ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើហិង្សាក្នុងគ្រួសារនៅស.រ.អា.


តាមការសិក្សារបស់ជាតិអំពីអំពើហិង្សាក្នុងគ្រួសារនៅស.រ.អា.រាយការណ៍ថា
រៀងរាល់ឆ្នាំ ស្ត្រីប្រមាណពី៣ទៅ៤លាននាក់បានទទួលការវាយធ្វើបាបពីប្តីឬ
ពីសង្សារ។ អំពើហិង្សាក្នុងគ្រួសារជាមូលហេតុនាំមុខគេនៃការរបួសលើរាង
កាយស្ត្រីពីវ័យ ១៥ទៅ៤៤ឆ្នាំនៅក្នុងស.រ.អា.។

អ្នកស្រី នុច សារីតា បានជួបសន្ទនាជាមួយក្រុមបុគ្គលិកកម្មវិធីយល់ដឹងពីអំពើ
ហិង្សាក្នុងសង្គមគ្រួសាររបស់សមាគមខ្មែរ នៅទ្វីបអាមេរិក នៅទីក្រុង Long
Beach រដ្ឋ California ហើយបានធ្វើសេចក្តីរាយការណ៍ដូចតទៅនេះ៖

អ្នកស្រី អោម រស្មី ជាអ្នកចាត់ចែងសំណុំរឿងនិងជាអ្នកអប់រំអំពីអំពើហិង្សា
ក្នុងគ្រួសារនិយាយថា អំពើហិង្សាដែលបានរកឃើញយ៉ាងជាក់ច្បាស់ថា មាន
ការវាយធ្វើបាបស្ត្រីនោះ កើតមាននៅក្នុងគ្រួសារគ្រប់មជ្ឈដ្ឋាន មិនថាឡើយជា
គ្រួសារអ្នកមាន, អ្នកក្រ, អ្នកចេះឬអ្នកល្ងង់ទេ ទោះជានៅក្នុងតំបន់ណា ឬពូជ
សាសន៍ណាក៏ដោយ ។ អំពើឃោរឃៅដោយសារការឆ្កួតវង្វេងនឹងការប្រច័ណ្ឌ
បង្កឲ្យមានស្នាមរបួសលើរាងកាយនិងក្នុងចិត្តនៃជនរងគ្រោះដែលភាគច្រើន
ជាស្ត្រីនៅក្នុងគ្រួសារក្រីក្រ ។

“តាមការពិសោធន៍និងការរៀនចេះដឹងរបស់ខ្ញុំ ឃើញថាទំនៀមទម្លាប់ខ្មែរភាគ
ច្រើន បុរសក្តាប់អំណាចលើគ្រួសារ ជាមេគ្រួសារ ហើយកិច្ចការទាំងឡាយត្រូវ
តែបានទទួលការសម្រេចពីឪពុកជាមុន ។ ទម្លាប់នេះនៅតែប្រើក្នុងគ្រួសារខ្មែរ
នៅសរអ បុរសប្រកាន់គំនឹតដូចកាលនៅស្រុកខ្មែរថាខ្លួនគាត់ជាមេគ្រួសារ ជា
អ្នកសម្រេចកិច្ចការ ប្រពន្ធគ្រាន់តែជាជំហានទីពីរ ចង់ធ្វើអ្វីត្រូវសួរប្តី”។

នៅសរអ បុរសនិងស្ត្រីចេញធ្វើការក្រៅផ្ទះទាំងអស់គ្នា មានសិទ្ធិស្មើគ្នា ។ ស្ត្រី
ខ្មែរមកដល់សរអ ក៏ចង់បញ្ចេញសមត្ថភាពរបស់ខ្លួន ដោយទៅរៀនភាសា រៀន
បើកឡានចេញទៅធ្វើការជាដើម។ល។ដើម្បីជួយផ្គត់ផ្គង់គ្រួសារឲ្យបានប្រសើរ។ ប៉ុន្តែទង្វើទាំងនេះត្រូវបានទទួលការមិនពេញចិត្តពីបុរសខ្លះៗដែលមិនចង់ឲ្យ
ប្រពន្ធចេញក្រៅផ្ទះ ព្រោះប្រច័ណ្ឌ ។ ស្ត្រីរស់នៅជាមួយបុរសប្រច័ណ្ឌនិងមាន
ចិត្តសង្ស័យច្រើន បានទទួលការវាយ ទាត់ ធាក់ សំឡុតពីដៃគូរបស់ខ្លួន និង
បានទទួលការគៀបសង្កត់ កុហក បោកប្រាសរៀងរាល់ថ្ងៃ នូវសិទ្ធិរបស់ខ្លួន
ដែលត្រូវសំរេចចិត្ត ។ អ្នកស្រី ព្រៀម សូនី, អ្នកសម្របសម្រួលកម្មវិធីយល់
ដឹងពីអំពើហិង្សាក្នុងសង្គមគ្រួសារថ្លែងថា ការប្រច័ណ្ឌដ៏ងងិតងងល់របស់ប្រុស
ខ្លះបានបញ្ចេញកំហឹងខ្លាំង ដោយបានប្រើអំពើឃោរឃៅលើប្រពន្ធរបស់ខ្លួន
យ៉ាងព្រៃផ្សៃ ។

“មានរឿងប្តីប្រពន្ធពីរនាក់ ប្តីបានចាក់ប្រពន្ធ៧កាំបិត និងវះពោះ។ រឿងរ៉ាវកើត
ឡើងដោយការប្រច័ណ្ឌ ព្រោះប្តីមិនឲ្យប្រពន្ធចេញក្រៅផ្ទះ”។

