ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកោះហៅលោកហូរ វ៉ាន់ ឲ្យទៅបំភ្លឺម្តងទៀតនៅដើមខែកញ្ញា


តុលាការក្រុងភ្នំពេញបានចេញដីការកោះហៅ លោក ហូរ វ៉ាន់ អ្នកតំណាងរាស្រ្ត
គណបក្សសម រង្ស៊ី ឲ្យចូលទៅបំភ្លឺសាជាថ្មីម្តងទៀតនៅថ្ងៃទី០៩ ខែកញ្ញាខាង
មុខនេះពាក់ព័ន្ឋទៅនឹងបណ្តឹងបរិហារកេរ្តិ៍ដែលបានធ្វើឡើងដោយមន្រ្តីយោធា
ជាន់ខ្ពស់ចំនួន២២រូបកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ។

តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោកហូរ វ៉ាន់ អាយុ៦២ឆ្នាំពីបទបរិហារ
កេរ្តិ៍និងចុះផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្តដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិ
មាត្រា៦៣ថ្មីនៃច្បាប់ស្តីអំពីវិសោធនកម្មច្បាប់មាត្រា៦៣ នៃបទបញ្ញត្តិស្តីអំពី
តុលាការច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ និង មាត្រាទី១០ នៃច្បាប់ស្តី
អំពីរបបសារព័ត៌មាន។

លោកហូរ វ៉ាន់ ពេលនេះកំពុងតែភៀសខ្លួននៅឯក្រៅប្រទេសក្រោយពីសមាជិក
រដ្ឋសភាបានដកអភ័យឯកសិទ្ធិរបស់លោកជាមួយនិងលោកស្រី មួរ សុខហួរ
កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ ដើម្បីបើកផ្លូវដល់តុលាការក្នុងការចាត់
ការពាក់ព័ន្ធទៅបណ្តឹងបរិហារកេរ្តិ៍ ។

លោកហូរ វ៉ាន់ ត្រូវបានមន្រ្តីយោធាជាន់ខ្ពស់ចំនួន ២២ រូបបានដាក់ពាក្យបណ្តឹង
ទៅតុលាការ ក្រោយពីលោកបានធ្វើអត្ថាធិប្បាយថា សញ្ញាប័ត្ររបស់មន្រ្តីយោធា
ជាន់ខ្ពស់ទាំងនោះពុំមានតម្លៃនោះ។

លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និង ជាអ្នកនាំពាក្យគណបក្ស សម រង្ស៊ី
បានបញ្ជាក់ថា ទំនងជាលោកហូរ វ៉ាន់ ពុំបានចូលខ្លួនចូលបំភ្លឺតាមការកោះ
អញ្ជើញរបស់តុលាការទេ ដោយសារតែរហូតមកដល់ពេលនេះ លោកហូរ វ៉ាន់
នៅពុំទាន់មានមេធាវីការពារក្តីរបស់លោកនៅឡើយ។

លោកយឹម សុវណ្ណ បានបញ្ជាក់ទៀតថា ករណីរបស់លោកហូរ វ៉ាន់នេះ លោក
មិនរំពឹងថា នឹងទទួលបានយុត្តិធម៌ទេ ដោយសារតែពាក់ព័ន្ឋទៅនិងនិន្នាការ
នយោបាយ។

"យើងមិនសង្ឃឹមថា តុលាការគាត់អាចរកយុត្តិធម៌ជូនដល់អ្នកដែលគេត្រូវប្តឹង
បានទេ ។ ហើយម្យ៉ាងទៀតជារឿងនយោបាយលទ្ឋផលដូចជាមិនខុសពីអ្វី
ដែលគណបក្សកាន់អំណាចរំពឹងទុកនោះទេ។

លោកសុខ រឿន ព្រះរាជអាជ្ញារងអមតុលាការសាលាដំបូងរាជធានីភ្នំពេញដែល
បានចេញដីការកោះហៅលោកហូរ វ៉ាន់នោះបានបញ្ជាក់យ៉ាងខ្លីថា ចំាដល់ពេល
សាវនាការសិន រួចហើយលោកបានផ្តាច់ការសន្ទនាតាមទូរស័ព្ទ។

"ចាំដល់ពេលហ្នឹងសិន បានហើយ"។

យ៉ាងតិចមានអ្នកតំណាងរាស្រ្តខាងគណបក្សប្រឆាំងចំនួន២នាក់ហើយកំពុង
ជាប់ផុងនៅក្នុងរឿងក្តីក្តាំបរិហារកេរ្តិ៍ដែលរួមមានលោកហូរ វ៉ាន់ និងលោកស្រី
មួរ សុខហួរ។

លោកស្រីមួរ សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសកាលពីថ្ងៃទី០៤
ខែសីហាកន្លងទៅនេះ ឲ្យបង់ប្រាក់ពិន័យចំនួនជាង៤០០០ $សហរដ្ឋអាមេរិក
បន្ទាប់ពីបានរកឃើញកំហុសពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
ដែលការកាត់ទោសនេះ បានបង្កឲ្យមានការរិៈគន់ពីអង្គការសង្គមស៊ីវិលអំពីការ
ប្រើប្រាស់ប្រព័ន្ឋតុលាការ ដើម្បីបង្រ្កាបក្រុមអ្នករិះគន់។

ចំណែកលោកហង្ស ចក្រា និពន្ឋនាយកកាសែតខ្មែរម្ចាស់ស្រុកដែលលំអៀង
ទៅរកគណបក្សប្រឆាំងកំពុងជាប់់ឃុំនៅក្នុងពន្ឋនាគាររយៈពេល១ឆ្នាំពីបទថា
បានសរសេរចោទប្រកាន់រដ្ឋាភិបាលអំពីរឿងពុករលួយ ៕ ចប់

XS
SM
MD
LG