ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនស្រីអតីតប្រមុខរដ្ឋាភិបាលខ្មែរទាម ទារដាក់ទោសឌុចឲ្យសមនឹងកំហុស


កូនស្រីរបស់អតីតនាយករដ្ឋមន្ដ្រីខ្មែរ អ្នកស្រី Antonya Tioulong បានចាត់ទុក
ថា ឧក្រិដ្ឋកម្មនៅមន្ទីរស២១គឺជាអំពើឃោរឃៅដែលមិនអាចអត់ឪនឲ្យបានទេ។

ដើមបណ្ដឹងរដ្ឋប្បវេណីខ្មែរសញ្ជាតិបារាំង អាយុ ៥៦ រូបនេះ បានថ្លែងជាភាសា
បារាំងដោយមាន អ្នកបកប្រែនៅក្នុងការកាត់ទោស កាំង ហ្គិច អៀវ ហៅ ឌុច
អតីតប្រធានមន្ទីរស ២១ នៅថ្ងៃអង្គារនេះ ថា ប្រទេស កម្ពុជាចាំបាច់ត្រូវ ធ្វើការ
អប់រំដល់យុវជនជំនាន់ក្រោយ ដើម្បីបញ្ចៀសបទឧក្រិដ្ឋបែបនេះកើតមានជាថ្មី។

“យើងត្រូវតែបង្រៀនជំនាន់ក្រោយខ្មែរ គឺថាឲ្យមានការអប់រំថា បទឧក្រិដ្ឋរបៀប
នេះ គឺជាបទឧក្រិដ្ឋ ដែលមិនអាចអត់ឪនឲ្យបានទាល់តែសោះ "។

អ្នកស្រី Antonya Tioulong គឺជាកូនស្រីម្នាក់ក្នុងចំណោមបងប្អូនស្រីចំនួន៧
នាក់របស់អតីត នាយករដ្ឋមន្រ្ដីខ្មែរនៅឆ្នាំ ១៩៦២ គឺលោក Nhiek Tioulong។
អ្នកស្រី បានប្ដឹងទៅកាន់សាលាក្ដី ខ្មែរក្រហមដើម្បី សុំតាំងខ្លួនជាដើមបណ្ដឹង រដ្ឋប្បវេណីសម្រាប់ការសម្លាប់បងស្រី របស់អ្នកស្រីទាំង ពីរនាក់ប្ដីប្រពន្ធនៅមន្ទីរ
ស ២១ ឬគុក ទួលស្លែង។

អ្នកស្រីបានរកឃើញដោយផ្ទាល់នូវចម្លើយសារភាព របស់បងស្រីអ្នកស្រីឈ្មោះ
Rainsy ហើយអ្នកស្រី ឃើញថា បងស្រីរបស់ខ្លួន ត្រូវបានសម្លាប់ដោយសារការ
វាយដំ និងធ្វើទារុណកម្ម នៅឆ្នាំ ១៩៧៦។ ទាំងពីរនាក់បងស្រី និងបងថ្លៃរបស់
អ្នកស្រីត្រូវចោទប្រកាន់ថាជាភ្នាក់ងារ CIA របស់ អាមេរិក។

អ្នកស្រី Antonya Tioulong បច្ចុប្បន្នជាអ្នកការសែតរបស់សារពត៌មាដ៏ធំមួយ
របស់ប្រទេស បារាំង ឈ្មោះថា L'Express។ គាត់ក៏ជាបងប្អូនស្រីជាមួយលោក
ស្រី ជូឡុង សូមូរ៉ា ភរិយាលោកសម រង្ស៊ី ប្រធានគណបក្សជំទាស់នៅប្រទេស
កម្ពុជា។

អ្នកស្រី Antonya Tioulong បានទទូចឲ្យសាលាក្ដីខ្មែរក្រហមដាក់ទោស ឌុច
ទៅតាមកំហុសរបស់ខ្លួន។

“អ្នកប្រព្រឹត្តិត្រូវតែទទួលស្គាល់ ហើយត្រូវតែមានយុត្តិធម៌សម្រាប់អំពើហ្នឹង។
សម្រាប់បងស្រីខ្ញុំនិង បងថ្លៃខ្ញុំ ។ ហើយខ្ញុំសុំអង្វឲ្យអង្គជំនុំជម្រះចេញនូវសាល
ក្រមដែលសមស្របតាមបទឧក្រិដ្ឋ"ដែល ជនជាប់ចោទបានប្រព្រឹត្ដិ "។

ឌុច បានសារភាពថា បងស្រីរបស់អ្នកស្រី Antonya Tioulong និងស្វាម៉ីរបស់
គាត់ពិតជាជាប់ឃុំឃាំង នៅមន្ទីរស ២១មែន ប៉ុន្ដែបងស្រីរបស់ដើមបណ្ដឹងរដ្ឋ
ប្បវេណីនោះ បានស្លាប់ដោយសារជំងឺ។

ឌុច អតីតប្រធានមន្ទីរស ២១ ដែលនៅទីនោះមានអ្នកទោសយ៉ាងតិចចំនួន
១២.៣៨០នាក់ត្រូវបានធ្វើទារុណកម្ម និងសម្លាប់ចោល។ ឌុចត្រូវចោទប្រកាន់
ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋ កម្មសង្គ្រាម ឧក្រិដ្ឋកម្មនៃការធ្វើ
ទារុណកម្ម និងមនុស្សឃាត។

ឌុច ធ្លាប់បានប្រាថ្នាចង់ឲ្យប្រជាជនខ្មែរដាក់ទោសគាត់ ដោយគប់នឹងដុំថ្មរហូត
ដល់ស្លាប់ ដើម្បីឲ្យ សម នឹងកំហុសរបស់គាត់៕ ចប់

XS
SM
MD
LG