គោលនយោបាយសម្បទានព្រៃឈើររបស់រដ្ឋាភិបាលកម្ពុជាដែលមិនមានតម្លា
ភាព ការជួញដូរសត្វព្រៃ ការកាប់ព្រៃឈើខុសច្បាប់ អំពើពុករលួយ និងកង្វះ
ការពង្រឹងច្បាប់ បានធ្វើឲ្យក្រុមអ្នកឃ្លាំមើលបរិស្ថាននិងជំរកសត្វព្រៃអន្តរជាតិ
សម្តែងការព្រួយបារម្ភថា កម្ពុជាអាចនឹងបាត់បង់ព្រៃឈើ ជំរកសត្វព្រៃ ខូច
ខាតបរិស្ថាន ហើយជាយថាហេតុ នឹងបាត់បងភ្ញៀវទេសចរ ដែលជាប្រភព
ចំណូលយ៉ាងសំខាន់ ដោយសារការបំផ្លាញធម្មជាតិយ៉ាងហិនហោចនេះ។
លោកNicholas Sorensonដែលជានាយកគំរោងពិសេសរបស់អង្គការសម្ព័ន្ធ
ភាពសត្វព្រៃ គឺ Wildlife Alliance មានប្រសាសន៍ថា អំពើពុករលួយ និងការ
បំផ្លាញសត្វព្រៃជាបញ្ហាកំពុងកើតមានដ៏ខ្លាំងនៅកម្ពុជា ។ លោក Nicholas
បានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីលោកដាក់បញ្ចាំងខ្សែ វីដេអូ ខ្នាតខ្លីមួយក្នុងរដ្ឋ
ធានី Washington កាលពីល្ងាចថ្ងៃពុធ ក្រោយពីលោកបានចុះថតអំពីជីវិត
សត្វព្រៃដែលកំពុងស្ថិតក្រោមការការពារបស់អង្គការ Wildlife Alliance នៅ
កម្ពុជាកាលពីខែឧសភានោះ។
“ការព្រួយបារម្ភដ៍ចំបងបំផុតក្នុងប្រទេសកម្ពុជា អ្នកដឹងទេថា វាជាប្រទេស
ដែលទើបចេញផុតពីសង្រ្គាមបដិវត្តន៍ឬ របបប៉ុលពតនោះ។ ខ្ញុំគិតថា បន្ទាប់
ពីសង្គ្រាម ព្រៃឈើទទួលរងការកាប់បំផ្លាញ ជីវិតសត្វព្រៃរងការបរបាញ់យ៉ាង
ខាំ្លង។ សត្វខ្លា ត្រូវបានគេបរបាញ់ ព្រៃឈើរងការកាប់ផ្តួលរំលំ។ សម្បទាន
ព្រៃឈើខុសច្បាប់ និង ស្របច្បាប់ត្រូវបានគេបង្កើតឡើង ហើយអំពើពុក
រលួយត្រូវគេស្តីបន្ទោសជាងគេ ដោយសារវាធ្វើឲ្យខូចខាតដល់គុណភាព
បរិស្ថានក្នុងប្រទេស”។
លោកបាននិយាយថាកម្ពុជាត្រូវបង្កើតឱ្យមានច្បាប់ប្រឆាំងអំពើពុករលួយនិង
ច្បាប់ការពារជីវិតសត្វព្រៃដើម្បីធ្វើអោយប្រទេសរីកចំរើននិងស្តារគុណភាព
បរិស្ថានធម្មជាតិឡើងវិញ។
រដ្ឋាភិបាលកម្ពុជាតែងសច្ចាថា ខ្លួននឹងបង្រ្កាបរាល់ការកាប់បំផ្លាញព្រៃឈើ
ខុសច្បាប់ ការជួញដូរសត្វព្រៃក្នុងស្រុក និងទៅក្រៅស្រុក ហើយកម្ពុជាក៏
កំពុងត្រៀមបង្កើតច្បាប់ប្រឆាំងអំពើពុករលួយថែមទៀត ដែលក្រុមមន្ត្រី
និយាយថា ច្បាប់នោះនឹងត្រូវអនុម័តបន្ទាប់ពីការអនុម័តក្រមនីតិវិធីព្រហ្ម
ទណ្ឌ ។
លោកងួន ញ៉ិល អនុប្រធានទីមួយនៃរដ្ឋសភាជាតិ មានប្រសាសន៍ប្រាប់VOA
តាមទូរស័ព្ទថា ប្រមុខរដ្ឋាភិបាលកម្ពុជានឹងមិនអត់អោនដល់អ្នក ដែលធ្វើ
អាជីវកម្មសត្វព្រៃ និងអ្នកជួញដូរឈើខុសច្បាប់នោះឡើយ។
“ជាអនុសាសន៍គឺថា ត្រូវតែរាំងខ្ទប់ការនាំសត្វព្រៃចេញទៅក្រៅប្រទេស។ នេះ
គឺ ជាបទបញ្ជាទៅក្រសួងបរិស្ថានផង និងសមត្ថកិច្ចដែលពាក់ព័ន្ធគឺក្រសួង
កសិកម្ម ផងក្នុងការថែរក្សាសត្វព្រៃនេះ បាទ”។
