ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីអភិរក្សបានពានរង្វាន់វីរបុរស ការពារសត្វព្រៃ


មន្ត្រីអភិរក្សសត្វព្រៃកម្ពុជាម្នាក់បានទទួលពានរង្វាន់ជាវីរបុរសការពារសត្វព្រៃ
ពីអង្គការអភិរក្សធនធានធម្មជាតិពិភពលោកមួយ។ រង្វាន់នេះត្រូវបានគេផ្តល់
ឲ្យសំរាប់ការខិតខំប្រឹងប្រែងការពារនិងអភិរក្សសត្វព្រៃដែលជិតវិនាសផុតពូជ
នៅក្នុងប្រទេសកម្ពុជា ។

កំពុងឈរញញឹមពព្រាយដោយដៃទាំងពីរកាន់ទ្រប្រអប់ឈើដ៏ល្អប្រណិតមួយ
នៅពីមុខមនុស្សម្នាជាច្រើនដែលកំពុងទះដៃអប់អរសាទរនោះ គឺជាបុរសសប្បុរ
ខ្មៅស្រអែមម្នាក់ វ័យស្របាល៤០ឆ្នាំ។

បុរសម្នាក់នេះគឺ លោក សំ ហាន ដែលទើបនឹងត្រូវបានជ្រើសរើសជាវីរបុរស
ការពារនិងអភិរក្សសត្វព្រៃ ឬ Conservation Hero ប្រចាំឆ្នាំ២០០៩ ដោយ
មូលនិធិអភិរក្សធនធានធម្មជាតិពិភពលោកមួយឈ្មោះ Disney Worldwide
Conservation Fund ។

មូលនិធិអភិរក្សធនធានធម្មជាតិពិភពលោកDisney Worldwide Conser-
vation Fund នេះគឺជាកម្មវិធីមួយរបស់ក្រុមហ៊ុនផលិតកម្មDisney World ដ៏
ល្បីល្បាញនៅក្នុងសហរដ្ឋអាមេរិក។ កម្មវិធីនេះត្រូវគេបង្កើតឡើងដើម្បីផ្តល់
រង្វាន់សំរាប់ការសិក្សានិងការការពារសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី( ecology)
នៅក្នុងប្រទេសជាង១០០នៅជុំវិញពិភពលោក។ នៅក្នុងឆ្នាំ២០០៩នេះ អ្នក
ដែល ជាប់ជ័យលាភីជាវីរបុរសអភិរក្សសត្វព្រៃនេះមាន៨រូបមកពីទ្វីបអាហ្វ្រិក
អាមេរិក និងរួមទាំងប្រទេសកម្ពុជាម្នាក់ផងដែរគឺលោក សំ ហាននេះឯង។

ការជ្រើសរើសលោក សំ ហាន ជាវីរបុរសអភិរក្សសត្វព្រៃនេះ បានធ្វើឡើង
បន្ទាប់ពីមន្ត្រីអភិរក្ស សត្វព្រៃរូបនេះ បានចូលរួមយ៉ាងសកម្មក្នុងរយៈពេលជិត
១០ឆ្នាំមកនេះក្នុងកិច្ចការពារនិងអភិរក្សសត្វក្រពើភ្នំនៅក្នុងប្រទេសកម្ពុជា។
សត្វក្រពើភ្នំ ជាពួជសត្វដែលស្ទើរតែរលាយផុតពូជពីភពផែនដីនេះហើយ។

ពិធីប្រគល់រង្វាន់នេះត្រូវបានធ្វើឡើងដោយពុំបានទម្លាយឲ្យដឹងជាមុនក្នុង
ប្រទេសកម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៏មុននេះ។ វីរបុរសអភិរក្សសត្វព្រៃលោក
សំ ហានបានមានប្រសាស៏នៅក្នុងពិធីនោះយ៉ាងដូច្នេះថា៖

“ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ដោយអត់បានដឹងទុកជាមុន ដល់ពេល
ឃើញគេរៀបចំកម្មវិធីអញ្ចឹង មានអារម្មណ៍សប្បាយរីករាយណាស់បាទ” ។

