ខ្សែភាពយន្តរឿង “ស្វែងរកមុខពិត” ដែលជាភាពយន្តឯកសារអំពីជីវិតរបស់នាង
តាត ម៉ារីណា អតីតតារាចម្រៀងខារ៉ាអូខេខ្មែរ ដែលបានទទួលរងការវាយប្រ-
ហារដោយទឹកអាស៊ីត នឹងត្រូវដាក់បញ្ចាំងជាលើកដំបូងនៅទីក្រុង Portland
រដ្ឋ Oregon សហរដ្ឋអាមេរិកនាថ្ងៃអាទិត្យសប្តាហ៍នេះ។
ទន្ទឹមគ្នានេះដែរប្រភពនានាអះអាងថា សមាជិកក្រុមគ្រួសារនាងបានរត់ភៀស
ខ្លួនចេញពីប្រទេសកម្ពុជានិងកំពុងលាក់ខ្លួននៅក្រោមការជួយការពារពីអង្គការ
សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនដោយភ័យខ្លាចមានការតាមរំខានដល់
សុវត្ថិភាពរបស់ពួកគេ។
ផលិតករភាពយន្ត លោក Skye Fitzgerald បានប្រាប់វីអូអេ សម្លេងសហរដ្ឋ
អាមេរិកថា ខ្សែភាពយន្តដែលមានរយៈពេលជិតមួយម៉ោងនេះ ត្រូវបានបញ្ចូល
សម្លេងពិពណ៌នាដោយនាង តាត ម៉ារីណា ខ្លួនឯង ដើម្បីឱ្យសាច់រឿងមាន
លក្ខណៈដូចជានាងនិទានរឿងនេះប្រាប់ទស្សនិកជនដោយផ្ទាល់។ ភាពយន្ត
នេះផលិតដោយផលិតកម្ម Spin Film ហើយក្រុមអ្នករៀបចំដាក់បញ្ចាំងនៅទី
ក្រុង Portland នៅសាលមហោស្រព Whitsell Auditorium សង្ឃឹមថា នឹង
មានទស្សនិករាប់ពាន់នាក់ចូលរួមទស្សនា និងក៏មានអញ្ជើញសមាជិកសភា
ប្រចាំរដ្ឋនោះចូលរួមផងដែរ ហើយនៅក្រោយកម្មវិធីនោះនាងម៉ារីណានឹងចូល
រួមឆ្លើយបកស្រាយអំពីព្រឹត្តិការណ៍ដែលបានកើតមានឡើងចំពោះនាង។
ភាពយន្តនេះគឺជាការរៀបរាប់ អំពី ការគ្មានមេត្តាក្នុងការប្រើទឹកអាស៊ីតជាអាវុធ
ក្នុងការបំផ្លាញគូសត្រូវស្នេហានិងភាពអយុត្តិធម៌ដែលជនរងគ្រោះទន់ខ្សោយ
មិនបានទទួល ហើយក្រុមគ្រួសារត្រូវទ្រាំរស់ក្នុងការឈឺចាប់និងភ័យខ្លាច។
លោកSkye Fitzgeraldនិយាយថា លោកមានការជឿជាក់ថា អ្នកទន់ខ្សោយ
ត្រូវតែមានឱកាសក្នុងការនិយាយចេញនូវអ្វីជាការឈឺចាប់របស់គេ ដូចជាក្រុម
គ្រួសារនាងម៉ារីណាជាដើមរហូតមកដល់ពេលនេះហើយនៅពុំទាន់បានទទួល
យុត្តិធម៌ទៀត។
“ខ្ញុំមានជំនឿថាវាជាសិទ្ធិមនុស្សជាមូលដ្ឋានដែលគេគ្រប់គ្នាត្រូវមានឱកាសក្នុង
