ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍ថៃមកទស្សនៈកិច្ចកម្ពុជា


ក្រុមឧត្តមសេនីយ៍យោធាជាន់ខ្ពស់ថៃនឹងមកបំពេញទស្សនៈកិច្ចរយៈពេល២ថ្ងៃ
នៅកម្ពុជា ខណៈដែលភាពតានតឹងផ្នែកយោធានៃប្រទេសទាំង២ បានកើតមាន
ឡើងនៅតំបន់ឈូងសមុទ្រ។

ក្រុមមេបញ្ជាការជាន់ខ្ពស់នៃកងយោធពលថៃ នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា
នៅចុងខែនេះសំដៅបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅតាមព្រំដែនសមុទ្រ
និងព្រំដែនគោកក្បែរប្រាសាទព្រះវិហារ។

ដំណើរទស្សនកិច្ចនេះបានកើតមានឡើងក្រោយពីមានភាពតានតឹងផ្នែកយោធា
រវាងប្រទេសទាំង២នៅតំបន់ឈូងសមុទ្រកាលពីថ្ងៃច័ន្ទ។

លោកឧត្តមសេនីយ៍ Songkitti Jaggabatra មេបញ្ជាការជាន់ខ្ពស់នៃកងយោធ
ពលថៃ លោកឧត្តមសេនីយ៍ Apichart Pengsritong និង លោកឧត្តមសេនីយ៍
Bureerat Ratanavanich មេបញ្ជាការរងជាន់ខ្ពស់ត្រូវបានហែរហមអមដំណើរ
ដោយមន្ត្រីយោធាថៃចំនួន ៨៧ នាក់ មកទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី ២៤ ដល់
ថ្ងៃទី២៥ ខែ សីហានេះ។

យោងតាមកម្មវិធី លោកឧត្តមសេនីយ៍ Songkitti Jaggabatra មេបញ្ជាការ
ជាន់ខ្ពស់នៃកងយោធពលថៃ និងគណៈប្រតិភូរបស់លោក នឹងជួបពិភាក្សាការ
ងារជាមួយលោកនាយកឧត្តមសេនីយ៍ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធ
ពលខេមរភូមិន្ទខែ្មរ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែង
ប្រាប់VOA ថា ដំណើរទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពថៃនេះ សំដៅពង្រឹង
ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ។ លោក
ឧបនាយករដ្ឋមន្ត្រីទៀ បាញ់ បានបញ្ជាក់ថា ក្រុមឧត្តមសេនីយ៍ថៃទាំងនេះដែល
ទើបតែឡើងកាន់តំណែងថ្មីៗនោះ តែងតែមកទស្សនកិច្ចនៅប្រទេសជិតខាង
ដែលជាប្រពៃណីរបស់មេដឹកនាំ។

ដំណើរទស្សនកិច្ចរបស់ក្រុមឧត្តមសេនីយ៍យោធាជាន់ខ្ពស់ថៃនេះ បានកើតមាន
ឡើងបន្ទាប់ពីប្រទេសថៃ បានតវ៉ាប្រឆាំងនឹងប្រទេសកម្ពុជា ដែលបានផ្តល់ការ
អនុញ្ញាតឱ្យក្រុមហ៊ុនតូតាល់របស់បារាំងរុករកប្រេងនៅតំបន់សមុទ្រកោះគុត
និងភាពតានតឹងរវាងកងទ័ពថៃ និងកម្ពុជា បានកើតឡើង ខណៈដែលកងទ័ព
ថៃបានចោទកម្ពុជាថា បានល្បាតដែនសមុទ្រចូលតំបន់ត្រួតស៊ីគ្នា ប៉ុន្តែភាគី
កម្ពុជាបានបដិសេធការចោទប្រកាន់នេះ។

កងទ័ពជើងទឹកថៃបានធ្វើសមយុទ្ធដ៏ធំមួយ ដោយមាននាវាផ្ទុកយន្តហោះនិង
នាវាចម្បាំងនៅក្បែរដែនសមុទ្រកោះ គុត និងក្រោយពីការធ្វើសមយុទ្ធកងទ័ព
ថៃបានទុកនាវាចំនួន៣គ្រឿងនៅតំបន់នោះដែលគេជឿថា ដើម្បីគំរាមកំហែង
ប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនតូតាល់ធ្វើការរុករក
ប្រេងនៅតំបន់ក្បែរនោះ។

ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃ បានកើតមានឡើងជាច្រើនលើក
ដែលបានបណ្តាលឱ្យស្លាប់កងទ័ពចំនួន៧នាក់ បន្ទាប់ពីប្រាសាទព្រះវិហារ
ចំណាស់ជាង៩០០ឆ្នាំរបស់ប្រទេសកម្ពុជា ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិក
ភ័ណ្ឌពិភពលោករបស់អង្គការ UNESCO នៅថ្ងៃទី៧ខែក្កដាឆ្នាំ ២០០៨៕

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ចាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុម
ឧត្តមសេនីយ៍យោធាថៃនេះ នឹងអាចកាត់បន្ថយភាពតានតឹងផ្នែកយោធានៅ
តំបន់ជម្លោះព្រំដែនសមុទ្រ និងតំបន់ព្រំដែនគោកក្បែរប្រាសាទព្រះវិហារ។

គណៈប្រតិភូថៃគ្រោងនឹងទៅទស្សនាប្រាង្គប្រាសាទបុរាណនានានៅខេត្តសៀម
រាបព្រមទាំងទៅទស្សនាប្រាង្គប្រាសាទសម្បូរព្រៃគប់ និងសាលាកំពង់ឈើទាល
នៅក្នុងខេត្តកំពង់ធំ មុននឹងវិលត្រឡប់ទៅកាន់ប្រទេសថៃវិញ៕ ចប់

XS
SM
MD
LG