អំពើហិង្សាក្នុងសង្គមគ្រួសារខ្មែរនៅទីក្រុងឡងប៊ីច មានច្រើនករណី ។ ស្ត្រីរង
គ្រោះភាគច្រើនលាក់កំបាំងបញ្ហារបស់ខ្លួន មិនហ៊ានប្រាប់ញាតិសន្តាន មិត្ត
ភក្តិ ឬអ្នកជិតខាង ព្រោះមានការខ្មាសអៀន សុខចិត្តស៊ូទ្រាំនឹងការឃោរឃៅ
របស់ប្តី ។

“ក្រោយពីរៀបការបានពីរឆ្នាំមក បុរសជាប្តីបានវាយធ្វើបាបប្រពន្ធ ដោយលើក
ខ្លួនប្រពន្ធបោះទៅលើជញ្ជាំង យកញញួរនិងអង្រែវាយក្បាលនាង ព្រោះតែរឿង
ប្រច័ណ្ឌ ។ ពេលនាងចេញក្រៅផ្ទះ បុរសនោះទូរស័ព្ទជេរប្រទេចឲ្យនាងឈឺចាប់
ជាខ្លាំងដោយថានាងចេញទៅរកសាហាយ ក្បត់ចិត្តគាត់។ នាងប្រពន្ធបានអត់
ធ្មត់រហូតមិនតបតទេ ព្រោះនាងគឹតថាជាគូស្រករដែលម្តាយបានរៀបចំឲ្យ”។

ការមិនអនុញ្ញាតឲ្យបើកបរ ឬចេញទៅកន្លែងផ្សេងៗ ដូចជាទៅសាលារៀន ទៅ
កន្លែងធ្វើការ ការកាន់កាប់លុយកាក់ទាំងអស់ និងការបង្ខិតបង្ខំឲ្យរួមភេទពេល
ស្ត្រីមិនយល់ព្រម ក៏ជាកត្តាមួយជំពូកទៀតនៅក្នុងអំពើហិង្សាក្នុងគ្រួសារដែរ ។ ស្ត្រីខ្លះបានរងនឹងការធ្វើបាបពីបុរសរហូតធ្លាក់ខ្លួនពិការ ឡប់ស្មារតីទៅជាឆ្កួត
លីលា ។

អំពើហឹង្សាក្នុងគ្រួសារមិនត្រឹមតែធ្វើឲ្យប៉ះទង្គិចដល់ស្ត្រីជាប្រពន្ធ ឬជាម្តាយតែ
ម្នាក់គត់នោះទេគឺវាបានជះឥទ្ធិពលអាក្រក់ដល់កូន។ កូនក្មេងដែលបានឃើញ
ជាក់ស្តែងនូវអំពើហឹង្សាក្នុងផ្ទះ ទៅអនាគតអាចធំដឹងក្តីក្នុងបរិយាកាសពោរ
ពេញទៅដោយអំពើហិង្សា ភាពស្មុគស្មាញ គ្មានសុវត្តិភាព និង ប្រហែលជា
អាចធ្វើអំពើអាក្រក់ទៅលើខ្លួនឯងផងដែរ។

“បច្ចុប្បន្ននេះ ខ្ញុំបានបង្កើតជាក្រុមមួយសំរាប់ជួយស្ត្រីដែលរងគ្រោះដោយអំពើ
ហិង្សាខ្ញុំបានអញ្ជើញពួកគាត់ ឲ្យមកសិក្សា អំពីការរស់នៅនៅក្នុងស.រ.អា.អំពី
អារ្យធម៌អាមេរិកាំង អារ្យធម៌ខ្មែរ និងអំពីថាតើយើងត្រូវជួយខ្លួនយើងដូចម្តេច
ខ្លះបើជួបប្រទះនឹងការធ្វើបាបពីបុរស ។ ភាគច្រើនស្ត្រីខ្មែរមិនសូវមានការចេះ
ដឹង ហើយស្ត្រីខ្មែរចូលចិត្តនៅដាច់ដោយឡែក មិនចូលរួមក្នុងសង្គមទេ”។

ការណែនាំនៃអ្នកស្រី អោម រស្មី ដល់ស្ត្រីរងគ្រោះនៅទីក្រុងឡងប៊ិច ការបង្រៀន
ឲ្យយល់អំពីរបៀបរស់នៅ និងអំពីសិទ្ធិរបស់ស្ត្រីនៅក្នុងសរអ បានជួយសម្រាល
អំពើហិង្សាក្នុងគ្រួសារខ្លះៗ ព្រោះស្ត្រីដែលបានទទួលការសិក្សា បាននាំយកការ
យល់ដឹងរបស់ខ្លួនទៅពន្យល់ប្តី មានករណីខ្លះប្តីក៏បានមកសិក្សាអំពីការអប់រំ
គ្រួសារជាមួយប្រពន្ធផងដែរ ។ ក៏ប៉ុន្តែ អ្នកស្រី អោម រស្មី និយាយថានៅក្នុង
ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ការអស់ការងារធ្វើ បញ្ហាខ្វះខាតក្នុងគ្រួសារ
ក្នុងបច្ចុប្បន្ននេះ បានបណ្តាលឲ្យមានករណីថ្មីនៃអំពើហិង្សាក្នុងគ្រួសារជាច្រើន
ទៀត៕ ចប់

XS
SM
MD
LG