ការនិយាយចេញនូវរឿងរ៉ាវរបស់ពួកគេ ដោយមិនត្រូវនៅបិទមាត់ដោយសារអ្នក
ដទៃដែលមានអំណាចជាងនៅក្នុងប្រទេសមួយ ដូច្នេះហើយបានជាខ្ញុំមានការ
ប្តេជ្ញាក្នុងការធានាថា ក្រុមគ្រួសាររបស់នាងមាននូវមធ្យោបាយមួយ ដែលពួក
គេមិនមានជាយូមកហើយដើម្បីនិយាយចេញ ហើយខ្ញុំមានការប្តេជ្ញាចិត្តក្នុង
ការងារនេះជារៀងរហូត”។
នាង តាត ម៉ារីណាត្រូវបានសង្ស័យថាទទួលរងការវាយប្រហារដោយទឹកអាស៊ីត
ពីសំណាក់ភរិយាមន្រ្តីជាន់ខ្ពស់ម្នាក់និងបក្សពួកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៩៩
ខណៈពេលកំពុងអង្គុយហូបបបរជាមួយក្មួយស្រីនៅក្នុងផ្សារមួយក្រុងភ្នំពេញ។
ក្នុងខ្សែភាពយន្តបង្ហាញថាមុនពេលកើតហេតុនាងមានទំនាក់ទំនងស្នេហាត្រី
កោណជាមួយលោកស្វាយ ស៊ីថា កាលពីលោកនៅជាអនុរដ្ឋលេខាធិការទីស្តី
ការគណរដ្ឋមន្រ្តី។
បងស្រីរបស់នាងតាត ម៉ារីណាគឺនាងតាត ពៅរចនាបាននិយាយថា ភាពយន្ត
នេះគឺជាតំណាងនៃការលះបង់មួយដើម្បីរកយុត្តិធម៌សម្រាប់ក្រុមគ្រួសារ និង
នារីដទៃទៀតដែលទទួលរងការវាយប្រហារទឹកអាស៊ីតយ៉ាងអយុត្តិធម៌។ នាង
តាត ពៅរចនា បានផ្តល់បទសម្ភាសជាមួយវីអូអេ សម្លេងសហរដ្ឋអាមេរិកពី
ទីកន្លែងលាក់ខ្លួនដោយសុំឱ្យលាក់ឈ្មោះប្រទេសថា ក្រុមគ្រួសារបានចំណាយ
ពេលយូណាស់មុននឹងសម្រេចចិត្តសហការថតភាពយន្តដោយដឹងថាការងើប
ឡើងទាមទាររកយុត្តិធម៌គឺស្មើនឹងដាក់សុវត្ថិភាពក្រុមគ្រួសារទាំងមូលក្នុងស្ថាន
ភាពគ្រោះថ្នាក់។ ពៅរចនានិយាយថាគ្រួសារនាងត្រូវរស់នៅទាំងឈឺចាប់រង់
ចាំនូវយុត្តិធម៌អស់ជាយូដោយមិនហ៊ានប្តឹងផ្តល់អ្វីទាំងអស់។
“កាលម៉ារីណាត្រូវរបួសហ្នឹងគឺពួកយើងត្រូវទទួលរងការគាបសង្កត់ គំរាមកំហែង
គ្រប់យ៉ាងមិនឱ្យពួកយើងប្តឹង ហើយដល់ពេលម៉ារីណាទៅអាមេរិកបាត់ទៅពួក
យើង ឥតចង់ចេញពីស្រុកខ្មែរ ហើយម្យ៉ាងទៀតឥតហ៊ានប្តឹង ព្រោះ បើយើង
ប្តឹងទៅគ្រួសារយើងប្រាកដជាមានគ្រោះថ្នាក់ ព្រោះគេជាមន្ត្រីធំពួកយើងគ្រាន់
