ការវាយប្រហារដោយទឹកអាស៊ីតលើគូទំនាស់ស្នេហាបានក្លាយជាទំលាប់មួយ
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅប្រទេសកម្ពុជា ដោយមានមតិខ្លះដាក់
កំហុសទៅលើភាគីជនរងគ្រោះ។ នាងម៉ារីណាបានបញ្ជាក់ថា បើមានតែករណី
នាងមួយ នាងអាចនឹងសំងំទទួលតាមអ្វី ដែលនាងហៅថា “កម្មពៀរ” ប៉ុន្តែ
ដោយសារតែវាមានកើតមានឡើងលើនារីរងគ្រោះជាច្រើន នាងបានសម្រេច
យល់ព្រមថតភាពយន្តនេះ ទាំងក្តីព្រួយបារម្ភពីសុវត្ថិភាពគ្រួសារ។

កាលពីសប្តាហ៍មុន លោកស្វាយ ស៊ីថាបានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិក
តាមរយៈអ្នកនាំពាក្យអំពីស្ថានភាពលំបាករបស់លោកក្នុងរឿងក្តីមួយនេះ។
លោកបានទទួលស្គាល់ថាគឺភរិយារបស់លោកជាអ្នកប្រព្រឹត្ត ហើយធ្វើឱ្យរូប
លោកបានក្លាយទៅជាជនរងគ្រោះពីសកម្មភាពនេះ និងការផ្សព្វផ្សាយនានា
ដែលហាក់ដូចជាដាក់ទម្ងន់ខ្លាំងទៅលើរូបលោក។

ប៉ុន្តែការអះអាងរបស់លោកត្រូវបាននាង តាត ម៉ារីណា និងផលិតករភាពយន្ត
Skye Fitzgerald នៅតែសម្តែងការសង្ស័យ។

លោក Skye បានប្រាប់វីអូអេសម្លេងសហរដ្ឋអាមេរិកថា៖

“ខ្ញុំពិបាកនឹងជឿថា វាជាការឡូស៊ិកមួយដែលមនុស្សដដែលអាចចាត់ខ្លួនឯង
ថា ជាជនរងគ្រោះ នៅពេលដែលខ្លួនគេមាននាទីសំខាន់ក្នុងការការពារជន
ល្មើសដែលប្រព្រឹត្តិឧក្រិដ្ឋកម្មបែបនេះ។ ខ្ញុំចង់និយាយថា ប្រសិនបើគាត់ពិត
ជាជនរងគ្រោះមែន ដូច្នេះក្នុងនាមជាសមាជិករដ្ឋាភិបាល ខ្ញុំគិតថា គាត់ត្រូវ
ធានាឱ្យមានយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នាក្នុងករណីនោះ ហើយត្រូវចាប់ខ្លួន
លោកស្រី ឃួន សុផល និងឃួន វ៉ាន់ឌីយកមកកាត់ទោសដើម្បីឱ្យពិភពលោក
មើលឃើញថារដ្ឋាភិបាលកម្ពុជាគឺពិតជាយកចិត្តទុកដាក់ពិតប្រាកដពីរឿងកំណែ
ទម្រង់យុត្តិធម៌និងសិទ្ធិមនុស្ស”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យឱ្យលោកស៊ីថា ក៏បានអះអាងក្នុងពេលកន្លងមក
ថា លោកស្រីភរិយារូបនោះត្រូវបានតុលាការដាក់ទណ្ឌកម្មរួចហើយ និងក៏បាន
លែងលះគ្នាចប់សព្វគ្រប់ជាមួយលោក ស្វាយ ស៊ីថាផងដែរ។

មានស្ថានីយ៍ទូរទស្សន៍ជាច្រើននៅសហរដ្ឋអាមេរិកបានផ្សព្វផ្សាយអំពីខ្សែភាព
យន្តឯកសារ “ស្វែងរកមុខពិត”នេះ ហើយគ្រោងនឹងចុះផ្សាយតាមគេហទំព័រ
របស់គេ។ លោកSkye Fitzgerald បានបញ្ជាក់ថា រហូតមកដល់ពេលនេះក៏
មានប្រជាពលរដ្ឋកម្ពុជាជាច្រើនបានទំនាក់ទំនងសុំចង់បានភាពយន្តឯកសារ
នោះយកទៅមើល ប៉ុន្តែបានស្នើសុំឱ្យរង់ចាំបន្តិចសិនព្រោះការថតចម្លងទៅ
ជាឌីវីឌីកំពុងមានដំណើរការ។ លោក Skye បានបន្ថែមថា នៅពេលឥឡូវនេះ
គេអាចមើលវគ្គខ្លីបានតាមរយៈ គេហទំព័រដែលមានតាមអាសយដ្ឋានៈ
www.findingface.org៕ ចប់

XS
SM
MD
LG