គួរបញ្ជាក់ថាលោក សំ ហានទទួលបានពានរង្វាន់ជាវីរបុរសការពារ សត្វព្រៃ
នេះបន្ទាប់ពីលោកសាំង វ៉ាន់ដានៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបានទទួល
រង្វាន់ពីមូលនិធិ Disney Worldwide Conservation Fund នេះដែរ ចំពោះ
ការចូលរួមចំណែកយ៉ាងសកម្មរបស់លោក នៅក្នុងគម្រោងអប់រំបរិស្ថានចល័ត
មួយ ហៅថាគោព្រៃអ៊ិចប្រេសកាលពីឆ្នាំទៅម៉ិញនោះ។

លោក សំ ហាន បានចូលបំរើការងារក្នុងការិយាល័យការពារសត្វព្រៃនៃរដ្ឋ
បាលព្រៃឈើ ក្រោយពី លោកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទ
កសិកម្មកម្ពុជានៅឆ្នាំ១៩៩៥។

រហូតមកដល់ឆ្នាំ២០០២ លោក សំ ហានក៏បានចូលរួមជាសមភាគីជាមួយ
កម្មវិធីអភិរក្សសត្វក្រពើកម្ពុជារបស់អង្គការអភិរក្សសត្វព្រៃនិងរុក្ខជាតិអន្តរ
ជាតិ Fauna-Flora International ឬហៅកាត់ថាFFI ។

លោក សំ ហានបានមានប្រសាសន៍ថា លោកបានចាប់ផ្តើមចាប់ចិត្តទៅលើ
ការការពារសត្វក្រពើភ្នំ ក្រោយពេលដែលលោកបានធ្វើការស្រាវជ្រាវអំពីជីវិត
និងដែនជំរករបស់សត្វក្រពើប្រភេទនេះ ជាមួយអង្គការFFI តាំងពីឆ្នាំ២០០៤
មក។

នៅក្នុងសកម្មភាពស្រាវជ្រាវរបស់លោក លោក សំ ហាន ត្រូវធ្វើដំណើរឆ្លង
ទឹកនិងចូលព្រៃជ្រៅនិង ជួលកាលត្រូវស្នាក់នៅក្នុងព្រៃជាច្រើនថ្ងៃដើម្បីតាម
ដានបន្លាស់ទីរបស់សត្វក្រពើភ្នំនេះ។

“យើងសិក្សាទៅលើបន្លាស់ទីរបស់វា ដើម្បីរៀបចំផែនការគ្រប់គ្រងវា ដូចជា
ការបំពាក់រាដយូ Radio Trackingហ្នឹងទៅលើសត្វក្រពើនេះ យើងចង់ដឹងពី
ចលនារបស់វាដើម្បីចង់ដឹងថា តើនៅរដូវប្រាំងវាទៅរស់នៅឯណាហើយនៅ
រដូវវស្សា វាទៅរស់នៅឯណា”។

សត្វក្រពើភ្នំឬហៅជាភាសាអង់គ្លេសថាSiamese Crocodiles ជាសត្វក្រពើ
ទឹកសាបដែលគេរកឃើញនៅក្នុងភូមិភាគ៌អាស៊ីអាគ្នេយ៍កាលពីប្រមាណ១០០
ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្ន សត្វក្រពើប្រភេទនេះ ស្ទើរតែផុតពូជទៅហើយ ដោយ
សារតែការបរបាញ់ ការដាក់អន្ទាក់និងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ដែល
ធ្វើឱ្យខ្ទេចខ្ទីដល់ដែនជម្រករបស់ពួកវា។

សព្វថ្ងៃ គេប៉ាន់ប្រមាណថា សត្វក្រពើភ្នំនេះមាននៅសល់តែប្រមាណជា២០០
ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងព្រៃនៃខេត្តស្ទឹងត្រែងនិងរតនៈគីរី ហើយ
ភាគច្រើនបំផុតគឺមាននៅតាមតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា។

លោក អាដាម ស្តា ប្រធានគម្រោងកម្មវិធីអភិរក្សក្រពើកម្ពុជានៃអង្គការសត្វ
ព្រៃនិងរុក្ខជាតិអន្តរជាតិFFI បានមានប្រសាសន៍ថា ការផ្តល់ពានរង្វាន់ដល់
លោក សំ ហាន ជាវីរបុរសការពារ និង អភិរក្សសត្វព្រៃនេះគឺដោយសារតែ
លោក សំ ហានពិតជាអ្នកដែលមានឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារ
និងអភិរក្សសត្វក្រពើភ្នំនៅក្នុងប្រទេសកម្ពុជានេះ។