តែជាពងមាន់ដូចជា បើយើងប្តឹងដូចជាយកពងមាន់ទៅ ជល់នឹងថ្មអញ្ចឹង។ដល់
អញ្ចឹងពួកយើងឥតហ៊ានកំរើកអ្វីទាំងអស់ទ្រាំរស់នៅក្នុងការឈឺចាប់រហូតដល់៩
ឆ្នាំ១០ឆ្នាំ”។
ហើយមួយថ្ងៃមុនពេលដែលខ្សែភាពយន្តត្រូវបានដាក់បញ្ចាំងនៅទីក្រុងហ្សឺណែវ
ប្រទេសស្វីសកាលពីថ្ងៃទី១១ខែ មីនា ឆ្នាំនេះ ពៅរចនានិងក្រុមគ្រួសារត្រូវបាន
ជម្លៀសចេញពីប្រទេសកម្ពុជាដើម្បី គេចឱ្យផុតពីការតាមសងសឹកជាយថាហេតុ
ណាមួយ។ នាងបានសម្តែងសេចក្តីសប្បាយរីករាយដែលខ្សែភាពយន្តនេះត្រូវ
បានចេញបញ្ចាំងដោយបានជោគជ័យកាលពីលើកទីមួយ។
អស់រយៈពេលជាង៥ខែហើយដែលក្រុមគ្រួសារនាងតាត ម៉ារីណាទាំង៨នាក់
ក្នុងនោះមានកុមារ៤នាក់ផងនៅកំពុងរង់ចាំការសម្រេចដើម្បីទៅបានបន្តទៅ
រស់នៅប្រទេសទីបី។ ការចាកចេញពីប្រទេសជាការសម្រេចចិត្តទាំងលំបាក
សម្រាប់ពួកគេ។ ដោយរស់ក្នុងស្ថានភាពលាក់ខ្លួន តាត ពៅរចនាបានរៀបរាប់
ពីអារម្មណ៍នឹកស្រុកទាំងទឹកភ្នែកថា៖
“ខ្ញុំនឹកប្រទេសខ្ញុំណាស់ ប៉ុន្តែការឈឺចាប់ ភាពអយុត្តិធម៌ វាបានគ្រប់សង្កត់លើ
ក្រុមគ្រួសារខ្ញុំ ធ្វើឱ្យពួកខ្ញុំទ្រាំមិនបាន ប្រសិនបើពួកខ្ញុំនៅទ្រាំទៀតពួកខ្ញុំត្រូវនៅ
ក្នុងរងើកភ្លើង អស់មួយជីវិត”។
អាជ្ញាធរមូលដ្ឋានដែលក្រុមគ្រួសារនាងតាត ម៉ារីណា ធ្លាប់រស់នៅបញ្ជាក់ថា មិន
ដែលបានទទួលពាក្យបណ្តឹងណាមួយទាក់ទងនឹងសុវត្ថិភាពពួកគេទេ ហើយ
បានសម្តែងការភ្ញាក់ផ្អើលចំពោះដំណឹងនៃការចាក់ចេញដោយស្ងាត់ស្ងៀម។
លោកយឹន សាន អធិការប៉ូលីសខ័ណ្ឌ ៧ មករាដែលទើបនឹងឡើងកាន់តំណែង
ថ្មីបានប្រាប់សម្លេងសហរដ្ឋអាមេរិកថា៖
“អត់បានដឹងផង គេចេញចូលឥតប្រាប់យើងផង ធ្វើដូចម្តេចទៅ មិនដឹងផ្ទះនៅ
សង្កាត់ណាផង”។
ជាការពិតក្រុមគ្រួសាររបស់នាងតាត ម៉ារីណាបញ្ជាក់ថាពួកគេមិនបានប្តឹងទៅ
អាជ្ញាធរមូលដ្ឋានទេដោយយល់ថាមិនអាចនឹងរកយុត្តិធម៌ឬការពារសុវត្ថិភាព
ពួកគេបាន។
មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថាក្រុមគ្រួសារនាងតាត ម៉ារីណា