គេហទំព័ររបស់អង្គការ Wildlife Alliance បានដកស្រង់របាយការណ៍របស់
ប៉ូលីសអន្តរជាតិឬInterpol ដោយបង្ហាញថា ទ្វីបអាស៊ីជាចំណុចក្តៅនៃការ
ធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ក្នុងពិភពលោក ។ សកម្មភាពឧក្រិដ្ឋនេះ
បានបំផ្លិច បំផ្លាញ និងបាននាំឱ្យមានការខាតបង់ចំនួនពី៦ ទៅ២០ពាន់លាន
ដុល្លាសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។
កាលពីឆ្នាំ២០០៧ អង្គការ Global Witness បានរាយការណ៍ថា ក្រុមមន្រ្តី
លួចជាតិ បានលក់ឈើហុបរបស់កម្ពុជា។ ទឹកប្រាក់បានពីការលក់ឈើទាំង
នោះមិនត្រូវបានគេឃើញមានចុះក្នុងបញ្ជីថវិការដ្ឋទេ។ ភ្លាមៗនោះ របាយ
ការណ៍នេះ ត្រូវបានអាជ្ញាធររឹបអូស និងហាមមិនឱ្យផ្សព្វផ្សាយក្នុងប្រទេស
ទេ។
ក្នុងពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងថា
កម្ពុជាបានបាត់ថវិកាជាតិរបស់ខ្លួនចំនួន៥០០លានដុល្លារក្នុងមួយឆ្នាំៗ។
ក៏ប៉ុន្តែលោកឱម យ៉ិនទៀង ទីប្រឹក្សាជាន់ខ្ពស់របស់លោកហ៊ុន សែន និងជា
អ្នកដែលរបាយការណ៍នេះសរសេរថា មានជាប់ពាក់ព័ន្ធក្នុងអាជីវកម្មធនធាន
ធម្មជាតិដែរនោះ ធ្លាប់បានបដិសេធថា ការចោទប្រកាន់នេះជាព័ត៌មានមិន
ពិត។
លោក Nicholas និយាយថា លោកបានឃើញដោយផ្ទាល់នូវការបំផ្លាញភោគ
ទ្រព្យធម្មជាតិ ដោយក្រុមហ៊ុនបរទេសធំៗមួយចំនួន នៅកម្ពុជាខណៈដែល
លោកចុះទៅធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីពេលកន្លងមក។
“អ្វីដែលខ្ញុំបានឃើញមានការប៉ះពាល់ខ្លាំងដល់បញ្ហាបរិស្ថាននោះគឺថា ដោយ
សារប្រទេសចិនបានសាងសងទំនប់វារីអគ្គិសនីនិងរោងចក្រដើរដោយកម្លាំង
ធ្យូងថ្ម ហើយមានគម្រោងឧស្សាហកម្មខ្នាតធំជាច្រើនដែលធ្វើវិនិយោគទុន
ដោយប្រទេសវៀតណាម ថៃ ចិន និង ប្រទេសសិង្ហបូរី។ សូម្បីតែប្រទេសសិង្ហ
បូរីនេះ ក៏បានបូមយកខ្សាច់ពីជួរភ្នំក្រវ៉ាញនៅក្នុងប្រទេសកម្ពុជាដែរ។ខ្ញុំឃើញ
ដោយផ្ទាល់ភ្នែកខ្ញុំតែ ម្តង។ខ្ញុំពិតជាបានឃើញគេបូមយកមែន។សូម្បីក្រោយ
ពីមានបម្រាមក៏ដោយ ក៏ខ្ញុំបានឃើញកម្ពុជារងការគំរាមកំហែងយ៉ាងខ្លាំង
ដោយសារកង្វះនីតិរដ្ឋ។ ស្ថាប័ននយោបាយបានបង្អាក់ដំណើរការអភិវិវឌ្ឍ
វិស័យបរិស្ថាន”។
ក្រុមអ្នកការពារបរិស្ថាននិយាយថា ប្រសិនបើអស់ព្រៃឈើ គឺ អស់សត្វព្រៃ
អស់ទឹកភ្លៀង អស់ធម្មជាតិ អស់ប្រព័ន្ធការពារបរិស្ថាន ហើយសុខភាពរបស់
មនុស្សកាន់តែរងការប៉ះពាល់។
នៅបន្ទាប់ពីការបញ្ចាំងខ្សែVideoនោះ កញ្ញាEmily Kennedyជានិស្សិតថ្នាក់
អនុបណ្ឌិតនៅសកលវិទ្យាល័យអាមេរិកាំងផ្នែកគោលនយោបាយបរិស្ថាន
ពិភពលោក ហើយដែលបានចូលរួមទស្សនាខ្សែ វីដេអូ ខ្នាតខ្លីអំពីការគាំពារ
ជីវិតសត្វព្រៃរបស់អង្គការ Wildlife Alliance នៅកម្ពុជាដែរនោះបាននិយាយ
