ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិថៃម្នាក់ត្រូវចាប់ខ្លួនពីបទ ប្រមាថប្រាសាទអង្គរវត្ត


ជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួន អំពីការឆ្លាក់រូបប្រាសាទអង្គរវត្តនៅលើស៊ីម៉ង់
នៅក្នុងមុខបង្គន់ស់ម្រាប់ឱ្យមនុស្សចេញចូលបន្ទោរបង់ជាន់លើរូបសំណាក
នេះនៅក្នុងទីក្រុងប៉ោយប៉ែត។

ប៉ូលីសខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនជាតិថៃម្នាក់នៅក្នុងទីក្រុងប៉ោយ
ប៉ែតនៅជាប់ព្រំដែនជាមួយប្រទេសថៃអំពីការប្រមាថមើលងាយដល់ប្រាសាទ
អង្គរវត្តរបស់ប្រទេសកម្ពុជា ដែលតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ។

ជនជាតិថៃឈ្មោះ សឡាវុធ ខាំសន អាយុ ៣៩ ឆ្នាំ ដែលមានស្រុកកំណើត
នៅស្រុកណងខែ ខេត្តសារៈបូរី ប្រទេសថៃ ត្រូវបានចាប់ខ្លួននៅថ្ងៃអាទិត្យអំពី
ការឆ្លាក់រូបប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជានៅលើស៊ីម៉ង់ នៅមុខបង្គន់
សម្រាប់ឱ្យមនុស្សចេញចូលបន្ទោរបង់ ជាន់នៅលើរូបសំណាកនេះ នៅក្នុងភូមិ
ក្បាលស្ពានក្រុងប៉ោយប៉ែត ជាប់ព្រំដែនជាមួយប្រទេសថៃ។

លោក ហ៊ុន ហ៊ាន ស្នងការប៉ូលីសខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់VOA
ថាទង្វើរបស់ជនជាតិថៃរូបនេះ គឺជាការមើលងាយមើលថោកដល់ប្រាសាទ
អង្គរវត្តរបស់យើង ដែលជាអត្តសញ្ញាណជាតិរបស់យើង ហើយទង្វើនេះគឺជា
ការប្រឆាំងនឹងឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ។ យើងប្តឹងជនជាតិថៃរូបនេះអំពីការ
យកអត្តសញ្ញាណរូបអង្គរវត្តខ្មែរ ទៅឆ្លាក់នៅក្នុងមុខបង្គន់ ហាក់បីដូចជាមើល
ងាយមើលថោក និងអំពីការចូលប្រទេសកម្ពុជាខុសច្បាប់។

ជនត្រូវចោទ សឡាវុធ ខាំសន បានថ្លែងប្រាប់ប៉ូលីសថាគាត់ស្រឡាញ់រូបអង្គរ
វត្តខ្មែរខ្លាំងពេក ទើបបានគាត់កសាង សំណាករូបអង្គរវត្តនេះដាក់នៅក្នុងមុខ
បង្គន់សម្រាប់មនុស្សចេញចូលបត់ដៃបត់ជើងឆ្លងកាត់លើរូបសំណាកនេះ។

ទង្វើរបស់ជនជាតិថៃរូបនេះបានធ្វើឡើង នៅក្នុងខណៈដែលខេត្តបន្ទាយមាន
ជ័យកំពុងតែធ្វើសន្និសិទរបស់ក្រុមអ្នកបច្ចេកទេសកម្ពុជា និងអង្គការUNESCO អំពីការអភិរក្សប្រាសាទបន្ទាយឆ្មា ដើម្បីដាក់ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភព
លោកពីថ្ងៃទី ៩-១០ ខែ សីហារនេះ។

លោក ហ៊ុន ហ៊ាន ស្នងការប៉ូលីសបន្ទាយមានជ័យ បានបញ្ចាក់ថាគំនិតរបស់
ជនជាតិថៃរូបនេះ បានធ្វើឡើងក្នុងគោល បំណងបង្ហាញគំនិតប្រឆាំងនឹងគោល
ការណ៏របស់ខេត្តបន្ទាយមានជ័យក្នុងការរៀបចំគម្រោងការអភិរក្សប្រាសាទ
បន្ទាយឆ្មានិងការចុះបញ្ចូលប្រាសាទបន្ទាយឆ្មាជាបេតិកភ័ណ្ឌពិភពលោក។

ជនត្រូវចោទ សឡាវុធ ខាំសន បានចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់
តាំងពីឆ្នាំ ១៩៩៨ និងមានមុខរបរជាជាងសំណង់។

លោកហ៊ុន ហ៊ាន ស្នងការប៉ូលីសខេត្តបន្ទាយមានជ័យ បានបញ្ចាក់ថា តាម
ច្បាប់អន្តោប្រវេសន៍របស់ប្រទេសកម្ពុជា ជនជាតិថៃរូបនេះ ត្រូវជាប់ពន្ធនាគារ
ពី ៣ ខែ ទៅ ៦ខែអំពីការចូលមកក្នុងទឹកដីកម្ពុជាដោយខុសច្បាប់និងបន្ទាប់
ត្រូវបណ្តេញចេញពីប្រទេសកម្ពុជា។

លោកស្នងការប៉ូលីស ហ៊ុន ហ៊ាន បានថ្លែងថា យើងកំពុងកសាងសំណុំរឿង
ដើម្បីបញ្ជូនជនជាតិថៃរូបនេះ ទៅតុលាការ។

មន្ត្រីស្ថានទូតថៃនៅក្នុងទីក្រុងភ្នំពេញ មិនអាចទំនាក់ទំនងបានទេ នៅថ្ងៃ
ច័ន្ទនេះដើម្បីសុំសេចក្តីអធិប្បាយបាន ។ ចប់

XS
SM
MD
LG