ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាច្រានចោលការតវ៉ារបស់ថៃអំពី ការសង់ផ្សារនៅជើងប្រាសាទព្រះវិហារ


មន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធការ
តវ៉ារបស់រដ្ឋាភិបាលថៃប្រឆាំងនឹងការសាងសង់ផ្សារឡើងវិញនៅជើងប្រាសាទ
ព្រះវិហារចំណាស់ជាង ៩០០ឆ្នាំរបស់ប្រទេសកម្ពុជា ថាជាការរំលោភលើកិច្ច
ព្រមព្រៀងព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសជាតិទាំង ២។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកក្កដា បានបញ្ជាឱ្យក្រុមអាជ្ញាធរ
ខេត្តព្រះវិហារកសាងផ្សារថ្មីមួយជំនួសផ្សារនៅក្បែរប្រាសាទព្រះវិហារ ដែល
ទាហានថៃបានបាញ់គ្រាប់រ៉ុក្គែកម្ទេចតូបលក់ដូរចំនួន ២៦៤ និង អ្នកស្រុក
ប្រមាណ ៣១៩ គ្រួសារគ្មានផ្ទះសម្បែងនៅក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ព
កម្ពុជា និងថៃ នៅថ្ងៃទី៣ខែមេសា។

ប្រទេសថៃបានសរសេរលិខិតចុះថ្ងៃទី៣០ ខែកក្កដាតវ៉ាប្រឆាំងនឹងប្រទេស
កម្ពុជាអំពីការកសាងផ្សារឡើងវិញនៅក្បែរប្រាសាទព្រះវិហារ ដោយបានអះ
អាងថា ការកសាងនេះបានរំលោភលើអនុសារណៈយោគយល់គ្នាស្តីពីការ
បោះបង្គោលព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសកម្ពុជានិងប្រទេស
ថៃ នៅក្នុងឆ្នាំ ២០០០។

លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ក្រុម
អ្នករាយការណ៍ព័ត៌មានថា យើងមានសិទ្ធិធ្វើការកសាងផ្សារឡើងវិញនៅ
ជើងប្រាសាទព្រះវិហារនេះ ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសកម្ពុជា។

“អ្វីដែលកម្ពុជាធ្វើមិនអាស្រ័យថៃសម្បាយចិត្តឬមិនសម្បាយចិត្តទេ។ អ្វីដែល
ផលប្រយោជន៍របស់កម្ពុជា និងអ្វីដែលស្ថិតនៅក្នុងសិទ្ធិរបស់កម្ពុជា គឺកម្ពុជា
ធ្វើ” ។

លោកស ថាវី អភិបាលរងខេត្តព្រះវិហារបានថ្លែងថា យើងបានធ្វើតូបសម្រាប់
លក់ដូរបានចំនួន ១៨៣ នៅផ្សារជើងប្រាសាទព្រះវិហារដែលទាហានថៃបាន
បាញ់ឆេះ ហើយយើងបានធ្វើអាងសម្រាប់ស្តុកទឹក និងបង្គន់អនាម័យ។

“ខ្ញុំធ្វើ(ផ្សារឡើងវិញនេះ)នៅក្នុងទឹកដីរបស់យើង។ វាមិនមានប៉ះពាល់ទៅលើ
អ្នកណាទេ ពីព្រោះទីកន្លែងផ្សារនេះ ប្រជាជនយើងរស់នៅនិងលក់ដូរតាំងពី
មុនព្រឹត្តិការណ៍ទី១៥ ខែ កក្កដា ឆ្នាំ ២០០៨ ទៅទៀត ។ ក្រោយពីមានព្រឹត្តិ
ការណ៍ប៉ះទង្គិចអាវុធគ្នា ទាហាន(ថៃ)បានបាញ់មកលើយើង ធ្វើឱ្យឆេះផ្សារ។ យើងធ្វើផ្សារឡើងវិញនេះនៅក្នុងកន្លែងផ្សារចាស់ មិនមែនខុសពីកន្លែងផ្សារ
ចាស់នោះទេ ហើយការធ្វើផ្សារឡើងវិញនេះ យើងសំអាងថា កងទ័ពរបស់
យើងនៅពីមុខទៀត”។

កងទ័ពថៃបានបាញ់គ្រាប់រ៉ុក្កែតមកលើផ្សារនៅព្រឹកថ្ងៃទី៣ ខែមេសា នៅក្នុង
អំឡុងពេលវាយប្រយុទ្ធគ្នារវាងកងទ័ពនៃប្រទេសទាំង ២។ អ្នកភូមិប្រាសាទ
បានបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិកម្មសិទ្ធិនៅក្នុងមហន្តរាយនោះ។

នៅក្នុងឧសភា ប្រទេសកម្ពុជាបានទាមទារឱ្យប្រទេសថៃសងសំណងចំនួន
២,១ លានដុល្លារអាមេរិកាំង សម្រាប់ការខូចខាតនៅទីផ្សារនេះ ប៉ុន្តែរហូតមក
ដល់ពេលនេះគ្មានការឆ្លើយតបពីរដ្ឋាភិបាលទីក្រុងបាងកកនៅឡើយទេ ៕ ចប់

XS
SM
MD
LG