បានមកពឹងពាក់ដើម្បីជួយការពារសុវត្ថិភាពពួកគេ។
លោក អំ សំអាត អ្នកស៊ើបអង្កេត របស់អង្គការលីកាដូបានបញ្ជាក់ និងអះអាង
ដូចគ្នាថាសមាជិកក្នុងក្រុមគ្រួសាររបស់នាងម៉ារីណាកំពុងស្ថិតនៅក្រោមការការ
ពាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។
“គាត់មកពឹងពាក់អង្គការលីកាដូ ក៏ដូចជាអង្គការផ្សេងៗនៅក្នុងដំណាក់កាល
ចុងក្រោយនេះ គឺគាត់សុំពឹងពាក់តែអំពីសុវត្ថិភាពរបស់ក្រុមគ្រួសារគាត់ ដែល
គាត់គិតថាគាត់មិនអាចរស់នៅកម្ពុជាបាន ដោយសារតែបញ្ហាមានខ្សែភាពយន្ត
មួយដែលថតពីរឿងរបស់គាត់។ ជីវិតពិតរបស់ តាត ម៉ារីណា ហើយគាត់ថា
ទទួលការគំរាមកំហែង គាបសង្កត់ ហើយមានការតាមដាននូវក្រុមគ្រួសារ
របស់ពួកគាត់”។
វីអូអេ ពុំអាចទំនាក់ទំនងលោកស្រីឃួន សុផល ភរិយាលោកស្វាយ ស៊ីថាដើម្បី
បញ្ជាក់អំពីការជាប់ពាក់ព័ន្ធរបស់លោកស្រីក្នុងករណីនេះបានទេ។
ប្រភពនានាបានប្រាប់សម្លេងសហរដ្ឋអាមេរិកថាលោកស្រីកំពុងរស់នៅតាម
ធម្មតាជាមួយនឹងស្វាមីរបស់លោកស្រី គឺ លោកស្វាយ ស៊ីថាដែលនៅពេល
ឥឡូវនេះបានឡើងតំណែងជារដ្ឋលេខាធិការនៅទីស្តីការគណរដ្ឋមន្រ្តី។ នៅ
ពេលព្យាយាមទាក់ទងតាមទូរស័ព្ទលោក ស្វាយ ស៊ីថាពុំបានឆ្លើយអ្វីទាំងអស់
ហើយបានប្រាប់សហការីឱ្យទាក់ទងមកសម្លេងរដ្ឋអាមេរិក ប៉ុន្តែនៅពេល
ដែលនិយាយដល់ភាពយន្តនោះ សហការីរបស់លោកបានប្រាប់ដោយសុំមិន
ឱ្យបញេ្ចញសម្លេងនិងឈ្មោះថា លោកស៊ីថាមិនចង់រំលឹកដល់រឿងនោះទៀត
ទេ។
ផលិតករភាពយន្តគ្រោងនឹងដាក់បញ្ចាំងខ្សែភាពយន្តនេះនៅតាមរដ្ឋនានានិង
ដាក់បញ្ចាំងតាមទូរទស្សន៍ នៅសហរដ្ឋអាមេរិក ។ គេក៏គ្រោងនឹងយកទៅ
បញ្ចាំងនៅប្រទេសកម្ពុជាផងដែរ ប៉ុន្តែនៅមិនដឹងថា នឹងទទួលបានការអនុ-
ញ្ញាត ឬយ៉ាងណាទេ។
លោក Skye Fitzgerald បានបញ្ជាក់ថា លោកក៏នឹងគ្រោងដាក់ផ្សាយតាម
ទំព័រអ៊ីនធឺណិតនិង ថតចម្លងជាឌីវីឌីចែកចាយនៅស្រុកខ្មែរ ហើយអនុញ្ញាត
ឱ្យថតចែកចម្លងបានដោយមិនគិតកម្រៃ៕ ចប់