ថា កម្ពុជា ល្បីខាងការលក់សត្វព្រៃទៅឱ្យប្រទេសជិតខាងរបស់ខ្លួន។
“អ្វីដែលខ្ញុំដឹងជាងគេបំផុតអំពីប្រទេសកម្ពុជានោះគឺថា កម្ពុជាជាអ្នកលក់
សត្វព្រៃទៅឱ្យប្រទេសថៃ។ ជាងនេះទៅទៀត មានការលក់រប៉ាត់រប៉ាយទៅ
កន្លែង ផ្សេងទៀត។ ខ្ញុំដឹងច្រើនអំពីបញ្ហានេះ។ ខ្ញុំដឹងថា ប្រទេសថៃបំផ្លាញ
សត្វព្រៃរបស់គេជាច្រើន ហេតុដូច្នេះហើយបានជាពួកគេត្រូវការទិញសត្វ
ព្រៃពីប្រទេសកម្ពុជា ឬ ពីប្រទេសវៀតណាមថែមទៀត”។
កម្ពុជាក៏ត្រូវបានក្រុមអ្នកផ្តល់អំណោយជាច្រើនសម្តែងការព្រួយបារម្ភអំពីការ
បាត់បង់ជម្រកសត្វព្រៃ និងសត្វព្រៃទាំងឡាយ។ កញ្ញា Nadia Millerដែល
ជាមន្រ្តីខាងការផ្តល់អំណោយខ្នាតធំ និងកិច្ចសហប្រតិបត្តិការរបស់អង្គការ
Wildlife Alliance ក្នុងរដ្ឋធានី Washington បានមានប្រសាសន៍ថា ក្រុម
អ្នកផ្តល់ ជំនួយជាច្រើនកំពុងព្រួយបារម្ភអំពីការជួញដូរ និងការធ្វើបាបសត្វ
ព្រៃ។
“ការព្រួយបារម្ភរបស់គេដ៏ខ្លាំងបំផុតនោះគឺភាពរិចរិលនៃបរិស្ថាន ដែលធ្វើ
ឱ្យអស់សត្វព្រៃ និងអស់ជម្រករស់នៅសម្រាប់សត្វទាំងនោះ។ខ្ញុំគិតថា វា
ក៏ជាការប៉ះពាល់ខ្លាំងដល់មនុស្សលោកដែរ”។
ក្រុមអ្នកអភិរ័ក្សសត្វព្រៃ បានព្រមានថា វប្បធម៌នៃការយកសត្វព្រៃធ្វើជា
ឱសថ បូរាណ អាហារសំរាប់មនុស្ស គ្រឿងលំអផ្ទះ និង ធ្វើជាសំភារៈប្រើ
បា្រស់ផ្សេងៗ នោះ ត្រូវតែបញ្ឈប់និងត្រូវតែមានការរិតត្បិតឱ្យបានហ្មត់ចត់
ដើម្បីរក្សាសុខភាពបរិស្ថាន និងសុខភាពមនុស្ស។ សហរដ្ឋអាមេរិកក៏ត្រូវ
គេដឹងថា មានការនាំចូលសត្វព្រៃដ៏ច្រើនជាងគេបំផុតទីពីរបន្ទាប់ពីប្រទេស
ចិន។
ក្រុម Wildlife Alliance បានផ្តល់អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលកម្ពុជា
សំរាប់ធ្វើគោលនយោបាយថែរក្សាជីវិតសត្វព្រៃតាមរយៈការអប់រំនិងបង្កើន
ការយល់ដឹងដល់អ្នកភូមិអំពីផលប៉ះពាល់ដោយសារការបំផ្លាញព្រៃឈើ។ អង្គការនេះក៏បានផ្តល់អនុសាសន៍អំពីវិធានការទប់ស្កាត់ ឬការរាយការណ៍
អំពីការជួញដូរសត្វព្រៃនិងការជួញដូរឈើខុសច្បាប់ ព្រមទាំងពង្រឹងជំនាញ
និងបំពាក់ឧបករណ៍ឃ្លាំមើលព្រៃ ដល់ក្រុមអភិរ័ក្សឈើទៀតផង។
ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាត្រូវបានគេដឹងថា បាន
អនុវត្តគោលនយោបាយផ្តល់សម្បទានព្រៃឈើជាច្រើនម៉ឺនហិចតាដល់ក្រុម
ហ៊ុនឯកជនបរទេសក្នុងការធ្វើវិនិយោគទុនលើវិស័យឧស្សហកម្មរយៈពេល
យូរ។ អ្នកវិនិយោគទុនភាគច្រើនបានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលដល់
ទៅ៩៩ឆ្នាំលើផ្ទៃដីជិតមួយម៉ឺនហិចតា ឬលើសពីនេះ។ ក្រុមហ៊ុនបរទេសភាគ
ច្រើនដែលធ្វើការប្រមូលភោគទ្រព្យរ៉ែនោះគឺជាក្រុមហ៊ុនចិន វៀតណាម ថៃ
កូរ៉េ ហើយនិងក្រុមហ៊ុនសិង្ហបូរីមួយចំនួន៕ ចប់