ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហានឡាវចាប់ពលរដ្ឋខ្មែរទារលុយ


ទាហានការពារព្រំដែនឡាវទាមទារជម្ងឺចិត្តប្រមាណ១៥.០០០ដុល្លាជាថ្នូរនៃការ
ដោះលែងប្រជាពលរដ្ឋខ្មែរមកវិញ ក្រោយពីបានចាប់កាលពីសបា្តហ៍មុន ។

ក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ទាហានការពារ ព្រំដែនឡាវបានប្រកាសទាមទារជម្ងឺចិត្តប្រមាណ១៥.០០០ ដុល្លារអាមេរិកជា
ថ្នូរនិងការដោះលែងប្រជាពលរដ្ឋចំនួន៥រូប ដែលខ្លួនបានចាប់កាលពីសប្តាហ៍
មុន។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មន្រ្តីជំនាញខាងភាគីកម្ពុជាបានបញ្ជូន
ទៅចរចាជាមួយភាគីឡាវរូចហើយ។

កាលពីថ្ងៃពុធសបា្តហ៍មុនកន្លងទៅនេះ បើតាមការបញ្ជាក់ពីអាជ្ញាធរខេត្តស្ទឹង
ត្រែងបានឲ្យដឹងថា ទាហានការពារព្រំដែនឡាវ បានចាប់ខ្លួនប្រជាពលរដ្ឋ
ចំនួន៨រូប។ ក៏ប៉ុន្តែ ៣នាក់បានរត់រួចមកប្រទេសកម្ពុជាវិញ ។

លោក ឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ប្រជាពលរដ្ឋបាន
រកអនុផលព្រៃឈើនៅឃុំថ្មកែវ ស្រុកសៀមប៉ាង ក៏ពើបប្រទះទាហានការពារ
ព្រំដែនឡាវ រួចហើយបានចាប់ខ្លួនពួកគេតែម្តង ។

លោកឡួយ សុផាតបានបញ្ជាក់ថា ការចាប់ខ្លួននេះគឺជាការខុសច្បាប់ ពីព្រោះ ទាហានការពារព្រំដែនឡាវបានចូលមកប្រមាណ១គីឡូម៉ែត្រ នៅក្នុងទឹកដី
ប្រទេសកម្ពុជា ដើប្បីចាប់ខ្លួនប្រជាពលរដ្ឋទាំងនោះ ។

"ប្រហែលជាយល់ច្រឡំពីផែនទី។ គេថា យើងចូលទឹកដីគេ វាខុសច្បាប់ ហើយ
យើងថា ដីយើង។ ក៏ប៉ុន្តែវាច្រឡំថា ដីវា។ ប្រជាជនយើងស្រុកនេះ គាត់ដើរ
ប្រកបរបបធម្មតា។ ស្រុកនេះពេលខ្លះដេញសត្វ ពេលខ្លះគាត់ដើររកផលព្រៃ
ឈើរបស់គាត់បន្តិបន្ទូចអញ្ចឹង"។

លោក ស៊ី សួន អភិបាលស្រុកសៀមប៉ាង បានបញ្ជាក់ថា លោកបានបញ្ជូន
ទាហានវីរៈការពារព្រំដែន១០១ និង៧០១ ដើម្បីទៅធ្វើការចរចាជាមួយភាគី
ឡាវ រួចហើយ។ ក៏ប៉ុន្តែនៅល្ងាចថ្ងៃព្រហស្បតិ៍នេះពុំទាន់មានដំណោះស្រាយ
នៅឡើយទេ បន្ទាប់ពីពលរដ្ឋខែ្មរបានចាប់អស់រយៈពេលជាងមួយសបា្តហ៍
កន្លងទៅនេះ ។

លោកបានបញ្ជាក់ថា ភាគីឡាវបានទាមទារសំណងជម្ងឺចិត្តប្រមាណ១៥.០០០
ដុល្លារអាមេរិក ជាថ្នូរនិងការដោះលែងប្រជាពលរដ្ឋទាំង៥រូបនោះ មកវិញ ។

"ការចាប់ខ្លួនតាមរបាយការណ៍វិរៈព្រំដែនបានឱ្យដឹងថា ពួកវាចាប់ហ្នឹង វាសុំ
លុយ១៥.០០០ដុល្លារ ។តាមអ្នកដែលឡាវចាប់ រត់រួច ហើយមកជំរាបប្រាប់
ខ្ញុំ" ។

លោក កុយ គួង អ្នកនំាពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា លោក
ពុំទាន់ដឹងព័ត៌មាននេះនៅឡើយទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោក
នឹងស៊ើបអង្គេតអំពីព័ត៌មាននៃការចាប់ខ្លួននេះ ។

"ចាំមើលខ្ញុំទាក់ទងទៅហ្នឹងសិនថា តើគេជ្រាបអត់ ហើយគេមានវិធានការយ៉ាង
ម៉េច ហើយយើងមានភ្នាក់ងារយើងនៅទីហ្នឹងឯង ជាអ្នកដោះស្រាយការងារ
ផ្ទាល់ជាមួយភាគីគេណា៎។ មកដល់ពេលនេះខ្ ញុំអត់ទាន់បានទទួលព័ត៌មាន
ផ្លូវការផង"។

មន្រ្តីស្ថានទូតឡាវប្រចាំប្រទេសកម្ពុជា ពុំអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយ
បំភ្លឺបានទេនៅថ្ងៃនេះ ។

បើតាមការបញ្ជាក់របស់លោកឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់
ថា ពលរដ្ឋខ្មែរនៅតាមក្រវ៉ាត់ព្រំដែនជាមួយនឹងប្រទេសឡាវ តែងទទួលរងនូវ
ការចាប់ខ្លួនពីអាជ្ញាធរឡាវជាញឹកញ៉ាប់ ហើយកម្ពុជាក៏ធ្លាប់ចាប់ខ្លួនប្រជាពល
រដ្ឋឡាវមកវិញផងដែរ៕ ចប់

XS
SM
MD
LG