“ប្រសិនបើអ្នកបានចំណាយពេលសមល្មមណាមួយនៅជាមួយ ហាន នោះអ្នក
នឹងដឹងថាគាត់គឺជា មនុស្សដែលចេះគិតគូរ យកចិត្តទុកដាក់និងស្មោះត្រង់មែន
ទែន ហើយពិតជាចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះសត្វក្រពើ។ ហានបានចាប់
ចិត្តស្រលាញ់សត្វប្រភេទនេះ ហើយពិតជាយកចិត្តទុកដាក់ថែទាំពួកវាមែន
ទែន។ គាត់ក៏យកចិត្តទុកដាក់ចំពោះប្រទេសនេះ ហើយក៏ពិតជាយកចិត្តទុក
ដាក់ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរនូវចំនួនសត្វក្រពើនិងមនុស្សដែលរស់នៅ
ជុំវិញសត្វទាំងនេះដែរ ហេតុដូច្នេះហើយទើបបានជាគាត់ត្រូវបានគេជ្រើសរើស
នោះ”។

ក្រៅពីពានរង្វាន់ជាវីរបុរសអភិរក្សសត្វព្រៃហើយនោះ លោកសំ ហានក៏ត្រូវផ្តល់
ប្រាក់រង្វាន់១ពាន់ដុល្លារអាមេរិកាំងថែមទៀត ដែលក្នុងចំនួននេះលោកទទួល
បាន៥០០ដុល្លារនិង៥០០ដុល្លារទៀតសំរាប់ចែកឱ្យក្រុមការងារអភិរក្សរបស់
លោក។

លោក ទី សុគន្ធ អគ្គនាយករដ្ឋបាលព្រៃឈើបានមានប្រសាស៍ថា ការផ្តល់ពាន
រង្វាន់ជាវីរបុរសអភិរក្សសត្វព្រៃដល់លោក សំ ហាននេះគឺពិតជាការឆ្លុះបញ្ចាំង
អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការអភិរក្សធនធានធម្មជាតិនេះ។

“ការដែលផ្តល់ជាពានរង្វាន់ហ្នឹងក៏ជាការបង្ហាញនូវកំរិតនៃជោគជ័យរបស់យើង
ក្នុងការអនុវត្តការងារអភិរក្សសត្វ ធនធានជីវចម្រុះនិងព្រៃឈើនៅក្នុងតំបន់ក៏
ដូចជានៅក្រៅតំបន់”។

យ៉ាងណាក៏ដោយ លោក អាដាម ស្តា នៃអង្គការសត្វព្រៃនិងរុក្ខជាតិអន្តរជាតិ
FFIបានមានប្រសាសន៍ថា ការជ្រើសរើសលោកសំ ហាន ជាវីរបុរសអភិរក្សសត្វ
ព្រៃម្នាក់ប្រចាំឆ្នាំ២០០៩នេះនឹងក្លាយជាការលើកទឹកចិត្តសំរាប់ប្រជាជនទូទៅ
ឲ្យស្រឡាញ់និងការពារធនធានធម្មជាតិរបស់ពួកគេនៅក្នុងប្រទេសកម្ពុជានេះ។

សារដែលជាការលើកទឹកចិត្តនោះត្រូវលោក អាដាម ស្តារពន្យល់ថា ប្រជាជន
ធម្មតាមិនចាំបាច់តែជាអ្នកជីវវិទូដែលមានសញ្ញាប័ត្រសុទ្ធតែបណ្ឌិតនោះទេ ក៏
អាចក្លាយជាវីរបុរសដូចលោកសំ ហានបានដែរ ឱ្យតែពួកគេជ្រើសរើសយកការ
អភិរក្សធនធានធម្មជាតិធ្វើជាផ្នែកមួយនៃជីវិតរស់នៅរបស់ពួកគេនោះ៕ ចប់

XS
SM
MD
LG